Tuesday, May 01, 2012

ជំទាស់​គ្នា​ជាច្រើន​ខែ​ឆ្នាំ​មកហើយ ជិត​ដល់រដួវបោះឆ្នោតទើបពួក ចោរហាលៀន ធ្វើជាទទួលពាក្យបណ្តឹងប្រជាពលរដ្ន - ប្រយ័ត្នចាញ់បោក

ប្រជាពលរដ្ឋ ៣ ឃុំ ប្ដឹង​ទាមទារ​ដី​ប្រមាណ ១.០០០ ហិកតា ពី​ក្រុម​ព្រៃ​សម្បទាន ខេន​

ថ្ងៃទី 1 ឧសភា 2012
ដោយ: បាយ័ន​
Cambodia Express News

ក្រុង​-ខេត្តសៀមរាប​: ​យ៉ាងហោចណាស់ ក៏មាន​ផ្ទៃដី​ប្រមាណ​ជិត ១.០០០ ហិកតា ដែល​ប្រជាជន​ចំនួន ៣ ឃុំ នៅ​ស្រុក​ជីក្រែង ខេត្ដ​សៀមរាប ប្ដឹង​ទាមទារ​ពី​ក្រុមហ៊ុន​ព្រៃ​សម្បទាន ខេន បន្ទាប់ពី​ប្រជាជន និង​ក្រុមហ៊ុន មានការ​ជំទាស់​គ្នា​ជាច្រើន​ខែ​ឆ្នាំ​មកហើយ ហើយ​អាជ្ញាធរ​ដោះស្រាយ​មិន​ចេញ​។​
​ ​
​បណ្ដឹង​ថ្មី ទាមទារ​ដី​ពី​ក្រុមហ៊ុន​ព្រៃ​សម្បទាន​ចំនួន​ជិត ១.០០០ ហិកតា របស់​ប្រជាពលរដ្ឋ បាន​ប្ដឹង​មកដល់​ដៃ​លោក​ឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ដ្រ​មណ្ឌល​សៀមរាប​រួចមកហើយនៅពេល​ថ្មីៗ​កន្លងមកនេះ​។

​ករណី​នេះដែរ លោក​ឧកញ៉ា សៀង ណាំ បាន​សន្យាថា នឹង​ទាមទារ​ដី​នោះជូន​ប្រជាពលរដ្ឋ​វិញ តាមរយៈ​ស្នើ​ទៅកាន់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​សម្ដេច​តេ​ជោ ហ៊ុន សែន ឱ្យ​កាត់​ចំណែក​ដី​ដែលមាន​ទំនាស់​ឱ្យ​ប្រជាជន​វិញ​។​
​ ​
​មន្ដ្រី​មូលដ្ឋាន បាន​និយាយថា ក្រុមហ៊ុន​ខេន បានទទួល​សិទ្ធិ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើ​ការដាំ​ដំណាំ​កៅស៊ូ​ជាច្រើន​ឆ្នាំ​មកហើយ​។ ដី​សេដ្ឋកិច្ចដែល​ក្រុមហ៊ុន​ខេន ទទួលបាន គឺ​ស្ថិតនៅក្នុង​ឃុំ​ចំនួន​៣ គឺ ឃុំ​ពង្រ ឃុំ​ខ្វាវ និង​ឃុំ​គោកធ្លក​លើ របស់​ស្រុក​ជីក្រែង ខេត្ដ​សៀមរាប​។​
​ ​
​លោក​ឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ដ្រ​មណ្ឌល​សៀមរាប បាន​និយាយថា លោក​បានទទួល​ពាក្យបណ្ដឹង​ប្រជាជន​ទាំង ៣ ឃុំ ខាងលើ គឺមាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៥០០ គ្រួសារ ទាមទារ​ដី​ពី​ក្រុមហ៊ុន​ខេន ប្រមាណ​ជិត ១.០០០ ហិកតា​។​

​ ​
​លោក​ឧកញ៉ា សៀង ណាំ បាន​បន្ដថា ខាង​ប្រជាពលរដ្ឋ​បាន​គ្រប់គ្រង​ដី​ទាំងនោះ រាប់​ឆ្នាំ​មកហើយ មុន​ពេលដែល​ក្រុមហ៊ុន​ព្រៃ​សម្បទាន​ខេន មានច្បាប់​វិនិយោគ​ទៅទៀត​។ ដី​នោះ​ប្រជាជន​អាស្រ័យ​ដាំ​ចម្ការ និង​ធ្វើស្រែ​ជា​រៀងរាល់ឆ្នាំ​ថែម​ទៀតផង​។​
​ ​
​ករណី​ដែលមាន​បណ្ដឹង​ លោក​ឧកញ៉ា សៀង ណាំ ក៏បាន​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​របស់លោក​វិញ​ថា លោក​នឹងធ្វើ​សំណើ​មួយ​ទៅកាន់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​សុំឱ្យ​មានការ​កាត់​ដីដែលមាន​ទំនាស់​ពី​ក្រុមហ៊ុន​ជូន​ប្រជាជន​វិញ ដើម្បី​បញ្ចប់ទំនាស់​ហើយ​ប្រជាជនក៏មាន​សិទ្ធិ​ពេញលេញ​ក្នុងការ​ធ្វើស្រែ​ចម្ការ​តទៅ​ថ្ងៃ​អនាគត​។​
​ ​
​ប្រជាពលរដ្ឋ បាន​និយាយថា ពួកគាត់​បាន​មានទំនាស់​ទាមទារ​ដី​ពី​ក្រុមហ៊ុន ខេន ជាច្រើន​ខែ​ ឆ្នាំ​មកហើយ ហើយ​បណ្ដឹង​អាជ្ញាធរ​ធ្លាប់​ចុះទៅ​ដោះស្រាយ អាជ្ញាធរ​គេ​កាន់ជើង​ក្រុមហ៊ុន​ថា​ ប្រជាជន​គ្មាន​លិខិត​កាន់កាប់​ដី​ទាំង​នោះឡើយ​។​
​ ​
​ប៉ុន្ដែ​ប្រជាពលរដ្ឋ ក៏បាន​ឆ្លើយថា នៅឯ​ស្រុកស្រែ​គ្មាន​នរណាម្នាក់មាន​លិខិត​កាន់កាប់​ដី​ចេញដោយ​អាជ្ញាធរ​ខេត្ដ​ឡើយ​តាំងពី​ដូនតា​មក​។ ពួកគាត់​បញ្ជាក់ថា សូម្បី​អ្នកក្រុង ទីប្រជុំជន​ខ្លះ ឬក៏​ខេត្ដ​នីមួយៗ មិនទាន់មាន​លិខិត​ស្របច្បាប់​កាន់កាប់​ដីធ្លី​របស់ខ្លួន​ផង កុំ​ថាជា​ជន​នៅឯ​ក្នុងព្រៃ​នោះ​។​
​ ​
​ប្រជាជន​ក៏បាន​បញ្ជាក់​ផងដែរ​ថា កន្លងមក​សន្ដិសុខ​ក្រុមហ៊ុន មាន​ដល់​ការបាញ់​ប្រជាជនដែល​ស៊ីឈ្នួល​ដាំ​កៅស៊ូ​ឱ្យ​របួស​ថែម​ទៀតផង គ្មាន​នរណាម្នាក់ធ្វើ​អ្វី​ក្រុមហ៊ុន​ខេន​កើត ដោយ​គ្រាន់តែ​សមត្ថកិច្ច​ចាប់ខ្លួន​អ្នក​ប្រ​ព្រឹ​ត្ដិ​មក​ផ្ដន្ទាទោស​តែប៉ុណ្ណោះ តែ​អ្នកបញ្ជា​រួចខ្លួន​។​
​ ​
​មិនអាច​ទាក់ទង​បំភ្លឺ​ពី​តំណាង​ក្រុមហ៊ុនបានឡើយជុំវិញ​ទំនាស់​ដី​ជិត ១.០០០ ហិកតា​នេះ ប៉ុន្ដែ​ប្រជាជន កំពុង​រង់ចាំ​ពី​លោក​ឧកញ៉ា សៀង ណាំ ដែល​ជួយ​ដោះស្រាយ​យក​ដី​ជិត ១.០០០ ហិកតា ជូន​ពួកគាត់​វិញ​។ កាលពី​ថ្ងៃ​សុក្រ ទី​២៧ ខែមេសា ឆ្នាំ​២០១២ កន្លងទៅ ក្នុង​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ដ្រី​ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ព្រមាន​ដកហូត​ដីព្រៃ​សម្បទាន​ពី​ក្រុមហ៊ុន​វិញ​ទាំងឡាយណា បើសិនជា​មិន​គោរព​លក្ខខណ្ឌ​ច្បាប់ ហើយ​មានការ​ទំនាស់​ជាមួយ​ប្រជាជន​មិនចេះ​ឈប់​នោះ​៕​

1 comment:

Anonymous said...

ជនកុម្មុយនិស្តផ្ដាច់ការ តែងតែនិយាយ ភូតភរកុហកយ៉ាងដូច្នេះ។
សូមបងប្អូនគ្រប់ទិសទី កុំជឿការបោកប្រាសរបស់
ជនពាលទាំងអស់នេះឲ្យសោះ។