អ្នកភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង នាំគ្នាជម្លៀសចេញ ពីការបង្ក្រាបរបស់អាជ្ញាធរកាលពីថ្ងៃ ១៦ ឧសភា។ រូបថត ហេង ជីវ័ន |
Tuesday, 05 June 2012 12:00
ម៉ៃ ទិត្យថារ៉ា និង David Boyle
The Phnom Penh Post
ក្រចេះ - ប្រជាជននៅភូមិប្រមា បាននាំគ្នារត់គេចយកតែប្រាសអាយុកាលពី៣សប្តាហ៍កន្លងទៅពេលកងកម្លាំងអាជ្ញាធរបើកការបាញ់ប្រហារទៅលើកាលពីខែមុនរហូតបណ្តាលឲ្យស្លាប់ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់មានការសោកស្តាយដែលពួកគាត់មិនបានបោះឆ្នោតឃុំនឹងគេ និងអំពាវនាវសុំសិទ្ធិបោះឆ្នោត ដើម្បីបានការទទួលស្គាល់ជាប្រជាពលរដ្ឋផ្លូវការនៅក្នុងតំបន់នេះ។
កម្លាំងនគរបាល រាជអាវុធហត្ថ និងទាហានប្រមាណ១ពាន់នាក់ដែលបានចូលទៅភូមិនោះកាលពីថ្ងៃទី១៦ ឧសភា ហើយបានប្រើកាំភ្លើងយន្តបាញ់ទៅលើប្រជាពលរដ្ឋនិងបណ្តេញពួកគាត់រាប់រយគ្រួសារ និងបន្តរក្សាកម្លាំងទុកប្រចាំការក្នុងភូមិប្រមានេះតាំងពីពេលនោះមក។
ប្រជាជន ដែលរងគ្រោះចុងក្រោយពីការបង្រ្កាបដោយហិង្សាជាបន្តបន្ទាប់ទៅលើសហគមន៍ដែលតវ៉ាអំពីការរំលោភយកដីធ្លីក្នុងខេត្តក្រចេះឆ្នាំនេះ ពលរដ្ឋចំនួន១៨០ គ្រួសារ រស់នៅក្នុងភូមិប្រមា ក្នុងឃុំកំពង់ដំរី ស្រុកឆ្លូង មិនត្រូវបានចាត់ទុកថា ជាប្រជាពលរដ្ឋពេញសិទ្ធិទេ មូលហេតុនេះ ដែលពួកគេពុំមានសិទិ្ធបោះឆ្នោត។
លោក ឌុច គន្ធា អាយុ៦០ឆ្នាំដែលធ្វើចំណាកស្រុកពីខេត្តតាកែវ មករស់នៅក្នុងភូមិប្រមានេះតាំងពីឆ្នាំ២០០៦ បានថ្លែងប្រាប់ថា លោកកំពុងទន្ទឹងរង់ចាំការទទួលស្គាល់គ្រួសារលោកជាប្រជាពលរដ្ឋនៅទីនេះជាផ្លូវការពីមេភូមិ។ លោកបន្តថា៖«ខ្ញុំមិនចង់ឲ្យគេមើលងាយយើងទៀតទេ ព្រោះយើងរស់នៅទីនេះជាយូរមកហើយ។ អាជ្ញាធរគេគួរតែអនុញ្ញាតឲ្យយើងបានបោះឆ្នោត»។
ជនចំណាកស្រុកដែលទៅរស់នៅភូមិប្រមា បានបង្កើតភូមិរណបតូចៗដូចជា ភូមិចំណុចច្រកដំបង អណ្តូងជ្រៅ និងភូមិ ស្រែជិនផឹងជាដើម។
គ្មានប្រជាជនណានៅក្នុងភូមិរណបតូចៗទាំងនេះ មានការទទួលស្គាល់ជាផ្លូវការទេ ដែលជាការបង្កើតឲ្យមានការបារម្ភថា ពួកគេនឹងត្រូវបណ្តេញចេញយ៉ាងព្រៃផ្សៃនាពេលខាងមុខ ខណៈមានប្រជាពលរដ្ឋប្រហែល២០០គ្រួសារទៀត ត្រូវចាត់ទុកថា ជា«អ្នកចំណូលថ្មី» កាលពីថ្ងៃទី ១៦ ខែឧសភា កន្លងទៅ។
ប្រតិបត្តិការមួយធ្វើឡើងដោយក្រុមប្រដាប់អាវុធ ដែលអ្នកភូមិនិងក្រុមសិទ្ធិមនុស្ស ហៅថា«ជាការបណ្តេញចេញទាំងបង្ខំ»ក្រោមបញ្ជាពីរដ្ឋាភិបាល ជំនួសឲ្យក្រុមហ៊ុនកាប់ឈើ កាសូទីម។ កងរាជអាវុធហត្ថនៅតែរក្សាវត្តមានរឹងមាំនៅតំបន់នោះ ហើយប្រជាជនជាច្រើន រួមទាំង មឿន រិន អាយុ១៩ឆ្នាំ កំពុងភ័យខ្លាចថាប្រសិនបើពួកគេនៅតែគ្មានការទទួលស្គាល់់ជាផ្លូវការនោះនឹងគ្មានសិទ្ធិបោះឆ្នោតទេ។ គាត់បាន និយាយថា ៖ «ខ្ញុំបានមករស់នៅទីនេះតាំងពីខ្ញុំអាយុ១២ឆ្នាំ ប៉ុន្តែមេឃុំមិនទទួលស្គាល់ខ្ញុំទេ ហើយហេតុដែលខ្ញុំចង់បោះឆ្នោត គឺខ្ញុំចង់បង្ហាញថា ខ្ញុំមានសុវត្ថិភាព ខ្ញុំនឹងមិនត្រូវបណ្តេញចេញទាំងបង្ខំពីភូមិ ដូចពេលមុនឡើយ»។
លោក ឆេង ឆាត ជំទប់ឃុំកំពង់ដំរី បានប្រាប់ថា មានគ្រួសារ២៦៤ គ្រួសារបានចុះបញ្ជីនៅភូមិប្រមា ហើយ១៨០គ្រួសារមិនទាន់បានចុះឈ្មោះនៅឡើយ។
លោកបន្តថា៖«ខ្ញុំបានស្នើសុំឲ្យគ្រួសារទាំងនោះទៅអភិបាលខេត្តរួចហើយ ហើយខ្ញុំសង្ឃឹមថា នៅលើកក្រោយពួកគេនឹងអាចបោះឆ្នោតបាន»។
លោក អ៊ីម ម៉ានី អ្នកសង្កេតការណ៍របស់អង្គការឃ្លាំមើលការបោះឆ្នោតហៅ ខុម ហ្វ្រែល បានថ្លែងថា៖ «បើអ្នកភូមិប្រមាដើមកំណើតដំបូង ដែលគេហៅថា ភូមិប្រមាចាស់ ត្រូវបានអនុញ្ញាតឲ្យបោះឆ្នោត អ្នកទាំងនេះក៏មិនរងការបង្ក្រាបពីថ្ងៃទី១៦ ឧសភាដែរ»។ លោកថា អ្នកចំណូលថ្មីគ្មានអត្តសញ្ញាណប័ណ្ណ និងមិនបានចុះឈ្មោះបោះឆ្នោត មិនបានបោះឆ្នោតលើកនេះទេ៕
1 comment:
ដីខ្មែរ ត្រូវតែយួននៅ
ពីអញ ហ៊ុនសែន
Post a Comment