Tuesday, June 12, 2012

លោក សម រង្ស៊ី សុំ​អ្នក​ស្រី ហ៊ីលឡារី គ្លិនតុន ជួយ​បំភ្លឺ​ការ​ពិត​ពី​ផែនទី​កម្ពុជា

ប្រធាន​គណបក្ស​សមរង្ស៊ី លោក សម រង្ស៊ី (RFA/Ayuthyea)

2012-06-12
ដោយ ផន រីណា និង ជី វិតា
Radio Free Asia

Click the control below to listen to audio program

ប្រធាន​គណបក្ស សម រង្ស៊ី លោក សម រង្ស៊ី បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក អ្នក​ស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) នៅ​ថ្ងៃ​​ទី​១១ មិថុនា ដើម្បី​ឲ្យ​សហរដ្ឋអាមេរិក ជួយ​បក​ស្រាយ​បំភ្លឺ​ទៅ​កាន់​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា ក្នុង​ជំនួប​ជាមួយ​អ្នក​ស្រី​នៅ​ថ្ងៃ​​ទី១២ មិថុនា នេះ ទាក់​ទង​នឹង​បញ្ហា​ផែនទី​កម្ពុជា

នៅ​ក្នុង​លិខិត​របស់​លោក សម រង្ស៊ី បាន​រៀប​រាប់​ប្រាប់​អ្នក​ស្រី ហ៊ីលឡារី គ្លិនតុន រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក សុំ​ឲ្យ​អ្នក​ស្រី​ប្រាប់​ទៅ​កាន់​ភ្ញៀវ​របស់​អ្នក​ស្រី គឺ​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា ក្នុង​ជំនួប​នៅ​ក្នុង​ក្រសួង​ការ​បរទេស នា​ថ្ងៃ​អង្គារ ទី​១២ ខែ​មិថុនា នេះ​ថា ការ​ដែល​រដ្ឋាភិបាល​កម្ពុជា​ចោទ​ប្រកាន់​មក​លើ​រូប​លោក សម រង្ស៊ី ថា​បាន​ប្រើ​ប្រាស់​ប្រទេស​កម្ពុជា​ក្លែង​ក្លាយ ដែល​នាំ​ទៅ​ដល់​ការ​ដាក់​ទោស​លោក​ពី​បទ​ឧក្រិដ្ឋ​ឲ្យ​ជាប់​ពន្ធនាគារ ១០​ឆ្នាំ ពី​ឆ្នាំ​២០១០ នោះ គឺ​ជា​ផែនទី​ឯកសារ ដែល​ចេញ​ពី​បញ្ជា​ការដ្ឋាន​យោធា ប៉ង់តាហ្គូន (Pentagon) សហរដ្ឋអាមេរិក។

ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី ពី​ប្រទេស​បារាំង នៅ​ថ្ងៃ​ចន្ទ ទី​១១ មិថុនា លោក សម រង្ស៊ី ឲ្យ​ដឹង​ថា លោក​សង្ឃឹម​ថា អ្នក​ស្រី ហ៊ីលឡារី គ្លិនតុន ពិត​ជា​បាន​ដឹង​ហើយ​ថា សហរដ្ឋអាមេរិក ជា​អ្នក​បញ្ចេញ​ផែនទី​ដែល​បាន​ទទួល​ស្គាល់​រយៈពេល ៤០​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​សម័យ​សង្គ្រាម​នៅ​ប្រទេស​វៀតណាម។


លោក សម រង្ស៊ី៖ «អាមេរិក​អ្នក​ធ្វើ​ទេ មិន​មែន សម រង្ស៊ី អ្នក​ធ្វើ​ទេ កុំ​ចោទ​ប្រកាន់ សម រង្ស៊ី ពី​ព្រោះ​ថា សហរដ្ឋអាមេរិក​គេ​អាច​ធ្វើ​សាក្សី​បាន ហើយ​បើ​ថា ផែនទី​ហ្នឹង​ខុស ប្ដឹង​កងទ័ព​សហរដ្ឋអាមេរិក ប្ដឹង​រដ្ឋាភិបាល​អាមេរិក​ទៅ ពី​ព្រោះ​ផែនទី​ហ្នឹង​ចេញ​ផ្សព្វ​ផ្សាយ​ដោយ​សហរដ្ឋអាមេរិក​ទេ។ ខ្ញុំ​ជឿ​ថា អ្នក​ស្រី ហ៊ីលឡារី គ្លីនតុន មិន​អាច​ប្រកែក​បាន​ទេ ពី​ព្រោះ​រឿង​ហ្នឹង​វា​ច្បាស់ ព្រោះ​ខ្ញុំ​ឲ្យ​ភស្តុតាង​គ្រប់​គ្រាន់​ហើយ​ក្នុង​សំបុត្រ​ហ្នឹង»។

លោក សម រង្ស៊ី ក៏​បាន​បញ្ជាក់​ដែរ​ថា ភស្តុតាង​នេះ​មិន​អាច​បដិសេធ​បាន​ទេ ព្រោះ​អាមេរិក​មាន​ភស្តុតាង​ស្រាប់​ហើយ។ លោក​មិន​បាន​កែ​ផែនទី​នោះ​ទេ ហើយ​លោក​សង្ឃឹម​ថា អ្នក​ស្រី ហ៊ីលឡារី គ្លិនតុន នឹង​ជួយ​បំភ្លឺ​ភ្នែក​លោក ហោ ណាំហុង ក្នុង​ជំនួប​ជាមួយ​អ្នក​ស្រី​នោះ ហើយ​គួរ​តែ​នាំ​ភស្តុតាង​នេះ​ប្រគល់​ជូន​ដល់​លោក ហោ ណាំហុង ដើម្បី​យក​ទៅ​បំភ្លឺ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ដក​ការ​ដាក់​ទោសទណ្ឌ​ទាំង​អស់​មក​លើ​រូប​លោក។

លោក សម រង្ស៊ី៖ «ទី​១ ជា​កាតព្វកិច្ច​សហរដ្ឋអាមេរិក​ត្រូវ​បញ្ជាក់​ការ​ពិត ពីព្រោះ​គេ​ចោទ​ខុស​រឿង។ សហរដ្ឋអាមេរិក​ជា​អ្នក​ធ្វើ​ផែនទី​ហ្នឹង។ សហរដ្ឋអាមេរិក​មាន​កាតព្វកិច្ច​ប្រាប់​អ្នក​ណា​ចោទ​ខុស​រឿង​ថា ផែនទី​ហ្នឹង​ចេញ​មក​ពី​សហរដ្ឋអាមេរិក។ ទី​២ បើ​សហរដ្ឋអាមេរិក គេ​និយាយ​អញ្ចឹង​ហើយ បើ​មាន​នរណា​នៅ​តែ​ចោទ​ថា ផែនទី​ហ្នឹង​ផលិត​ដោយ សម រង្ស៊ី លោក ហោ ណាំហុង គួរ​តែ​នាំ​ទៅ​ប្រាប់​លោក ហ៊ុន សែន។ តែ​ខំ គេ​ថា​យើង​ខ្វាក់​ភ្នែក​ហើយ ដូច្នេះ បើ​ឃើញ​ហើយ ត្រូវ​តែ​ទទួល​ស្គាល់​ជន​ខ្វាក់​ភ្នែក មិន​អាច​ដឹក​នាំ​ប្រទេស​បាន​ទេ បាទ»។

លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​ផ្ដន្ទា​ទោស​សរុប​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១២​ឆ្នាំ តាំង​ពី​ឆ្នាំ​២០១០។ តុលាការ​ចោទ​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​ក្លែង​បន្លំ​ឯកសារ​សាធារណៈ បន្ទាប់​ពី​លោក​បាន​បង្ហាញ​ផែនទី​របស់​ក្រុមហ៊ុន ហ្គូហ្គល (Google) ចោទ​ថា ប្រទេស​កម្ពុជា​បាត់​បង់​ទឹក​ដី​ទៅ​ប្រទេស​វៀតណាម។ លើស​ពី​នេះ​ទៅ​ទៀត លោក​ក៏​ត្រូវ​តុលាការ​កម្ពុជា​កាត់​អោយ​មាន​ទោស​ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង​ជាតិ​សាសន៍។

3 comments:

Anonymous said...

​ គួររំលឹកផងដែរថា ផែនទីដែលអាមេរិកាំងគូរជំនាន់នោះ​ បានធើ្វឲ្យ
យួនចំណេញដីពីខ្មែរមិនស្ទើរដែរ។

Anonymous said...

ប្រសិនបើគណបក្ស សម រង្ស៊ី មានបំណងចង់ធ្វើការផ្លាស់ប្តូររបបកញ្ជៈយួនពិតប្រកដមែននោះ អស់លោកមិនចាំបាច់អំពាវនាវអោយពលរដ្ឋខ្មែរចូលរួមទៅបោះឆ្នោតជាមួយគណបក្សរបស់លោកទេគឺអស់លោកត្រូវតែនាំគ្នាមកចូលរួមប្តឹងអា ហ៊ុន សែន នៅ(ICC)ក្នុងប្រទេសហូឡង់នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២ខាងមុខនេះទើបជាការប្រសើរ។

Anonymous said...

រឿងសំខាន់ដល់ថ្នាក់ហ្នឹងហើយហេតុអ្វី អាមេរិក
មិនព្រមជួយធ្វើអន្តរាគមន៍ផង ព្រោះរឿងពិតមិន
អាចប្រកែកបានទេ ពិសេសលោកអាមេរិកជាគូរ
ទៀត ដូច្នោះលោកអាមេរិកពិតជាទទួលដឹងរឿង
រ៉ាវហ្នឹងជាចាំបាច់ណាស់។ប្រសិនបើបានដឹងការ
ពិតឆាប់ៗ យើងអាចសន្និដ្ឋានថា លោក សម
រាង្ស៊ីមេដឹកនាគណបក្សប្រឆាំង ពិតជាមានឧត្តម
គតិជាតិច្បាស់មែន ឯលោក នាយករដ្ឋមន្រ្តី
ហ៊ុនសែន ត្រូវទទួលនាមថាជាជនក្បត់ជាតិ
ត្រូវចាប់បញ្ចូលគុកជំនួសលោក សមរាង្ស៊ីវិញ
នេះប្រសិនបើការលើកឡើងរបស់លោក​សមរាង្ស៊ី
មានសភាពពិតមែននោះ៕