លោកនីកូឡា សាកូហ្ស៊ី ក្រោយពីបានប្រកាសទទួលស្គាល់បរាជ័យក្នុងការបោះឆ្នោត យប់ថ្ងៃអាទិត្យ ៦ឧសភា ២០១២ (REUTERS/Yves Herman) |
ថ្ងៃ ចន្ទ 07 ឧសភា 2012
ដោយ សេង ឌីណា
Radio France Internationale
លោកសាកូហ្ស៊ី បរាជ័យ ដោយសារ អត្តចរិតបុគ្គល ជាងកម្មវិធីនយោបាយ
ក្នុងរយៈពេលជាង ៥០ឆ្នាំចុងក្រោយនេះ មានតែប្រធានាធិបតីបារាំងពីររូបប៉ុណ្ណោះ ដែលមិនបានជាប់ឆ្នោតអាណត្តិទី២ គឺលោក Valéry Giscard d’Estaing (កាលពីឆ្នាំ១៩៨១) និងលោក Nicolas Sarkozy កាលពីថ្ងៃអាទិត្យ ម្សិលមិញ។ លោកសាកូហ្ស៊ីជាប់ឯតទគ្គកម្មជាប្រធានាធិបតីផុតអាណត្តិ ដែលមានប្រជាប្រិយភាពទាបបំផុត។ ក៏ប៉ុន្តែ មូលហេតុចម្បងដែលនាំឲ្យប្រជាជនបារាំងមិនចូលចិត្តលោកសាកូហ្ស៊ី គឺមកពីអត្តចរិត និងរបៀបដឹកនាំ ច្រើនជាងគោលនយោបាយរបស់គាត់។
បើគេពិនិត្យទៅតាមលក្ខណៈសត្យានុម័ត គេអាចឃើញថា នៅក្នុងរយៈពេល ៥ឆ្នាំកន្លងទៅនេះ លោកនីកូឡា សាកូហ្ស៊ី បានធ្វើកំណែទម្រង់ធំៗមួយចំនួន ដែលមានប្រយោជន៍សម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត ដូចជា កំណែទម្រង់អាយុចូលនិវត្តន៍ និងកំណែទម្រង់សកលវិទ្យាល័យ ជាដើម។ ថ្វីដ្បិតតែបារាំងត្រូវបានបាត់បង់ចំណាត់ថ្នាក់បំណុល AAA ក៏ប៉ុន្តែ រដ្ឋាភិបាលបារាំងនៅតែអាចបោះមូលបត្របំណុលលក់ ក្នុងអត្រាការប្រាក់ទាប ធៀបនឹងប្រទេសផ្សេងទៀតនៅអឺរ៉ុប។
អត្រាអ្នកអត់ការងារធ្វើកើនឡើងដល់កម្រិតកំពូល
ក៏ប៉ុន្តែ បើទោះជាមានកំណែទម្រង់ធំៗទាំងនេះក៏ដោយ អាណត្តិប្រធានាធិបតីរបស់លោកសាកូហ្ស៊ីបានបញ្ចប់ទៅ ដោយបន្សល់ទុកនូវបញ្ហាសេដ្ឋកិច្ច និងសង្គមជាច្រើន។ បំណុលរដ្ឋនៅតែកើនឡើង។ កំណើនសេដ្ឋកិច្ចក៏មានតិចតួច។ អត្រាអ្នកអត់ការងារធ្វើកើនឡើងដល់កម្រិតកំពូល គឺ ប្រមាណ ១០%។ នៅពេលឡើងកាន់តំណែង លោកសាកូហ្ស៊ីធ្លាប់បានសន្យាថា ប្រសិនបើគាត់មិនអាចកាត់បន្ថយអត្រាអ្នកអត់ការងារធ្វើឲ្យធ្លាក់មកនៅត្រឹម ៥%ទេ គាត់នឹងមិនឈរឈ្មោះជាប្រធានាធិបតីទៀតទេ។
លោកសាកូហ្ស៊ីបានឆ្លើយការពារខ្លួនថា បញ្ហាសេដ្ឋកិច្ចដែលបារាំងកំពុងជួបប្រទះ នៅពេលនេះ គឺដោយសារតែពិភពលោកជួបនឹងវិបត្តិសេដ្ឋកិច្ចផ្ទួនៗគ្នា គឺវិបត្តិឆ្នាំ២០០៨ និងបន្ទាប់មកវិបត្តិប្រាក់បំណុល។ ក៏ប៉ុន្តែ មានពលរដ្ឋបារាំងជាច្រើនមិនទទួលយកការដោះសារនេះ ដោយគេសំឡឹងឃើញថា អាល្លឺម៉ង់ដែលជាប្រទេសជិតខាង ក៏ឆ្លងកាត់វិបត្តិដូចគ្នា ប៉ុន្តែ មានស្ថានភាពសេដ្ឋកិច្ចល្អជាងបារាំងឆ្ងាយ។
អ្នកសេដ្ឋកិច្ចមួយចំនួនបានបន្ទោសលោកសាកូហ្ស៊ីថា មានភាពទន់ជ្រាយ បណ្តោយឲ្យប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ដឹកមុខ ឲ្យអនុវត្តនយោបាយ ដែលផ្តោតតែទៅលើការកាត់បន្ថយការចំណាយសាធារណៈខ្លាំងពេក ទើបបណ្តាលឲ្យសេដ្ឋកិច្ចគ្មានកំណើន ឬមានកំណើនតិចតួច ហើយបណ្តាលឲ្យអ្នកអត់ការងារធ្វើមានការកើនឡើង។
ក៏ប៉ុន្តែ ក្រៅពីបញ្ហាសេដ្ឋកិច្ច មូលហេតុចម្បងបំផុត ដែលជំរុញឲ្យប្រជាជនបារាំងមិនចូលចិត្តលោកសាកូហ្ស៊ី គឺអត្តចរិតផ្ទាល់ខ្លួនរបស់គាត់ និងរបៀបរបបដែលគាត់ដឹកនាំប្រទេស។
បម្រើតែប្រយោជន៍អ្នកមាន [មិនខុសគ្នាពី ហ៊ុនសែនទេ!]
នៅថ្ងៃជាប់ឆ្នោត កាលពីខែឧសភា ឆ្នាំ២០០៧ មុននឹងទៅចូលរួមអបអរជ័យជំនះជាមួយក្រុមអ្នកគាំទ្រ លោកសាកូហ្ស៊ីបានទៅជប់លៀង នៅក្នុងភោជនីយដ្ឋានដ៏ថ្លៃមួយ ជាមួយនឹងមិត្តភក្តិរបស់គាត់ ដែលភាគច្រើនជាអ្នកមានៗ។ នៅថ្ងៃបន្ទាប់ គាត់បានទៅធ្វើដំណើរកំសាន្តនៅលើកប៉ាល់ដ៏ទំនើបមួយ របស់មហាសេដ្ឋីបារាំងម្នាក់។ នៅក្រោយពេលចូលកាន់តំណែងជាផ្លូវការ លោកសាកូហ្ស៊ីក៏បានចាប់ផ្តើមធ្វើការបន្ធូរបន្ថយពន្ធជាច្រើនលើអ្នកមាន។
ការសេពគប់មិត្តភក្តិជាមហាសេដ្ឋី ការកាត់បន្ថយពន្ធលើអ្នកមាន បូករួមទាំងការចូលចិត្តប្រើរបស់របរ សម្លៀកបំពាក់ និងគ្រឿងអលង្ការថ្លៃកប់ពពក បានធ្វើឲ្យលោកសាកូហ្ស៊ី ត្រូវជាប់ឈ្មោះថា ជាប្រធានាធិបតី ដែលបម្រើតែផលប្រយោជន៍អ្នកមាន។
បក្សពួកនិយម [ដូចគ្នាហ៊ុនសែនបេះបិទ!]
លោកសាកូហ្ស៊ីក៏ត្រូវបានគេរិះគន់ផងដែរថា បានតែងតាំងតែបក្សពួកឲ្យកាន់តំណែងសំខាន់ៗ ទាំងនៅក្នុងស្ថាប័ន និងនៅក្នុងក្រុមហ៊ុនរបស់រដ្ឋ។
រឿងអាស្រូវ ដែលគេនៅចងចាំជាងគេ គឺការព្យាយាមរៀបចំឲ្យកូនប្រុសរបស់លោកសាកូហ្ស៊ី ដែលរៀនមិនទាន់ចប់ថ្នាក់បរិញ្ញាបត្រស្រួលបួលផង ឲ្យទៅគ្រប់គ្រងសង្កាត់ជំនួញដ៏ធំមួយនៅជាយក្រុងប៉ារីស (La Défense)។ ទាល់តែមានការរិះគន់ពីគ្រប់ទិសទី ទើបកូនប្រុសរបស់លោកសាកូហ្ស៊ីបង្ខំចិត្តដកបេក្ខភាពចេញវិញ។ ក៏ប៉ុន្តែ កេរ្តិ៍ឈ្មោះត្រូវខូចខាតរួចទៅហើយ។
ប្រធានាធិបតីចាត់ចែងគ្រប់រឿង [ហ៊ុនសែនជាគ្នា!]
តាមទម្លាប់ អំណាចនីតិប្រតិបត្តិនៅបារាំង ត្រូវបែងចែកគ្នារវាងប្រធានាធិបតី និងនាយករដ្ឋមន្រ្តី។ ជាទូទៅ ប្រធានាធិបតីចាត់ចែងតែបញ្ហា ដែលទាក់ទងនឹងនយោបាយការបរទេស និងនយោបាយការពារជាតិប៉ុណ្ណោះ។ សំណុំរឿងក្រៅពីនេះ គឺទុកឲ្យនាយករដ្ឋមន្រ្តី និងសមាជិកគណៈរដ្ឋមន្រ្តី។
ចំពោះលោកសាកូហ្ស៊ីវិញ នៅក្នុងរយៈពេល ៥ឆ្នាំកន្លងទៅនេះ បានធ្វើផ្ទុយពីទម្លាប់ ដោយចេញមុខចាត់ចែងស្ទើរតែគ្រប់សំណុំរឿងទាំងអស់ ដោយជ្រៀតចូលក្នុងសមត្ថកិច្ចនាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី ដែលជាហេតុបណ្តាលឲ្យមានការរិះគន់ថា លោកសាកូហ្ស៊ី គឺជាមនុស្សល្មោភអំណាច។ អ្នកខ្លះបានឲ្យរហស្សនាមលោកសាកូហ្ស៊ីថា ណាប៉ូឡេអុង (Napoléon អតីតអធិរាជបារាំង ដែលប្រមូលអំណាចរដ្ឋមកក្តោបក្តាប់តែម្នាក់ឯង)។
នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់អាណត្តិទីពីរ លោកសាកូហ្ស៊ីបានសារភាពទទួល កំហុស សម្តែងការសោកស្តាយចំពោះឥរិយាបថរបស់គាត់កន្លងមក។ ក៏ប៉ុន្តែ ការសារភាពទទួលកំហុស នេះហាក់ដូចជាហួសពេលបន្តិចទៅហើយ ដោយសារតែប្រជាជនបារាំងជាច្រើនយល់ថា ការសារភាពកំហុសនេះ គឺគ្រាន់តែជាយុទ្ធសាស្រ្ត ដើម្បីស្វែងរកសំឡេងឆ្នោតតែប៉ុណ្ណោះ។
ហូឡង់ធ្វើផ្ទុយពីសាកូហ្ស៊ី
ដោយមើលឃើញអំពីចលនាប្រឆាំងនឹងលោកសាកូហ្ស៊ីច្រើន លោកហូឡង់បានធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដោយបង្ហាញអំពីលក្ខណៈផ្ទុយគ្នាស្រឡះ ពីលោកសាកូហ្ស៊ី ទាំងអត្តចរិតផ្ទាល់ខ្លួន និងកម្មវិធីនយោបាយ។
លោកហូឡង់បានសន្យាថា នឹងលុបចោលការបន្ធូរបន្ថយពន្ធលើអ្នកមាន ដែលបន្សល់ទុកដោយលោកសាកូហ្ស៊ី។ ផ្ទុយទៅវិញ ពន្ធលើតម្លៃបន្ថែម ដែលលោកសាកូហ្ស៊ីទើបនឹងបានអនុម័ត ហើយត្រូវចូលជាធរមាន នៅខែតុលាខាងមុខ នឹងត្រូវលុបចោលវិញ ក្នុងហេតុផលថា ពន្ធនេះ គឺជាបន្ទុកដល់ប្រជាជនបារាំងជាទូទៅ ទាំងអ្នកមាន និងអ្នកក្រ។
ចំនួនគ្រូបង្រៀន ដែលលោកសាកូហ្ស៊ីបានកាត់បន្ថយកន្លងមក នឹងត្រូវបង្កើនឡើងវិញ ប្រមាណជា ១ម៉ឺន២ពាន់នាក់ ក្នុងមួយឆ្នាំ (៦ម៉ឺននាក់ ក្នុងរយៈពេល ៥ឆ្នាំ)។
កិច្ចព្រមព្រៀងរបស់សហភាពអឺរ៉ុប ដែលកើតចេញពីការចរចារវាងលោកសាកូហ្ស៊ី និងលោកស្រីមែរកិល ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ នឹងត្រូវចរចាឡើងវិញ ដើម្បីដាក់បញ្ចូលវិធានការជំរុញកំណើនសេដ្ឋកិច្ច។
តាមសំណើរបស់លោកហូឡង់ អឺរ៉ុបមិនអាចកាត់បន្ថយតែការចំណាយដោយមិនគិតគូរពីកំណើនសេដ្ឋកិច្ចនោះទេ។ ធនាគារកណ្តាលសហភាពអឺរ៉ុបត្រូវតែធ្វើដូចជាធនាគារកណ្តាលប្រទេសផ្សេងទៀត ដូចជា អង់គ្លេស អាមេរិក និងជប៉ុន ជាដើម ដែលចេញមុខធ្វើអន្តរាគមន៍ ជួយជំរុញកំណើនសេដ្ឋកិច្ច នៅពេលមានវិបត្តិ។ លោកហូឡង់តែងតែលើកយកករណីសហរដ្ឋអាមេរិកមកធ្វើជាឧទាហរណ៍។ អាមេរិកមានបំណុលសាធារណៈច្រើនជាងបារាំងឆ្ងាយ ប៉ុន្តែ អាចចេញផុតពីវិបត្តិបានលឿន ដោយសារតែមានជំនួយពីធនាគារកណ្តាល (Federal Reserves)។
បញ្ហាចោទសម្រាប់លោកហូឡង់ គឺត្រូវបញ្ចុះបញ្ចូលប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ ដែលតែងតែបដិសេធដាច់ខាតមិនព្រមចរចាកិច្ចព្រមព្រៀងអឺរ៉ុបឡើងវិញ៕
1 comment:
Dont fool on easy conclusion and insult from the dark hole. It doen't fall from the sky, people fight for it, look after it and cherish it. If they allow, the same thing happen whether in French or Cambodia, remember that.
Post a Comment