Tuesday, March 06, 2012

៥០០​ដុល្លារ ទិញ​ទឹកចិត្តសមាជិក​គណបក្សសម​រង្ស៊ី? - $500: Cost to buy a SRP activist?

អង្គារ 06 មិនា 2012
ដោយ ទឹម រ៉ាវី
សារពត៍មានសេរី (FPMOnline.net)
គណបក្ស​ប្រឆាំង​គ្មាន​ ជំរើស​អី​ក្រៅ​ពី​ប្រឹងប្រែង​ទាំង​លំបាក​លំបិន ដើម្បី​តទល់​ជាមួយ​គណបក្ស​កាន់​អំណាច ក្រោម​ចុង​អាវុធ និង​ទឹក​លុយ​នោះ​ឡើយ។
ការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ សម្រាប់​អាណត្តិ​ទី​៣​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ដើម​ខែ​មិថុនា​ឆ្នាំ​នេះ ដោយ​យ៉ាង​ហោច​ណាស់​គេ​ជឿ​ថា នឹង​មាន​គណបក្ស​១១​ចូល​រួម​ប្រកួត​ប្រជែង ប៉ុន្តែ​គណបក្ស​ដែល​គេ​សង្ឃឹម​ថា អាច​ដណ្តើម​យក​អាសនៈ​បាន​ច្រើន​បំផុត គឺ​មាន​តែ​គណបក្ស​ប្រជាជន​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​សម​រង្ស៊ី​តែ​ប៉ុណ្ណោះ។ គណបក្ស​នីមួយៗ​កំពុង​ប្រញាប់​ប្រញាល់​យ៉ាង​សម្បើម​ក្នុង​ការ​រៀបចំ​បញ្ជី​ឈ្មោះ​បេក្ខជន ក៏​ដូច​ជា​ចុះ​តាម​មូល​ដ្ឋាន​បញ្ចុះ​បញ្ចូល​ប្រជារាស្រ្ត​ឲ្យ​គាំទ្រ​គណបក្ស​របស់​ខ្លួន និង​បេក្ខជន​ដោយ​ប្រើ​អស់​លទ្ធភាព​ដែល​ខ្លួន​មាន។

គណបក្ស​ប្រជាជន​ដែល​មាន​គ្រប់​លទ្ធភាព នឹង​មាន​បេក្ខជន​របស់​ខ្លួន​នៅ​គ្រប់​ឃុំ​សង្កាត់​ទូទាំង​ប្រទេស ស្រប​ពេល​ដែល​គណបក្ស​ផ្សេង​ទៀត​កំពុង​ប្រឈម​នឹង​ការ​លំបាក​ក្នុង​ការ​រក​បេក្ខជន​ឈរ​ឈ្មោះ​នៅ​តាម​តំបន់​ដាច់​ស្រយាល និង​ទីក្រុង ដោយ​សារ​តែ​ការ​គំរាម​កំហែង និង​បារម្ភ​ពី​ផល​ប្រយោជន៍។ សម្រាប់​គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​នរោត្តម​រណប្ញទ្ធិ និង​គណបក្ស​តូចៗ មិន​សូវ​ជា​មាន​អ្នក​ចង់​ឈរ​ឈ្មោះ​ជា​បេក្ខជន​ឡើយ ទោះ​គ្មាន​ការ​គំរាម​កំហែង​ក៏​ដោយ ប៉ុន្តែ​ដោយ​សារ​តែ​គេ​មិន​ពេញ​ចិត្ត​តែ​ម្តង។ បើ​តាម​អំណះអំណាង​របស់​អ្នក​ភូមិ អាជ្ញាធរ​តែង​ដើរ​គំរាម​ដល់​អ្នក​ណា​ដែល​ហ៊ាន​ឈរ​ឈ្មោះ​ធ្វើ​ជា​បេក្ខជន​សម្រាប់​គណបក្ស​សមរង្ស៊ី ហើយ​អ្នក​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​រត់​ចោល​ផ្ទះ​សម្បែង​ក៏​មាន។ មួយ​វិញ​ទៀត ពួក​មាន​អំណាច ទិញ​ទឹកចិត្ត​សកម្មជន​គណបក្ស​សមរង្ស៊ី​ឲ្យ​បោះ បង់​ចោល​គណបក្ស ហើយ​មក​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​ក្នុង​តម្លៃ​មួយ។ យោង​តាម​សកម្មជន​ដែល​ធ្លាប់​ចាញ់​ឧបាយ​កល​និយាយ​ថា ពួក​គេ​ត្រូវ​បាន​អូស​ទាញ​ឲ្យ​ចេញ​ពី​គណបក្ស​សមរង្ស៊ី ដោយ​ទទួល​បាន​៥០០​ដុល្លារ និង​ការងារ​សម​ស្រប​នា​ពេល​អនាគត រីឯ​ថ្នាក់​ដឹកនាំ​តាម​ខេត្ត នឹង​បាន​ទទួល​កាដូរ​ច្រើន​ជាង​នេះ។ ជា​រឿយៗ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​តែង​តែ​បដិសេធ​ពី​ការ​ទិញ​ទឹក​ចិត្ត​នេះ ប៉ុន្តែ​សាក្សី​និង​ភស្តុតាង​ជា​ច្រើន​បង្ហាញ​ថា គណបក្ស​នេះ​ពិត​ជា​បាន​ប្រព្រឹត្ត​អំពើ​ស្មោក​គ្រោក​បែប​នេះ​ប្រាកដ​មែន។


វប្បធម៌​គំរាម​កំហែង និង​ទិញ​ទឹក​ចិត្ត ត្រូវ​បាន​គណបក្ស​ប្រជាជន​ប្រើ​ប្រាស់​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ និង​កំពុង​បន្ត​យ៉ាង​រលូន។ គណបក្ស​ប្រឆាំង​គ្មាន​ជំរើស​អី​ក្រៅ​ពី​ប្រឹងប្រែង​ទាំង​លំបាក​លំបិន ដើម្បី​តទល់​ជាមួយ​គណបក្ស​កាន់​អំណាច ក្រោម​ចុង​អាវុធ និង​ទឹក​លុយ​នោះ​ឡើយ។ គណបក្ស​ប្រជាជន​អាច​នឹង​ឈ្នះ​សម្លេង​ភាគ​ច្រើន​នៅ​មូលដ្ឋាន​ម្តង​ទៀត​នា​អាណត្តិ​នេះ ដោយ​សារ​តែ​ទឹក​លុយ​ដែល​ខ្លួន​បាច​សាច​គ្មាន​ស្តាយ​ស្រណោះ ដែល​បាន​ដោយ​អំពើ​ពុករលួយ រី​ឯ​គណបក្ស​ប្រឆាំង​នឹង​បាន​ទទួល​សម្លេង​ដែល​កើត​ចេញ​ពី​ឆន្ទៈ និង​ទឹកចិត្ត​ស្នេហា​ជាតិ​ពិត​ប្រាកដ៕

1 comment:

Anonymous said...

គណៈបក្សប្រឆាំងរង់ចាំតែថ្ងៃស្លាប់ ព្រោះគណៈ
បក្សកាន់អំណាចប្រើចុងអាវុធ និង ជះលុយទិញ
ខួរក្បាល រួចយក COMFREL ជាអាវុធផងទៀត។
ប្រទេសស៊ីរីស្លាប់ ៩,០០០ នាក់ ដើម្បីសេរីភាព.
ស្ត្រី បុរសប្រជាជនទីបេត៍ដុតខ្លួន ចោលកូន
ចៅ ដើម្បីសេរីភាព។
តើខ្មែរហ៊ានស្លាប់ពីរបីហ្មឺន ដើម្បីសេរីភាពឬទេ?