Friday, April 13, 2012

In celebration of WISDOM -- សុភាសិត ៧


 
ស្ត្រី​ក្បត់​ប្ដី 
 
កូន​អើយ​ កុំ​ភ្លេច​ពាក្យ​បណ្ដាំ​ឪពុក។  ចូរ​ចងចាំ​ពាក្យ​ដែល​ឪពុក​ទូន្មាន។  ចូរ​រក្សា​ពាក្យ​ដែល​ឪពុក​ទូន្មាន​នេះ ទើប​កូន​មាន​ជីវិត។  ចូរ​រក្សា​ពាក្យ​ដែល​ឪពុក​ប្រៀនប្រដៅ​ទុក ដូច​ជា​កែវ​ភ្នែក។  ចូរ​ចងចាំ​ពាក្យ​របស់​ឪពុក​គ្រប់​ពេល​វេលា, ហើយ​ចារឹក​ទុក​ក្នុង​ដួង​ចិត្ត​ជានិច្ច។  ចូរ​ចាត់​ទុក​ប្រាជ្ញា​ដូច​ជា​បង​ស្រី និង​ចាត់​ទុក​តម្រិះ​ដូច​ជា​មិត្ត។  ធ្វើ​ដូច្នេះ កូន​អាច​គេច​ផុត​ពី​ស្ត្រី​ក្បត់​ប្ដី និង​គេច​ផុត​ពី​ប្រពន្ធ​គេ ដែល​ប្រសប់​លួងលោម។ 
 
មាន​ថ្ងៃ​មួយ ឪពុក​មើល​តាម​បង្អួច​ផ្ទះ​ សម្លឹង​ទៅ​ផ្លូវ​កែង។  ក្នុង​ចំណោម​យុវជន​ដែល​មិន​សូវ​ដឹង​ខុស​ត្រូវ ឪពុក​ឃើញ​ក្មេង​កំលោះ​ម្នាក់ គ្មាន​ប្រាជ្ញា​ទាល់​តែ​សោះ។  ក្មេង​កំលោះ​នោះ ​ដើរ​តាម​ផ្លូវ​ មាន​ផ្ទះ​លក់​ដូរ ក្បែរ​កន្លែង​ដែល​ស្ត្រី​ក្បត់​ប្ដី​រស់​នៅ, ហើយ​ដើរ​តម្រង់​ទៅ​ផ្ទះ​នាង។  ពេល​នោះ ជា​ពេល​ល្ងាច ថ្ងៃ​កំពុង​លិច, ហើយ​យប់​ងងឹត​ក៏​ជិត​មក​ដល់។  
 
ស្ត្រី​នោះ ​ចេញ​មក​ជួប​អ្នក​កំលោះ, ទាំង​ស្លៀក​ពាក់​ជា​របៀប​ស្រី​ពេស្យា ដើម្បី​ទាក់ទាញ​ចិត្ត​គេ។  នាង​ពុះកញ្ជ្រោល, ស្រើបស្រាល, ឥត​អៀន​ខ្មាស, ទ្រាំ​នៅ​ក្នុង​ផ្ទះ​មិន​បាន​ទេ។  នាង​នេះ ​ដើរ​រក​ប្រុស​នៅ​តាម​ដង​ផ្លូវ, នៅ​តាម​ផ្សារ និង​នៅ​គ្រប់​កៀន​កោះ។  នាង​ចាប់​អ្នក​កំលោះ​មក​ឱប​រឹត, ហើយ​និយាយ​ទាំង​ងងើល​ថា,
 
«ថ្ងៃ​នេះ ​ខ្ញុំ​ទើប​នឹង​ថ្វាយ​យញ្ញបូជា ​អរ​ព្រះគុណ​ ដើម្បី​លា​បំណន់។  ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ចេញ​មក​ជួប​បង, ដ្បិត​ខ្ញុំ​ចង់​ស្គាល់​បង​យូរ​ហើយ។  ឥឡូវ​ខ្ញុំ​ជួប​បង​មែន!  ខ្ញុំ​បាន​រៀបចំ​គ្រែ​ខ្ញុំ ដែល​មាន​ភួយ​ចំរុះ​ពណ៌ និង​មាន​ផាហ៊ុម​ល្អៗ​មក​ពី​ស្រុក​អេស៊ីប។  ខ្ញុំ​បាន​ប្រោះ​ទឹក​អប់ និង​គ្រឿង​ក្រអូប​ផ្សេងៗ​ពី​លើ​គ្រែ​នោះ។  សូម​អញ្ជើញ​មក, យើង​រួម​ស្នេហ៍​យ៉ាង​សប្បាយ​ជា​មួយ​គ្នា រហូត​ដល់​ព្រឹក​ស្អែក។  ប្ដី​ខ្ញុំ​មិន​នៅ​ផ្ទះ​ទេ។  គាត់​បាន​ចេញ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ​បាត់​ហើយ។  គាត់​យក​ប្រាក់​មួយ​ថង់​ទៅ​ជា​មួយ​ដល់​ថ្ងៃ​ពេញបូណ៌ ទើប​គាត់​វិល​ត្រឡប់​មក​ផ្ទះ​វិញ។» 
 
នាង​និយាយ​បញ្ចុះបញ្ចូល​យ៉ាង​ប៉ិនប្រសប់, អូស​ទាញ​អ្នក​កំលោះ​ដោយ​ពាក្យ​សំដី​ផ្អែមល្ហែម។  អ្នក​កំលោះ​ក៏​ទៅ​តាម​នាង​ភ្លាម, ដូច​គោ​ដែល​គេ​នាំ​ទៅ​ទី​សត្តឃាត, និង​ដូច​មនុស្ស​ឆ្កួត ​ដែល​បណ្ដោយ​អោយ​គេ​ចង​ជើង​ ចង​ដៃ យក​ទៅ​ធ្វើ​ទោស។  អ្នក​នោះ ​ប្រៀប​បាន​នឹងសត្វ​ស្លាប ហើរ​បោះពួយ​ទៅ​រក​អន្ទាក់ ដោយ​មិន​ដឹង​ថា ខ្លួន​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទេ, លុះ​ត្រា​តែ​មាន​ព្រួញ​មក​ទំលុះ​ដល់​បេះដូង។ 
 
ឥឡូវ​នេះ កូន​អើយ ចូរ​ស្ដាប់​ឪពុក។  ចូរ​ត្រងត្រាប់​ស្ដាប់​សេចក្ដី​ដែល​ឪពុក​ទូន្មាន។  កុំ​បាក់​ចិត្ត​ទៅ​តាម​ស្ត្រី​ប្រភេទ​នេះ​ឡើយ, ហើយ​ក៏​កុំ​វង្វេង​ទៅ​សេពគប់​ជា​មួយ​វា​ដែរ, ដ្បិត​ស្ត្រី​នេះ ​បាន​ធ្វើ​អោយ​មាន​ជន​រងគ្រោះ​ជា​ច្រើន, សូម្បី​តែ​អ្នក​ខ្លាំង​ពូកែ​ក៏​ត្រូវ​ស្លាប់​ដោយសារ​ស្នាដៃ​នាង​ដែរ។  ផ្ទះ​របស់​នាង​ជា​ស្ថាន​មច្ចុរាជ។  អ្នក​ដែល​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ មុខ​ជា​ស្លាប់​មិន​ខាន។ 
 
 
 
 

No comments: