Tuesday, May 22, 2012

អ្នក​បឹងកក់​ស្លៀក​សារុង​តំណាង​អំណោយ របស់CPP តវ៉ា

អ្នក​បឹង​កក់​ស្លៀក​សារុង​តំណាង​អំណោយ​គណ​បក្ស​ប្រជា​ជន​អង្គុយ​តវ៉ា​។ រូបថត គីម​ឡុង​


Tuesday, 22 May 2012
ឃុត សុភ​ច​រិ​យា
The Phnom Penh Post

ភ្នំពេញៈ ពលរដ្ឋ​ក្នុង​តំបន់​បឹងកក់​ជិត​ ១០០​ នាក់ បាន​នាំ​គ្នា​ស្ពាយ​កន្ទេល ឆត្រ និង​ម្ហូប​អាហារ ដោយ​ខ្លះ​ស្លៀក​សារុង ដែល​ជា​តំណាង​អំណោយ​របស់​បក្ស​ប្រជាជន CPP ទៅ​អង្គុយ​តវ៉ា នៅ​ក្បែរ​ច្រក​ទ្វារ​​ចូល​សាលា​រាជធានី​ភ្នំពេញ​ កាល​ពី​ព្រឹក​ម្សិលមិញ ​ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ ដោះស្រាយ​បញ្ហា​វិវាទ​ដី​ធ្លី​​ដ៏​រ៉ាំរ៉ៃ​របស់​ពួក​គាត់​ឲ្យ​បាន​ឆាប់។

ក្រុម​សមត្ថកិច្ច​នគរបាល ​រាប់​សិប​នាក់​ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ជុំវិញ​ទីតាំង ដែល​ក្រុម​អ្នក​តវ៉ា​បាន​ប្រមូល​ផ្ដុំគ្នា ប៉ុន្តែ​ក្រុម​អ្នក​ភូមិ​ដែល​ស៊ាំ​នឹង​ការ​បង្ក្រាប​ទៅ​ហើយ​នោះ​មិន​ខ្លាច ​ឡើយ

នៅ​ម៉ោង​៨ និង​ ៣០ នាទី​ព្រឹក តំណាង​ពលរដ្ឋ ៩​ នាក់ ត្រូវ​បាន​សាលា​រាជធានី អនុញ្ញាត​ឲ្យ​ចូល​ជួប​ពិភាក្សា​ ប៉ុន្តែ ពីរ​ម៉ោង​ក្រោយ​មក​ តំណាង​ទាំង​នោះ ​បាន​ចេញ​មក​វិញ​ ដោយ​និយាយ​ថា អាជ្ញាធរ​បាន​អះអាង​ថា​ ពួក​គេ​នឹង​បន្ត​ដោះស្រាយ​បញ្ហា​របស់​ពួក​គាត់​ នៅ​ក្រោយ​ថ្ងៃ​បោះឆ្នោត​ ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ។


អ្នក​ស្រី សែន ​ទូច ​អាយុ​ ៤១ ​ឆ្នាំ រស់​នៅ​ភូមិ ​១ សង្កាត់​ស្រះ​ចក បាន​ប្រាប់ឲ្យ​ដឹង​ថា​ អាជ្ញាធរ​រាជធានី ​បាន​ព្យាយាម​ពន្យារ​ពេល​ម្ដង​ហើយ​ ម្ដង​ទៀត​ក្នុង​ការ​ដោះស្រាយ​វិវាទ​ដី​ធ្លី​ នឹង​ផ្ទះ​សម្បែង​របស់​ពួក​គាត់ ដែល​បាន​អូស​បន្លាយ​តាំង​ពី​ឆ្នាំ​ ២០០៧​ មក​។ អ្នក​ស្រី​ថ្លែង​ថា៖ «យើង​នឹង​មិន​អាច​រង់ចាំ​ដំណោះស្រាយ​យូរ​ជាង​នេះ​តទៅ​ទៀត​បាន​ទេ»។

អ្នក​ស្រី​បាន​បន្ត​ថា ផ្ទះ​របស់​គាត់​ ត្រូវ​បាន​ក្រុម​ហ៊ុន​ស៊ូកាគូអ៊ីន របស់​លោក ឡាវ ម៉េងឃីន សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គាំទ្រ​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​ សាលា​រាជធានី បូម​ខ្សាច់​កប់​ពន្លិច និង​ប្រើ​គ្រឿង​ចក្រ​ឈូស​កម្ទេច​ចោល​តាំង​ពី​ចុង​ឆ្នាំ​ ២០១០ ​ដោយ​គ្មាន​សំណង​អ្វី​ទាល់​តែ​សោះ។ មិន​តែ​ប៉ុណ្ណោះ​ អ្នក​ស្រី ​និង​ពលរដ្ឋ​ជាង​ ៩០​ គ្រួសារ​ផ្សេង​ទៀត​ ក្នុង​តំបន់​បឹងកក់ ត្រូវ​បាន​អាជ្ញាធរ​រាជធានី កាត់​ចេញ​ពី​គម្រោង​ទទួល​បាន​ចំណែក​ដី​ទំហំ ១២,៤៤​ ហិកតា ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​ជូន ​កាលពី​ដើម​ខែ​សីហា​ឆ្នាំ​ ២០១១​។ អ្នក​ស្រី​បន្ថែម​ថា​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ អ្នក​ស្រី និង​អ្នក​ភូមិ​មួយ​ចំនួន​ទៀត នឹង​ទៅ​សង់​ផ្ទះ​នៅ​លើ​ដី​របស់​ពួក​គាត់ ដែល​បច្ចុប្បន្ន ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន ដោយ​ហេតុ​ថា ក្រុមហ៊ុន​នេះ បាន​រំលោភ​យក​ដី​របស់​ពួក​គាត់​ដោយ​ខុស​ច្បាប់។

អ្នក​ស្រី​បាន​បញ្ជាក់​ថា៖ «យើង​មិន​អាច​រស់​នៅ​ដោយ​គ្មាន​ផ្ទះ​បាន​ទេ យើង​ត្រូវ​តែ​សង់​ផ្ទះ​នៅ​លើ​ដី​ចាស់​របស់​យើង​វិញ​ទោះ​ជា​ត្រូវ​ស្លាប់​ក៏ ដោយ​ចុះ»។

លោក​ លី សាវ៉េត ប្រធាន​រដ្ឋបាល សាលា​រាជធានី​ភ្នំពេញ​ មិន​អាច​ទំនាក់​ទំនង​សុំ​ការ​ពន្យល់​បាន​ទេ កាលពី​ម្សិលមិញ ប៉ុន្តែ បើ​តាម​សម្ដី​របស់​អ្នក​ស្រី​ហេង​ មុំ តំណាង​ពលរដ្ឋ​ភូមិ​ ២២ ក្នុង​តំបន់​បឹងកក់ បាន​ប្រាប់​ថា ក្នុង​ជំនួប​ពិភាក្សា​រយៈពេល​ពីរ​ម៉ោង​នោះ លោក​លី សាវ៉េត បាន​ប្រាប់​ពួក​គាត់​ថា ក្រោយ​ថ្ងៃ​បោះឆ្នោត ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់ ឆ្នាំ​ ២០១២ នេះ គណៈកម្មការ​ចម្រុះ​រាជធានី​ភ្នំពេញ នឹង​ចាប់​ផ្ដើម​ចុះ​ធ្វើ​ការ​បោះ​បង្គោល​កំណត់​ព្រំ​ប្រទល់​ដី ​១២,៤៤ ​ហិកតា។​ ចំណែក​ឯពលរដ្ឋ​ដែល​ផ្ទះ​របស់​ពួក​គាត់ ត្រូវ​បាន​កាត់​ចេញ​ពី​ទំហំ​ដី​ខាង​លើ​នេះ​ គណៈកម្មការ នឹង​អញ្ជើញ​ឲ្យ​មក​ពិភាក្សា​ជា​ថ្មី​ទៀត។ ដោយ​ឡែក​ពលរដ្ឋ​ដែល​មាន​ទំនាស់​ជាមួយ​ខាង​ក្រុមហ៊ុន កាល​ពី​មុន ដោយ​មិន​ទាន់​ដោះស្រាយ​រួច អាជ្ញាធរ​នឹង​បន្ត​ដោះស្រាយ​បញ្ហា​ទាំង​នោះ។​

តំណាង​ប្រជា​ពលរដ្ឋ​ម្នាក់​ទៀត អ្នក​ស្រី​ លី ចាន់ណារី បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា​ នេះ​គ្រាន់​តែ​ជា​លេស​ពន្យារ​ពេល​មួយ​របស់​អាជ្ញាធរ​រាជធានី​ដែល​ព្យាយាម ​គេច​វេះ មិន​ចង់​ដោះស្រាយ​បញ្ហា​របស់​យើង​ខ្ញុំ​ប៉ុណ្ណោះ»។

លោក សៀ ភារម្យ ប្រធាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន បាន​ថ្លែង​ថា ថ្វី​ដ្បិត​តែ​ពេល​នេះ​ ជា​រដូវ​ឃោសនា​បោះឆ្នោត​ឃុំ សង្កាត់​ក៏​ដោយ​ ប៉ុន្តែ​មិន​អាច​មក​ពី​មូល​ហេតុ​នេះ អាជ្ញាធរ​ធ្វើ​ការ​ពន្យារ​ពេល​ដោះស្រាយ​ទំនាស់​វិវាទ​ដី​ធ្លី​របស់​ពលរដ្ឋ​នោះ​ទេ៕

2 comments:

Anonymous said...

STOP VOTING FOR AH YOUN CPP

Anonymous said...

these women protesters are not smart and will give bad name to all other good women out there. you don't curse at the police and came armed to hurt the police, etc, then you are using violence against the police. guess who win? sometimes, i wonder where did all these unruly women learn their violence from? they don't know how to protest by using peaceful means? no wonder, they don't get cooperation from the authority. these protesters needed to be educated so they know the law, like it or not, it's the law that matter, ok!