ប្រជាជនបុរីកីឡាត្រូវបានចាប់បញ្ជូនទៅព្រៃស្ពឺ (RFI/Siv Channa) |
ថ្ងៃ សៅរ៍ 14 មករា 2012
ដោយ ប៉ែន បូណា
Radio France Internationale
អង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា បានអំពាវនាវសាជាថ្មីទៀតឲ្យអាជ្ញាធររាជធានីភ្នំពេញដោះលែងពលរដ្ឋបុរីកីឡាទាំងអស់ដែលត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ក្នុងទំនាស់ដីធ្លី។ ពលរដ្ឋដែលត្រូវគេចាប់ខ្លួនទាំងនោះ មានចំនួនជាង៣០នាក់រាប់ទាំងអ្នកដែលត្រូវបញ្ជូនខ្លួនទៅមជ្ឈមណ្ឌលព្រៃស្ពឺកាលពីថ្ងៃពុធផង។ ប៉ុន្តែ សាលារាជធានីភ្នំពេញ បានពន្យល់ថា អ្នកតវ៉ាទាំងនោះសុទ្ធតែជាអ្នកទិញផ្ទះខុសច្បាប់លើដីរដ្ឋដើម្បីជួលយកកម្រៃ និងខ្លះទៀតបានទទួលយកដំណោះស្រាយពីអាជ្ញាធររួចហើយតែនៅតែទាមទារឲ្យកូនចៅរបស់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៣មករា អង្គការសង្គមស៊ីវិលជាច្រើនបានចុះហត្ថលេខារួមគ្នាលើលិខិតមួយដោយអំពាវនាវឲ្យអាជ្ញាធរដោះលែងប្រជាពលរដ្ឋបុរីកីឡា៨នាក់ដែលត្រូវបានអាជ្ញាធរចាប់ខ្លួនក្នុងពេលប្រឆាំងតវ៉ានឹងការឈូសឆាយផ្ទះសម្បែងរបស់ពួកគេ កាលពីថ្ងៃទី៣មករា ហើយកំពុងជាប់ក្នុងមន្ទីរឃុំឃាំងព្រៃស។
ក្រៅពីនោះ ក៏មានពលរដ្ឋបុរីកីឡា២៤នាក់ផ្សេងទៀតត្រូវបានឃាត់ខ្លួននិងដឹកទៅដាក់ក្នុងមណ្ឌលព្រៃស្ពឺកាលពីថ្ងៃពុធទី១១មករា ខណៈដែលពួកគេទៅស្វែងរកអន្តរាគមន៍ពីសាលារាជធានីភ្នំពេញ។ អង្គការសង្គមស៊ីវិលបានចាត់ទុកការបញ្ជូនខ្លួនពលរដ្ឋបុរីកីឡាទៅដាក់ក្នុងមណ្ឌលព្រៃស្ពឺថាជាការឃុំឃាំងមួយដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១២មករា គណបក្សសម រង្ស៊ី ក៏បានអំពាវនាវឲ្យដោះលែងអ្នកភូមិទាំងនោះ ហើយបានថ្កោលទោសទង្វើរបស់អាជ្ញាធរ និងបានទាមទារឲ្យអាជ្ញាធររាជធានីភ្នំពេញបញ្ឈប់ការប្រើអំពើហិង្សា និងត្រូវសងការខូចខាតដល់ប្រជាពលរដ្ឋនៅសហគមន៍បុរីកីឡា។
ឆ្លើយតបទៅនឹងការរិះគន់ទាំងនេះ សាលារាជធានីភ្នំពេញបានចេញសេចក្តីពន្យល់មួយកាលពីថ្ងៃសុក្រម្សិលមិញដោយអះអាងថា ពលរដ្ឋចំនួន២២គ្រួសារដែលអាជ្ញាធរបញ្ជូនទៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺនោះគឺជាអ្នកទិញផ្ទះខុសច្បាប់នៅលើដីរបស់រដ្ឋ។ រីឯអ្នកខ្លះទៀតបានទទួលសំណងរួចហើយតែបែរជាមកតវ៉ាដើម្បីទុកឲ្យកូន។ អាជ្ញាធររាជធានីភ្នំពេញក៏បានបញ្ជាក់ថា ការបញ្ជូនពលរដ្ឋទាំងនោះទៅដាក់នៅក្នុងមណ្ឌលសង្គមកិច្ចមិនមែនជាការឃុំឃាំងទេ តែដើម្បីថែទាំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ សាលារាជធានីភ្នំពេញក៏បានស្តីបន្ទោសសង្គមស៊ីវិល និងបណ្តាញផ្សព្វផ្សាយព័ត៌មានមួយចំនួនថា មិនបានឈរលើការពិតជាក់ស្តែងនោះឡើយ។ យ៉ាងណាក៏ដោយ សាលាក្រុងភ្នំពេញមិនបានបញ្ជាក់អំពីដំណោះស្រាយចំពោះអ្នកដែលត្រូវគេចាប់ខ្លួនទាំងនោះទេ។
គួររម្លឹកថា ក្រុមហ៊ុន ផាន អ៊ីមិចដែលជាអ្នកទទួលបានសិទ្ធិអភិវឌ្ឍន៍តំបន់បុរីកីឡាបានសន្យាសង់អគារខ្ពស់ៗដើម្បីផ្តល់ជម្រកដល់ប្រជាពលរដ្ឋជាថ្នូរនឹងការចាកចេញពីផ្ទះសម្បែង។ ប៉ុន្តែ ទីបំផុត ប្រជាពលរដ្ឋមួយចំនួនអះអាងថាមិនទទួលបានផ្ទះនោះទេ។
យ៉ាងណាក៏ដោយ ក្រុមហ៊ុននេះ បានឈូសឆាយវាយបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋបុរីកីឡាជាង២០០គ្រួសារឲ្យរាបដល់ដី កាលពីថ្ងៃទី៣មករា ដែលជាហេតុនាំឲ្យមានអំពើហិង្សានិងការចាប់ខ្លួន៕
No comments:
Post a Comment