៣០-ធ្នូ-២០១១៖ មេធាវីការពារក្ដីឲ្យមន្ត្រីគណបក្ស សម រង្ស៊ី លោក ជូង ជូងី ធ្វើសន្និសីទកាសែត នៅទីស្នាក់ការគណបក្ស សម រង្ស៊ី រាជធានីភ្នំពេញ។ (RFA/Uon Chhin) |
2012-01-12
ដោយ សេក បណ្ឌិត
Radio Free Asia
Synopsis: Choung Chou-ngy, the SRP defense lawyer, is concerned about political pressure exerted on him and this could affect his profession as lawyer who must fairly defend his clients. On 11 January, Choung Chou-ngy said that he will show up to clarify the accusations leveled by the Cambodian Bar Association (CBA), but that he is not sure what day he will show up yet. He explained that what is not clear is the fact that the summons by the CBA takes place the same time he is taking his religious vow. “The CBA letter orders me to show up on 27 (January). I plan to continue my religious obersation, therefore, I did not say anything yet about the 27th, I will think about it and will come up with a resolution.”
មេធាវីការពារក្ដីអោយគណបក្សប្រឆាំង សម រង្ស៊ី គឺលោក ជូង ជូងី កំពុងបារម្ភចំពោះសម្ពាធផ្នែកខាងនយោបាយមកលើរូបលោក និងធ្វើឲ្យប៉ះពាល់ដល់វិជ្ជាជីវៈជាមេធាវីការពារក្ដីដោយសុចរិត។
មេធាវី ជូង ជូងី បានឲ្យដឹងនៅថ្ងៃពុធ ទី១១ ខែមករា ថា លោកនឹងចូលខ្លួនទៅបំភ្លឺចំពោះការចោទប្រកាន់របស់គណៈមេធាវី ប៉ុន្តែលោកមិនទាន់ប្រាកដថា នឹងទៅនៅថ្ងៃណាមួយច្បាស់លាស់នៅឡើយ។
លោកពន្យល់ថា អ្វីដែលលោកមិនទាន់កំណត់ថ្ងៃច្បាស់លាស់នេះ ដោយសារការកោះហៅរបស់គណៈមេធាវីចំក្នុងអំឡុងពេលដែលលោកកំពុងធ្វើពិធីកោរសក់សមាធិនៅឡើយ៖ «លិខិតគណៈមេធាវីឲ្យខ្ញុំចូលទៅថ្ងៃ២៧ (មករា)។ ខ្ញុំនៅមានគម្រោងធ្វើសតិបដ្ឋានបន្តទៀត ដូច្នេះខ្ញុំអត់ទាន់ថាម៉េចទេ ថ្ងៃ២៧ ហ្នឹង ខ្ញុំនឹងពិចារណាថា នឹងត្រូវដោះស្រាយយ៉ាងម៉េច»។
លោក ជូង ជូងី បានថ្លែងថា ការចោទប្រកាន់រូបនេះផ្ដោតសំខាន់លើសកម្មភាពលោកដែលបានធ្វើសន្និសីទកាសែតស្ដីពីសមត្ថកិច្ចប៉ុនប៉ងតាមចាប់ខ្លួនលោក កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១១។
ការធ្វើសន្និសីទកាសែតនោះ ធ្វើឡើងបន្ទាប់ពីលោក ជូង ជូងី បានបាត់ខ្លួនមួយថ្ងៃ គឺនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១១ ដោយគេគ្រប់គ្នាសង្ស័យថា រូបលោកត្រូវសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធនឹងករណីលោកនាំកូនក្តីចេញពីពន្ធនាគារខេត្តកណ្ដាល ដែលត្រូវមន្ត្រីតុលាការនោះឃុំខ្លួនដោយពុំមានដីកា។
គណៈមេធាវីកម្ពុជា បានចេញលិខិតកោះហៅមេធាវី ជូង ជូងី ជាផ្លូវការនៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១២ ដើម្បីឲ្យលោកចូលខ្លួនមកស្រាយបំភ្លឺចំពោះមុខក្រុមប្រឹក្សាគណៈមេធាវី នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១២ ក្រោមបទចោទថា បានរំលោភក្រមសីលធម៌របស់មេធាវី ពាក់ព័ន្ធនូវអ្វីដែលលោកបានធ្វើសកម្មភាពសម្ដែងមតិជាសាធារណៈកន្លងមក។
ការចោទប្រកាន់នេះ ស្របពេលដែលមេធាវី ជូង ជូងី បានកោរសក់ស្លៀកពាក់ស ធ្វើសមាធិ ដើម្បីអំពាវនាវសុំឲ្យក្រសួងយុត្តិធម៌មានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះយុត្តិធម៌ក្នុងសង្គមខ្មែរ សូមឲ្យចៅក្រម និងតំណាងអយ្យការទាំងអស់មានមនសិការ សត្តិសម្បជញ្ញ ការពារយុត្តិធម៌ និងសូមឲ្យសមាជិកគណៈមេធាវីទាំងអស់ហ៊ានប្រឈមមុខរាល់ការដាក់សម្ពាធទាំងឡាយ ដើម្បីការពារយុត្តិធម៌ជូនសង្គម។
លោកចាប់ផ្ដើមធ្វើសមាធិនេះចាប់តាំងពីថ្ងៃទី៣ មករា មក នៅមុខទីស្នាក់ការគណបក្ស សម រង្ស៊ី នឹងមានគម្រោងធ្វើនៅទីសាធារណៈសំខាន់ៗជាច្រើនទៀត ដូចជានៅមុខសាលាឧទ្ធរណ៍ តុលាការកំពូល និងនៅមុខទីស្នាក់ការគណៈមេធាវីជាដើម។
លោក ជូង ជូងី បានឲ្យដឹងថា ការធ្វើសមាធិនៅតាមទីសាធារណៈរបស់លោក គឺធ្វើបានតែនៅទីមុខទីស្នាក់ការគណបក្ស សម រង្ស៊ី ទេ ចំពោះកន្លែងដទៃទៀត លោកបានលប់ចោលទាំងអស់វិញ ដោយសារមានសម្ពាធលើរូបលោកខ្លាំងពេកមិនអាចធ្វើទៅបាន៖ «ដោយមានសម្ពាធបង្ខំឲ្យខ្ញុំមកធ្វើសមាធិនៅក្នុងលំនៅឋានវិញ»។
ប៉ុន្តែលោកមិនបានបញ្ជាក់ថា ខាងណា ឬអ្នកណាជាអ្នកដាក់សម្ពាធនោះទេ។
លោក ជីវ សុងហាក់ ជាប្រធានគណៈមេធាវី។ លោកមានប្រសាសន៍ថា ក្រុមប្រឹក្សាគណៈមេធាវីធ្លាប់បានណែនាំដល់លោក ជូង ជូងី ម្ដងរួចមកហើយ ពាក់ព័ន្ធនឹងការងារមួយចំនួនដែលលោក ជូង ជូងី កំពុងធ្វើនោះ អាចខុសនឹងវិធានវិជ្ជាជីវៈ តែលោកមិនព្រមស្ដាប់។ ហេតុដូច្នេះហើយ បានជានៅចុងសប្ដាហ៍មុននេះ ក្រុមប្រឹក្សាបានសម្រេចចោទប្រកាន់លោក ជូង ជូងី ពាក់ព័ន្ធនឹងការអនុវត្តផ្ទុយនឹងមាត្រទី១៥ នៃក្រមសីលធម៌របស់មេធាវី។
នៅក្នុងច្បាប់នោះ គេចែងថា ការសម្ដែងមតិនៅទីសាធារណៈរបស់មេធាវីត្រូវតែធ្វើឡើងដោយប្រុងប្រយ័ត្ន ហើយត្រូវតែឆ្លងយោបល់ពីប្រធានគណៈមេធាវីជាមុនសិន៖ «ប៉ុន្តែគាត់ធ្វើសកម្មភាពនៅទីសាធារណៈ គាត់អត់ឆ្លងយោបល់ពីគណៈមេធាវីទេ ព្រោះយើងជាមេធាវី ត្រូវតែធ្វើ់ការឲ្យគោរពទៅតាមវិធានវិជ្ជាជីវៈដែរ កាលណាគាត់មិនគោរព ក្រុមប្រឹក្សាមានសិទ្ធិដាក់ពិន័យទណ្ឌកម្មគាត់ ចោទប្រកាន់ទៅគាត់»។
លោកបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១១ ខែមករា ពុំទាន់មានការដាក់ទណ្ឌកម្មលើលោក ជូងី នៅឡើយ ដោយគ្រាន់តែធ្វើការចោទប្រកាន់ប៉ុណ្ណោះ ហើយលោកមានរយៈពេល ១៥ថ្ងៃ ដើម្បីតវ៉ា ឬមកបំភ្លឺចំពោះមុខក្រុមប្រឹក្សាគណៈមេធាវី។
ទោះយ៉ាងណា លោក ជីវ សុងហាក់ មិនអត្ថាធិប្បាយពីសកម្មភាពអ្វីខ្លះដែលលោក ជូង ជូងី ធ្វើខុសនឹងក្រមសីលធម៌នោះទេ។
លោក ជូង ជូងី បានថ្លែងប្រតិកម្មថា ទង្វើនេះជាការដាក់សម្ពាធមិនឲ្យលោកបំពេញការងារបានត្រឹមត្រូវតាមវិជ្ជាជីវៈជាមេធាវីនោះឡើយ៖ «វិជ្ជាជីវៈមេធាវី ជាវិជ្ជាជីវៈសេរី ដល់ពេលគណៈមេធាវីបានចោទប្រកាន់ខ្ញុំបែបនេះ មានន័យថា ដាក់សម្ពាធមិនឲ្យខ្ញុំបំពេញវិជ្ជាជីវៈដោយសេរី»។
លោកមេធាវី សុក សំអឿន ជាប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា។ លោកមានប្រសាសន៍ថា ក្រមសីលធម៌មេធាវីបានចែងមិនបានច្បាស់លាស់ឡើយ ចំពោះតួនាទី និងសិទ្ធិសេរីភាពបញ្ចេញមតិ ដែលនាំឲ្យមានការបកស្រាយខុសៗគ្នា៖ «ដូច្នេះការបកស្រាយអាចទូលាយ ក្នុងករណីបែបហ្នឹង អាចមានការពិបាក ព្រោះច្បាប់អត់មានចែងថា មេធាវីធ្វើសន្និសីទកាសែតត្រូវសុំច្បាប់ពីគណៈមេធាវី ចំណុចហ្នឹងដូចអត់សូវច្បាស់»។
លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្ស សម រង្ស៊ី។ លោកមានប្រសាសន៍ថា នេះជាការដាក់សម្ពាធនយោបាយធ្ងន់ធ្ងរណាស់ទៅដល់អ្នកដែលគាំទ្រគណបក្សប្រឆាំង៖ «យើងឃើញហើយសព្វថ្ងៃនេះ មានមេធាវីតិចតួចណាស់ដែលហ៊ានការពារក្តីឲ្យគណបក្សប្រឆាំង»។
លោក ជីវ សុងហាក់ បានថ្លែងបដិសេធចំពោះការចោទប្រកាន់ករណីនេះថា រឿងនេះមិនមែនជាការដាក់សម្ពាធលើរូបលោក ជូង ជូងី នោះទេ ផ្ទុយទៅវិញ នេះជាការអនុវត្តទៅតាមច្បាប់៖ «គណៈមេធាវីគ្មានអ្នកណាគាបសង្កត់រឿងនយោបាយអ្វីទាំងអស់ គណៈមេធាវីធ្វើការតាមតួនាទីរបស់ខ្លួនដែលមានក្រុមប្រឹក្សាគណៈមេធាវី ២៧នាក់ ជាអ្នកសម្រេច»។
ទោះយ៉ាងណាក្តី មន្ត្រីសង្គមស៊ីវិលបានថ្លែងថា បើសិនជាមិនចង់ឲ្យមានការរិះគន់ចំពោះពាក្យថា មានការដាក់សម្ពាធលើករណីនេះ ទាល់តែគណៈមេធាវីធ្វើការស៊ើបអង្កេតលើករណីលោក ជូង ជូងី នេះឲ្យស៊ីជម្រៅជាមុនសិន ទើបធ្វើការចោទប្រកាន់។ ម្យ៉ាងពិបាកនឹងថា ស្ថាប័នគណៈមេធាវីឯករាជ្យណាស់ ពីព្រោះមន្ត្រីមួយចំនួនក្នុងគណៈមេធាវី បានបំពេញភារកិច្ច និងកំពុងមានតួនាទីក្នុងរដ្ឋាភិបាល និងគណបក្សនយោបាយ៕
3 comments:
Hun Sen regime is worst and worst...this government is mocking the rule of this nation.
Hun Sen regime is worst and worst...this government is mocking the rule of this nation.
ក្រោកឡើងរាស្រ្តខ្មែរគ្រប់តំបន់...... ចិញ្ចាំ្រអង្កន់
ក្រុម អាសង្ឃក្លែងក្លាយ និងអាទមិឡចង្រៃ (CPP)សម្លាប់រាស្រ្តឯង !!
Post a Comment