Sunday, June 03, 2012

អ្នក​វិភាគ​ព្យាករ​​ពី​លទ្ធផល​បោះ​ឆ្នោត​ឃុំ​សង្កាត់

2012-06-02
ដោយ សេក បណ្ឌិត
RFA

Click here to listen to the audio program

អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ ជា​ពិសេស​លើ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ បាន​ចាប់​អារម្មណ៍​លើ​គណបក្ស​ចំនួន​បី ដែល​អាច​ប្រកួត​ប្រជែង​គ្នា​បាន​ក្នុង​ចំណោម​គណបក្ស ១០ ដែល​បាន​ចូល​រួម​បោះ​ឆ្នោត​នៅ​អាណត្តិ​ទី​៣ ឆ្នាំ​២០១២ នេះ។

អ្នក​វិភាគ​ឯករាជ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ព្យាករ​ថា គណបក្ស សម រង្ស៊ី អាច​ស្ថិត​នៅ​លំដាប់​លេខ​២ បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា។ បន្ទាប់​មក គឺ​គណបក្ស​សិទ្ធិ​មនុស្ស ដែល​ជា​កូន​ពៅ​គេ​ក្នុង​ការ​ប្រកួត​ប្រជែង​យក​តំណែង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់។

លោក កែម ឡី អ្នក​វិភាគ​ឯករាជ្យ និង​ជា​អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម បាន​ព្យាករ​នៅ​ថ្ងៃ​បិទ​បញ្ចប់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ថ្ងៃ​ទី​០១ ខែ​មិថុនា គណបក្ស​ប្រជាជន​នឹង​អាច​បាត់​បង់​តំណែង​ជា​មេ​ឃុំ និង​ចៅ​សង្កាត់​ខ្លះ រី​ឯ​បេក្ខភាព​គណបក្ស សម រង្ស៊ី ជា​គណបក្ស​ប្រឆាំង ដែល​ជា​ដៃគូ​ប្រកួត​ប្រជែង​ដ៏​សំខាន់​ជាមួយ​នឹង​គណបក្ស​កាន់​អំណាច​នោះ នឹង​អាច​ទទួល​បាន​តំណែង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ឬ​ជា​មេ​ឃុំ ចៅ​សង្កាត់ កើន​ឡើង​ជាង​អាណត្តិ​មុន​ប្រហែល​ជិត​ពាក់​កណ្តាល។

ទាក់ទង​បញ្ហា​នេះ មាន​ហេតុផល​ពីរ​យ៉ាង​ជា​សំខាន់ គឺ​សំឡេង​ឆ្នោត​ទាំង​នោះ​មួយ​ចំនួន​អាច​ចេញ​ពី​អ្នក​ដែល​ធ្លាប់​គាំទ្រ​គណបក្ស​ប្រជាជន និង​គណបក្ស​ហ្វុនស៊ិនប៉ិច មួយ​វិញ​ទៀត អាច​បណ្ដាល​មក​ពី​បរិយាកាស​នៃ​នយោបាយ​កាន់​តែ​អាក្រក់​ជាង​បណ្ដា​ឆ្នាំ​កន្លង​ទៅ។

ដោយ​ឡែក​ប្រជាពលរដ្ឋ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ រស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​រំពឹង​ទុក​ថា លទ្ធផល​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ គណបក្ស សម រង្ស៊ី នឹង​មាន​លទ្ធភាព​គ្រប់​គ្រង​ឃុំ-​សង្កាត់ ប្រមាណ​ជា ១០០​ឃុំ​សង្កាត់​ក្នុង​ប្រទេស​កម្ពុជា បាន​ន័យ​ថា កើន​ឡើង​ជាង​ពីរ​ដង​បើ​ប្រៀបធៀប​នឹង​អាណត្តិ​មុន។ ការ​ព្យាករ​បែប​នេះ ដោយ​លោក​មាន​ហេតុផល​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ។


ចំពោះ​លោក​បណ្ឌិត សុខ ទូច អ្នក​វិភាគ​ឯករាជ្យ​វិញ លោក​ទស្សន៍ទាយ​ថា សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​របស់​គណបក្ស​ប្រជាជន និង​គណបក្ស សម រង្ស៊ី នឹង​អាច​មាន​គ្រប់​ឃុំ-​សង្កាត់ ទាំង​អស់ ដែល​ខ្លួន​បាន​ដាក់​បេក្ខភាព​ឲ្យ​ឈរ​ឈ្មោះ ប៉ុន្តែ​ចំពោះ​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ឬ​ជា​មេឃុំ ចៅ​សង្កាត់​នោះ គណបក្ស សម រង្ស៊ី អាច​រក្សា​បាន​ដដែល ឬ​ក៏​អាច​កើន​ឡើង​តិចតួច ជា​ពិសេស​នៅ​តំបន់​ទី​ប្រជុំជន។

ចំពោះ​គណបក្ស​សិទ្ធិ​មនុស្ស​វិញ លោក​បាន​ព្យាករ​ថា អាច​ទទួល​បាន​តំណែង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ ភាគ​ច្រើន​នៅ​តំបន់​ទី​ប្រជុំ​ជន ខេត្ត​ក្រុង។

អ្នក​វិភាគ​ឯករាជ្យ​ម្នាក់​ទៀត គឺ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ក៏​មាន​ការ​ទស្សន៍ទាយ​មួយ​ប្រហាក់​ប្រហែល​គ្នា​នឹង​លោក​បណ្ឌិត សុខ ទូច ដែរ។ លោក​ថា គណបក្ស​ប្រជាជន​អាច​រក្សា​តំណែង​របស់​ខ្លួន​បាន​ជា​ស្វ័យ​ប្រវត្តិ​ទៅ​ហើយ ដោយ​ឡែក​គណបក្ស សម រង្ស៊ី ក៏​អាច​រក្សា​តំណែង​របស់​ខ្លួន​បាន​ប្រហាក់​ប្រហែល​នឹង​អាណត្តិ​ដែរ ហើយ​បើ​ទោះ​បី​ជា​មាន​ការ​កើន​ឡើង​នោះ ក៏​មាន​តិចតួច​ដែរ ប៉ុន្តែ​មិន​អាច​បញ្ជាក់​ថា នឹង​កើន​ឡើង​ប៉ុន្មាន​នោះ​ទេ។

លោក​បន្ត​ថា ចំពោះ​គណបក្ស​សិទ្ធិ​មនុស្ស ក៏​អាច​មាន​លទ្ធភាព​ដណ្ដើម​យក​តំណែង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ ជា​លើ​ដំបូង​របស់​ខ្លួន​បាន​ក្នុង​ចំនួន​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​ដែរ នៅ​ក្នុង​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ។

ចំនួន​ឃុំ​សង្កាត់​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​មាន​ចំនួន ១.៦៣៣​ឃុំ និង​សង្កាត់ និង​មាន​អ្នក​ដែល​​មាន​សិទ្ធិ​បោះ​ឆ្នោត​ជាង ៩​លាន​នាក់​នៅ​អាណត្តិ​ទី​៣ នេះ៕

No comments: