Tuesday, May 29, 2012

CPP official accused of hiring thug to beat up SRP activist

មន្ត្រី​បក្ស​ប្រជាជន​រង​ការ​ចោទ​ថា​ប្រើ​ក្មេង​ស្ទាវ​ទៅ​វាយ​សកម្មជន​បក្ស​សមរង្ស៊ី

2012-05-29
ដោយ សួន សុផលមុន្នី
Radio Free Asia

Synopsis: CPP officials from Battambang province is accused of hiring a group of thugs to beat up a woman who is a SRP activist when she was distributing campaign leaflets to villagers.

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខេត្ត​បាត់ដំបង រង​ការ​ចោទ​ប្រកាន់​ថា ​បាន​ប្រើ​ក្រុម​ក្មេង​ស្ទាវ​ឲ្យ​ទៅ​វាយ​លើ​ស្ត្រី​ម្នាក់​ ដែល​ជា​សកម្មជន​គណបក្ស សម រង្ស៊ី នៅ​ពេល​ស្ត្រី​រូប​នោះ​កំពុង​ដើរ​ចែក​ខិត្តប័ណ្ណ​ឃោសនា​រក​សំឡេង​ឆ្នោត​ពី​អ្នក​ភូមិ

សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​បាត់ដំបង មក​ពី​គណបក្ស សម រង្ស៊ី គ្រោង​ប្ដឹង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ បី​នាក់ ដាក់​ទៅ​តុលាការ​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ​ដោយ​ចោទ​ប្រកាន់​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ តាម​រយៈ​ការ​ប្រើ​ក្រុម​ក្មេង​ស្ទាវ​ចំនួន​បី​នាក់​ទៅ​វាយ​ស្ត្រី​ម្នាក់​ជា​សកម្មជន​គណបក្ស សម រង្ស៊ី នៅ​ពេល​ស្ត្រី​រូប​នោះ ដើរ​ចែក​ខិត​ប័ណ្ណ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ក្រុង​បាត់ដំបង។

ជន​ដែល​រង​ការ​ចោទ​ប្រកាន់​នេះ ​មាន​ឈ្មោះ ​សួន ​សុខេន ជា​ចៅ​សង្កាត់​ស្វាយប៉ោ ឈ្មោះ នូ នារី ជា​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា ឈ្មោះ ធី រស់​នៅ​ភូមិ​កំពង់​ក្របី សង្កាត់​ស្វាយប៉ោ​ ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង និង​បក្ស​ពួក​ក្រុម​ក្មេង​ស្ទាវ​បី​នាក់​ទៀត មិន​ស្គាល់​ឈ្មោះ ​ដែល​ជា​ជន​ដៃ​ដល់។


លោកស្រី ឃី ម៉េងលីន អាយុ ៣៧​ឆ្នាំ ជា​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​បាត់ដំបង រស់​នៅ​ភូមិ​ខ្សាច់ពោយ សង្កាត់​វត្តគ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។ លោកស្រី​ថ្លែង​ថា កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​ឧសភា ឆ្នាំ​២០១២ វេលា​ម៉ោង ​១០ និង ​៤៥​នាទី មាន​ក្មេង​ស្ទាវ​ចំនួន​បី​នាក់​ ក្នុង​សំលៀក​បំពាក់​អាវ​យឺត និង​មួក មាន​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជិះ​ម៉ូតូ​តាម​ឆាប​រក​បុក​រូប​គាត់​ និង​បាន​វ៉ៃ ១​ដៃ​ចំ​ដើម​ទ្រូង​ និង​ឆ្អឹង​ដង​កាំបិត​ខាង​ស្ដាំ ​ខណៈ​ដែល​គាត់​កំពុង​ដឹក​នាំ​ក្បួន​សមាជិក​គណបក្ស សម រង្ស៊ី ឃោសនា​នៅ​ចំណុច​រ៉ា​ជង្រុក​ ភូមិ​កំពង់​ក្របី​ សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។

លោកស្រី ឃី ម៉េងលីន៖ «ខ្ញុំ​ក៏​ដួល​អុក​គូថ​ទៅ​នឹង​ដី ​ខ្ញុំ​ងើប​មក​វិញ​ ខ្ញុំ​យំ​ខ្ញុំ​ដើរ​ចេញ​មក ខ្ញុំ​ពោល​ពាក្យ សំដី​ថា​ បង​អ្ហែង​ម៉េច​បាន​ឲ្យ​កូន​ចៅ​បង​អ្ហែង​មក​ធ្វើ​បាប​ខ្ញុំ​អ៊ីចឹង ស្រី​ដូច​គ្នា! គាត់​មិន​គួរ​ច្រាន​ខ្ញុំ​អ៊ីចឹង​ទេ»។

លោកស្រី នូ នារី អតីត​ចៅ​សង្កាត់​ស្វាយ​ប៉ោយ​ និង​បច្ចុប្បន្ន​ជា​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ៖ «ខ្ញុំ​អត់​មាន​ដឹង​ទេ​ថ្ងៃ​ហ្នឹង​ ខ្ញុំ​ដឹង​តែ​ខ្ញុំ​ហែ​ក្បួន​ទៅ​ដល់​កន្លែង​ឈប់​ ស្រែក​ជ័យ​ឃោស ​ហើយ​ឲ្យ​កូន​ក្មេង​ចែក​ប័ណ្ណ​ ហើយ​ព្រឹត្តិការណ៍​អី​ផ្សេង​ៗ​ខ្ញុំ​អត់​ដឹង។ ខ្ញុំ​ក៏​បបួល​កូន​ក្មេង​ឡើង​ឡាន​ខ្ញុំ​ហែ​ត​ទៅ​ទៀត»។

លោក អាល សារៈ ជា​បេក្ខជន​ឈរ​ឈ្មោះ​លេខ​រៀង​ទី​៤ របស់​គណបក្ស សម រង្ស៊ី នៅ​សង្កាត់​ស្វាយប៉ោ បាន​បញ្ជាក់​ថា ក្រុម​ក្មេង​ដែល​បាន​វាយ​ទៅ​លើ​សកម្មជន​គណបក្ស សម រង្ស៊ី នោះ ​គឺ​ជា​ក្រុម​អ្នក​ដង្ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ព្រោះ​នៅ​ពេល​កើត​ហេតុ​នោះ ​រូប​លោក​ នៅ​ទី​នោះ​ដែរ។

លោក អាល សារៈ៖ «មួយ​សន្ទុះ​ឃើញ ម៉េងលីន រត់​ដេញ​ទៅ​តាម​ ជា​មួយ​នឹង​ឈ្មោះ ​ប៊ុន​ ធឿន មិន​ដឹង​យ៉ាង​ម៉េច​ស្រាប់​តែ​បក​មក​ប្រាប់​ខ្ញុំ​វិញ​ថា នូ នារី ហ្នឹង បាន​ច្រាន​គេ​អុក​គូថ...»។

ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បាត់ដំបង លោក វន ពន បាន​ថ្លែង​ថា គណៈកម្មការ​ រៀបចំ​ការ​បោះ​ឆ្នោត​បាន​ដឹង​ពី​ករណី​នេះ ហើយ​ខាង​គណបក្ស សម រង្ស៊ី ក៏​បាន​លើក​បញ្ហា​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​សប្ដាហ៍​ដែរ​ ប៉ុន្តែ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត ពុំ​មាន​តួនាទី​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទេ ព្រោះ​ជា​រឿង​ព្រហ្មទណ្ឌ។

មន្ត្រី​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​បាត់ដំបង លោក ហេង សាយហុង​ បាន​ថ្លែង​ថា ករណី​នេះ​ជា​ករណី​ព្រហ្មទណ្ឌ​ ចាំ​បាច់​ជន​រងគ្រោះ​ត្រូវ​ប្តឹង​ទៅ​តុលាការ៖ «ការ​ធ្វើ​នេះ​វា​មាន​រចនា​សម្ព័ន្ធ​ឲ្យ​ប្រព្រឹត្ត។ ខ្ញុំ​យល់​ឃើញ​ថា វា​ជា​រឿង​នយោបាយ»។

លោកស្រី ឃី ម៉េងលីន ជា​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​បាត់ដំបង​ និង​ជា​សកម្មជន​គណបក្ស សម រង្ស៊ី បាន​បញ្ជាក់​ថា លោកស្រី​នឹង​ប្ដឹង​សុំ​ឲ្យ​តុលាការ​ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់​ ដាក់​ទណ្ឌកម្ម​ទៅ​ជន​ពាក់ព័ន្ធ​ ជន​ដៃ​ដល់​ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ជា​ប្រាក់​ចំនួន ៨​​លាន​រៀល៕

2 comments:

Anonymous said...

CPP is a very bad regime and a lawless and jungle party.

Anonymous said...

What does a dictatorship and
a communist dictatorship mean?

Cambodia is a fake kingdom state,
but the real one is a dictatorship
under ah Hun Sen Vietnam slave.

This govt is always using the jungle
laws because ah Hun Sen was a man
who got out of jungle and became
prime minister.