អ្នកភូមិបឹងកក់ កាន់រូបជញ្ជីង នៅក្នុងការតវ៉ា នៅខាងមុខស្ថានទូតបារាំង កាលពីម្សិលមិញ។ រូបថត ហុង មិនា |
Tuesday, 18 September 2012
ឃុត សុភចរិយា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ សកម្មភាពតវ៉ារបស់ប្រជាពលរដ្ឋ ក្នុងសហគមន៍បឹងកក់ និងបុរីកីឡា បានចាប់ផ្ដើមកក្រើកឡើងវិញក្តៅគគុកសាជាថ្មីទៀតហើយ បន្ទាប់ពីសមាជិកសកម្មរបស់ពួកគេ ពីរនាក់ ត្រូវបានចាប់ឃុំខ្លួន នៅក្នុងពន្ធនាគារព្រៃស ជាអ្វីដែលក្រុមអ្នកភូមិទាំងនេះហៅថា ជាការប្រើប្រាស់ប្រព័ន្ធតុលាការ ដែលមិនឯករាជ្យ ដើម្បីបំបាក់ស្មារតីរបស់ពួកគេ កុំឲ្យបន្តធ្វើការតវ៉ា ការពារផ្ទះសម្បែង ដីធ្លី ដែលត្រូវក្រុមហ៊ុនមានអំណាចរំលោភបំពាន។
កាលពីថ្ងៃទី៤ខែកញ្ញា សមាជិក នៃសហគមន៍បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ត្រូវបានសាលាដំបូងរាជធានី សម្រេចឃុំខ្លួន នៅពន្ធនាគារព្រៃស ដោយចោទប្រកាន់ពីបទ«ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ខណៈដែលប្តីរបស់ស្ត្រីរូបនេះ ត្រូវបានដោះលែងមកវិញ ក្រោយពីនាំខ្លួនទៅសួរចម្លើយ។
មួយថ្ងៃបន្ទាប់មក តុលាការដដែលនេះក៏បានសម្រេចឃុំខ្លួនអ្នក ស្រី ទឹម សាក់មុន្នី ដែលជាសកម្មជនដីធ្លីម្នាក់ទៀត នៅសហគមន៍បុរីកីឡា នៅពន្ធនាគារព្រៃសផងដែរ ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ»។
នៅក្នុងការតវ៉ាដើរ ក្បួន កាត់តាមមហាវិថីនានា ក្នុងខណ្ឌដូនពេញ កាលពីម្សិលមិញដើម្បីនាំញត្តិទៅដាក់នៅស្ថានទូតអាមេរិក អង់គ្លេស និងបារាំង សូមឲ្យតំណាងប្រទេសទាំងនេះ ជួយអន្តរាគមន៍ ទៅរដ្ឋាភិបាលកម្ពុជា ឲ្យជួយដោះលែងសមាជិកសកម្មរបស់ពួកគេ ក្រុមអ្នកភូមិ ប្រមាណជាង ១០០ នាក់បានស្រែកថា៖ «ដោះលែងជីដូន អ្នកម្ដាយ ប្រពន្ធ...សមាជិករបស់យើងខ្ញុំវិញមក ពួកគាត់គ្មានកំហុសទេ»។ អ្នកភូមិមកពីសហគមន៍ទាំងពីរ បាននាំគ្នាទូលសម្បុកមាន់ ដែលមានតែពងខ្វះមេក្រាប ខ្លះកាន់ផ្កាឈូក ផ្ទាំងគំនូរព្រះពុទ្ធត្រាស់ដឹង និងរូបជញ្ជីងយុត្តិធម៌ ដែលមានបិទរូបថតអ្នកស្រី យ៉ោម បុប្ផា និងពាក្យថា ដោះលែង នៅអមសងខាងនៃរូប។ ចំណែកម្ខាងទៀតនៃកូនជញ្ជីង មានសរសេរពាក្យថា បោះព្រំដី ១២,៤៤ ហិកតា និងផ្ដល់កម្មសិទិ្ធគ្រប់គ្រួសារ។
អ្នកស្រី បូវ សុភា ស្ត្រីម្នាក់ក្នុងចំណោម ១៣ នាក់ នៃសហគមន៍បឹងកក់ ដែលធ្លាប់ជាប់ឃុំនៅគុកព្រៃស បាននិយាយដោយចំអកទៅលើអាជ្ញាធរ ដែលព្យាយាមឃ្លាំមើលសកម្មភាពតវ៉ារបស់ពួកគេ ជាជាងការស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅក្នុង តំបន់នេះថា៖«យើងខ្ញុំធុញទ្រាន់នឹងការដើរតវ៉ាបែបនេះខ្លាំង ណាស់...បើសិនជាអាជ្ញាធរមានឆន្ទៈក្នុងការដោះស្រាយ នោះយើងខ្ញុំនឹងមិនមានសកម្មភាពបែបនេះទេ»។
អ្នកស្រីនិយាយថា៖ «យើងខ្ញុំ យល់ថា ការចាប់ខ្លួនអ្នកស្រី យ៉ោម បុប្ផា គឺជាការគំរាមកំហែងមកលើអ្នកភូមិក្នុងសហគមន៍យើងខ្ញុំ មិនឲ្យចេញមុខតវ៉ាទាមទារទំហំដីដែលជាការផ្ដល់ប្រទានកម្មពី ប្រមុខរដ្ឋាភិបាលតទៅទៀត»។
ខណៈនោះដែរ លោកលួស សាខន ដែលជាប្ដីរបស់អ្នកស្រីយ៉ោម បុប្ជា បានបន្ទរថា៖«ខ្ញុំមិនយល់ទេថា តើសង្គមដែលមានការលើកស្ទួយតម្លៃស្ត្រី គឺត្រូវតែឃុំខ្លួនស្ត្រីឬយ៉ាងណា?»។
ដោយឡែកកូនប្រុសអ្នកស្រី ទឹម សាក់មុន្នី លោក អ៊ួន កងពិនិត្យ ដែលជាជនពិការមិនអាចនិយាយបាន និងមានជំងឺសរសៃទាញបានកាន់បដាតូចមួយដែលសរសេរថា៖ «តុលាការពុករលួយ គ្មានយុត្តិធម៌សម្រាប់អ្នកក្រទេ»។
ញតិ្តរបស់អ្នកភូមិបឹងកក់ និងបុរីកីឡា ត្រូវបានស្ថានទូតប្រទេសមហាអំណាចទាំងបីទទួលយកកាលពីម្សិលមិញ៕
No comments:
Post a Comment