Tuesday, June 05, 2012

អ្នក​ភូមិ​ប្រមា​១៨០​គ្រួសារ​ទាម​ទារ​សិទ្ធិ​ជា​ពលរដ្ឋ និង​សិទ្ធិ​បោះ​ឆ្នោត

អ្នក​ភូមិ​ប្រមា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ​នាំគ្នា​​ជម្លៀស​ចេញ​ ពី​​ការ​បង្ក្រាប​របស់​អាជ្ញាធរ​កាល​ពី​ថ្ងៃ ១៦ ឧសភា​​​។ រូបថត ហេង ជីវ័ន​

Tuesday, 05 June 2012 12:00
ម៉ៃ​ ទិត្យ​ថារ៉ា និង​ David Boyle
The Phnom Penh Post

ក្រចេះ - ប្រជាជន​នៅ​ភូមិ​ប្រមា បាន​នាំ​គ្នា​រត់​គេច​យក​តែ​ប្រាស​អាយុ​កាល​ពី​៣​សប្តាហ៍​កន្លង​ទៅ​ពេល​កង​កម្លាំង​អាជ្ញាធរ​បើក​ការ​បាញ់​ប្រហារ​ទៅ​លើ​កាល​ពី​ខែ​មុន​រហូត​បណ្តាល​ឲ្យ​ស្លាប់​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​មាន​ការ​សោក​ស្តាយ​ដែល​ពួក​គាត់​មិន​បាន​បោះ​ឆ្នោត​ឃុំ​នឹង​គេ និង​អំពាវ​នាវ​សុំ​សិទ្ធិ​បោះ​ឆ្នោត ដើម្បី​បាន​ការ​ទទួល​ស្គាល់​ជា​ប្រជា​ពលរដ្ឋ​ផ្លូវ​ការ​នៅ​ក្នុង​តំបន់​នេះ

កម្លាំង​នគរ​បាល រាជ​អាវុធ​ហត្ថ និង​ទាហាន​ប្រមាណ​១ពាន់​នាក់​ដែល​បាន​ចូល​ទៅ​ភូមិ​នោះ​កាល​ពី​ថ្ងៃ​ទី​១៦ ឧសភា ហើយ​បាន​ប្រើ​កាំ​ភ្លើង​យន្ត​បាញ់​ទៅ​លើ​ប្រជា​ពលរដ្ឋ​និង​បណ្តេញ​ពួក​គាត់​រាប់​រយ​គ្រួសារ និង​បន្ត​រក្សា​កម្លាំង​ទុក​ប្រចាំ​ការ​ក្នុង​ភូមិ​ប្រមា​នេះ​តាំង​ពី​ពេល​នោះ​មក។

ប្រជា​ជន ដែល​រង​គ្រោះ​ចុង​ក្រោយ​ពី​ការ​បង្រ្កាប​ដោយ​ហិង្សា​ជា​បន្ត​បន្ទាប់​ទៅ​លើ​សហ​គមន៍​ដែល​តវ៉ា​អំពី​ការ​រំលោភ​យក​ដីធ្លី​ក្នុង​ខេត្ត​ក្រចេះ​ឆ្នាំ​នេះ ពល​រដ្ឋ​ចំនួន​១៨០ គ្រួសារ រស់​នៅ​ក្នុង​ភូមិ​ប្រមា ក្នុង​ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង មិន​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ប្រជា​ពលរដ្ឋ​ពេញ​សិទ្ធិ​ទេ មូល​ហេតុ​នេះ ដែល​ពួក​គេ​ពុំ​មាន​សិទិ្ធ​បោះ​ឆ្នោត


លោក ឌុច គន្ធា អាយុ​៦០​ឆ្នាំ​ដែល​ធ្វើ​ចំណាក​ស្រុក​ពី​ខេត្ត​តាកែវ មក​រស់​នៅ​ក្នុង​ភូមិ​ប្រមា​នេះ​តាំង​ពី​ឆ្នាំ​២០០៦ បាន​ថ្លែង​ប្រាប់​ថា លោក​កំពុង​ទន្ទឹង​រង់​ចាំ​ការ​ទទួល​ស្គាល់​គ្រួសារ​លោក​ជា​ប្រជា​ពលរដ្ឋ​នៅ​ទី​នេះ​ជា​ផ្លូវ​ការ​ពី​មេ​ភូមិ។ លោក​បន្ត​ថា៖«ខ្ញុំ​មិន​ចង់​ឲ្យ​គេ​មើល​ងាយ​យើង​ទៀត​ទេ ព្រោះ​យើង​រស់​នៅ​ទីនេះ​ជា​យូរ​មក​ហើយ។ អាជ្ញា​ធរ​គេ​គួរ​តែ​អនុ​ញ្ញាត​ឲ្យ​យើង​បាន​បោះ​ឆ្នោត»

ជន​ចំណាក​ស្រុក​ដែល​ទៅ​រស់​នៅ​ភូមិ​ប្រមា បាន​បង្កើត​ភូមិ​រណប​តូច​ៗ​ដូច​ជា ភូមិ​ចំណុច​ច្រក​ដំបង អណ្តូង​ជ្រៅ និង​ភូមិ ស្រែ​ជិន​ផឹង​ជា​ដើម។

គ្មាន​ប្រជាជន​ណា​នៅ​ក្នុង​ភូមិ​រណប​តូច​ៗ​ទាំង​នេះ មាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ទេ ដែល​ជា​ការ​បង្កើត​ឲ្យ​មាន​ការ​បារម្ភ​ថា ពួក​គេ​នឹង​ត្រូវ​បណ្តេញ​ចេញ​យ៉ាង​ព្រៃ​ផ្សៃ​នា​ពេល​ខាង​មុខ ខណៈ​មាន​ប្រជា​ពលរដ្ឋ​ប្រហែល​២០០​គ្រួសារ​ទៀត ត្រូវ​ចាត់​ទុក​ថា ជា​«អ្នក​ចំណូល​ថ្មី» កាល​ពី​ថ្ងៃ​ទី ១៦ ខែ​ឧសភា កន្លង​ទៅ។

ប្រតិ​បត្តិ​ការ​មួយ​ធ្វើ​ឡើង​ដោយ​ក្រុម​ប្រដាប់​អាវុធ ដែល​អ្នក​ភូមិ​និង​ក្រុម​សិទ្ធិ​មនុស្ស ហៅ​ថា​«ជា​ការ​បណ្តេញ​ចេញ​ទាំង​បង្ខំ»​ក្រោម​បញ្ជា​ពី​រដ្ឋា​ភិបាល ជំនួស​ឲ្យ​ក្រុម​ហ៊ុន​កាប់​ឈើ កាសូទីម​។ កង​រាជ​អាវុធ​ហត្ថ​នៅ​តែ​រក្សា​វត្ត​មាន​រឹង​មាំ​នៅ​តំបន់​នោះ ហើយ​ប្រជាជន​ជា​ច្រើន រួម​ទាំង មឿន រិន អាយុ​១៩​ឆ្នាំ កំពុង​ភ័យ​ខ្លាច​ថា​ប្រសិន​បើ​ពួក​គេ​នៅ​តែ​គ្មាន​ការ​ទទួល​ស្គាល់់​ជា​ផ្លូវ​ការ​នោះ​នឹង​គ្មាន​សិទ្ធិ​បោះ​ឆ្នោត​ទេ។ គាត់​បាន និយាយ​ថា ៖ «ខ្ញុំ​បាន​មក​រស់​នៅ​ទីនេះ​តាំង​ពី​ខ្ញុំ​អាយុ​១២​ឆ្នាំ ប៉ុន្តែ​មេឃុំ​មិន​ទទួល​ស្គាល់​ខ្ញុំ​ទេ ហើយ​ហេតុ​ដែល​ខ្ញុំ​ចង់​បោះ​ឆ្នោត គឺ​ខ្ញុំ​ចង់​បង្ហាញ​ថា ខ្ញុំ​មាន​សុវត្ថិ​ភាព ខ្ញុំ​នឹង​មិន​ត្រូវ​បណ្តេញ​ចេញ​ទាំង​បង្ខំ​ពី​ភូមិ ដូច​ពេល​មុន​ឡើយ»។

លោក ឆេង ឆាត ជំទប់​ឃុំ​កំពង់​ដំរី បាន​ប្រាប់​ថា មាន​គ្រួសារ​២៦៤ គ្រួសារ​បាន​ចុះ​បញ្ជី​នៅ​ភូមិ​ប្រមា ហើយ​១៨០​គ្រួសារ​មិន​ទាន់​បាន​ចុះ​ឈ្មោះ​នៅ​ឡើយ។

លោក​បន្ត​ថា៖«​ខ្ញុំ​បាន​ស្នើ​សុំ​ឲ្យ​គ្រួសារ​ទាំង​នោះ​ទៅ​អភិ​បាល​ខេត្ត​រួច​ហើយ ហើយ​ខ្ញុំ​សង្ឃឹម​ថា នៅ​លើក​ក្រោយ​ពួក​គេ​នឹង​អាច​បោះ​ឆ្នោត​បាន»។

លោក អ៊ីម ម៉ានី អ្នក​សង្កេត​ការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ហៅ ខុម ហ្វ្រែល បាន​ថ្លែង​ថា៖ «​បើ​អ្នក​ភូមិ​ប្រមា​ដើម​កំណើត​ដំបូង ដែល​គេ​ហៅ​ថា ភូមិ​ប្រមា​ចាស់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បោះ​ឆ្នោត អ្នក​ទាំង​នេះ​ក៏​មិន​រង​ការ​បង្ក្រាប​ពី​ថ្ងៃ​ទី១៦ ឧសភា​ដែរ»។ លោក​ថា អ្នក​ចំណូល​ថ្មី​គ្មាន​អត្ត​សញ្ញាណ​ប័ណ្ណ និង​មិន​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត មិន​បាន​បោះ​ឆ្នោត​លើក​នេះ​ទេ៕

1 comment:

Anonymous said...

ដីខ្មែរ ត្រូវតែយួននៅ
ពីអញ ហ៊ុនសែន