Friday, May 11, 2012

ស្រុកគេ មានគេមានអញ ស្រុកស្មែរ មានតែអញ និងអាត្មាអញ

លោក​នីកូឡា សាកូហ្ស៊ី ក្រោយ​ពី​បាន​ប្រកាស​ទទួល​ស្គាល់​បរាជ័យ​ក្នុង​ការ​បោះឆ្នោត យប់​ថ្ងៃ​អាទិត្យ ៦ឧសភា ២០១២ (REUTERS/Yves Herman)
សាកល្បងពិចារណាស្រុកគេស្រុកយើង

​ថ្ងៃ ចន្ទ 07 ឧសភា 2012
ដោយ សេង ឌីណា
Radio France Internationale

លោក​សាកូហ្ស៊ី​ បរាជ័យ​ ​ដោយសារ​ អត្តចរិត​បុគ្គល​ ជាង​កម្មវិធី​នយោបាយ

ក្នុងរយៈពេល​ជាង ៥០ឆ្នាំ​ចុងក្រោយ​នេះ មានតែ​ប្រធានាធិបតី​បារាំង​ពីររូប​ប៉ុណ្ណោះ ដែល​មិន​បាន​ជាប់ឆ្នោត​អាណត្តិ​ទី២ គឺ​លោក Valéry Giscard d’Estaing (កាល​ពីឆ្នាំ​១៩៨១) និង​លោក​ Nicolas Sarkozy កាល​ពីថ្ងៃ​អាទិត្យ ម្សិលមិញ។ លោក​សាកូហ្ស៊ី​ជាប់​ឯតទគ្គកម្ម​ជា​ប្រធានាធិបតី​ផុតអាណត្តិ ដែល​មាន​ប្រជាប្រិយភាព​ទាប​បំផុត។ ក៏ប៉ុន្តែ មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​ប្រជាជន​បារាំង​មិន​ចូលចិត្ត​លោក​សាកូហ្ស៊ី គឺ​មក​ពី​អត្តចរិត និង​របៀប​ដឹកនាំ​ ច្រើន​ជាង​គោលនយោបាយ​របស់​គាត់

បើ​គេ​ពិនិត្យ​ទៅតាម​លក្ខណៈ​សត្យានុម័ត គេ​អាច​ឃើញ​ថា នៅ​ក្នុងរយៈពេល​ ៥ឆ្នាំ​កន្លង​ទៅនេះ លោក​នីកូឡា សាកូហ្ស៊ី បាន​ធ្វើ​កំណែទម្រង់​ធំៗ​មួយចំនួន ដែល​មាន​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ​ទៅថ្ងៃ​អនាគត ដូចជា កំណែទម្រង់​អាយុ​ចូលនិវត្តន៍ និង​កំណែទម្រង់​សកលវិទ្យាល័យ ជាដើម។ ថ្វីដ្បិត​តែ​​បារាំង​ត្រូវបាន​បាត់បង់​ចំណាត់ថ្នាក់​បំណុល AAA ក៏ប៉ុន្តែ រដ្ឋាភិបាល​បារាំង​នៅតែ​អាច​បោះ​មូលបត្រ​បំណុល​លក់ ក្នុង​អត្រាការប្រាក់​ទាប ធៀប​នឹង​ប្រទេស​ផ្សេងទៀត​នៅ​អឺរ៉ុប។


អត្រា​អ្នក​អត់ការងារ​ធ្វើ​កើនឡើង​ដល់​កម្រិត​កំពូល

ក៏ប៉ុន្តែ បើទោះជា​មាន​កំណែទម្រង់​ធំៗ​ទាំងនេះ​ក៏ដោយ អាណត្តិ​ប្រធានាធិបតី​របស់​លោក​សាកូហ្ស៊ី​បាន​បញ្ចប់​ទៅ ដោយ​បន្សល់​ទុក​នូវ​បញ្ហា​សេដ្ឋកិច្ច និង​សង្គម​ជាច្រើន។ បំណុល​រដ្ឋ​នៅតែ​កើនឡើង។ កំណើន​សេដ្ឋកិច្ច​ក៏​មាន​​តិចតួច។ អត្រា​អ្នក​អត់ការងារ​ធ្វើ​កើនឡើង​ដល់​កម្រិត​កំពូល គឺ ប្រមាណ ១០%។ នៅពេល​ឡើង​កាន់​តំណែង លោក​សាកូហ្ស៊ី​ធ្លាប់​បាន​សន្យាថា ប្រសិន​បើ​គាត់​មិន​អាច​កាត់បន្ថយ​អត្រា​អ្នកអត់ការងារ​ធ្វើ​ឲ្យ​ធ្លាក់​មកនៅត្រឹម ៥%​ទេ គាត់​នឹង​មិន​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ទៀតទេ។

លោកសាកូហ្ស៊ី​បាន​ឆ្លើយ​ការពារ​ខ្លួន​ថា បញ្ហា​សេដ្ឋកិច្ច​ដែល​បារាំង​កំពុង​ជួបប្រទះ នៅពេលនេះ គឺ​ដោយសារ​តែ​ពិភពលោក​ជួប​នឹង​វិបត្តិ​សេដ្ឋកិច្ច​ផ្ទួនៗ​គ្នា គឺ​វិបត្តិ​ឆ្នាំ​២០០៨ និង​បន្ទាប់មក​វិបត្តិ​ប្រាក់​បំណុល​។ ក៏ប៉ុន្តែ មាន​ពលរដ្ឋ​បារាំង​ជាច្រើន​មិន​ទទួល​យក​ការ​ដោះសារនេះ ដោយ​គេ​សំឡឹង​ឃើញ​ថា អាល្លឺម៉ង់​ដែល​ជា​ប្រទេស​ជិតខាង ក៏​ឆ្លងកាត់​វិបត្តិ​ដូចគ្នា ប៉ុន្តែ មាន​ស្ថានភាព​សេដ្ឋកិច្ច​ល្អ​ជា​ងបារាំង​ឆ្ងាយ។

អ្នក​សេដ្ឋកិច្ច​មួយចំនួន​បាន​បន្ទោស​លោក​សាកូហ្ស៊ី​ថា មានភាព​ទន់ជ្រាយ បណ្តោយ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ដឹកមុខ ឲ្យ​អនុវត្ត​នយោបាយ ដែល​​ផ្តោត​តែ​ទៅលើ​ការ​កាត់បន្ថយ​ការ​ចំណាយ​សាធារណៈ​ខ្លាំង​ពេក ទើប​បណ្តាល​ឲ្យ​សេដ្ឋកិច្ច​​គ្មាន​កំណើន ឬ​មាន​កំណើន​តិចតួច ហើយ​បណ្តាល​ឲ្យ​អ្នកអត់ការងារ​ធ្វើ​មាន​ការ​កើនឡើង។

ក៏ប៉ុន្តែ ក្រៅ​ពី​បញ្ហា​សេដ្ឋកិច្ច មូលហេតុ​ចម្បង​បំផុត ដែលជំរុញ​​ឲ្យ​ប្រជាជន​បារាំង​មិន​ចូលចិត្ត​លោក​សាកូហ្ស៊ី គឺ​អត្តចរិត​ផ្ទាល់​ខ្លួន​របស់​គាត់ និង​របៀប​របប​ដែល​គាត់​ដឹកនាំ​ប្រទេស។

បម្រើ​តែ​ប្រយោជន៍​អ្នកមាន [មិនខុសគ្នាពី ហ៊ុនសែនទេ!]

នៅថ្ងៃ​​ជាប់ឆ្នោត កាល​ពីខែ​ឧសភា ឆ្នាំ​២០០៧ មុននឹង​​ទៅ​ចូលរួម​​អបអរ​ជ័យជំនះ​ជាមួយ​ក្រុម​អ្នក​គាំទ្រ លោក​សាកូហ្ស៊ី​បាន​ទៅ​ជប់លៀង នៅ​ក្នុង​ភោជនីយដ្ឋាន​​​ដ៏ថ្លៃ​មួយ ជាមួយ​នឹង​មិត្តភក្តិ​របស់​គាត់ ដែល​ភាគច្រើន​ជា​អ្នកមានៗ។ នៅថ្ងៃ​បន្ទាប់ គាត់​បាន​ទៅ​ធ្វើ​ដំណើរ​កំសាន្ត​​នៅលើ​កប៉ាល់​ដ៏ទំនើប​មួយ របស់​មហាសេដ្ឋី​បារាំង​ម្នាក់។ នៅក្រោយ​ពេល​ចូល​កាន់តំណែង​ជាផ្លូវការ លោក​សាកូហ្ស៊ី​​ក៏​បាន​ចាប់ផ្តើម​​​ធ្វើការ​បន្ធូរបន្ថយ​ពន្ធ​ជាច្រើន​លើ​អ្នកមាន។

ការ​សេពគប់​មិត្តភក្តិ​ជា​មហាសេដ្ឋី ការ​កាត់បន្ថយ​ពន្ធ​លើ​អ្នកមាន បូករួម​ទាំង​ការ​​​ចូលចិត្ត​ប្រើ​របស់​របរ សម្លៀក​បំពាក់ និង​គ្រឿង​អលង្ការ​ថ្លៃ​កប់ពពក បាន​ធ្វើ​ឲ្យ​លោក​សាកូហ្ស៊ី ត្រូវ​ជាប់ឈ្មោះ​ថា ជា​ប្រធានាធិបតី​ ដែល​បម្រើ​តែ​​ផលប្រយោជន៍​អ្នកមាន។

បក្សពួកនិយម [ដូចគ្នាហ៊ុនសែនបេះបិទ!]

លោកសាកូហ្ស៊ី​ក៏​ត្រូវ​បាន​គេ​រិះគន់​ផងដែរ​ថា បាន​តែងតាំង​តែ​បក្សពួក​ឲ្យ​កាន់តំណែង​សំខាន់ៗ ទាំង​នៅ​ក្នុង​ស្ថាប័ន និង​នៅ​ក្នុង​ក្រុមហ៊ុនរបស់​រដ្ឋ។

រឿង​អាស្រូវ ដែល​គេ​នៅ​ចងចាំ​ជាងគេ គឺ​ការ​ព្យាយាម​រៀបចំ​ឲ្យ​កូនប្រុស​របស់​លោក​សាកូហ្ស៊ី ដែល​រៀន​មិនទាន់​ចប់​ថ្នាក់​បរិញ្ញាបត្រ​ស្រួលបួល​ផង ឲ្យ​ទៅ​គ្រប់គ្រង​សង្កាត់​ជំនួញ​ដ៏ធំមួយ​នៅ​ជាយក្រុង​ប៉ារីស (La Défense)។ ទាល់តែ​មាន​ការ​រិះគន់​ពី​គ្រប់​ទិសទី ទើប​កូនប្រុស​របស់​លោក​សាកូហ្ស៊ី​បង្ខំចិត្ត​ដកបេក្ខភាព​ចេញវិញ។ ក៏ប៉ុន្តែ កេរ្តិ៍ឈ្មោះ​ត្រូវ​ខូចខាត​រួចទៅហើយ។

ប្រធានាធិបតី​ចាត់ចែង​គ្រប់រឿង [ហ៊ុនសែនជាគ្នា!]

តាមទម្លាប់ អំណាច​នីតិប្រតិបត្តិ​នៅ​បារាំង ត្រូវ​បែងចែក​គ្នា​រវាង​ប្រធានាធិបតី និង​នាយករដ្ឋមន្រ្តី។ ជាទូទៅ ប្រធានាធិបតី​ចាត់ចែង​តែ​បញ្ហា​ ដែល​ទាក់ទង​នឹង​នយោបាយ​ការបរទេស និង​នយោបាយ​ការពារជាតិ​ប៉ុណ្ណោះ។ សំណុំរឿង​ក្រៅពីនេះ គឺ​ទុកឲ្យ​នាយករដ្ឋមន្រ្តី និង​សមាជិក​គណៈរដ្ឋមន្រ្តី​។

ចំពោះ​លោក​សាកូហ្ស៊ីវិញ នៅ​ក្នុងរយៈពេល ៥ឆ្នាំ​កន្លងទៅនេះ បាន​​ធ្វើ​ផ្ទុយ​ពី​ទម្លាប់ ដោយ​ចេញមុខ​ចាត់ចែង​ស្ទើរតែ​គ្រប់​សំណុំរឿង​ទាំងអស់ ដោយ​ជ្រៀតចូល​ក្នុង​សមត្ថកិច្ច​នាយករដ្ឋមន្រ្តី និង​គណៈរដ្ឋមន្រ្តី ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​មាន​ការ​រិះគន់​ថា លោក​សាកូហ្ស៊ី​ គឺ​ជា​មនុស្ស​​ល្មោភអំណាច​។ អ្នកខ្លះ​បាន​ឲ្យ​រហស្សនាម​លោក​សាកូហ្ស៊ី​ថា ណាប៉ូឡេអុង (Napoléon អតីត​អធិរាជ​​បារាំង ដែល​ប្រមូល​អំណាច​រដ្ឋ​មក​​ក្តោបក្តាប់​តែ​ម្នាក់​ឯង)។

នៅ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សម្រាប់​អាណត្តិ​ទីពីរ លោក​សាកូហ្ស៊ី​​បាន​សារភាព​ទទួល កំហុស សម្តែង​ការ​សោកស្តាយ​ចំពោះ​ឥរិយាបថ​របស់​គាត់​កន្លងមក។ ក៏ប៉ុន្តែ ការ​សារភាព​ទទួលកំហុស នេះ​ហាក់ដូចជា​ហួស​ពេលបន្តិច​ទៅហើយ ដោយសារ​តែ​ប្រជាជន​បារាំង​ជាច្រើន​យល់ថា ការ​សារភាព​កំហុស​នេះ​ គឺ​គ្រាន់តែ​ជា​យុទ្ធសាស្រ្ត ដើម្បី​ស្វែងរក​សំឡេង​ឆ្នោត​តែ​ប៉ុណ្ណោះ។

ហូឡង់​ធ្វើ​ផ្ទុយ​ពី​សាកូហ្ស៊ី

ដោយ​មើលឃើញ​អំពី​ចលនា​ប្រឆាំង​នឹង​លោក​សាកូហ្ស៊ី​ច្រើន​ លោក​ហូឡង់​បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដោយ​បង្ហាញ​អំពី​លក្ខណៈ​ផ្ទុយ​គ្នា​ស្រឡះ ពី​លោក​សាកូហ្ស៊ី ទាំង​អត្តចរិតផ្ទាល់ខ្លួន និង​កម្មវិធី​នយោបាយ។

លោក​ហូឡង់​​បាន​សន្យា​ថា នឹង​លុបចោល​ការបន្ធូរបន្ថយ​ពន្ធ​លើ​អ្នកមាន ដែល​បន្សល់​ទុក​ដោយ​លោក​សាកូហ្ស៊ី។ ផ្ទុយ​ទៅវិញ ពន្ធលើ​តម្លៃ​បន្ថែម ដែល​លោក​សាកូហ្ស៊ី​ទើប​នឹង​បាន​អនុម័ត ហើយ​ត្រូវ​ចូល​ជាធរមាន នៅ​ខែ​តុលា​ខាងមុខ នឹង​ត្រូវ​លុបចោលវិញ ក្នុងហេតុផល​ថា ពន្ធ​នេះ​ គឺ​ជា​បន្ទុក​ដល់​ប្រជាជន​បារាំង​ជាទូទៅ ទាំង​អ្នក​មាន និង​អ្នកក្រ។

ចំនួន​គ្រូបង្រៀន​ ដែល​លោក​សាកូហ្ស៊ី​បាន​កាត់បន្ថយ​កន្លងមក នឹង​ត្រូវ​បង្កើនឡើងវិញ ប្រមាណ​ជា ១ម៉ឺន​២ពាន់​នាក់ ក្នុងមួយឆ្នាំ (៦ម៉ឺននាក់ ក្នុងរយៈពេល ៥ឆ្នាំ)។

កិច្ចព្រមព្រៀង​​របស់​សហភាព​អឺរ៉ុប ដែល​កើតចេញ​ពីការចរចា​រវាង​លោក​សាកូហ្ស៊ី និង​លោកស្រី​មែរកិល ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ នឹង​ត្រូវ​ចរចាឡើងវិញ ដើម្បី​ដាក់​បញ្ចូល​វិធានការ​ជំរុញ​កំណើន​សេដ្ឋកិច្ច។

តាម​សំណើ​របស់​លោក​ហូឡង់ អឺរ៉ុប​មិន​អាច​កាត់បន្ថយ​តែ​ការ​ចំណាយ​ដោយ​មិន​គិតគូរ​ពី​កំណើន​សេដ្ឋកិច្ច​នោះទេ។ ធនាគារ​កណ្តាល​សហភាព​អឺរ៉ុប​ត្រូវ​តែ​ធ្វើ​ដូចជា​ធនាគារ​កណ្តាល​ប្រទេស​ផ្សេងទៀត ដូចជា អង់គ្លេស អាមេរិក និង​ជប៉ុន ជាដើម ដែល​​ចេញមុខ​ធ្វើ​អន្តរាគមន៍ ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច នៅ​ពេលមាន​វិបត្តិ។ លោក​ហូឡង់​តែងតែ​លើក​យក​ករណី​សហរដ្ឋ​អាមេរិក​មក​ធ្វើ​ជាឧទាហរណ៍។ អាមេរិក​​មាន​បំណុល​សាធារណៈ​ច្រើន​ជាង​​បារាំង​ឆ្ងាយ ប៉ុន្តែ អាចចេញ​ផុត​ពី​វិបត្តិ​បាន​លឿន ដោយសារ​តែ​មាន​ជំនួយ​ពី​ធនាគារ​កណ្តាល (Federal Reserves)។

បញ្ហា​ចោទ​សម្រាប់​លោក​ហូឡង់ គឺ​ត្រូវ​បញ្ចុះបញ្ចូល​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ ដែល​តែងតែ​បដិសេធ​ដាច់ខាត​មិន​ព្រម​ចរចា​កិច្ចព្រមព្រៀង​អឺរ៉ុប​ឡើងវិញ៕

1 comment:

Anonymous said...

Dont fool on easy conclusion and insult from the dark hole. It doen't fall from the sky, people fight for it, look after it and cherish it. If they allow, the same thing happen whether in French or Cambodia, remember that.