Thursday, January 12, 2012

សមាជិក​បក្ស​ប្រជាជន​១​រូប​បារម្ភ​ពី​សុវត្ថិភាព​​ក្រោយ​​ចូលរួម​បញ្ចេញ​មតិ - CPP activist concerned about safety after voicing his opinion

2012-01-11
ដោយ រដ្ឋា វីសាល
RFA

Synopsis: A CPP activist, who is local official in Stung Treng province, claimed that his freedom of expression is threatened by CPP party officials who want to remove from his position as an elected official. On 11 January 2012, Ros Lach, the 2nd CPP councilor in Anlong Phe commune, Thalabrivat district, Stung Treng province, expressed his concerns about his personal safety because local CPP officials threatened him and they have prepared paperwork to remove him from his position as commune councilor. He claimed that he voiced out his opinion during seminars and public forum organized by the civil society and he criticized the inaction by the local authority against logging of precious wood, as well as deforestation. All these issues affect CPP party officials, that is why his life was threatened by the wood trader and local CPP officials have prepared paperwork to remove him from his position. “They are silencing me, they restrict my freedom, they want me to follow their plan, i.e. to follow the path they set for me. This is a restriction on my political freedom rights, on my work rights, as well as on my freedom of expression rights.”

សមាជិក​គណបក្ស​ប្រជាជន​មួយ​រូប មាន​ឋានៈ​ជា​មន្ត្រី​មូលដ្ឋាន​នៅ​ខេត្ត​ស្ទឹងត្រែង អះអាង​ថា សិទ្ធិ​បញ្ចេញ​មតិ​របស់​លោក​កំពុង​រង​ការ​គំរាមកំហែង​ពី​មន្ត្រី​បក្ស​របស់​ខ្លួន តាម​រយៈ​ការ​ដក​តំណែង​ចេញ​ពី​មន្ត្រី​ជាប់​ឆ្នោត​នៅ​មូលដ្ឋាន។

ជំទប់​ទី​២ ឃុំ​អន្លង់ភេ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង គឺ​លោក រស់ ឡាច។ នៅ​ថ្ងៃ​ពុធ ទី​១១ ខែ​មករា ឆ្នាំ​២០១២ លោក​បាន​សំដែង​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ដោយសារ​តែ​មន្ត្រី​មូលដ្ឋាន​ក្នុង​បក្ស​របស់​លោក​គំរាមកំហែង និង​រៀបចំ​ឯកសារ​ដក​លោក​ចេញ​ពី​តួនាទី​ក្រុមប្រឹក្សា​ឃុំ។


លោក​បាន​បញ្ជាក់​ថា ដោយសារ​តែ​លោក​បាន​ចូល​រួម​បញ្ចេញ​មតិ​ក្នុង​សិក្ខាសាលា ឬ​វេទិកា​សាធារណៈ​រៀបចំ​ឡើង​ដោយ​អង្គការ​សង្គម​ស៊ីវិល ហើយ​លោក​បាន​រិះគន់​ទៅ​លើ​អំពើ​អសកម្ម​ដូច​ជា​បញ្ហា​ធ្វើ​អាជីវកម្ម​ឈើ​ប្រណិត​នៅ​មូលដ្ឋាន និង​បញ្ហា​កាប់​រាន​ព្រៃ​ឈើ​ជាដើម ក្នុង​នោះ​ពាក់ព័ន្ធ​មន្ត្រី​បក្ស​នៅ​មូលដ្ឋាន ហេតុ​នេះ​ទើប​មាន​ការ​គំរាមកំហែង​អាយុ​ជីវិត​លោក​ពី​សំណាក់​ក្រុម​ឈ្មួញ​អ្នក​ទិញ​ឈើ និង​មន្ត្រី​ពាក់ព័ន្ធ រៀបចំ​គំរោង​ដក​លោក​ចេញ​ពី​តួនាទី​នេះ។

លោក​បាន​ចោទ​ប្រកាន់​ថា ប្រធាន​បក្ស​ស្រុក គឺ​លោក​អភិបាល​ស្រុក​ថាឡាបរិវ៉ាត់ គឺ​ជា​អ្នក​រៀបចំ​ឯកសារ​ដក​តំណែង​នេះ៖ «ជា​ការ​បិទ​មាត់​ខ្ញុំ បិទ​សេរីភាព​ខ្ញុំ គេ​ចង់​ឲ្យ​ខ្ញុំ​ដើរ​តាម​គំរោង​អ្វី​មួយ​របស់​គេ បាន​ន័យ​ថា គេ​ត្រួស​ផ្លូវ​ឲ្យ​ខ្ញុំ​ដើរ។ ឃើញ​ថា នេះ​ជា​ការ​រឹតត្បិត​មួយ​ខាង​សិទ្ធិ​នយោបាយ សិទ្ធិ​ការងារ​ផ្សេង សិទ្ធិ​បញ្ចេញ​មតិ​ផង​ដែរ»។

ទាក់ទង​សេចក្ដី​អះអាង និង​ពាក្យ​ចោទ​ប្រកាន់​នេះ អភិបាល​ស្រុក​ថាឡាបរិវ៉ាត់ លោក ជា ថាវរឹទ្ធ និង​ជា​ប្រធាន​បក្ស​ប្រជាជន​ស្រុក។ លោក​មិន​ធ្វើ​អត្ថាធិប្បាយ​ពិស្ដារ​យ៉ាង​ណា​នោះ​ទេ ដោយ​លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា មិន​បាន​ដឹង​រឿង​នេះ៖ «អត់​បាន​ដឹង​ទេ​រឿង​ហ្នឹង ថ្នាក់​លើ​យ៉ាង​ម៉េច​មិន​ដឹង​ទេ​អា​ហ្នឹង។ ប៉ុណ្ណឹង​បាន​ហើយ​ខ្ញុំ​ជាប់​រវល់​ប្រជុំ»។

លោក រស់ ឡាច ជា​សមាជិក​គណបក្ស​ប្រជាជន​ឃុំ​អន្លង់ភេ។ លោក​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ កាល​ពី​អាណត្តិ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ កាល​ពី​ឆ្នាំ​២០០៦។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ លោក​ធ្លាប់​ចូល​រួម​ជាមួយ​សហគមន៍​ការពារ​ធនធាន​ធម្មជាតិ ទប់​ស្កាត់​បទល្មើស​ព្រៃ​ឈើ​នៅ​មូលដ្ឋាន​នោះ និង​បាន​ចូល​រួម​ការពារ​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃឡង់ កុំ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ និង​ជា​ពិសេស​លោក​គឺ​ជា​សកម្មជន​តស៊ូ​មតិ​មួយ​រូប ដែល​ហ៊ាន​លើក​ឡើង​ពី​បញ្ហា​អវិជ្ជា ជា​ពិសេស​ពាក់ព័ន្ធ​មន្ត្រី​មាន​អំណាច​នៅ​មូលដ្ឋាន។

អ្នក​សម្របសម្រួល​កម្មវិធី​ពង្រឹង​អំណាច​សហគមន៍​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា គឺ​លោក ឈឹម សាវុធ។ លោក​បាន​បញ្ជាក់​ថា អង្គការ​លោក​កំពុង​អង្កេត​ជុំវិញ​ការ​រំលោភ​ទៅ​លើ​សិទ្ធិ​បញ្ចេញ​មតិ និង​អំពើ​គំរាមកំហែង​មក​លើ​ពលរដ្ឋ​នេះ។

លោក​បន្ត​ថា សិទ្ធិ​បញ្ចេញ​មតិ​ត្រូវ​បាន​គាំពារ​ដោយ​ច្បាប់៖ «វា​ជា​ករណី​គំរាម​មួយ​អត់​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​ហ្នឹង​លើក​ពី​បញ្ហា​ដែល​គាត់​ជួប​ក្នុង​មូលដ្ឋាន​របស់​គាត់។ បើ​សិន​វា​មាន​ពាក់ព័ន្ធ​ដល់​បញ្ហា​សុវត្ថិភាព ខាង​យើង​អាច​ជម្លៀស​គាត់​ចេញ​កន្លែង​ហ្នឹង យក​មក​កន្លែង​ណា​មាន​សុវត្ថិភាព ហើយ​យើង​មាន​លិខិត​អន្តរាគមន៍​ផ្សេងៗ​ទៅ​ក្រសួង​មហាផ្ទៃ​បន្ត​ទៀត»។

យ៉ាង​នេះ​ក្តី លោក រស់ ឡាច បាន​អំពាវនាវ​ឲ្យ​ក្រុម​សមត្ថកិច្ច​ពាក់ព័ន្ធ និង​អង្គការ​សង្គម​ស៊ីវិល ជួយ​ឃ្លាំមើល​សុវត្ថិភាព​រូប​លោក​ជា​បន្ត​ទៀត​ផង។

របាយការណ៍​អង្កេត​របស់​សមាគម​អាដហុក ខេត្ត​ស្ទឹងត្រែង ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១១ កន្លង​ទៅ សមាគម​នេះ​រក​ឃើញ​ករណី​រំលោភ​សិទ្ធិ​មនុស្ស​កើត​មាន ៥​ករណី នៅ​ក្នុង​ខេត្ត៕

2 comments:

Anonymous said...

IDIOT!

Anonymous said...

When the government is a puppet of Vietnam, whatever Khmer people do to protect Khmer's interest are not right with this puppet governemnt.

Go to hell Ah Kwack!!