លោក ម៉ម សូណង់ដូ ពេលឡើងសវនាកាកន្លងមក។ |
Wednesday, 19 September 2012
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post
ភ្នំពេញៈ មន្ត្រីសង្គមស៊ីវិល សកម្មជនសិទ្ធិមនុស្ស និងជនរងគ្រោះដោយសារបញ្ហាដីធ្លី បានអះអាងនៅក្នុងកិច្ចពិភាក្សាតុមូលកាលពីម្សិលមិញថា ស្ថានភាពសេរីភាពបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន បានធ្លាក់ចុះ ហើយស្ថិតនៅក្នុងស្ថានភាពមួយដែលគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង ទោះបីជាសិទ្ធិនេះត្រូវបានការពារដោយច្បាប់ជាតិ និងច្បាប់អន្តរជាតិក៏ដោយ។
លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានលើកឡើងនៅក្នុងកម្មវិធី ពិភាក្សារតុមូលថា ស្ថានភាពសេរីភាពបញ្ចេញមតិនៅប្រទេសកម្ពុជាបច្ចុប្បន្នស្ថិតក្នុង ស្ថានការណ៍មួយដែលគួរឲ្យព្រួយបារម្ភ។ អ្នកការពារសិទ្ធិមនុស្ស អ្នកនយោបាយនៃគណបក្សប្រឆាំងនិងអ្នកសារព័ត៌មានត្រូវបានគេគំរាម កំហែងនៅពេលដែលពួកគេទាំងនោះហ៊ាននិយាយចេញមកដើម្បីសម្តែងមតិរបស់គេ។
លោកបានឲ្យដឹងទៀតថា៖ «មន្ត្រីនគរបាល និងតុលាការត្រូវបានប្រើប្រាស់ដើម្បីបង្កើនឲ្យមានការភ័យខ្លាច ចំពោះនរណាដែលហ៊ាននិយាយរិះគន់ចំពោះសកម្មភាព ឬគោលនយោបាយរបស់រដ្ឋាភិបាល»។
លោក អ៊ូ វីរៈ បានឲ្យដឹងទៀតថា ការគំរាមកំហែងផ្នែករូបរាងកាយនិងតាមរយៈប្រព័ន្ធតុលាការ គឺវាក្លាយជារឿងធម្មតា ហើយយើងអាចឃើញបានយ៉ាងជាក់ស្តែងតាមរយៈករណីរបស់លោកឈុត វុទ្ធី សកម្មជនជាស្ត្រីនៅបឹងកក់ទាំង១៥នាក់ ហើយបានបង្ហាញយ៉ាងច្បាស់ពីការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បី គំរាមកំហែងលើអ្នកការពារសិទ្ធិមនុស្ស គឺករណីលោក ម៉ម សូណង់ដូ។
លោកបានឲ្យដឹងទៀតថា៖ « ខ្លួនខ្ញុំផ្ទាល់បានចូលរួមស្តាប់សវនការទាំងមូល ខ្ញុំឃើញថាគ្មានភស្តុតាងណាដែលបង្ហាញទំនាក់ទំនងលោកម៉ម សូណង់ដូទៅអ្វីដែលកើតមានឡើងនៅក្នុងខេត្តក្រចេះទេ។ នេះបង្ហាញយ៉ាងច្បាស់ថាតុលាការត្រូវបានប្រើប្រាស់ក្នុងលក្ខខណ្ឌ នយោបាយដើម្បីបំបិទមាត់អ្នកសារព័ត៌មាននិងជាអ្នកតស៊ូមតិផ្នែកសិទ្ធិ មនុស្ស។ ការរំលោភបំពានសិទ្ធិមនុស្សជាញឹកញាប់បែបនេះមិនដែលត្រូវបាន ចាប់យកមកដាក់ទោសនោះទេ»។
លោកអំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការសិទ្ធិមនុស្សលីកាដូបាន ថ្លែងឲ្យដឹងថា នៅក្នុងឆ្នាំ២០១២នេះ ស្ថានភាពសេរីភាពបញ្ចេញមតិ គឺបានធ្លាក់ចុះយ៉ាងខ្លាំងពីព្រោះសកម្មជនការពារបរិស្ថានត្រូវ បានបាញ់សម្លាប់ អ្នកសារព័ត៌មានត្រូវបានសម្លាប់ អ្នកដែលហ៊ានក្រោកឈរប្រើប្រាស់សិទ្ធិរបស់គេតវ៉ាដើម្បីការពារ ផ្ទះសម្បែងត្រូវបានបាញ់ និងចោទប្រកាន់តាមរយៈប្រព័ន្ធតុលាការ។
លោកបានបន្តទៀតថា៖ «រដ្ឋាភិបាលគួរពិចារណាឡើងវិញ ពីព្រោះកម្ពុជាជាប្រធានអាស៊ាន ហើយកម្ពុជាកាន់លទ្ធិប្រជាធិបតេយ្យដូច្នេះគួរតែបើកសិទ្ធិសេរីភាពបញ្ចេញមតិឲ្យទូលំទូលាយ បើមិនដូច្នេះគេនឹងរិះគន់ថាមិនគោរពទៅតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស»។
លោកយី សុខសាន្ត អនុប្រធានផ្នែកដីធ្លីសមាគមសិទ្ធិមនុស្សអាដហុក បានថ្លែងឲ្យដឹងថា សិទ្ធិសេរីភាពបញ្ចេញមតិ គឺកំពុងតែស្ថិតក្នុងផ្លូវមួយដ៏ចង្អៀតបំផុត ដូចជានៅពេលដែលពលរដ្ឋធ្វើការតវ៉ាអាជ្ញាធរពុំបានចេញមុខមករក ដំណោះស្រាយឲ្យពលរដ្ឋនោះទេ តែផ្ទុយទៅវិញអាជ្ញាធរចេញមុខការពារឲ្យក្រុមហ៊ុន ហើយពលរដ្ឋដែលចេញមុខតវ៉ាត្រូវប្រឈមមុខនឹងការចោទប្រកាន់ និងត្រូវចាប់ដាក់ពន្ធនាគារទៅវិញ។
លោកបានឲ្យដឹងទៀតថា៖« សេរីភាពបញ្ចេញមតិកុំយកបរិមាណមកនិយាយ ដូចជាយើងលើកថាមានសារព័ត៌មាន វិទ្យុ ទូរទស្សន៍ រាប់រយ តែទាំងអស់នោះគឺគ្រាន់តែជាបរិមាណតែប៉ុណ្ណោះ តើសារព័ត៌មាន វិទ្យុប៉ុន្មានដែលហ៊ាននិយាយការពិតនោះ»។
អ្នកស្រីទេព វណ្ណី តំណាងពលរដ្ឋបឹងកក់ ដែលត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១ ខែ ៥ ថ្ងៃ ដោយសារតែចេញមុខទាមទារដើម្បីការពារផ្ទះសម្បែងបានថ្លែងឲ្យដឹងថា សិទ្ធិសេរីភាពបញ្ចេញមតិ គឺគ្មានទាល់តែសោះសម្រាប់ពលរដ្ឋដែលតវ៉ាការពារផ្ទះសម្បែង របស់ពួកគេ។ ពលរដ្ឋដែលហ៊ានចេញមុខតវ៉ា គឺត្រូវបានចោទប្រកាន់តាមរយៈប្រព័ន្ធតុលាការ ពីព្រោះគេគិតថាពលរដ្ឋទាំងអស់នោះ គឺជាបន្លាក្នុងកែវភ្នែករបស់ពួកគេដែលធ្វើឲ្យគម្រោងរបស់ពួក គេរាំងស្ទះ។
អ្នកស្រី បន្ដថា៖«ការដែលគ្មានសិទ្ធិសេរីភាពបញ្ចេញមតិគ្រប់គ្រាន់ គឺជាទារុណកម្មដ៏ធ្ងន់ធ្ងរមួយសំរាប់ពលរដ្ន ស្លូតត្រង់។ គេពុំដែលអើពើជាមួយប្រជាជនទេ តែគេហ៊ានយកមន្ត្រីនគរបាលដែលជាអ្នកការពារសុវត្ថិភាពប្រជាជនមកវាយលើប្រជាជន។ បើទោះបីជាខ្ញុំគ្មានសិទ្ធិបញ្ចេញមតិគ្រប់គ្រាន់តែខ្ញុំនឹងតស៊ូដល់ទីបញ្ចប់»។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសមរង្ស៊ី ក៏បានលើកឡើងផងដែរថា ទាក់ទិនទៅនឹងសេរីភាពបញ្ចេញមតិនោះ គឺកំពុងតែធ្លាក់ចុះយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន សូម្បីតែពលរដ្ឋដែលតវ៉ាដើម្បីការពារដីរបស់ខ្លួននោះក៏ត្រូវបាន គេហាមឃាត់ដែរ ហើយអ្នកដែលពូកែនិយាយក៏ត្រូវបានគេបំបិទមាត់មិនឲ្យនិយាយផងដែរ ដោយចាប់យកទៅដាក់គុក ដូចជាករណីប្រធានវិទ្យុសំបុកឃ្មុំលោក ម៉ម សូណង់ដូ ជាដើម។
លោកបន្ថែមថា៖ «អាជ្ញាធរបានប្រើប្រព័ន្ធតុលាការដើម្បីបំបិទមាត់ពលរដ្ឋមិនឲ្យ និយាយស្តីនិងចេញតវ៉ា គឺចាប់ពលរដ្ឋដាក់គុកតែម្តង»។
លោក ឱម យិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកផ្នែកសិទ្ធិមនុស្សរបស់រាជរដ្ឋាភិបាល កម្ពុជាពុំអាចទំនាក់ទំនងដើម្បីសុំការអត្ថាធិប្បាយបានទេកាល ពីថ្ងៃអង្គារ។ រីឯលោក ជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាក៏ពុំអាចទំនាក់ទំនងដើម្បី សុំការអត្ថាធិប្បាយបានដែរកាលពីម្សិលមិញ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តី បានថ្លែងតបនឹងការចោទរបស់សង្គមស៊ីវិលថា ការលើកឡើងនោះគឺជាយុទ្ធនាការដើម្បីវាយប្រហារមកលើរដ្ឋាភិបាល តែប៉ុណ្ណោះ។ លោកថា លោកមិនដឹងថាការថយចុះនៃសេរីភាពបញ្ចេញមតិនោះ គេយកតួលេខមកពីណានោះទេ។
លោកបន្តថា៖ «ករណីស្លាប់លោកឈុត វុទ្ធី ស្ត្រីបឹងកក់ លោកម៉ម សូណង់ដូ វាជាករណីដាច់ដោយឡែក ជាបញ្ហាបុគ្គល អ្នកទាំងអស់នោះពុំមែនតំណាងឲ្យសិទ្ធិសេរីភាពបញ្ចេញមតិទូទាំង ប្រទេសដែលរដ្ឋាភិបាលកំពុងតែធ្វើនោះឡើយ»៕
1 comment:
នេះគឺជាការឆ្លើយតបទៅនឹងអត្ថបទមួយដែលបានចុះផ្សាយកាលពីថ្ងៃទី២៧ខែសីហាឆ្នាំ២០១២របស់KI(ទាយាទឃាតករនិងត្រកូលអសិរ្ពិស)ដែលសរសេរដោយលោកទេព មរកត។លោកធនសារាយ បច្ចុប្បន្នជាប្រធានសមាគមអាដហុកមានឈ្មោះដើមង៉ោហុងហួរព្រោះលោកជាកូនខ្មែរកាត់ចិននិងមានដើមកំណើតនៅស្រុកអូររាំងឪខេត្តកំពង់ចាម។លោកបានប្តូរឈ្មោះនៅឆ្នាំ១៩៧៩ពេលត្រឡប់ចូលមកទីក្រុងភ្នំពេញវិញព្រោះលោកបារម្ភពីការធ្វើទុក្ខបុកម្នេញរបស់វៀតណាមដែលតែងតែរើសអើងចំពោះអ្នកដែលមានសែស្រឡាយជាកូនខ្មែរកាត់ចិន។លោកជាអតីតអ្នកទោសនយោបាយក្នុងរបបខ្មែរក្រហមនិងរដ្ឋកម្ពុជា(គ្រប់គ្រងដោយវៀតណាម)
-នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(ខ្មែរក្រហម)រយៈពេល១០ខែដាក់ក្នុងមណ្ឌលអប់រំកែប្រែដោយចោទលោកថាពួកលន់ណុល ។
-ក្នុងរបបរដ្ឋកម្ពុជាចន្លោះឆ្នាំ១៩៩០១៩៩១រយៈពេល១៧ខែក្នុងស្ថានភាពគុកងងឹតនិងដាក់ខ្នោះជើងម្ខាង(មន្ទីរឃុំឃាំងតេបី)ដោយពួកគេចោទលោកថា ប្រឆាំងនឹងរបបសង្គមនិយម ។លោក ធន សារាយ ត្រូវបានដោះលែងក្រោយកិច្ចព្រមព្រាង សន្តិភាពក្រុងប៉ារីស នៅខែ ធ្នូឆ្នាំ១៩៩១លោក រួមទាំងអតីតអ្នកទោសនយោបាយមួយចំនួនទៀតបានសំរេចចិត្តនាំគ្នាបង្កើតសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជាដែលហៅកាត់ថាអាដហុកនេះឡើង និង ជួយការពារដល់សិទ្ធិជនក្រីក្រ ទន់ខ្សោយ គ្មានអំណាចជាច្រើនពាន់ម៉ឺននាក់ដែលទទួលរងនូវការរំលោភបំពានដោយអយុត្តិធម៌ពីសំណាក់អ្នកមានអំណាចនិងមានទ្រព្យខ្លះ។កត្តានេះហើយទើបក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះសមាគមតែងតែទទួលបាននូវការគាំទ្ររយ៉ាងពេញទំហ៊ឹងពីសំណាក់ប្រជាពលរដ្ឋខ្មែរទួទៅរហូតមានការទទួលស្គាល់ពីមតិជាតិនិងអន្តរជាតិថាជាអង្គការឯករាជ្យអព្យាក្រិត្យ ពិតប្រាកដ។ផ្ទុយទៅវិញគឺមានតែពួកជ្រុលនិយមខ្វះការពិតខ្លះទេដែលមិនទទួលស្គាល់ការងារទាំងនេះហើយតែងតែព្យាយាមប្រើប្រាស់គ្រប់ឧបាយកល់ទុច្ចរិត ដើម្បីបំផ្លាញ កិត្តិយស និងកេរ្តិឈ្មោះ របស់សមាគមអាដហុកដូច អត្ថបទនេះជាដើម។
ក្នុសកម្មភាពខាងលើមានបុគ្គលិកសមាគមមួយចំនួនត្រូវបានទទួលរងនូវការបំភិតបំភ័យការសំឡុតគំរាមកំហែងការប្រមាថអាយុជីវិតព្រមទាំងការប្តឹងផ្តល់ចោទប្រកាន់ទៅតុលាការ ពីសំណាក់ មន្រ្តី ដែលមានអំណាចខ្លាំងក្នុងរដ្ឋាភិបាលមួយចំនួន ដូចជាករណី លោកប៉ែន ប៊ុណ្ណារ៍ លោកសម ចន្ទ័គា និង លោកចាន់ សុវ៉េតថ្មីៗនេះជាដើម។ សមាគមអាដហុកក៏ធ្លាប់ទទួលរងការចោទប្រកាន់បែបលាបពណ៌យ៉ាងអយុត្តិធម៌ពីសំណាក់ក្រុមអ្នកនយោបាយជ្រុលនិយមដែលនៅតែប្រកាន់នូវទស្សនៈដូចពួកខ្មែរក្រហមថាបើមិនមែនមិត្តគឺជាសត្រូវ ទាំងនៅក្នុរដ្ឋាភិបាលក៏ដូចជានៅក្នុងគណបក្សប្រឆាំងជាពិសេសនៅពេលដែលអាដហុកនិយាយការពិតហើយនាំឲ្យប៉ះពាល់ឬបាត់បង់ផលប្រយោជន៏ ក្រុម ឬ បក្សរបស់គេ ជាក់ស្តែងដូចជាកន្លងមក នៅពេលដែលអាដហុកនិយាយត្រង់ៗប៉ះពាល់ទៅលើរដ្ឋាភិបាលខាងរដ្ឋាភិបាលចោទថាអាដហុកថាជាអង្គការប្រឆាំងផ្ទុយទៅវិញនៅពេលអាដហុកនិយាយពីអ្វីដែលរដ្ឋាភិបាលធ្វើត្រូវខាងបក្សប្រឆាំងថាអាដហុកជាពួករដ្ឋាភិបាល។ប៉ុន្តែត្រង់នេះយើងយល់ថាក៏ជាការល្អដែរព្រោះវាអាចបញ្ជាក់បានថា អាដហុកពិតជាអង្គការអព្យាក្រិត្យប្រាកដមែន ។
ចំពោះជីវភាពរស់នៅវិញ លោកធន សារាយ មានផ្ទះតែមួយគត់ដាក់ជួលជាទីស្នាក់ការកណ្តាលឲ្យសមាគមអាដហុកក្នុងតំលៃត្រឹមតែ១៥០០ដុល្លាប៉ុណ្ណោះក្នុងមួយខែដែលបច្ចុប្បន្នផ្ទះវីឡានៅកណ្តាលក្រុងភ្នំពេញ គេជួលបានរហូត ២០០០ដុល្លា ទៅ៣០០០ដុល្លាក្នុងមួយខែ។ហើយផ្ទះនេះលោកបានកាន់កាប់តាំងពីឆ្នាំ១៩៧៩មកម្ល៉េះបន្ទាប់ពីរបបខ្មែរក្រហមដួលរលមិនមែនបានមកក្រោយការបើកសមាគមនោះទេចំណែកផ្ទះដែលលោករស់នៅសព្វថ្ងៃទៀតសោត គឺជាផ្ទះល្វែងទទឹង៤ម៉ែត្រ បណ្តោយ១៥ម៉ែត្រតែប៉ុណ្ណោះ។ការរស់នៅបែបនេះគ្រាន់តែបង្ហាញថាលោកមានជីវភាពសមរម្យតែប៉ុណ្ណោះ មិនមែនដូចការចោទប្រកាន់របស់ KI ថាលោកមានទ្រព្យសម្បត្តិហូរហៀមានផ្ទះជួលជិត១០កន្លែងនិងរស់នៅផ្ទះធំជាងសណ្ឋារគារនោះទេ ។ដូច្នេះអ្នកដែលមានគំនិតជ្រុលនិយមពិសេសអ្នកនយោបាយខ្មែរគួរតែ មានភាពចាស់ទុំឡើង ឈប់មានទស្សនៈលាបពណ៌គ្នាទៅព្រោះការចោទប្រកាន់គ្នាបែបលាបពណ៌នេះធ្វើឲ្យខ្មែរស្លាប់យ៉ាងអយុត្តិធម៌ច្រើនលាននាក់ណាស់ដែលជាបទពិសោធន៏នៅក្នុងទសវត្សកន្លងមក។រីឯម្ចាស់អត្ថបទនោះទៀតសោត ក៏កុំសង្ឈឹមថាអត្ថបទ របស់ខ្លួន មួយនេះអាចមកបំផ្លាញកិត្តិនាមនិងកិត្តិស័ព្ទរបស់ សមាគមអាដហុកដែលជាអង្គការសិទ្ធមនុស្សមានឈ្មោះល្បីរន្ទឺហើយនោះឲ្យសាបសូន្យបានឲ្យសោះព្រោះប្រជាពលរដ្ឋខ្មែរបច្ចុប្បន្នគេចេះវិភាគថ្លឹងថ្លែងនិងពិចារណាបានយ៉ាងល្អលើគ្រប់ព្រឹត្តិការណ៍ដែលបានកើតឡើងថារឿងណាពិតរឿងណាមិនពិតហើយមិនមែនល្ងង់ខ្លៅចាំតែជឿលើពាក្យកុហកភូតភរពាក្យមុសាដែលគ្មានមូលដ្ឋានត្រឹមត្រូវនោះទៀតទេ៕
Post a Comment