Thursday, May 24, 2012

ជម្លោះ​ដីធ្លី​កាន់​តែ​ធ្ងន់​ធ្ងរ​​អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​

នគរ​បាល​រាជ​ធានី​ ចាប់​ស្ត្រី​អ្នក​ភូមិ​បឹង​កក់ នៅ​ក្នុង​ការ​តវ៉ា​មួយ កាល​ពី​ថ្ងៃ​អង្គារ​​។ រូបថត ម៉េង គីម​ឡុង​

Thursday, 24 May 2012 12:24
Bridget Di Certo
The Phnom Penh Post

ភ្នំពេញៈ ​បញ្ហា​ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​លក្ខណៈ​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​ ដោយ​សារ​តែ​ការ​កើន​ឡើង ​នៃ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋ​កិច្ច របស់​រដ្ឋាភិបាល ដែល​កាន់​តែ​ធ្វើ​ឲ្យ​មាន​ការ​រំលោភ​បំពាន​​សិទ្ធិ​មនុស្ស​កាន់ខ្លាំងផង​ដែរ​ ខណៈ​ដែល​​ការ​តវ៉ា ​ក៏​កាន់​តែ​​កើន​ឡើង ហើយជាកត្តា​​អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ។.នេះ​បើ​យោង​តាម​​​អង្គការ​លើក​លែង​ទោស​អន្តរ​ជាតិ​ (Amnesty International) ​នៅ​ក្នុង​របាយ​ការណ៍​មួយ ចេញ​កាល​ពី​ម្សិល​មិញ​។

របាយ​ការណ៍បាន​បង្ហាញ​ថា ​ប្រជា​ជន​កម្ពុជា​​ បាន​បន្ត​ប្រឈម​មុខ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​របស់​ខ្លួន ​​តាម​រយៈ​ការ​​​ដាក់​កំហិត ​នៃ​សេរី​ភាព​​សមា​គម និង​​ការ​បញ្ចេញ​មតិ និង​បញ្ហា​ជម្លោះ​ដី​ធ្លី​ ​ដែល​មាន​លក្ខណៈ​កាន់​តែ​ធ្ងន់​ធ្ងរ​ ដោយ​សារ​«​​ចំនួន​កើន​ឡើង​នៃ​​សម្បទាន​ដី​​សេដ្ឋ​កិច្ច​ដែល​ផ្តល់​​ សម្រាប់​​អត្ថ​ប្រយោជន៍​របស់​ក្រុម​ហ៊ុន​ដោយ​រដ្ឋា​ភិបាល»។


អង្គការ​អន្តរ​ជាតិ​មួយ​នេះ ​ក៏​បាន​កំណត់​ករណី​មួយ​ចំនួន ពាក់​ព័ន្ធ​​ក្រុម​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​​ផង​ដែរ​ ​ដែល​ទទួល​រង​ការ​វាយ​ប្រហារ​លើ​រាង្គ​កាយ ​​ទទួល​រង​ការ​ចាប់​ខ្លួន ​ឬ​ផ្តន្ទា​ទោស​​ដោយ​អាជ្ញាធរ​​ ពាក់​ព័ន្ធ​នឹង​សកម្ម​ភាព​តវ៉ា​ដោយ​សន្តិ​វិធី​របស់​ពួក​គេ​។ ​

ខណៈ​របាយការណ៍​ បាន​ធ្វើ​ការ​កត់​សម្គា​ល់ ​អំពី​បញ្ហា​ធ្វើ​ទុក្ខ​បុកម្និញ​ ​ការ​បំភិត​​បំភ័យ ​និង​យាយី​ លើ​ក្រុម​អ្នក​តវ៉ា​ ដើម្បី​សិទ្ធិ​មនុស្ស​ ​ដែល​​​ទទួល​រង​ជា​​ញឹក​ញាប់​ អ្នក​ស្រាវ​ជ្រាវ​របស់​អង្គ​ការ​នេះ លោក Rupert Abbot បាន​ថ្លែង​ថា ការ​តវ៉ា​នៅ​ក្នុង​ប្រទេស​កម្ពុជា អាច​នឹង​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​។ លោក​ថ្លែង​តាម​អ៊ីមែល​ថា៖ «​​ពិត​ណាស់ ការ​តវ៉ា​ កំពុង​មានការ​កើន​ឡើង​ ហើយ​​នេះ​ គ្មាន​អ្វី​គួរ​សង្ស័យ​នោះ​ទេ ​ដោយ​សារ​ក្រុម​អ្នក​តវ៉ា​​ដឹង​ថា ការ​តវ៉ា​អាច​នាំ​មក​នូវ​លទ្ធ​ផល​ ​ដែល​វិធាន​ការ​ដទៃ​ទៀត​ ដូច​ជា​ការ​ពឹង​ផ្អែក​​លើ​ប្រព័ន្ធ​យុត្តិ​ធម៌​ ដែល​ពុក​រលួយ​​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​ មិន​អាច​ជួយ​អ្វី​​ពួ​កគេ​បាន​នោះ​»។ លោក​លើក​ឡើង​​ អំពី​ឧទាហរណ៍​ នៃ​ការ​តវ៉ា​ដោយ​សន្តិ​វិធី ​​ដែល​បាន​ផ្តល់​​នូវ​លទ្ធ​ផល​ នៃ​ភាព​ផ្លាស់​ប្តូរ​​ ដូច​ជា​ការ​តវ៉ា​ នៅ​​តំបន់​បឹង​កក់​ ​ដែល​បាន​ដើរ​តួ​យ៉ាង​សំខាន់​​ ក្នុង​ការជំរុញ​ ឲ្យ​មាន​​​​ការ​ចេញ​នូវ​អនុក្រឹត្យ​​ផ្តល់​ដី​ចំនួន​ ១២,៤៤​ ហិកតា​ ​និង​ការ​តវ៉ា​ដោយ​សន្តិ​វិធី ​​របស់​សង្គម​ស៊ីវិល ​​ប្រឆាំង​នឹង​​សេចក្តី​ព្រាង​​ច្បាប់​ស្តីពី​​​អង្គការ​​ និង​សមាគ​ម​​។

លោក Rupert Abbot បាន​គូស​បង្ហាញ​ថា៖«​​មាន​ឧទាហរណ៍​ជា​ច្រើន​ដែរដែល​កម្មករ​កាត់​ដេរ ​នាំ​គ្នា​ធ្វើ​ការ​តវ៉ា​ដោយ​សន្តិវិធី​ហើយ​ទទួល​បាន​​ការ​​ផ្តល់​ឲ្យ​ ដោយ​ថៅ​កែ​»។

របាយការណ៍​ឆ្នាំ​ ២០១២ ដែល​មាន​ចំណង​ជើង​ថា៖«​លែង​មាន​ទៀត​ហើយ​ អាជីវកម្ម​ ដែល​ជា​ធម្មតា​រំលោភ​បំពាន ​និង​​គ្មាន​ភាព​យុត្តិធម៌​» ​បាន​ប៉ាន់​ប្រមាណ​ថា មនុស្ស​ចំនួន ៤២ ម៉ឺន​នាក់ នៅ​ក្នុង​តំបន់​ពាក់​កណ្តាល ​នៃ​ប្រទេស​​ បាន​ទទួល​រង​ការ​ប៉ះ​ពាល់​ ដោយ​សារ​ការ​បណ្តេញ​ចេញពី​ដីធ្លី​ទាំង​បង្ខំ​ ចាប់​តាំង​ពី​ឆ្នាំ​ ២០០៣ មក​។

អង្គ​ការ​នេះ​បន្ត​ថា សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ សេរី​ភាព​សមាគម ​និង​សេរី​ភាព​នៃ​ការ​ប្រមូល​ផ្តុំ​ ​ក៏​ទទួល​រង​គ្រោះ​​ផង​ដែរ​ ដោយ​សារ​អាជ្ញា​ធរ ​ដែល​បាន​រារាំង​ មិន​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​ ដោយ​សន្តិ​វិធី និង​​ស្រប​ច្បាប់​​។

លោក ឯក ថា អ្នក​នាំ​ពាក្យ​ម្នាក់​ នៃអង្គ​ភាព​​ព័ត៌​មាន​ និង​ប្រតិ​កម្ម​រហ័ស​ ​នៃ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី បាន​​បដិសេធ​​មិន​ធ្វើ​អត្ថា​ធិប្បា​យ​ទេ ​​អំពី​របាយការណ៍​នេះ​ ដោយ​និយាយ​​ថា​៖ «​​ខ្ញុំ​មិន​អាច​​ឆ្លើយ​ប្រាប់​អ្នក​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​មេ​ របស់​ខ្ញុំ​នោះ​ទេ​»។

ប៉ុន្តែ​ អ្នក​នាំ​ពាក្យ​​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី លោក​ ផៃ ស៊ី​ផាន បាន​​ថ្លែង​ថា​ ​របាយការណ៍​នេះ​​​«មិន​​​ត្រឹម​ត្រូវ» ​និងមាន​បញ្ហា​ជា​ច្រើន​ទៀត​។ លោកបន្ត​ថា​៖ «​​ប៉ុន្តែ​វា​លឿន​ពេក​​សម្រាប់​ខ្ញុំ​ ក្នុង​ការ​បញ្ចេញ​ទស្សនៈ​​ជា​មួយ​អ្នក ​ពី​ព្រោះ​រដ្ឋា​ភិបាល​​ មិន​​ទាន់​បាន​អាន​របាយការណ៍​​នេះ​នៅ​ឡើយ​ទេ​»

1 comment:

Anonymous said...

Let’s me emphasis to you regarding the land grabbing and violence against with the police and the people. The company has been compensated to the families but they refused because not enough for them, however, some families have accepted the compensation. Those people who did not they refused, and against the company that ‘s why the violence get start and have been started for years. Thus concerning this situation, you cannot put the blame on Samdech Mohadechu Hun Sen, he does not care if those people mean to commit suicide. I’ve seen it happen all the time so on and on, so it seems never ended. I beg to the people that they should make an agreement with the company, your life is important then the land. Am I clear to you pal?

Former Khmer Rouge soldier