Friday, January 13, 2012

មេធាវី​បក្ស សម រង្ស៊ី បារម្ភ​ពី​សម្ពាធ​នយោបាយ - SRP Lawyer concerned about political pressure

៣០-ធ្នូ-២០១១៖ មេធាវី​ការពារ​ក្ដី​ឲ្យ​មន្ត្រី​គណបក្ស សម រង្ស៊ី លោក ជូង ជូងី ធ្វើ​សន្និសីទ​កាសែត នៅ​ទីស្នាក់ការ​គណបក្ស សម រង្ស៊ី រាជធានី​ភ្នំពេញ។ (RFA/Uon Chhin)

2012-01-12
ដោយ សេក បណ្ឌិត
Radio Free Asia

Synopsis: Choung Chou-ngy, the SRP defense lawyer, is concerned about political pressure exerted on him and this could affect his profession as lawyer who must fairly defend his clients. On 11 January, Choung Chou-ngy said that he will show up to clarify the accusations leveled by the Cambodian Bar Association (CBA), but that he is not sure what day he will show up yet. He explained that what is not clear is the fact that the summons by the CBA takes place the same time he is taking his religious vow. “The CBA letter orders me to show up on 27 (January). I plan to continue my religious obersation, therefore, I did not say anything yet about the 27th, I will think about it and will come up with a resolution.”

មេធាវី​ការពារ​ក្ដី​អោយ​គណបក្ស​ប្រឆាំង សម រង្ស៊ី គឺ​លោក ជូង ជូងី កំពុង​បារម្ភ​ចំពោះ​សម្ពាធ​ផ្នែក​ខាង​នយោបាយ​មក​លើ​រូប​លោក និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិជ្ជាជីវៈ​ជា​មេធាវី​ការពារ​ក្ដី​ដោយ​សុចរិត។

មេធាវី ជូង ជូងី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី​១១ ខែ​មករា ថា លោក​នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​គណៈ​មេធាវី ប៉ុន្តែ​លោក​មិន​ទាន់​ប្រាកដ​ថា នឹង​ទៅ​នៅ​ថ្ងៃ​ណា​មួយ​ច្បាស់លាស់​នៅ​ឡើយ។

លោក​ពន្យល់​ថា អ្វី​ដែល​លោក​មិន​ទាន់​កំណត់​ថ្ងៃ​ច្បាស់លាស់​នេះ ដោយសារ​ការ​កោះ​ហៅ​របស់​គណៈ​មេធាវី​ចំ​ក្នុង​អំឡុង​ពេល​ដែល​លោក​កំពុង​ធ្វើ​ពិធី​កោរសក់​សមាធិ​នៅ​ឡើយ៖ «លិខិត​គណៈ​មេធាវី​ឲ្យ​ខ្ញុំ​ចូល​ទៅ​ថ្ងៃ​២៧ (មករា)។ ខ្ញុំ​នៅ​មាន​គម្រោង​ធ្វើ​សតិបដ្ឋាន​បន្ត​ទៀត ដូច្នេះ​ខ្ញុំ​អត់​ទាន់​ថា​ម៉េច​ទេ ថ្ងៃ​២៧ ហ្នឹង ខ្ញុំ​នឹង​ពិចារណា​ថា នឹង​ត្រូវ​ដោះស្រាយ​យ៉ាង​ម៉េច»។


លោក ជូង ជូងី បាន​ថ្លែង​ថា ការ​ចោទ​ប្រកាន់​រូប​នេះ​ផ្ដោត​សំខាន់​លើ​សកម្មភាព​លោក​ដែល​បាន​ធ្វើ​សន្និសីទ​កាសែត​ស្ដីពី​សមត្ថកិច្ច​ប៉ុនប៉ង​តាម​ចាប់​ខ្លួន​លោក កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១១។

ការ​ធ្វើ​សន្និសីទ​កាសែត​នោះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក ជូង ជូងី បាន​បាត់​ខ្លួន​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១១ ដោយ​គេ​គ្រប់​គ្នា​សង្ស័យ​ថា រូប​លោក​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ ពាក់ព័ន្ធ​នឹង​ករណី​លោក​នាំ​កូន​ក្តី​ចេញ​ពី​ពន្ធនាគារ​ខេត្ត​កណ្ដាល ដែល​ត្រូវ​មន្ត្រី​តុលាការ​នោះ​ឃុំ​ខ្លួន​ដោយ​ពុំ​មាន​ដីកា។

គណៈ​មេធាវី​កម្ពុជា បាន​ចេញ​លិខិត​កោះ​ហៅ​មេធាវី ជូង ជូងី ជា​ផ្លូវការ​នៅ​ថ្ងៃ​អង្គារ ទី​១០ ខែ​មករា ឆ្នាំ​២០១២ ដើម្បី​ឲ្យ​លោក​ចូល​ខ្លួន​មក​ស្រាយ​បំភ្លឺ​ចំពោះ​មុខ​ក្រុមប្រឹក្សា​គណៈ​មេធាវី នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១២ ក្រោម​បទ​ចោទ​ថា បាន​រំលោភ​ក្រមសីលធម៌​របស់​មេធាវី ពាក់ព័ន្ធ​នូវ​អ្វី​ដែល​លោក​បាន​ធ្វើ​សកម្មភាព​សម្ដែង​មតិ​ជា​សាធារណៈ​កន្លង​មក។

ការ​ចោទ​ប្រកាន់​នេះ ស្រប​ពេល​ដែល​មេធាវី ជូង ជូងី បាន​កោរសក់​ស្លៀក​ពាក់​ស ធ្វើ​សមាធិ ដើម្បី​អំពាវនាវ​សុំ​ឲ្យ​ក្រសួង​យុត្តិធម៌​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​យុត្តិធម៌​ក្នុង​សង្គម​ខ្មែរ សូម​ឲ្យ​ចៅក្រម និង​តំណាង​អយ្យការ​ទាំង​អស់​មាន​មនសិការ សត្តិសម្បជញ្ញ ការពារ​យុត្តិធម៌ និង​សូម​ឲ្យ​សមាជិក​គណៈ​មេធាវី​ទាំង​អស់​ហ៊ាន​ប្រឈម​មុខ​រាល់​ការ​ដាក់​សម្ពាធ​ទាំង​ឡាយ ដើម្បី​ការពារ​យុត្តិធម៌​ជូន​សង្គម។

លោក​ចាប់​ផ្ដើម​ធ្វើ​សមាធិ​នេះ​ចាប់​តាំង​ពី​ថ្ងៃ​ទី​៣ មករា មក នៅ​មុខ​ទីស្នាក់ការ​គណបក្ស សម រង្ស៊ី នឹង​មាន​គម្រោង​ធ្វើ​នៅ​ទី​សាធារណៈ​សំខាន់ៗ​ជា​ច្រើន​ទៀត ដូចជា​នៅ​មុខ​សាលាឧទ្ធរណ៍ តុលាការ​កំពូល និង​នៅ​មុខ​ទីស្នាក់ការ​គណៈ​មេធាវី​ជាដើម។


លោក ជូង ជូងី បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​សមាធិ​នៅ​តាម​ទី​សាធារណៈ​របស់​លោក គឺ​ធ្វើ​បាន​តែ​នៅ​ទី​មុខ​ទីស្នាក់ការ​គណបក្ស សម រង្ស៊ី ទេ ចំពោះ​កន្លែង​ដទៃ​ទៀត លោក​បាន​លប់​ចោល​ទាំង​អស់​វិញ ដោយសារ​មាន​សម្ពាធ​លើ​រូប​លោក​ខ្លាំង​ពេក​មិន​អាច​ធ្វើ​ទៅ​បាន៖ «ដោយ​មាន​សម្ពាធ​បង្ខំ​ឲ្យ​ខ្ញុំ​មក​ធ្វើ​សមាធិ​នៅ​ក្នុង​លំនៅឋាន​វិញ»។

ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា ខាង​ណា ឬ​អ្នក​ណា​ជា​អ្នក​ដាក់​សម្ពាធ​នោះ​ទេ។

លោក ជីវ សុងហាក់ ជា​ប្រធាន​គណៈ​មេធាវី។ លោក​មាន​ប្រសាសន៍​ថា ក្រុមប្រឹក្សា​គណៈ​មេធាវី​ធ្លាប់​បាន​ណែនាំ​ដល់​លោក ជូង ជូងី ម្ដង​រួច​មក​ហើយ ពាក់ព័ន្ធ​នឹង​ការងារ​មួយ​ចំនួន​ដែល​លោក ជូង ជូងី កំពុង​ធ្វើ​នោះ អាច​ខុស​នឹង​វិធាន​វិជ្ជាជីវៈ តែ​លោក​មិន​ព្រម​ស្ដាប់។ ហេតុ​ដូច្នេះ​ហើយ បាន​ជា​នៅ​ចុង​សប្ដាហ៍​មុន​នេះ ក្រុមប្រឹក្សា​បាន​សម្រេច​ចោទ​ប្រកាន់​លោក ជូង ជូងី ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ផ្ទុយ​នឹង​មាត្រ​ទី​១៥ នៃ​ក្រម​សីលធម៌​របស់​មេធាវី។

នៅ​ក្នុង​ច្បាប់​នោះ គេ​ចែង​ថា ការ​សម្ដែង​មតិ​នៅ​ទី​សាធារណៈ​របស់​មេធាវី​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​ប្រុង​ប្រយ័ត្ន ហើយ​ត្រូវ​តែ​ឆ្លង​យោបល់​ពី​ប្រធាន​គណៈ​មេធាវី​ជា​មុន​សិន៖ «ប៉ុន្តែ​គាត់​ធ្វើ​សកម្មភាព​នៅ​ទី​សាធារណៈ គាត់​អត់​ឆ្លង​យោបល់​ពី​គណៈ​មេធាវី​ទេ ព្រោះ​យើង​ជា​មេធាវី ត្រូវ​តែ​ធ្វើ់​ការ​ឲ្យ​គោរព​ទៅ​តាម​វិធាន​វិជ្ជាជីវៈ​ដែរ កាល​ណា​គាត់​មិន​គោរព ក្រុមប្រឹក្សា​មាន​សិទ្ធិ​ដាក់​ពិន័យ​ទណ្ឌកម្ម​គាត់ ចោទ​ប្រកាន់​ទៅ​គាត់»។

លោក​បញ្ជាក់​ថា រហូត​មក​ដល់​ថ្ងៃ​ទី​១១ ខែ​មករា ពុំ​ទាន់​មាន​ការ​ដាក់​ទណ្ឌកម្ម​លើ​លោក ជូងី នៅ​ឡើយ ដោយ​គ្រាន់​តែ​ធ្វើ​ការ​ចោទ​ប្រកាន់​ប៉ុណ្ណោះ ហើយ​លោក​មាន​រយៈពេល ១៥​ថ្ងៃ ដើម្បី​តវ៉ា ឬ​មក​បំភ្លឺ​ចំពោះ​មុខ​ក្រុមប្រឹក្សា​គណៈ​មេធាវី។

ទោះ​យ៉ាង​ណា លោក ជីវ សុងហាក់ មិន​អត្ថាធិប្បាយ​ពី​សកម្មភាព​អ្វី​ខ្លះ​ដែល​លោក ជូង ជូងី ធ្វើ​ខុស​នឹង​ក្រមសីលធម៌​នោះ​ទេ។

លោក ជូង ជូងី បាន​ថ្លែង​ប្រតិកម្ម​ថា ទង្វើ​នេះ​ជា​ការ​ដាក់​សម្ពាធ​មិន​ឲ្យ​លោក​បំពេញ​ការងារ​បាន​ត្រឹមត្រូវ​តាម​វិជ្ជាជីវៈ​ជា​មេធាវី​នោះ​ឡើយ៖ «វិជ្ជាជីវៈ​មេធាវី ជា​វិជ្ជាជីវៈ​សេរី ដល់​ពេល​គណៈ​មេធាវី​បាន​ចោទ​ប្រកាន់​ខ្ញុំ​បែប​នេះ មាន​ន័យ​ថា ដាក់​សម្ពាធ​មិន​ឲ្យ​ខ្ញុំ​បំពេញ​វិជ្ជាជីវៈ​ដោយ​សេរី»។

លោក​មេធាវី សុក សំអឿន ជា​ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា។ លោក​មាន​ប្រសាសន៍​ថា ក្រម​សីលធម៌​មេធាវី​បាន​ចែង​មិន​បាន​ច្បាស់លាស់​ឡើយ ចំពោះ​តួនាទី និង​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ដែល​នាំ​ឲ្យ​មាន​ការ​បក​ស្រាយ​ខុសៗ​គ្នា៖ «ដូច្នេះ​ការ​បក​ស្រាយ​អាច​ទូលាយ ក្នុង​ករណី​បែប​ហ្នឹង អាច​មាន​ការ​ពិបាក ព្រោះ​ច្បាប់​អត់​មាន​ចែង​ថា មេធាវី​ធ្វើ​សន្និសីទ​កាសែត​ត្រូវ​សុំ​ច្បាប់​ពី​គណៈ​មេធាវី ចំណុច​ហ្នឹង​ដូច​អត់​សូវ​ច្បាស់»។

លោក យឹម សុវណ្ណ អ្នក​តំណាងរាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី។ លោក​មាន​ប្រសាសន៍​ថា នេះ​ជា​ការ​ដាក់​សម្ពាធ​នយោបាយ​ធ្ងន់ធ្ងរ​ណាស់​ទៅ​ដល់​អ្នក​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង៖ «យើង​ឃើញ​ហើយ​សព្វ​ថ្ងៃ​នេះ មាន​មេធាវី​តិចតួច​ណាស់​ដែល​ហ៊ាន​ការពារ​ក្តី​ឲ្យ​គណបក្ស​ប្រឆាំង»។

លោក ជីវ សុងហាក់ បាន​ថ្លែង​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ករណី​នេះ​ថា រឿង​នេះ​មិន​មែន​ជា​ការ​ដាក់​សម្ពាធ​លើ​រូប​លោក ជូង ជូងី នោះ​ទេ ផ្ទុយ​ទៅ​វិញ នេះ​ជា​ការ​អនុវត្ត​ទៅ​តាម​ច្បាប់៖ «គណៈ​មេធាវី​គ្មាន​អ្នក​ណា​គាប​សង្កត់​រឿង​នយោបាយ​អ្វី​ទាំង​អស់ គណៈ​មេធាវី​ធ្វើ​ការ​តាម​តួនាទី​របស់​ខ្លួន​ដែល​មាន​ក្រុមប្រឹក្សា​គណៈ​មេធាវី ២៧​នាក់ ជា​អ្នក​សម្រេច»។

ទោះ​យ៉ាង​ណា​ក្តី មន្ត្រី​សង្គម​ស៊ីវិល​បាន​ថ្លែង​ថា បើ​សិន​ជា​មិន​ចង់​ឲ្យ​មាន​ការ​រិះគន់​ចំពោះ​ពាក្យ​ថា មាន​ការ​ដាក់​សម្ពាធ​លើ​ករណី​នេះ ទាល់​តែ​គណៈ​មេធាវី​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​លោក ជូង ជូងី នេះ​ឲ្យ​ស៊ី​ជម្រៅ​ជា​មុន​សិន ទើប​ធ្វើ​ការ​ចោទ​ប្រកាន់។ ម្យ៉ាង​ពិបាក​នឹង​ថា ស្ថាប័ន​គណៈ​មេធាវី​ឯករាជ្យ​ណាស់ ពីព្រោះ​មន្ត្រី​មួយ​ចំនួន​ក្នុង​គណៈ​មេធាវី បាន​បំពេញ​ភារកិច្ច និង​កំពុង​មាន​តួនាទី​ក្នុង​រដ្ឋាភិបាល និង​គណបក្ស​នយោបាយ៕

3 comments:

Anonymous said...

Hun Sen regime is worst and worst...this government is mocking the rule of this nation.

Anonymous said...

Hun Sen regime is worst and worst...this government is mocking the rule of this nation.

Anonymous said...

ក្រោកឡើងរាស្រ្តខ្មែរគ្រប់តំបន់...... ចិញ្ចាំ្រអង្កន់
ក្រុម អាសង្ឃក្លែងក្លាយ និងអាទមិឡចង្រៃ (CPP)សម្លាប់រាស្រ្តឯង !!