Monday, May 28, 2012

ហ៊ុនសែន ខ្លាចអ្នកស្រុក តវ៉ារឿងដីធ្លី?

ពល​រដ្ឋ​រងគ្រោះ​ដោយ​បញ្ហា​ដី​ធ្លី​ តវ៉ា​នៅ​មុខ​គុក​ព្រៃ​ស​កាល​ពី​ថ្ងៃ​សៅរ៍​​​។ រូបថត គីម​ឡុង​

នាយក​រដ្ឋ​មន្ត្រី​មិន​ចង់​ឲ្យ​ពលរដ្ឋដែល​បាត់​បង់​ដី​ចេញ​តវ៉ា

Monday, 28 May 2012
ម៉ៃ ទិត្យថារ៉ា និង មាស សុខជា
The Phnom Penh Post

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែងថា ប្រជា​ពលរដ្ឋ ​មិន​គួរនាំគ្នា​ធ្វើ​ការ​តវ៉ា​ នៅ​ក្នុង​បញ្ហា​ជម្លោះ​ដី​ធ្លី​ទេ តែ​គួរ​តែ​ស្វែងរក​ជំនួយ​ពី​អាជ្ញាធរ​ប្រសើរ​ជាង ខណៈ​ដែល​មាន​សេចក្តី​រាយការណ៍​ជា​ច្រើន​ថា អាជ្ញាធរ របស់​រដ្ឋាភិបាល​ បាន​ការ​ពារ​ផល​ប្រយោជន៍​ឈ្មួញ ច្រើន​ជាង​ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ ទើប​ធ្វើ​ឲ្យ​ពល​រដ្ឋ​គ្មាន​ជម្រើស​ចេញ​មក​តវ៉ា​នោះ។

លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​ថា ការ​តវ៉ា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សណ្តាប់​ធ្នាប់​សាធារណៈ និង​អះអាង​ថា ​ពេល​ខ្លះ​ក៏​ធ្វើ​ឲ្យ​កើត​ជា​ហិង្សា​ផង​ដែរ។ សេចក្តី​ថ្លែង​ការណ៍​នោះ​សរសេរ​ថា៖​«នៅ​ក្នុង​ការ​ដោះស្រាយ​ដើម្បី​បែង​ ចែក​ដី និង​កម្ម​សិទ្ធិ​ដី​ដល់​ប្រជាពលរដ្ឋ វា​គ្មាន​មធ្យោបាយ​ណា​ផ្សេង ​ក្រៅ​តែ​ពី​អាជ្ញាធរ ​ត្រូវ​ដោះស្រាយ​[បញ្ហា​នោះ]​ទេ»។ លោក​បាន​បន្ត​ថា អ្នក​តវ៉ា​ត្រូវ​តែ​បញ្ចៀស​គ្រប់​ទម្រង់​នៃ​អំពើ​ហិង្សា ហើយ​មិន​ត្រូវ​ប្រើប្រាស់​សកម្មភាព​រំខាន​ដូច​ជា​បិទ​ផ្លូវ​ជាតិ​នោះ​ទេ។

យ៉ាង​ណា​ក៏​ដោយ​ ក្រុម​អង្គការ​សិទ្ធិមនុស្ស និង​គណបក្ស​ប្រឆាំង​ កាល​ពី​សប្តាហ៍​មុន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​បន្ត​បន្ទាប់​ ថ្កោល​ទោស​ការ​បង្ក្រាប​ការ​តវ៉ា និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ ដែល​លម្អៀង​ទៅ​រក​ក្រុមហ៊ុន​ឯកជន​នៅ​ក្នុង​វិវាទ​ដីធ្លី ខណៈ​ដែល​ប្រជា​ពលរដ្ឋ​បាន​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​ដី​ ធ្លី​ជាច្រើន​ឆ្នាំ ដូច​ជា​នៅ​តំបន់​បឹងកក់​តវ៉ា​រហូត​ដល់​ជាង ៥ ឆ្នាំ​អាជ្ញាធរ មិន​បាន​ធ្វើ​ការ​ដោះស្រាយ​នោះ​។


នៅ​ក្នុង​អ្វី​ដែល​អ្នក​សង្កេត​ការណ៍​ បាន​អះ​អាង​ថា​ ជា​របត់​នៅ​ក្នុង​ការ​បំពាន​សិទ្ធិ​មនុស្ស​ នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​នេះ ការ​បង្ក្រាប​បង្ហូរ​ឈាម​ជា​បន្ត​បន្ទាប់​ ទៅ​លើ​អ្នក​តវ៉ា ​ក្នុង​ជម្លោះ​ដី​ធ្លី​ បាន​បណ្តាល​ឲ្យ​កុមារី​ស្លូត​ត្រង់​វ័យ ១៤ ឆ្នាំ​ម្នាក់​បាត់​បង់​ជីវិត និង​ប្រជា​ពលរដ្ឋ​ជាច្រើន​នាក់​ទៀត​រង​របួស​ដោយសារ​គ្រាប់​កំភ្លើង

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ស្ត្រី ១៣ នាក់​ ដែល​ជា​ជន​រងគ្រោះ​ នៅ​ក្នុង​ការ​បណ្តេញ​ចេញ​ពី​តំបន់​បឹងកក់​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ ពន្ធនាគារ​ចំនួន ២ ឆ្នាំ​កន្លះ ខណៈ​ក្រុមហ៊ុន​ដែល​រំលោភ​យក​ផ្ទះ​របស់​ពួក​គាត់​បែរ​ជា​រួច​ខ្លួន។ នា​ថ្ងៃ​ដដែល​នោះ សកម្មជន​សង្ឃ​មួយ​អង្គ​ព្រះ​នាម លួន សាវ៉ាត ត្រូវ​បាន​ចាប់​បញ្ចូល​ក្នុង​រថយន្ត នាំយក​ទៅ​ឃុំ​ឃាំង និង​គំរាម​ឃាត់​ខ្លួន ប្រសិន​បើ​ព្រះ​អង្គ​ពុំ​ព្រម​បញ្ឈប់​ការ​ចូល​រួម​ការ​តវ៉ា​តទៅ​ទៀត។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​សុក្រ អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ បាន​ថ្កោល​ទោស​ ចំពោះ​ការ​រំលោភ​បំពាន​ច្បាប់​ភូមិ​បាល​នៃ​ប្រទេស​កម្ពុជា​ ដោយ​បន្ត​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ​ដល់​ក្រុមហ៊ុន​ឯក​ជន ​លើ​ដី​ដែល​ប្រជាពលរដ្ឋ​បាន​កាន់​កាប់​រួច​ហើយ។ អង្គការ​នេះ បាន​ថ្លែង​ថា៖​ «វា​គួរ​ឲ្យ​បារម្ភ​ខ្លាំង​ណាស់ ដែល​ស្ត្រី​ពលរដ្ឋ​តំបន់​បឹងកក់​ចំនួន ១៣ នាក់​ ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ទោស​ធ្ងន់ធ្ងរ ពី​បទ​កាន់​កាប់​ដី​ជម្លោះ ​តែ​ក្នុង​រយៈ​ពេល ៣ ម៉ោង នៅ​ពេល​ក្រុមហ៊ុន​បន្ត​បំពាន​លើ​ច្បាប់​ដោយ​ពុំ​ត្រូវ​បាន​ចាត់​វិធាន​ការ អ្វី​សោះ»។

គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​ សុទ្ធ​តែ​បាន​ចេញ​នូវ​សេចក្តី​ថ្លែង​ការណ៍​រៀងៗ​ខ្លួន​នា​ថ្ងៃ​ដដែល​នោះ ដោយ​ថ្កោល​ទោស​ អំពើ​ហិង្សា​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល និង​ការ​ចាប់​ឃុំ​ខ្លួន​ប្រជា​ពលរដ្ឋ​រងគ្រោះ​ជា​បន្ត​បន្ទាប់​នៅ​ក្នុង រឿង​ជម្លោះ​ដី​ធ្លី ដ៏​រ៉ាំរ៉ៃ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់​តែ​ច្រើន​ឡើង​ទទួល​រង​គ្រោះ។

សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស សម រង្ស៊ី បាន​សរសេរ​ថា៖​ «[យើង]​ស្នើ​សុំ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ពិនិត្យ​មើល និង​ដាក់​ទណ្ឌកម្ម​លើ​ចៅក្រម និង​ព្រះរាជ​អាជ្ញា​ណា ដែល​បាន​ប្រើ​អំណាច ដើម្បី​កាត់​ទោស​ប្រជា​ពលរដ្ឋ​ដោយ​អយុត្តិធម៌»។

លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​អាដហុក​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ហេតុផល​ពិតប្រាកដ ដែល​ប្រជា​ពលរដ្ឋ​ចេញ​ធ្វើ​ការ​តវ៉ា​ គឺ​ដោយសារ​ពួក​គេ ​មិន​អាច​រំពឹង​លើ​ការ​ជួយ​អ្វី​ ពី​អាជ្ញាធរ និង​ប្រព័ន្ធ​តុលាការ​ ដែល​មិន​ដំណើរ​ការ​របស់​ប្រទេស​កម្ពុជា​នេះ ខណៈ​ដែល​ជម្លោះ​ដី​ធ្លី​របស់​ពួក​គេ​បាន​អូស​បន្លាយ​ជា​ច្រើន​ឆ្នាំ​៕

3 comments:

Anonymous said...

នាយករដ្ឋមន្ត្រីជាមហាចោរ តុលាការជាចោរ ឈ្មួញ
រឹបអូសដីធ្លីក៏ជាចោរ។
បើមិនបៀតបៀនដីរាស្ត្រ រាស្ត្រក៏គ្មានការតវ៉ាដែរ។
គ្មានយុត្តិធម៌ក្នុងសង្គម ទើបរាស្ត្រមិនសប្បាយចិត្ត។

ធ្លាប់ធ្វើចោរ នៅជាចោរ មិនដែលគេចពីធ្វើចោរ៕
ជិតដល់ថ្ងៃអាឯងងាប់ហើយ អាចោរហារយ៕

Anonymous said...

ច្បាប់ដែលក្រុមបក្សប្រជាជនបានបង្កើតឡើង គឺសំរាប់តែរាស្រ្តដែលក្រីក្ររ ដែលគ្មានអំណាច បើមិនមែនជាបក្សប្រជាជនទៀតរិតតែពិបាក ក្រុមបក្សធ្វើអ្វីទោះជាអំពើខុសច្បាប់ ក៏ជាការដោះស្រាយ
យ៉ាងត្រឹមត្រូវហើយរួចខ្លួនទៀត អ្នកខុសគឺពលរដ្ឋទេ ទោះបីពួកវា ឬកូនចៅវាបើទ្បានបុកពលរដ្ឋស្លាប់ បាញ់សម្លាប់ក៏នៅតែមិនខុសដែរ ដូចរថយន្តអត់ផ្លាក វាជារឿងដែលពួកវាថាត្រឹមត្រូវ រដ្ឋាភិបាលអាចធ្វើអ្វីគឺជារឿងសមហេតុសមផល មិនខុសពីច្បាប់រដ្ឋទេ (សំដីហ៊ុន សែនព្រូសទាំងល្ងីល្ងើរថា ប្រជាពលរដ្ឋ មិនគួរធ្វើការតវ៉ា នៅក្នុងបញ្ហាជម្លោះដីធ្លីទេ តែគួរតែស្វែងរកជំនួយពីអាជ្ញាធរប្រសើរជាង ខណៈដែលមានសេចក្តីរាយការណ៍ជាច្រើនថា អាជ្ញាធរ របស់រដ្ឋាភិបាល បានការពារផលប្រយោជន៍ឈ្មួញ ច្រើនជាងផលប្រយោជន៍ប្រជាពលរដ្ឋ ទើបធ្វើឲ្យពលរដ្ឋគ្មានជម្រើសចេញមកតវ៉ានោះ។)
វាពិតជាំច្បាស់ណាស់មិនមែនពលរដ្ឋទៅធ្វើការតវ៉ាមុនឯណា គឺពួកអាមន្ត្រី ប៉ូលីស ប៉េអ៊ិមនឹងបក្ស
ពួកចូលមកឈូកឆាយបំផ្លាញទីកន្លែងប្រជាពលរដ្ឋមុន ហើយពលរដ្ឋរកការដោះស្រាចពីអាជ្ញាធរជាមុនតើមានមុខអាឆ្កែអាជ្ញាធរណាមួយដោះស្រាយឲ្យ មានតែការប្រើហឹង្សាទៅលើប្រជាពលរដ្ឋទេ ពាក្យថាដោះស្រាយវាគ្រាន់តែថាតែគ្មានការសង្ឃឺម ឬក៏ដឹកយកទៅចាក់ចោលឲ្យរស់នៅដូចសត្វ គ្មានជំរកនេះហើយដែលហៅថាការដោះស្រាយឬ? (នេះគឺសញ្ញាប័ត្របណ្ឌិតពីហានណូយ) ។
(លោកបានបន្តថា អ្នកតវ៉ាត្រូវតែបញ្ចៀសគ្រប់ទម្រង់នៃអំពើហិង្សា ហើយមិនត្រូវប្រើប្រាស់សកម្មភាពរំខានដូចជាបិទផ្លូវជាតិនោះទេ ) បើអ្នកដឹកនាំមកការពារផលប្រយោជន៏ឈ្មួញ ដែលបាន
រំលោបបំពានសិទ្ធិមនុស្សដែលជាពលរដ្ឋខ្មែរដូចគ្នា តើឲ្យពលរដ្ឋនៅស្ងៀម ដូចពួកវាកាត់ដីឲ្យយួនឬ?
យ៉ាងណា ។
បរាជ័យពួកអាក្បត់ជាតិបក្សប្រជាជន...

Anonymous said...

សម្ដីរបស់នាយករដ្ឋមន្ត្រី គឺ​មានន័យស្មើនិង​ទម្លាក់​កំហុស​ឲ្យ​ប្រជារាស្ត្រ គាត់ចង់​ថា​ប្រជារាស្ត្រ​ជាអ្នក​ខុស​ ហើយ​ជនទុច្ចរិតជាអ្នកត្រូវ។ បើមេដឹកនាំ​ល្អ​គេមិន​ដឹកនាំ​ប្រទេសរបៀបនេះទេ។ ចុះ​ចេញទៅៗ!!!!!កុំ​ឲ្យ​ខ្មាស់​គេ ខ្ញុំ​មិន​ត្រូវ​មេដឹក​នាំ​ដូច្នេះ​ទេ​។