Friday, April 13, 2012

ភាសាខ្មែរ​នៅតែមាន​ឥទ្ធិពល​និងប្រើប្រាស់​ប្រចាំថ្ងៃ​ទូទាំង​ឧបទ្វីប​អាស៊ីអាគ្នេយ៍

ប្រាសាទនេះ​មានឈ្មោះថា វត្តភូ ជាប្រាសាទ​ខ្មែរ​សតវត្សរ៍ទី១១​ ឥឡូវស្ថិត​នៅក្នុង​ប្រទេស​ឡាវ។ ឥទ្ធិពល​ភាសាខ្មែរនៅ​ឧបទ្វីប​អាស៊ីអាគ្នេយ៍​ជាការពិត ហើយ​នៅថ្ងៃមួយ​អាចនឹង​ក្លាយជា​ឧបករណ៍​ដើម្បី​សិក្សាផ្នែក​ដែលពុំមាន​សរសេរនៃ ​ប្រវត្តិសាស្រ្ត​ក្នុងតំបន់នេះ​ផងដែរ​។ រូបថត សហការី

សំណេរ​អក្សរខ្មែរ​អង្គរបុរី K600 ដែលជា​សំណេរ​ដំបូង​បំផុត​នៅក្នុង​ភាសាខ្មែរ​នៅឆ្នាំ​៦១១ ក្រោយ​គ្រិស្តសករាជ​។ ភាសាខ្មែរ នៅតែមាន​ឥទ្ធិពល និង​ប្រើប្រាស់​ប្រចាំថ្ងៃ​នៅ​ទូទាំងឧបទ្វីប​អាស៊ីអាគ្នេយ៍។ សហការី

Thursday, 12 April 2012
Stuart Alan Becker
The Phnom Penh Post

ភ្នំពេញ: ទីសក្ការ ប្រាសាទ​បុរាណ និង​សិលា​ចារឹក​ខ្មែរ មាននៅ​ពាសពេញ​ព្រំដែន​តំបន់​អាស៊ីអាគ្នេយ៍​នាសម័យ​បច្ចុប្បន្ន ហើយ​សក្ខីភាព​រូបវ័ន្ត​ទាំងនេះ​សុទ្ធតែជា​ភស្តុតាង​បង្ហាញពី​ឥទ្ធិពល​របស់​អារ្យធម៌​ខ្មែរ​ទៅលើ​ប្រទេស​ជិតខាង។ វាក៏មាន​បាតុភូត​ដែល​គេមិនសូវ​ដឹងឮ​ដើម្បី​គាំទ្រ​សក្ខីភាព​ជារូបវន្ត​ទាំងនេះ​ផងដែរ គឺ​ភាសា។ ឥទ្ធិពល​មិនគួរឲ្យ​ជឿ​ដែល​ភាសាខ្មែរ​មានទៅលើ​ភាសា​នានា​នៅ​ឧបទ្វីប​អាស៊ីអាគ្នេយ៍​នៅ​ពុំ​ទាន់​ត្រូវ​បាន​សិក្សា​ឲ្យបាន​ដិត​ដល់​នៅ​ឡើយ​ទេ ប៉ុន្តែ​តាមតែ​យើងមើល​ឃើញ វាជា​មធ្យោបាយ​មួយ​ដើម្បី​រំឭក​ឡើង​វិញ​នូវ​ប្រវត្តិ​សាស្ត្រ​នៃ​ឧបទ្វីប​នេះ។

ដូច​ផ្លេក​បន្ទោរ

ខែ​មេសា ឆ្នាំ ២០០៨៖ គ្រូបង្រៀន​ភាសាខ្មែរ​នៅសាលា​បឋមសិក្សា​មួយ​នៅ​ខេត្ត​សុរិន្ទ​ប្រទេស​ថៃ​ម្នាក់ បាន​សម្រេច​ចិត្ត​បង្រៀន​អក្សរ​ខ្មែរ​ដល់​ជនជាតិ​របស់ខ្លួន។ គ្រូបង្រៀន​ម្នាក់នោះ គឺ លោក ជ័យ មង្គល​។ លោក ថា ជនជាតិ​ខ្មែរ​រស់នៅ​ថៃ​កំពុង​តែសាប​រលាប ហើយ​មនុស្ស​ជំនាន់​ក្រោយ​ដែលពុំចេះ​ភាសាខ្មែរ​នឹងមិនអាច​ផ្ទេរភាសា និង​វប្បធម៌​របស់​ពួកគេ​ទៅដល់​អ្នកជំនាន់​ក្រោយ​ទៀត​ឡើយ។


សម្រាប់លោក ជ័យ មង្គល វាមាន​បញ្ហា​ជាច្រើន​ដែល​ផ្លាស់ប្តូរ​អាកប្បកិរិយា​ជនជាតិ​ខ្មែរ​ក្មេងៗ​នៅខេត្ត​សុរិន្ទ​ជា​អ្នកនិយាយ​ភាសាខ្មែរ។ ប្រទេស​ថៃ​ខ្លាំងជាង​កម្ពុជា​ទាំងផ្នែក​សេដ្ឋកិច្ច និង​នយោបាយ។ ខ្ញុំ​សង្ស័យ មនុស្ស​ជាច្រើន​មាន​អារម្មណ៍​ថា កម្ពុជា​ពុំមាន​អារ្យធម៌​ល្បី​សុសសាយ​ដូចថៃឡើយ។ ពេលនោះ វាចាំបាច់​ក្នុងការអនុវត្ត​គោលការណ៍​ថែរក្សា​ភាសា និង​វប្បធម៌​នៅក្នុង​ការបង្រៀន​ភាសា។ ការអនុវត្តនេះ​ត្រូវ​លោក ជ័យ មង្គល បាន​មើល​ឃើញ​ថា ជា​មូលដ្ឋាន​ដ៏ចាំបាច់​នៃ​ការបង្ហាញ​វប្បធម៌​នានា។

ប្រតិកម្ម​កើត​មាន​យ៉ាងលឿន​ចំពោះ​វិធីសាស្ត្រ​នេះ។ ក្នុង​រយៈពេល​ដ៏ខ្លី លោក ជ័យ មង្គល បាន​ក្លាយជា​វីរបុរសជាតិ​សម្រាប់​អ្នកខ្លះ ជា​អ្នក​ក្បត់​ជាតិ​សម្រាប់​អ្នកផ្សេង ឬ​អាច​ជា​អ្នក​ដែល​មើល​ឃើញតែប្រាក់​សម្រាប់​អង្គការ​កម្ពុជា​មួយ​ចំនួន។

បញ្ហានេះ​ក្រើនរំឭក​យើងថា មាន​ជនជាតិដើម​ភាគតិច​ខ្មែរ​ជាង ១,៥ លាន​នាក់​រស់នៅ​ក្នុង​ប្រទេស​ថៃ​ក្នុង​តំបន់​សុរិន្ទ និង​បុរីរាម ហើយ​វត្ត​មាន​ជន​ជាតិ​ខ្មែរ​ដ៏ច្រើន​លើទឹកដីនេះ​សម្រាប់​យើង​ជា​ការធ្វើឲ្យ​យើង​នឹក​ឃើញ​ឡើងវិញ​ពី​ទំនាក់​ទំនង​ភាសា​រវាង​ប្រទេស​ទាំងពីរ។


មិនមែន​ជា​សង្គ្រាម​ភាសា

វាងាយ​សម្រាប់​យើង​ដែលចេះតែ​និយាយថា យើង​គួរចៀសវាង​នូវ​ការប្រមើលមើល​ដែន​កំណត់​អតីត​កាល និង​ជំនឿ​ជាតិ ហើយ​ផ្ទុយ​ទៅ​វិញ​ប្រើ​អតីតកាល​ដើម្បី​តម្រង់​បច្ចុប្បន្នកាល។ តាម​ការពិត វាគ្រាន់តែ​ជា​ដំណើរ​ការ​ផ្ទុយ​ដែល​កើត​ឡើង​ជា​ប្រក្រតី ហើយ​ជាង​នេះ​នោះ ការ​សង្ស័យ​មួយ​ចំនួន​អាច​កើត​មាន​ឡើង៖ ពិចារណា​មើល​ពី​របៀប​ដែល​អ្នក​នយោបាយ​អាច​ប្រើការ​ស្រាវជ្រាវ​សិក្សា បញ្ញវ័ន្ត​មិន​អាច​ជា​អ្នក​ស្លូតត្រង់​ទាំងអស់នោះទេ និយាយ​ម៉្យាងទៀត វាពុំមាន​អព្យាក្រឹតភាព​រហូតនោះទេ។

ជា​សំណាង​ល្អ មក​ទល់​ពេល​ថ្មីៗនេះ ការ​គិត​បែបនេះ​ពុំកើតមាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់​ទំនង​វប្បធម៌​រវាង​កម្ពុជា និង​ថៃ​ទេ។

ក្រោយហេតុការណ៍​ថ្មីៗ ប្រវត្តិ​នៃ​ទំនាក់​ទំនង​ភាសា​រវាង​ប្រទេស​ទាំងពីរ​ពោរពេញ​​ទៅ​ដោយ​ព្រឹត្តិការណ៍​ដែល​គេ​មិនបាន​រំពឹង​ទុក​ល្អៗ​ជា​ច្រើន។

ជ័យជម្នះ​របស់​កងទ័ព​ថៃ ៣ លើក​នៅ​ឆ្នាំ ១៣៦៩, ១៣៨៨ និង ១៤៣១ ដើរតួ​ជាផ្នែកមួយ​យ៉ាង​សំខាន់​ក្នុងការអភិវឌ្ឍ​ភាសា​ថៃ​សម័យ​ទំនើប។ តាមពិត អ្នកឈ្នះ បាន​រកឃើញ​អារ្យធម៌​ប្រទេស​ដែល​ខ្លួន​ទទួល​យក​មក​អនុវត្ត​នូវ​កត្តា​សំខាន់ៗ​ជាច្រើន​ដូចជា​ទំនៀម​ទម្លាប់​ច្បាប់ របាំ និង​សិល្បៈ។ ការខ្ចីនេះ​បង្ហាញពី​ចំណេះដឹង​ដ៏ជ្រៅជ្រះ​នៃ​ភាសាខ្មែរ។ មិនខុសពី​អ្វី​ដែល​បាន​កើតឡើង​រវាង​ប្រទេស​ក្រិក​សម័យ​បុរាណ និង​ចក្រ​ភព​រ៉ូម៉ាំង​ដែល​បាន​ជោគជ័យ​ទេ ទំនាក់​ទំនង​រវាង​ជនជាតិ​សៀម និង​ខ្មែរ បង្កើតបានជា​ការនិយម​និយាយ​ភាសា ២ គឺ​ឥស្សរជន​ថៃ​ចេះ​និយាយ​ភាសា​ខ្មែរ​យ៉ាង​ច្បាស់។

ការនិយម​និយាយពីរ ភាសានេះ​ពុំមាន​អ្វី​គួរឲ្យឆ្ងល់ទេ ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​ទទួលស្គាល់ និង​សិក្សា​ដោយ​បញ្ញវន្ត​ថៃ​ខ្លួន​ពួក​គេ។ ក្នុងអត្ថបទ​ដ៏​សំខាន់​មួយ​ដែលមាន​ចំណង​ជើង​ថា​ខ្មែរ-ថៃ៖ ការប្រែប្រួល​យ៉ាងធំ​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ភាសា​ថៃ​តំបន់​ទន្លេ​ចៅផាយ៉ា សាស្ត្រាចារ្យ Wilaiwan Khanittanam មកពី​សាកលវិទ្យាល័យ​ធម្មសាស្ត្រ​បាន​ធ្វើការ​វិភាគ​យ៉ាងវែងឆ្ងាយ​អំពី​ការនិយម ២ ភាសានេះ​តាម​ទស្សនភាសា និង​សង្គម។ ទ្រឹស្តី​របស់​អ្នកនិពន្ធ​មាន ២ ដំណាក់កាល គឺ៖ សង្គម​សម័យ​អយុធ្យា អតីត​រាជធានី​ថៃ​ពីឆ្នាំ ១៣៥១ ដល់ ១៧៦៧ ជាសង្គម​ទ្វេភាសា​តាំងពី​ដំបូង ដោយ​អ្នករស់នៅ​នគរ​អយុធ្យា បាន​ប្រើទាំង​ភាសា​ខ្មែរ និង​ថៃ​នៅក្នុង​ការរស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ។

នៅពេល​ការនិយម​ទ្វេភាសានេះ​បាន​បញ្ចប់ ភាសា​ថៃ​បានឆ្លងកាត់​ការកែប្រែ​យ៉ាងខ្លាំង។ ភាសា​ថៃ​សម័យ​អយុធ្យា​ដែលបន្តមកដល់​ពលរដ្ឋ​ថៃ​នៅ​ទីក្រុង​បាងកកនេះ​ជាការនិយាយ​លាយឡំ​នៃ​ភាសាថៃ និង​ខ្មែរ។ ជា​លទ្ធផល ភាព​ចម្រុះ​នៃ​ភាសា​ថៃនេះ​មាន​លក្ខណៈ​ខុសគ្នា​យ៉ាងខ្លាំង​ពី​ភាសា​ថៃ​របស់​ក្រុមជនជាតិ​ថៃ​ដទៃ​ទៀត។

និក្ខេបបទ​ដ៏សំខាន់នេះ​ត្រូវបាន​បង្ហាញ​រួចមកហើយ​ដោយ​សាស្ត្រាចារ្យ​ដែលបាន​អនិច្ចកម្ម Varasarin កាលពី​ឆ្នាំ ១៩៨៤។ លោកស្រី​បានបង្ហាញ​ពី​វត្តមាន​នៃ​ភាសា​ខ្មែរ​ជាង ២ ៥០០ ពាក្យ​ដែល​គេ​ប្រើប្រាស់​ជាប្រចាំ​នៅក្នុង​ភាសា​ថៃ ហើយ​លោកស្រី​បាន​ចាត់ថ្នាក់​វា​ទៅ​ក្នុង​ក្រុម​ពាក្យ ២០០។ ចំនួន​ក្រុមនេះ​បង្ហាញ​ដោយ​ខ្លួនឯង ព្រោះ​វាបង្ហាញថា សន្ទនានុក្រម​ថៃភាគច្រើន​មាន​ឥទ្ធិពល​ពី​ភាសាខ្មែរ។

ក្នុងអត្ថបទ​ដែលត្រូវបាន​លើកឡើង​ខាងលើ លោកស្រី Wilaiwan បាន​បង្ហាញ​ពី​ផលវិបាក​នៃ​ចំនួន​ពាក្យកម្ចី​ពី​ខ្មែរ​ជាច្រើន​នៅក្នុង​ភាសា​ថៃ​ដែលថា៖ «វាមិនអាច​ទៅរួចទេ​សម្រាប់​ជនជាតិ​ថៃ​ទាំងពីមុន ឬ​បច្ចុប្បន្ន​ក្នុងការនិយាយ​ពីបញ្ហា​អ្វីមួយ​ដោយ​មិនចាំបាច់​ប្រើ​ភាសា​ដែល​មានដើមកំណើត​ខ្មែរនោះ។ តាមពិត ពលរដ្ឋ​ថៃ​ភាគច្រើន​ទាំង​កាលពី​អតីតកាល និង​បច្ចុប្បន្នកាល​មិនអាច​ញែក​ក្នុងចិត្ត​ពួកគេ​រវាងពាក្យ​ថៃ​ពីពាក្យ​ខ្មែរបានឡើយ»។

និក្ខេបបទ​ចុងក្រោយ​ដែល​មាន​លក្ខណៈ​ស្រដៀង​មួយចំនួន​នឹង​និក្ខេបបទ ពីរ មុន គឺ​របស់​សាស្ត្រាចារ្យ Michel Antelme នៅក្នុង​សៀវភៅ​ស្នាដៃ​របស់គាត់​មានចំណងជើងថា «ការ​ត្រឡប់​ក្នុង​ភាសាខ្មែរ​នៃ​ពាក្យ​ដែល​ភាសាសៀម​ខ្ចីទៅ​ភាសា​ខ្មែរបុរាណ»។ និក្ខេបបទ​របស់​គាត់​បង្ហាញច្បាស់ថា ចំនួនពាក្យខ្មែរ​បុរាណ​ជាច្រើន​ត្រូវបាន​ភាសាសៀមខ្ចី ពាក្យមួយចំនួន​បានបាត់បង់​ទៅវិញក្រោយមក ហើយត្រូវ​ខ្ចីជាថ្មី​ម្តងទៀត​តាមរូបភាព​ផ្សេងពី​ភាសាថៃ​ទៅ​ភាសាខ្មែរ។ សម្រាប់​ភាសាវិទូ​ដែល​ពិនិត្យមើល​បាតុភូត​ទាំងនេះ វាច្បាស់ណាស់​ថា កម្ចី​ភាសា​យ៉ាងច្រើន​មានដើមកំណើត​នៅក្នុង​ទំនាក់​ទំនង​យ៉ាងជ្រៅ និង​យូរលង់​។

ទំនាក់​ទំនង​ទាំងនេះ​ត្រូវគេស្គាល់​យ៉ាងច្បាស់។ បើថៃ​ទទួលយក​ពុទ្ធសាសនា​ហិនយាន​តិចជាងនេះ​ពី​ជនជាតិ​មន ចំនួន​ពាក្យ​កម្ចី​ពី​អារ្យធម៌​ខ្មែរ​មាន​ច្រើន​គួរសម ហើយ​លោក Antelme បាន​សរសេរ​ថា ពួក​គេចម្លង​ពី​ជនជាតិ​ខ្មែរ​នូវ​ទស្សនៈ​រាជានិយម រដ្ឋធម្មនុញ្ញ​(ខុស​ពី​ជនជាតិ​ខ្មែរ ជនជាតិ​មន​ពុំ​មាន​នគរ​ដែល​មាន​នយោបាយ​ខ្លាំងទេ) សិល្បៈ​(របាំ និង​ភ្លេង​ព្រះរាជទ្រព្យ) អក្សរ ចំណុច​នានា​នៃ​ព្រហ្មញ្ញ​សាសនាជាដើម។

យើង​ត្រូវពិចារណា​ថា ក្នុងការវិភាគ​នៃ​កម្ចី​វប្បធម៌ និង​ភាសា​នេះ វា​ពុំ​ដែល​មាន​ការធ្វើ​និក្ខេបបទ​ពី​អ្នកប្រកាន់​ការពិត​ពីក្រុមសាកល​វិទ្យាល័យ​ថៃ​ដែល​ជា​ធម្មតា​ជាអ្នក​ពាក់ព័ន្ធ​បំផុតនោះទេ។

បញ្ហា​អក្សរ​ថៃ ដើម​កំណើត និង​ការវិវត្ត​របស់​វា​បង្ហាញ​យ៉ាងល្អ​ឥតខ្ចោះ​នូវការប្រើប្រាស់​ប្រធានបទ​នយោបាយ​ដែល​គួរតែ​មាននៅ​ក្នុង​ផ្នែក​វិទ្យាសាស្ត្រ។

តាមទស្សនៈ​វិទ្យាសាស្ត្រ និង​ខុសពី​ទស្សនៈ​ដែល​ទទួលបាន អ្វីៗ​ច្បាស់ណាស់៖ អក្សរថៃ​មាន​កំណើត​ចេញពី​អក្សរ​ខ្មែរ គឺមាន​ការសរសេរ​ជាប់ៗ​គ្នា​របៀប​ដូចអក្សរខ្មែរ និង​ការវិវត្ត​ក្រោយៗ​មកទៀត​របស់វា ហើយ​បញ្ហានេះ​ត្រូវបាន​ទទួលស្គាល់​ដោយ​ជនជាតិ​ខ្មែរ ថៃ និង​អ្នក​ឯកទេស​ដទៃទៀត។

បើទោះបី​មានការវែកញែក​ជាច្រើន​ពី​អ្នកប្រាជ្ញ​ថៃ​ដែលបាន​រាយការណ៍​ពី​គំណិត​ខុសគ្នា​ជាច្រើនក្តី ដើមកំណើត​របស់ខ្មែរ​នៃ​អក្សរ​ថៃ​មិនដែល​ត្រូវគេ​ដេញដោល​ខ្លាំង​ទេ។ លើសពីនេះទៀត នៅថៃ​មាន​អក្សរ​ខ្មែរ​មួយប្រភេទ​ទៀត​ដែល​ត្រូវបាន​ប្រើ​សម្រាប់​ការសរសេរ​ចារឹក​សាសនា អក្សរនេះ​ដែល​ពុំមាន​ការវិវត្ត​ខុសប្លែកច្រើន មាន​ការងាយអាន​បាន​យ៉ាង​ស្រួល​ពីជនជាតិ​ខ្មែរ។

មកទល់​ពេលថ្មីៗនេះ វាពុំមាន​សញ្ញា​នៃការស្អប់ខ្ពើម​ចំពោះ​កត្តា​វប្បធម៌ និង​ភាសាខ្មែរ​ទេ ទាំង​ការបដិសេធ និង​ការបកស្រាយ​ឡើងវិញ​តាមរយៈ​កែវភ្នែក​អ្នក​ជាតិ​និយម​មាន​ចិត្ត​ចង្អៀត​ចង្អល់​លើ​ប្រវត្តិ​វប្បធម៌ និង​ភាសា​របស់​ប្រទេសថៃ​។


ឥទ្ធិពល​ដែល​គេមិន​រំពឹងដល់

នៅឆ្នាំ ១៩៨៤ ភាសាវិទូ Gerard Diffloth បានចេញផ្សាយ​លទ្ធផល​នៃ​ស្នាដៃ​ស្រាវជ្រាវ​របស់​គាត់​អំពី​ភាសាមន​ដ៏តូចមួយ​ដែល​ត្រូវបាន​និយាយ​នៅតំបន់​ខាងកើត​ប្រទេស​ថៃ​នៅក្នុង​សៀវភៅ​ដែល​មាន​ចំណងជើងថា «The Dvaravati Old-Mon languages and Nyah Kur»​។ ភាសា​ដែល​រលាយ​បាត់បង់​ឆាប់រហ័ស​ដែលត្រូវបាន​និយាយ​ដោយ​មនុស្ស​មួយក្រុម​តូច​ពិត​ណាស់​ជា​ភាសា​ដែល​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​បំផុតនឹង​ភាសាមន​បុរាណ។ នេះ​ជា​ផ្នែក​ដំបូង​នៃ​និក្ខេប​បទ​របស់​អ្នក​និពន្ធ។ យ៉ាង​ណា​ក្តី លោក​មាន​ទស្សនៈ​ចម្លែក​មួយ​ថា ប្រទេស​ថៃ​ភាគ​កណ្តាល​នៅ​សតវត្សរ៍​ទី ៧ ដល់ ៩ ក្រោយ​គ្រិស្ត​សាសនា​ពុំ​មែន​រស់​នៅ​ដោយ​ជនជាតិ​ថៃទេ តែ​ដោយ​ជនជាតិ​មន និង​ខ្មែរ។ នេះ​ពិត​ណាស់​ជា​មូលហេតុ​ដែល​សៀវភៅ​នោះ​បានបាត់​ស្រមោល​ឈឹង​ពី​ហាងលក់​សៀវភៅ​នានា​នៅទីក្រុង​បាងកក។

អ្វីដែលគួរឲ្យ​ភ្ញាក់ផ្អើល គឺ​ពាក្យ​កម្ចី​ពី​ភាសា​ខ្មែរ​ជាច្រើន​នៅក្នុង​ភាសា Nyah Kur។ ក្នុង​ករណី​ភាសា​ថៃ ទំនាក់​ទំនង​រវាង​នគរ និង​នគរ​រាប់​សតវត្សរ៍​បាន​ជួយឲ្យយើង​យល់ពី​កម្ចី​ភាសា​យ៉ាងច្រើន ប៉ុន្តែ​យើង​ពុំមាន​តម្រុយ​ជាក់ស្តែង​ពី​ភាសា Nyah Kur ទេ។

ភាសា Nyah Kur មិនខុសប្លែក​គ្នាទេ ខណៈ​ភាសា​ភាគច្រើន​ដែល​និយាយ​នៅ​ប្រទេស​កម្ពុជា ឡាវ ថៃ ភូមា​ខាងលិច និង​តំបន់​ខ្ពង់រាប​វៀតណាម​បង្ហាញ​បាតុភូត​ដូចគ្នា គឺ​មាន​លាយ​ចំនួន​ភាសា​ខ្មែរ​យ៉ាងច្រើន។ ឧទាហរណ៍ Thavung ជា​ភាសា​ជនជាតិដើម​ភាគតិចតូច​មួយ​និយាយ​នៅភាគ​ឦសាន​ឡាវ​តាម​តំបន់​ជ្រលង​ភ្នំ​ដាច់​ស្រយាល។

ដូចនឹង​ភាសា Nyah Kur ដែរ ភាសា Thavung មានកម្ចី​ពី​ពាក្យ​ខ្មែរ​ជាច្រើន។ ជាថ្មីម្តងទៀត ដូចដែល​បានកើតឡើង​ជារឿយៗ យើង​សន្និដ្ឋាន​តាម​តក្ក​ចាស់ៗ​លើ​កម្ចី​ភាសានេះ​ថា៖ យើង​ខ្ចីពាក្យ​ពី​ភាសាផ្សេង​ដើម្បី​ប្រើ​សំដៅ​លើអ្វីមួយ​ថ្មី បច្ចេកទេស​ដែលត្រូវបាន​នាំចូល​ពី​អារ្យធម៌​ផ្សេង មិនខុសគ្នា​នឹងពាក្យ​ខ្មែរ​ប្រើ​សម្រាប់​ទម្ងន់ និង​រង្វាស់​ប្រវែង​ដែល​មាន​កំណើត​មក​ពី​ចិន​ឡើយ។

នេះមិនមែនជា​ករណី​កើតឡើង​លើ​ភាសា​ដែល​បាន​លើកឡើង​ខាង​លើ​ទេ។ យើង​ពុំ​មាន​តម្រុយ​តក្ក ឬ​ប្រវត្តិ​សាស្ត្រ​ដែល​បញ្ជាក់​ស្ថានការណ៍​ទាំងនេះ​ទេ។ តើ​ភាសា​ខ្មែរ​ធ្លាប់​ជា​ភាសាប្រើ​ដោយ​អ្នកជំនួញ​នៅ​តំបន់​សមុទ្រ​មេឌីទែរ៉ាណេ​មែនទេ? និយាយ​ការពិតទៅ យើង​មិនដឹងឡើយ។ អ្វី​ដែលយើង​ដឹង​ច្បាស់ គឺថា ឥទ្ធិពល​នៃ​ភាសាខ្មែរ​នៅ​ឧបទ្វីប​អាស៊ីអាគ្នេយ៍​ជាការពិត ហើយ​នៅថ្ងៃមួយ​អាចនឹង​ក្លាយជា​ឧបករណ៍​ដើម្បី​សិក្សា​ផ្នែក​ដែលពុំមាន​សរសេរ​នៃ​ប្រវត្តិសាស្ត្រ​ក្នុងតំបន់នេះ​ផងដែរ។

ការរួមចំណែក​របស់​ជនជាតិខ្មែរ​ក្នុង​អារ្យធម៌​តំបន់​អាស៊ីអាគ្នេយ៍​អស្ចារ្យ​ខ្លាំងណាស់។ យើងដឹង​យ៉ាងច្បាស់​ពី​ឥទ្ធិពល​នៃអារ្យធម៌ខ្មែរ ប៉ុន្តែក្រៅ​ពីប្រាង្គ​ប្រាសាទថ្ម​គួរឲ្យ​ចាប់អារម្មណ៍​នានា វាបង្ហាញ​តាមរយៈ​ការសិក្សា​ភាសា​នៅក្នុង​តំបន់​ឲ្យឃើញថា វាមាន​ឥទ្ធិពល​ស៊ី​ជម្រៅ​ដែល​នៅតែ​មានប្រើប្រាស់​នៅ​ក្នុងជីវិត​រស់នៅ​ប្រចាំថ្ងៃ៕ CR

1 comment:

Anonymous said...

Thanks for the great document and valuable information.