ប្រជាពលរដ្ឋ ៣ ឃុំ ប្ដឹងទាមទារដីប្រមាណ ១.០០០ ហិកតា ពីក្រុមព្រៃសម្បទាន ខេន
ថ្ងៃទី 1 ឧសភា 2012
ដោយ: បាយ័ន
Cambodia Express News
ក្រុង-ខេត្តសៀមរាប: យ៉ាងហោចណាស់ ក៏មានផ្ទៃដីប្រមាណជិត ១.០០០ ហិកតា ដែលប្រជាជនចំនួន ៣ ឃុំ នៅស្រុកជីក្រែង ខេត្ដសៀមរាប ប្ដឹងទាមទារពីក្រុមហ៊ុនព្រៃសម្បទាន ខេន បន្ទាប់ពីប្រជាជន និងក្រុមហ៊ុន មានការជំទាស់គ្នាជាច្រើនខែឆ្នាំមកហើយ ហើយអាជ្ញាធរដោះស្រាយមិនចេញ។
បណ្ដឹងថ្មី ទាមទារដីពីក្រុមហ៊ុនព្រៃសម្បទានចំនួនជិត ១.០០០ ហិកតា របស់ប្រជាពលរដ្ឋ បានប្ដឹងមកដល់ដៃលោកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ដ្រមណ្ឌលសៀមរាបរួចមកហើយនៅពេលថ្មីៗកន្លងមកនេះ។
ករណីនេះដែរ លោកឧកញ៉ា សៀង ណាំ បានសន្យាថា នឹងទាមទារដីនោះជូនប្រជាពលរដ្ឋវិញ តាមរយៈស្នើទៅកាន់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន ឱ្យកាត់ចំណែកដីដែលមានទំនាស់ឱ្យប្រជាជនវិញ។
មន្ដ្រីមូលដ្ឋាន បាននិយាយថា ក្រុមហ៊ុនខេន បានទទួលសិទ្ធិវិនិយោគដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការដាំដំណាំកៅស៊ូជាច្រើនឆ្នាំមកហើយ។ ដីសេដ្ឋកិច្ចដែលក្រុមហ៊ុនខេន ទទួលបាន គឺស្ថិតនៅក្នុងឃុំចំនួន៣ គឺ ឃុំពង្រ ឃុំខ្វាវ និងឃុំគោកធ្លកលើ របស់ស្រុកជីក្រែង ខេត្ដសៀមរាប។
លោកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ដ្រមណ្ឌលសៀមរាប បាននិយាយថា លោកបានទទួលពាក្យបណ្ដឹងប្រជាជនទាំង ៣ ឃុំ ខាងលើ គឺមានប្រជាពលរដ្ឋប្រមាណជាង ៥០០ គ្រួសារ ទាមទារដីពីក្រុមហ៊ុនខេន ប្រមាណជិត ១.០០០ ហិកតា។
លោកឧកញ៉ា សៀង ណាំ បានបន្ដថា ខាងប្រជាពលរដ្ឋបានគ្រប់គ្រងដីទាំងនោះ រាប់ឆ្នាំមកហើយ មុនពេលដែលក្រុមហ៊ុនព្រៃសម្បទានខេន មានច្បាប់វិនិយោគទៅទៀត។ ដីនោះប្រជាជនអាស្រ័យដាំចម្ការ និងធ្វើស្រែជារៀងរាល់ឆ្នាំថែមទៀតផង។
ករណីដែលមានបណ្ដឹង លោកឧកញ៉ា សៀង ណាំ ក៏បានប្រាប់ទៅប្រជាពលរដ្ឋរបស់លោកវិញថា លោកនឹងធ្វើសំណើមួយទៅកាន់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសុំឱ្យមានការកាត់ដីដែលមានទំនាស់ពីក្រុមហ៊ុនជូនប្រជាជនវិញ ដើម្បីបញ្ចប់ទំនាស់ហើយប្រជាជនក៏មានសិទ្ធិពេញលេញក្នុងការធ្វើស្រែចម្ការតទៅថ្ងៃអនាគត។
ប្រជាពលរដ្ឋ បាននិយាយថា ពួកគាត់បានមានទំនាស់ទាមទារដីពីក្រុមហ៊ុន ខេន ជាច្រើនខែ ឆ្នាំមកហើយ ហើយបណ្ដឹងអាជ្ញាធរធ្លាប់ចុះទៅដោះស្រាយ អាជ្ញាធរគេកាន់ជើងក្រុមហ៊ុនថា ប្រជាជនគ្មានលិខិតកាន់កាប់ដីទាំងនោះឡើយ។
ប៉ុន្ដែប្រជាពលរដ្ឋ ក៏បានឆ្លើយថា នៅឯស្រុកស្រែគ្មាននរណាម្នាក់មានលិខិតកាន់កាប់ដីចេញដោយអាជ្ញាធរខេត្ដឡើយតាំងពីដូនតាមក។ ពួកគាត់បញ្ជាក់ថា សូម្បីអ្នកក្រុង ទីប្រជុំជនខ្លះ ឬក៏ខេត្ដនីមួយៗ មិនទាន់មានលិខិតស្របច្បាប់កាន់កាប់ដីធ្លីរបស់ខ្លួនផង កុំថាជាជននៅឯក្នុងព្រៃនោះ។
ប្រជាជនក៏បានបញ្ជាក់ផងដែរថា កន្លងមកសន្ដិសុខក្រុមហ៊ុន មានដល់ការបាញ់ប្រជាជនដែលស៊ីឈ្នួលដាំកៅស៊ូឱ្យរបួសថែមទៀតផង គ្មាននរណាម្នាក់ធ្វើអ្វីក្រុមហ៊ុនខេនកើត ដោយគ្រាន់តែសមត្ថកិច្ចចាប់ខ្លួនអ្នកប្រព្រឹត្ដិមកផ្ដន្ទាទោសតែប៉ុណ្ណោះ តែអ្នកបញ្ជារួចខ្លួន។
មិនអាចទាក់ទងបំភ្លឺពីតំណាងក្រុមហ៊ុនបានឡើយជុំវិញទំនាស់ដីជិត ១.០០០ ហិកតានេះ ប៉ុន្ដែប្រជាជន កំពុងរង់ចាំពីលោកឧកញ៉ា សៀង ណាំ ដែលជួយដោះស្រាយយកដីជិត ១.០០០ ហិកតា ជូនពួកគាត់វិញ។ កាលពីថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១២ កន្លងទៅ ក្នុងប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី សម្ដេចតេជោ ហ៊ុន សែន បានព្រមានដកហូតដីព្រៃសម្បទានពីក្រុមហ៊ុនវិញទាំងឡាយណា បើសិនជាមិនគោរពលក្ខខណ្ឌច្បាប់ ហើយមានការទំនាស់ជាមួយប្រជាជនមិនចេះឈប់នោះ៕
1 comment:
ជនកុម្មុយនិស្តផ្ដាច់ការ តែងតែនិយាយ ភូតភរកុហកយ៉ាងដូច្នេះ។
សូមបងប្អូនគ្រប់ទិសទី កុំជឿការបោកប្រាសរបស់
ជនពាលទាំងអស់នេះឲ្យសោះ។
Post a Comment