2012-07-28
ដោយ ទីន ហ្សាការីយ៉ា
Radio Free Asia
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលមានគណបក្ស សិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី បានចេញលិខិតមួយច្បាប់ នៅថ្ងៃទី២៨ កក្កដា ផ្ញើទៅសហគមន៍អន្តរជាតិ អំពាវនាវឲ្យសហគមន៍អន្តរជាតិទាមទារឲ្យមានការផ្លាស់ប្ដូរប្រព័ន្ធ បោះឆ្នោត នៅកម្ពុជា ឲ្យមានប្រជាធិបតេយ្យ ពិតប្រាកដ។
ការធ្វើលិខិតអំពាវនាវនេះ នៅក្រោយពេលរដ្ឋាភិបាលបានប្រកាសជាសាធារណៈថា រដ្ឋាភិបាលកម្ពុជាមិនទទួលយកគំនាបណាមួយពីសហគមន៍អន្តរជាតិ ដើម្បីឲ្យលោក សម រង្ស៊ី វិលចូលស្រុកវិញនោះទេ។
អនុប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងជាប្រធានគណបក្ស សិទ្ធិមនុស្ស បានឲ្យដឹងនៅថ្ងៃទី២៨ កក្កដា ថា ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ចង់ឲ្យមានការបោះឆ្នោតជាតិនៅឆ្នាំ២០១៣ ខាងមុខ ប្រកបដោយប្រជាធិបតេយ្យ សេរី និងត្រឹមត្រូវ។
លោក កឹម សុខា ជាអនុប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងជាប្រធានគណបក្ស សិទ្ធិមនុស្ស ដែលបានរួបរួមជាមួយគណបក្ស សម រង្ស៊ី កាលពីថ្ងៃទី១៧ កក្កដា នោះ មានប្រសាសន៍ថា គណបក្សប្រឆាំង ពោលគឺចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជាប្រធាន បានធ្វើលិខិតផ្ញើទៅសហគមន៍អន្តរជាតិ ពិសេសទៅប្រទេសមួយចំនួនទៀត ដូចជាសហរដ្ឋអាមេរិក ជាដើម ដើម្បីឲ្យមានការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឡើងវិញ ដើម្បីឲ្យស្ថាប័នមួយនេះក្លាយជាស្ថាប័នឯករាជ្យ។
លោក កឹម សុខា៖ «អ្នកឈ្នះក៏ត្រូវតែឈ្នះដោយកិត្តិយស អ្នកចាញ់ ចាញ់ដោយអស់ចិត្ត អីចឹងការបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ គឺផ្ដើមចេញពីនីតិវិធីនៃការបោះឆ្នោតហ្នឹង ក្នុងនោះដែរ យើងចង់ឲ្យប្រព័ន្ធផ្សព្វផ្សាយប្រកបដោយសមធម៌ គ្រប់គណបក្សនយោបាយទាំងអស់ចូលរួមបាន»។
នៅក្នុងលិខិតរបស់ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ចេញផ្សាយនៅថ្ងៃទី២៨ កក្កដា បានសរសេរដោយអំពាវនាវចំនួនពីរចំណុចសំខាន់ៗ គឺ
ទី១ ទាមទារដាច់ខាតឲ្យមានការផ្លាស់ប្ដូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ហើយឲ្យស្ថាប័នមួយនេះមិនត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា។
ទី២ មេដឹកនាំគណបក្ស សម រង្ស៊ី និងជាប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងរស់នៅឯបរទេស ស្ថិតនៅក្នុងការតាមចាប់ខ្លួនដាក់គុករបស់តុលាការកម្ពុជានោះ ត្រូវតែវិលចូលមកប្រកួតប្រជែងបោះឆ្នោត ដោយគ្មានការចាប់ខ្លួន។ បើមិនដូច្នោះទេ គ្មានការបោះឆ្នោតពិតប្រាកដទេ គ្មានការចូលរួមពីមេដឹកនាំគណបក្សប្រឆាំងនោះ។
ការទាមទារឲ្យមានការផ្លាស់ប្ដូរសមភាព គ.ជ.ប ទៅសហគមន៍អន្តរជាតិនេះ នៅក្រោយពេលមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានប្រកាសថា រដ្ឋាភិបាលកម្ពុជាមិនទទួលយកគំនាបណាមួយពីសហគមន៍អន្តរជាតិ ដើម្បីឲ្យលោក សម រង្ស៊ី ចូលស្រុកវិញនោះឡើយ។
លោក កែវ រ៉េមី ជាប្រធានក្រុមអ្នកនាំពាក្យអង្គភាពព័ត៌មានប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី លោកមានប្រសាសន៍នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២៥ កក្កដា ថា គណបក្សប្រឆាំងតែងតែទាមទារឲ្យមានការផ្លាស់ប្ដូរសមាសភាព គ.ជ.ប កន្លងមក។
លោក កែវ រ៉េមី បានអះអាងថា គណបក្សប្រឆាំង បានទាមទារឲ្យមានការផ្លាស់ប្ដូរនេះ ដោយសារតែការបោះឆ្នោតជាច្រើនលើក គណបក្សប្រឆាំងមិនអាចឈ្នះគណបក្សកាន់អំណាច៖ «គ.ជ.ប ខ្ញុំធ្លាប់នៅតំណាងរាស្ត្រ ខ្ញុំក៏ធ្លាប់ធ្វើវិសោធនកម្មច្បាប់ដែរ។ ចរន្តក៏នៅវិលទៅវិលមកដដែល មុនដំបូង សមភាព គ.ជ.ប សុំសមាសភាពអត់មានពាក់ព័ន្ធនយោបាយទេ NGOs សុទ្ធ ដល់ក្រោយមកសុំដូរឲ្យមានតំណាងគណបក្សនយោបាយនៅក្នុងហ្នឹង។ សមាសភាពគណបក្ស សម រង្ស៊ី ក៏នៅក្នុងហ្នឹងដែរ ដល់នៅតែមិនឈ្នះ ឥឡូវគាត់ទាមទារដូរទៀតហើយ»។
ទោះបីជាយ៉ាងនេះក៏ដោយ លោក កឹម សុខា បានបញ្ជាក់ថា នៅពេលបោះឆ្នោតជាតិ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខ បើមិនមានការផ្លាស់ប្ដូរសមាសភាព គ.ជ.ប ទេនោះ គណបក្សប្រឆាំងទាំងពីរ ដែលបានរួបរួមគ្នានោះនឹងមិនចូលរួមការបោះឆ្នោតនោះទេ។
ភ្ជាប់ទៅនឹងបញ្ហានេះ ក្រុមមន្ត្រីឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា បានលើកឡើងថា ស្ថាប័ន គ.ជ.ប ជាស្ថាប័នមិនឯករាជ្យ លំអៀងទៅគណបក្សកាន់អំណាច ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
សភាអឺរ៉ុបបានចេញសេចក្ដីសម្រេច កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១០ បានថ្កោលទោសចំពោះតុលាការកម្ពុជា បានកាត់ទោសលោក សម រង្ស៊ី នោះថា គឺជារឿងនយោបាយ។ បញ្ហានេះ វាធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃការបោះឆ្នោត ពីព្រោះថា យុទ្ធសាស្ត្រនៃគណបក្សកាន់អំណាច គឺប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ ដើម្បីដាក់គំនាបអ្នករិះគន់រដ្ឋាភិបាល៕
Subscribe to:
Post Comments (Atom)
2 comments:
ត្រួវតែផ្លាស់ប្ដូរ គ ជ ប និង មានការពិនិត្យ
ការបោះឆ្នោតជាទួទៅ ទើបមានយុត្តិធម៌ក្នុង
ការបោះឆ្នោតឆ្នាំ ២០១៣៕
គេថាអាឆ្កែកន្ទុយខ្វៀន នៅតែខ្វៀនតែរហូត គ្រាន់
ទេពេលខ្លះ ធ្វើជាមិនខ្វៀន ដើម្បីប្ដូរស្នៀតឱ្យកាន់
តែមើលឃើញខ្វៀនច្បាស់ជាងមុន៕
Post a Comment