ថ្ងៃច័ន្ទ, 16 ខែមេសា 2012
ដោយ ម៉ែន គឹមសេង វីអូអេ ខ្មែរ | វ៉ាស៊ីនតោន
ផៃស៊ីផេះ ៖ «ខ្សែភាពយន្តនេះមានការផ្សព្វផ្សាយដែលមានចរិកជានយោបាយដែលមិនមែនជាចរិកឯកសារហើយអ្វីដែលជាផលប៉ះពាល់នៃការផ្តល់អ្វីដែលជាកិត្តិយសដែលជារង្វាន់នោះជារឿងឯកជនទេមិនមែនជារឿងយុត្តិធម៌សម្រាប់កម្ពុជាទេ...
គ្រាប់កាំភ្លើងដែលបានបាញ់ចេញទាំងព្រឹកឆក់យកជីវិតលោក ជា វិជ្ជានៅក្បែរវត្តលង្កាកាលពី៨ឆ្នាំមុនមិនបានបញ្ចប់ភាពល្បីល្បាញនិងវីរភាពរបស់អតីតមេដឹកនាំសហជីពដ៏ជាទីគោរពរូបនេះទេ។
ខ្សែភាពយន្តឯកសារស្តីពីការសម្លាប់វីរជនកម្មករដ៏ល្បីឈ្មោះរូបនេះបានទទួលពានរង្វាន់ Peabody ដែលជារង្វាន់សម្រាប់អ្នកសារព័ត៌មានដ៏មានកិត្តិយសនៅក្នុងសហរដ្ឋអាមេរិក។
លោក ហូរ៉េស ញូខុម ប្រធាននៃគណកម្មការផ្តល់រង្វាន់ Peabody របស់សាកលវិទ្យាល័យ Georgia បានបញ្ជាក់ប្រាប់វីអូអេថា ក្រុមគណៈកម្មការមើលឃើញថាភាពយន្តនេះមានលក្ខណៈល្អអត់ខ្ចោះដោយសារតែបានព្យាយាមបង្ហាញពីស្ថានភាពនយោបាយនៅកម្ពុជាហើយបានបង្ហាញពីភស្តុតាងខ្លះប៉ុន្តែនៅបន្តរក្សាទុកភាពស្រពិចស្រពិល ហើយទីបំផុតអាចចូលរួមចំណែកបានថាជាស្នាដៃដ៏សំខាន់ក្នុងសាច់រឿងនោះ។
លោក រិច ហ្ការីលឡា ផលិតករមួយរូបនៃខ្សែភាពយន្តរឿង«អ្នកណាសម្លាប់លោកជាវិជ្ជា?»បានបញ្ជាក់ប្រាប់វីអូអេថា៖
«យើងមានការរំភើបនិងសប្បាយណាស់ដែលមានកិត្តិយសទទួលបានរង្វាន់នេះ។ នេះគឺពិតជារង្វាន់កំពូលដែលភាពយន្តអាចទទួលបាន ហើយវាមិនគ្រាន់តែបញ្ជាក់ពីគុណភាពនៃការងាររបស់យើងទេ ក៏ប៉ុន្តែអំពីសារៈសំខាន់នៃបញ្ហាដែលខ្សែភាពយន្តនេះលើកយកមកបង្ហាញផងដែរ»។
ខ្សែភាពយន្តរឿង«អ្នកណាសម្លាប់លោកជា វិជ្ជា?» រៀបរាប់ពីការធ្វើឃាតដែលមានលក្ខណៈនយោបាយហើយមិនត្រូវបានវែកមុខរកឃាតករឃើញនៅឡើយទេ។ មានតែបុរសពីរនាក់ប៉ុណ្ណោះត្រូវបានគេចាប់ដាក់គុកហើយត្រូវដោះលែងចេញវិញឱ្យនៅក្រៅឃុំដោយសារមានការជំទាស់ខ្លាំងៗពីក្រុមអង្គការសិទ្ធិមនុស្សថាពួកគេជាឃាតករសិប្បនិមិ្មតហើយសូម្បីតែគ្រួសារជនរងគ្រោះក៏មិនជឿថាពួកគេជាជនល្មើសទេ។
ខ្សែភាពយន្តនេះត្រូវបានហាមមិនឱ្យបញ្ចាំងក្នុងប្រទេសកម្ពុជាទេហើយក្រុមគ្រួសារនិងផលិតករបានឆ្លៀតយកឱកាសនេះស្នើសុំឱ្យរដ្ឋាភិបាលលើកលែងការហាមឃាត់។
ពិធីប្រគល់រង្វាន់ជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី២១ ខែឧសភាក្នុងបុរីញ៉ីវយ៉ក សហរដ្ឋអាមេរិក។
ប៉ុន្តែការផ្តល់រង្វាន់នេះជៀសមិនផុតពីការរិះគន់របស់មន្ត្រីរដ្ឋាភិបាលកម្ពុជាទេ។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃក្រុមប្រតិកម្មរហ័សបានបញ្ជាក់ថា៖
«ខ្សែភាពយន្តនេះមានការផ្សព្វផ្សាយដែលមានចរិកជានយោបាយដែលមិនមែនជាចរិកឯកសារហើយអ្វីដែលជាផលប៉ះពាល់នៃការផ្តល់អ្វីដែលជាកិត្តិយសដែលជារង្វាន់នោះជារឿងឯកជនទេមិនមែនជារឿងយុត្តិធម៌សម្រាប់កម្ពុជាទេ។ ដូច្នេះនេះជាឯកជននៅក្នុងបំណងរបស់គេអ្វីមួយក៏ប៉ុន្តែកម្ពុជាស្ថិតនៅលើដែនរង្វង់នៃយុត្តិធម៌សុទ្ធសាធដូច្នេះខ្សែភាពយន្តដែលគេហៅថាជាខ្សែភាពយន្តឯកសារគ្រាន់តែជាការនាំមុខប្រាប់រឿងមួយដែលគេមិនចាត់ថារឿងពិតចេញពីតុលាការ»។
ប៉ុន្តែលោក ហូរ៉េស ញូខុម បានបញ្ជាក់ថាគណៈកម្មការផ្តល់រង្វាន់ Peabody គឺធ្វើការដោយផ្អែកលើវិជ្ជាជីវៈពិតប្រាកដ។
«ពានរង្វាន់ Peabody គឺមិនមានហេតុផលជំរុញខាងផ្នែកនយោបាយទេ។ យើងសំឡឹងមើលលើឧត្តមភាពក្នុងការផលិតរបស់បណ្តាញព័ត៌មាន ឧត្តមភាពក្នុងផ្នែកជាច្រើន ឧត្តមភាពឯករាជ្យដោយខ្លួនឯងហើយនោះគឺជាអ្វីដែលយើងរកឃើញនៅក្នុងខ្សែភាពយន្តឯកសារនេះ»។
មុនពេលដែលត្រូវគេបាញ់សម្លាប់នៅថ្ងៃទី២២ ខែមករាឆ្នាំ២០០៤ពេលកំពុងអង្គុយអានកាសែតពេលព្រឹកនៅតូបលក់កាសែតខាងក្រៅរបងវត្តលង្កា លោក ជា វិជ្ជា ដែលមានមាឌស្តើងខ្ពស់ជាមនុស្សម្នាក់ដែលអាចមានលទ្ធភាពប្រមូលកម្មកររាប់ពាន់នាក់ចេញមកតវ៉ាដើម្បីធ្វើឱ្យប្រសើរឡើងដល់លក្ខខណ្ឌការងាររបស់ពួកគេ។
ស្ថានភាពសម្រាប់ក្រុមសហជីពនៅកម្ពុជាបានប្រែប្រួលរូបភាពច្រើនចាប់តាំងពីការបាញ់សម្លាប់លោកជា វិជ្ជាមកដោយផ្លាស់ប្តូរមិនមានការដើរហែរក្បួនតវ៉ាដែលមានកម្មករចូលរួមច្រើនមកជាការតវ៉ាតាមរោងចក្រហើយជារឿយៗក្រុមតំណាងសហជីពតែងតែត្រូវថៅកែរោងចក្រប្តឹងផ្តល់។ នេះបើតាមការបញ្ជាក់របស់លោកជា មុន្នី ប្អូនប្រុសលោកជា វិជ្ជា ដែលបានកាន់តំណែងជាប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាបន្តពីបងប្រុសរបស់លោក។
ក្នុងការវិវត្តន៍ចុងក្រោយនេះមានការបាញ់លើកម្មករដែលតវ៉ាដើម្បីសុំដំឡើងប្រាក់កម្រៃការងារនិងស្នើឱ្យស្ថានភាពការងារប្រសើរជាងមុន។ ជនដៃដល់ក្នុងរឿងនេះគឺឈ្មោះឈូក បណ្ឌិតជាអតីតអភិបាលក្រុងបាវិតខេត្តស្វាយរៀងនៅតែបន្តរស់នៅដោយមិនមានការដាក់ទោសទណ្ឌអ្វីឬត្រូវតុលាការចាប់ឃុំឃាំងទេ។
លោក ជា មុន្នីបានបន្ថែមថា៖
«នីតិវិធីខុសគ្នាកាលពីដែលបងប្រុសខ្ញុំដឹកនាំកាលនោះការដឹកនាំរបស់បងប្រុសខ្ញុំគឺថាសេរីភាពមានច្រើនជាងបច្ចុប្បន្ន។ បច្ចុប្បន្នកុំថាឡើយសហជីពសូម្បីតែប្រជាពលរដ្ឋដែលដីធ្លីផ្ទះសម្បែងដែលគេយករបស់គាត់ក៏គាត់មិនអាចធ្វើការទាមទារអ្វីបានធំដុំដែរ។ យើងមើលជាជាក់ស្តែង។ អញ្ចឹងមានការប្រែប្រួលមានការវិវត្តន៍ប៉ុន្តែការប្រែប្រួលវិវត្តន៍វាមិនមែនការប្រែប្រួលវិវត្តន៍ទៅរកលក្ខណៈប្រជាធិបតេយ្យទេការប្រែប្រួលវិវត្តន៍ទៅរកភាពភ័យខ្លាចទៅរកការចូលទៅក្នុងករណីមួយដែលគេហៅថាប្រជាធិបតេយ្យមានតែឈ្មោះប៉ុន្តែសិទ្ធិបញ្ចេញមតិសិទ្ធិបញ្ចេញយោបល់គឺអត់មានតែម្តង»។
យ៉ាងណាក៏ដោយ លោក ខេន លូ អគ្គលេខាធិការនៃសមាគមនិយោជកកាត់ដេរក្នុងប្រទេសកម្ពុជាបានបញ្ជាក់ថាការនាំចេញផលិតផលកាត់ដេសម្លៀកបំពាក់មានការកើនឡើងជាលំដាប់ហើយរង្វាន់ដែលផ្តល់ដល់ភាពយន្តនេះមិនអាចនឹងធ្វើឱ្យប៉ះពាល់ដល់ការកើនឡើងនៃការនាំចេញផលិតផលកាត់ដេរទៅសហរដ្ឋអាមេរិកក៏ដូចជាទៅទីផ្សារបរទេសដទៃទៀតទេប៉ុន្តែលោកក៏លើកសរសើរពីសកម្មភាពការងាររបស់លោកជា វិជ្ជា។
«លោកជា វិជ្ជាគឺជាមេដឹកនាំដ៏គួរឱ្យគោរពម្នាក់។ ការធ្វើឃាតគាត់គឺជារឿងក្រៀមក្រំមួយសម្រាប់យើងនិងសម្រាប់មនុស្សគ្រប់គ្នា។ ប៉ុន្តែខ្ញុំគិតថាវាអាចជាការងាយស្រួលក្នុងការអះអាងថាការធ្វើឃាតនោះដោយមូលហេតុនយោបាយ។ ប៉ុន្តែយើងក៏ត្រូវតែយល់ថា៨ឆ្នាំមុនស្ថានភាពសន្តិសុខក្នុងប្រទេសកម្ពុជាមិនល្អទេហើយមានមនុស្សខ្លះដែលមិនល្បីឈ្មោះដូចលោក ជា វិជ្ជាត្រូវគេបាញ់សម្លាប់តាមផ្លូវដែរ»។
ដូចដែលចំណងជើងនៃខ្សែភាពយន្តបានចោទសួរអញ្ចឹងគេនៅតែមិនទាន់ដឹងថាអ្នកណាជាឃាតករពិតប្រាកដនៅឡើយទេ ប៉ុន្តែអ្វីដែលគេបានដឹងច្បាស់គឺវីរភាពរបស់លោកជាវិជ្ជាមិនស្លាប់ទៅតាមរូបគាត់ឡើយហើយភាពល្បីល្បាញនៃខ្សែភាពយន្តនេះនឹងបន្តបង្ហាញពីអ្វីដែលបានកើតមានឡើងនាពេលនោះ និងការខកខានរបស់អាជ្ញាធរក្នុងការស្វែងរកឃាតករយកមកកាត់ទោស៕
No comments:
Post a Comment