Sunday, August 05, 2012

ជន​រង​គ្រោះ​ដែល​គេ​សង្ស័យ​ថា​ត្រូវ​ម្សៅ​ពុល​វៀតណាម​មាន​អាការៈ​ធ្ងន់ធ្ងរ

ដោយ វិជ័យ អានន្ទ 2012-08-05

អ្នក​ភូមិ​ម្នាក់​ដែល​គេ​សង្ស័យ​ថា ត្រូវ​ថ្នាំ​ពុល​របស់​ជនជាតិ​វៀតណាម នៅ​ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល ត្រូវ​គេ​បញ្ជូន​ដល់​ផ្ទះ​សាច់ញាតិ​នា​ភូមិ​ថ្មី ឃុំ​ស្វាយអំពា វិញ​ហើយ ហើយ​អាការៈ​ជំងឺ​លោក​មិន​ទាន់​បាន​សះ​ស្បើយ​នៅ​ឡើយ។

លោក ម៉ាត់ ផល្លី ដែល​អ្នក​ភូមិ​អះអាង​ថា ត្រូវ​ថ្នាំ​ពុល​នោះ បាន​ចាក​ចេញ​ពី​ភូមិ​ថ្មី ឃុំ​ស្វាយអំពា កាល​ពី​ថ្ងៃ​ទី​៣ សីហា ជា​កន្លែង​កើត​ហេតុ ត្រូវ​សាច់​ញាតិ​នាំ​មក​ដល់​ភូមិ​កំណើត​ខ្លួន​វិញ​ហើយ ហើយ​លោក​កំពុង​ស្នាក់​នៅ​ផ្ទះ​បង​បង្កើត​របស់​គាត់។

អ្នកស្រី សយ គុន្ធា ជា​ភរិយា​លោក មាត់ ផល្លី អះអាង​ថា អាការៈ​ជំងឺ​ប្ដី​របស់​អ្នកស្រី​ហាក់​មិន​បាន​ធូរ​ស្បើយ​ឡើយ នៅ​ថ្ងៃ​ទី​៤ សីហា នេះ។ ផ្ទុយ​ទៅ​វិញ​អាការៈ​ជំងឺ​របស់​គាត់​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ បន្ទាប់​ពី​គាត់​ត្រឡប់​ពី​មន្ទីរពេទ្យ​មក​វិញ​នោះ។

អ្នកស្រី​ឲ្យ​ដឹង​បន្ត​ថា ប្ដី​អ្នកស្រី​ក្អួត​ចង្អោរ​ញឹកញាប់​ជាង​កាល​ពី​ថ្ងៃ​ទី​៣ សីហា កន្លង​ទៅ ព្រោះ​ឥឡូវ​គាត់​ក្អួត ៥​នាទី​ម្ដង ឬ ៣​នាទី​ម្ដង ហើយ​តាំង​ពី​ថ្ងៃ​ទី​៣ សីហា មក គាត់​មិន​ទាន់​បាន​ហូប​បាយ​បាន​បន្តិចបន្តួច​នៅ​ឡើយ៖ «គាត់​កំពុង​តែ​ក្អួត ក្អួត​ញឹកញាប់​ណាស់​ឥឡូវ»

អ្នកស្រី ភូ វន ជា​ម្ដាយ​លោក ម៉ាត់ ផល្លី ដែល​នៅ​ថែទាំ​លោក មាត់ ផល្លី នៅ​ឯ​មន្ទីរពេទ្យ អ្នកស្រី​បង្ហាញ​ការ​ងឿង​ឆ្ងល់​ថា មិន​ដឹង​មក​ពី​មូលហេតុ​អ្វី​បាន​ជា​កូន​អ្នកស្រី​ចេះ​តែ​ក្អួត​រហូត​ឥត​ឈប់​ ឈរ តាំង​ពី​បញ្ជូន​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត។

អ្នកស្រី​បន្ត​ថា បន្ទាប់​ពី​បាន​ចូល​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​មួយ​យប់ លុះ​ព្រឹក​ឡើង​នៅ​ថ្ងៃ​ទី​៤ សីហា អ្នកស្រី​ត្រូវ​បង្ខំ​ចិត្ត​បញ្ជូន​កូន​ចេញ​ពី​មន្ទីរពេទ្យ​នោះ បើ​ទោះ​បី​កូន​អ្នកស្រី​នៅ​មិន​ទាន់​ធូរ​ស្បើយ​ពី​ជំងឺ​ក៏ដោយ ព្រោះ​អ្នកស្រី​គ្មាន​លុយ​ឲ្យ​ថ្លៃ​ថ្នាំពេទ្យ៖ «ខ្ញុំ​សុំ​គេ​យក​មក​ផ្ទះ ព្រោះ​អត់​លុយ​មើល»

លោក ម៉ាត់ ផល្លី ត្រូវ​គេ​សង្ស័យ​ថា លោក​ត្រូវ​ថ្នាំ​ពុល​របស់​ជនជាតិ​វៀតណាម​ម្នាក់ ដែល​អ្នក​ភូមិ​អះអាង​ថា ជា​មនុស្ស​ចម្លែក​ដែល​ចូល​ទៅ​ក្នុង​ភូមិ​ថ្មី ហើយ​មាន​បំណង​ចង់​ចាប់​ក្មេង​កំពុង​ឃ្វាលគោ​ក្បែរ​ភូមិ​នោះ បន្ទាប់​ពី​លោក​បាន​រត់​ទៅ​ជួយ​ឃាត់​បុរស​ជនជាតិ​វៀតណាម ឲ្យ​ឈប់​ដេញ​ក្មេងៗ​ទាំង​នោះ។

ទោះ​យ៉ាង​ណា​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​ទាន់​អាច​បញ្ជាក់​ឲ្យ​បាន​ ច្បាស់លាស់​នៅ​ឡើយ ទាក់ទង​នឹង​ការ​សង្ស័យ​របស់​អ្នក​ភូមិ​ថា លោក ម៉ាត់ ផល្លី ត្រូវ​ថ្នាំ​ពុល ឬ​យ៉ាង​ណា​នោះ​ទេ។ ចំណែក​ឯ​ក្រុម​គ្រូពេទ្យ​កាល់ម៉ែត ដែល​សាច់​ញាតិ​លោក ម៉ាត់ ផល្លី បាន​នាំ​យក​ទៅ​នោះ ក៏​មិន​បាន​បញ្ជាក់​ថា លោក ម៉ាត់ ផល្លី ត្រូវ​ថ្នាំ ឬ​យ៉ាង​ណា​នៅ​ឡើយ​ដែរ។

កាល​ពី​ថ្ងៃ​ទី​៣ សីហា ឆ្នាំ​២០១២ អ្នក​ភូមិ​នៅ​ឃុំ​ស្វាយអំពា ស្រុក​មុខកំពូល ខេត្ត​កណ្ដាល បាន​ផ្អើល​ឆោឡោ​ថា មាន​ជនជាតិ​វៀតណាម ដេញ​ចាប់​ក្មេង ហើយ​អ្នក​ភូមិ​ទាំង​នោះ​បាន​ព័ទ្ធ​ចាប់​ជនជាតិ​វៀតណាម​រូប​នោះ ហើយ​វាយ​យ៉ាង​ខ្លាំង​រហូត​បុរស​ជនជាតិ​វៀតណាម នោះ​សន្លប់។

អ្នក​ភូមិ​អះអាង​ថា ជនជាតិ​វៀតណាម​រូប​នោះ​បាន​ប្រើ​ថ្នាំ​ពុល​បាញ់​លើ​អ្នក​ភូមិ ហើយ​អ្នក​ភូមិ​ដែល​ត្រូវ​ថ្នាំ​ពុល​ខ្លាំង​ជាង​គេ គឺ​លោក ម៉ាត់ ផល្លី ដោយហេតុ​ថា គាត់​បាន​ចូល​កៀក​នឹង​ជនជាតិ​វៀតណាម នោះ​ជាង​គេ។

ទាក់ទង​នឹង​រឿង​រ៉ាវ​ល្បី​ថា មាន​មនុស្ស​ចាប់​ក្មេង​នេះ អ្នក​ភូមិ​ថ្មី ឃុំ​ស្វាយអំពា ស្រុក​មុខកំពូល មួយ​ចំនួន​នៅ​តែ​ព្រួយ​បារម្ភ​ចំពោះ​ករណី​នេះ បើ​ទោះ​បី​ជា​មាន​អាជ្ញាធរ​ធ្លាប់​បាន​បញ្ជាក់​ថា គ្មាន​ករណី​នេះ​កើត​ឡើង​ក៏ដោយ៕

3 comments:

Anonymous said...

ពួកអាជ្ញាធរជាសាសន៍អ្វី?
កាន់អាវុធការពារនរណា?

Anonymous said...

ពួកអាជ្ញាធរជាសាសន៍ 1/2 Chea Kioum Beurm Reur Pouk Youn. Khmers will be die softly step by step and that is no doubt.

Anonymous said...

He is the Viet agence, Khmers polices can never against them, believe me in a few days later this Viet agence will be free. That is Cambodia today when this Viet as Thai or the other countrymen, police will find his guilty very quickly.