សេចក្តីរាយការណ៍របស់ គី សុខលីម ពីភ្នំពេញ
Radio France Internationale
ងាកមកនិយាយពីគណបក្សសមរង្ស៊ីឯណេះវិញ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សបានថ្លែងថា ការគំរាមកំហែងនិងការរើសអើងនយោបាយមកលើសកម្មជននយោបាយនៅតែមាន។ ប៉ុន្តែសកម្មជនរបស់គណបក្សសមរង្ស៊ីមានសេចក្តីក្លាហានមោះមុតណាស់។ មានមែនការរើសអើងប៉ុន្តែសកម្មជនរបស់គណបក្សសមរង្ស៊ីដណ្តើមគ្នាឈរ ឈ្មោះ។ ឈរឈ្មោះដោយមិនញញើត។គណបក្សនយោបាយមួយចំនួនលើកឡើងពីការលំបាកក្នុងការស្វែងរកបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតឃុំសង្កាត់ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនាខាងមុខនេះ។ សកម្មជនគណបក្សនយោបាយមួយចំនួនហ៊ានគាំទ្រគណបក្សក្នុងចិត្តប៉ុន្តែមិនហ៊ានឈរឈ្មោះទេពីព្រោះពួកគេខ្លាចប៉ះពាល់ដល់អាជីវកម្មនិងដល់ការងាររបស់ពួកគេ។
“ហ៊ានគាំទ្រគណបក្សក្នុងចិត្តប៉ុន្តែមិនហ៊ានចេញមុខជាសាធារណៈទេ”។ នេះជាការលំបាករបស់គណបក្សនយោបាយមួយចំនួនក្នុងការស្វែងរកបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ខែមិថុនាខាងមុខនេះ។
លោក ញ៉ែម ប៉ុញ្ញរិទ្ធិ តំណាងរាស្ត្រគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា បានថ្លែងប្រាប់នៅថ្ងៃអាទិត្យនេះថា គណបក្សរបស់លោកជួបប្រទះការលំបាកមួយចំនួនក្នុងការស្វែងរកបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅទីក្រុងភ្នំពេញ។ តំណាងរាស្ត្ររូបនេះបានបញ្ជាក់ថា សកម្មជនរបស់លោកមួយចំនួនដែលជាមន្រ្តីរាជការនិងជាអាជីវករហើយស្រលាញ់គណបក្សសិទ្ធិមនុស្សនោះ មិនហ៊ានឈរឈ្មោះទេពីព្រោះពួកគេខ្លាចខូចប្រយោជន៍របស់ពួកគេ។ ពួកគេមិនឈរឈ្មោះមែនប៉ុន្តែពួកគេនៅតែបន្តគាំទ្រគណបក្សសិទ្ធិមនុស្សពីក្រោយ។
គណបក្សសិទ្ធិមនុស្សដែលមានតំណាងរាស្រ្តចំនួន៣រូបទើបចូលរួមការបោះឆ្នោតឃុំសង្កាត់លើកទីមួយនៅឆ្នាំ២០១២នេះ។ គណបក្សសិទ្ធិមនុស្សដែលមានបេក្ខជនឈរឈ្មោះក្នុងឃុំសង្កាត់ចំនួន១១៣២ក្នុងចំណោមឃុំសង្កាត់១៦៣៣បានបង្ហាញក្តីសង្ឃឹមថា គណបក្សនឹងទទួលបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់នៅគ្រប់ឃុំសង្កាត់ដែលបានដាក់បេក្ខភាព។
គណបក្សនរោត្តម រណឬទ្ធិ ដែលមានសមាជិកសភាចំនួនពីររូបបានចុះបញ្ជីបេក្ខជនក្នុងឃុំសង្កាត់១០៥០លើ១៦៣៣ឃុំសង្កាត់នៅទូទាំងប្រទេស។ លោក ប៉ែន សង្ហារ អ្នកនាំពាក្យគណបក្សរាជានិយមមួយនេះបានលើកឡើងដូចគ្នាទៅនឹងគណបក្សសិទ្ធិមនុស្សដែរពីបញ្ហាលំបាកក្នុងការស្វែងរកបេក្ខជនឈរឈ្មោះ។ លោក សង្ហារ បានបញ្ជាក់ថា ក្នុងគណបក្សរបស់លោក មានអ្នកសម្រេចចិត្តឈរឈ្មោះហើយប៉ុន្តែក្រោយមកបន្តិចសុំលាលែងវិញ។ បើយោងតាមការសន្និដ្ឋានរបស់លោក នេះគឺបណ្តាលមកពីការទិញទឹកចិត្តឬការគំរាមកំហែង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏អ្នកនាំពាក្យរូបនេះនៅតែសង្ឃឹមថា គណបក្សនឹងទទួលបានជ័យជំនះច្រើនជាងការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ២០០៧កន្លងមក។
ងាកមកនិយាយពីគណបក្សសមរង្ស៊ីឯណេះវិញ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សបានថ្លែងថា ការគំរាមកំហែងនិងការរើសអើងនយោបាយមកលើសកម្មជននយោបាយនៅតែមាន។ ប៉ុន្តែសកម្មជនរបស់គណបក្សសមរង្ស៊ីមានសេចក្តីក្លាហានមោះមុតណាស់។ មានមែនការរើសអើងប៉ុន្តែសកម្មជនរបស់គណបក្សសមរង្ស៊ីដណ្តើមគ្នាឈរឈ្មោះ។ ឈរឈ្មោះដោយមិនញញើត។
លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបង្ហាញតួលេខបណ្តោះអាសន្នថា គណបក្សចំនួន១១បានចុះបញ្ជីចូលរួមបោះឆ្នោតប្រកួតប្រជែងកាន់កាប់តំណែងឃុំសង្កាត់ចំនួន១៦៣៣នៅទូទាំងប្រទេស។ ប្រជាពលរដ្ឋខ្មែរចំនួន៩លាន២សែននាក់បានចុះឈ្មោះរួចរាល់ហើយដើម្បីចូលរួមការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៣ខែមិថុនាខាងមុខនេះ៕
No comments:
Post a Comment