ថ្ងៃទី 18 កញ្ញា 2012
ដោយ: រតនា
Cambodia Express News
ភ្នំពេញ: អង្គការខុមហ្វ្រែល បានបើកកិច្ចប្រជុំមិនទូលំទូលាយមួយជាមួយនឹងតំណាងគណបក្សនយោបាយ ដែលមានអាសនៈនៅក្នុងសភា និងគណបក្ស ដែលគ្មានអាសនៈក្នុងសភា។ កិច្ចប្រជុំមិនទូលំទូលាយនេះ បានធ្វើឡើងនៅសណ្ឋាគារ អ៊ឹមភៀរៀល កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១២ ដោយផ្តោតការពិភាក្សាលើការចុះបញ្ជីបោះឆ្នោត ដែលកំពុងដំណើរការចុះឈ្មោះពិនិត្យបញ្ជីឈ្មោះ។
លោក ហូរ វ៉ាន់ សមាជិកព្រឹទ្ធសភា នៃគណបក្សសមរង្ស៊ី បានចូលរួមប្រជុំ ដែលរៀបចំដោយខុមហ្វ្រែលនោះ បាននិយាយថា ការប្រជុំនៅពេលនេះពិភាក្សាគ្នា រិះរកវិធីយ៉ាងណាឲ្យការចុះឈ្មោះបោះឆ្នោត ប្រកបដោយតម្លាភាព និងគុណភាព និងរិះរកវិធីឲ្យប្រជាពលរដ្ឋ បានចុះឈ្មោះបោះឆ្នោតទាំងអស់គ្នា ហើយដើម្បីជួយធ្វឲ្យបញ្ជីចុះឈ្មោះបោះឆ្នោតមួយ ដែលអាចទទួលយកបានគ្រប់គណបក្សនយោបាយ។
លោក ហូរ វ៉ាន់ បានមានប្ររសាសន៍បន្តថា ការចុះឈ្មោះកន្លងមក មានភាពមិនប្រក្រតី ជាច្រើន ដូចជា មានការចុះឈ្មោះឲ្យជនបរទេសជាច្រើន ដែលមិនអាចដោះស្រាយបាន ពីព្រោះមិនបានយកច្បាប់អន្តោប្រវេសន៍មកអនុវត្ត។
លោកបន្តថា "មានប្រជាពលរដ្ឋជាង ៣០ម៉ឺននាក់ ដែលមិនបានចុះឈ្មោះបោះឆ្នោតរួម ទាំងក្រុងភ្នំពេញ ដូច្នេះកិច្ចប្រជុំនៅពេលនេះ ដើម្បីឲ្យមាននយោបាយ ពិសេសមួយសម្រាប់ការចុះឈ្មោះប្រជាពលរដ្ឋទាំងនោះ ឲ្យបានគ្រប់គ្នា"។
ជាមួយគ្នានោះដែរ លោកបានលើកឡើងថា “ប្រជាពលរដ្ឋ ដែលរងការបណ្តេញចេញពីលំនៅដ្ឋានភាគច្រើន ពុំបានទទួលការចុះឈ្មោះបោះឆ្នោតទេ ពីព្រោះអាជ្ញាធរមិនព្រមចុះឈ្មោះឲ្យដោយសំអាងលេសថា គ្មានឯកសារគ្រប់គ្រាន់”។
ចំណែកលោក គល់ បញ្ញា នាយកអង្គការអង្គការខុមហ្វ្រែល បានមានប្រសាសន៍ថា “ការចុះឈ្មោះបោះឆ្នោត នៅឆ្នាំ២០១២នេះ មានលក្ខណៈមានភាពមិនប្រក្រតីច្រើន ដូចការចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១១ អីចឹងដែរ”។
លោកបន្តថា ការកែលម្អបានតិចតួចណាស់ សម្រាប់ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ កំពុងដំណើរការនេះ។
លោក គល់ បញ្ញា បានមានប្រសាសន៍បន្តថា ការចុះឈ្មោះបោះឆ្នោត នៅពេលនេះ មានស្មៀនឃុំសង្កាត់មួយចំនួន បានបង្កភាពស្មុគស្មាញ ដល់ការចុះឈ្មោះបោះឆ្នោត ដូចជា មកធ្វើការយឺតយ៉ាវនៅពេលចុះឈ្មោះ និងពិបាករកឯកសារមកចុះឈ្មោះ ជាមួយគ្នានោះដែរ មានអ្នកខ្លះមិនបានមកបង្ហាញមុខ នៅពេលចុះឈ្មោះ បែរជាមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតដោយស្មៀន គ្រាន់តែមើលឯកសារហើយ ចុះឈ្មោះឲ្យដែលទង្វើនេះ នៅតែបន្តមាន។
លោក គល់ បញ្ញា បានមានប្រសាសន៍បញ្ជាក់បន្តថា “នៅតែមានការចេញអត្តសញ្ញាណ សម្រាប់ការបោះឆ្នោត នៅតែមាន ដោយគ្មានតម្លាភាព សម្រាប់អ្នកគាំទ្រគណបក្សកាន់អំណាច ចំណែកគណបក្សប្រឆាំង អត់មានលទ្ធភាពធ្វើបានដូចគណបក្សកាន់អំណាចឡើយ។ ជាងនេះទៀត គណបក្សនយោបាយនានា អត់មានលទ្ធភាពធ្វើអ្វីបានដូចសមាជិកក្រុមប្រឹក្សា និងស្មៀនឃុំសង្កាត់ នៃគណបក្សកាន់អំណាចទេ”។
លោកបានមានប្រសាសន៍បន្តថា តម្លាភាពនៃការចុះឈ្មោះ ដែលចូលរួមពីសមាជិក្រុមប្រឹក្សាឃុំសង្កាត់ មកពីគណបក្សនានា ក្នុងការចូលរួមក្នងការសង្កេតនៅពេលចុះឈ្មោះពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដែលអង្គការខុមហ្វ្រែលបានរកឃើញ។
លោកបន្តថា ការប្រជុំជាមួយគណបក្សនយោបាយនៅពេលនេះ គឺដើម្បីពិនិត្យលើគុណភាពបញ្ជីបោះឆ្នោត ពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ព្រោះនៅពេលដំណើរការចុះឈ្មោះបោះឆ្នោត ពុំសូវឃើញមានបញ្ហាធ្ងន់ធ្ងរទេ ប៉ុន្តែនៅពេលបិទបញ្ជីឈ្មោះវិញ បែរជាមានបញ្ហាមិនប្រក្រតីច្រើនកើតឡើង ដូចជា ការខុសឈ្មោះរបស់អ្នកបោះឆ្នោតមានច្រើន ហើយខុមហ្វ្រែល មានគំរោង និងធ្វើសវនកម្មទៅលើបញ្ជីឈ្មោះចុងក្រោយឆ្នាំ២០១២ ដូចការ ធ្វើសវនកម្មបញ្ជីឈ្មោះ នៅឆ្នាំ២០១១ ផងដែរ។
លោក គល់ បញ្ញា បានមានប្រសាសន៍បន្តថា លោកគាំទ្រសំណើររបស់គណបក្សប្រឆាំង ដែលសុំឲ្យមានការរុះរើ សមាសភាពក្បាលម៉ាស៊ីនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. គឺត្រូវតែឲ្យមានការចូលរួមធ្វើការជ្រើសរើសសមាសភាព គ.ជ.ប. ពីគ្រប់កណបក្សនយោបាយ ដែលមានអាសនៈ នៅក្នុងសភាជាតិ ដែលត្រូវធ្វើការជ្រើសរើសក្នុងរយៈពេល ៩ខែ មុនការបោះឆ្នោត យោងតាមមាត្រាទី១៣ នៃច្បាប់ស្តីពីការបោះឆ្នោត ដែលជាដំណោះស្រាយ សម្រាប់ឲ្យមានសេចក្តីទុកចិត្តគ្នាទៅលើសមាសភាព គ.ជ.ប. ពីព្រោះសមាសភាព គ.ជ.ប. សព្វថ្ងៃនេះ វាមានភាពរសើបណាស់ ពីព្រោះមានគណបក្សនយោបាយមួយចំនួន ពុំមានការរជឿទុកចិត្តលើការអនុវត្តនីតិវិធីរបស់ គ.ជ.ប.៕
2 comments:
ខុមហ្រ្វែល ឈ្មោះដ៏សែនពិរោះ ព្រមទាំងមាន
ន័យទូលំទូលាយទៀតផង ប៉ុន្ដែលទ្ធផលដែល
ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានបានទទួល គឺ
អវិជ្ជមានទាំងស្រុង ដូច្នេះ អស់លោកគួររិះ
រកយុទ្ធសាស្រ្តថ្មីសង្រ្គោះកម្ពុជា បើមិនចង់ឱ្យ
យួនឈ្លានពានលេបបំបាត់ ដ៏ឆាប់ៗក្នុង
អនាគតកាលដ៏ខ្លី។៣០ឆ្នាំកន្លងមកប្រជាពលរដ្ឋ
ខ្មែរឆ្អែតឆ្អន់បរបូរណ៍ហើយ សូមចាត់វិធានការណ៍
បំលាស់ប្ដូរយកថ្មីម្ដងទៅ ទើបឈ្មោះ ខុមហ្រ្វែល
រីកស្រស់ថ្លាសារជាថ្មី៕
នេះគឺជាការឆ្លើយតបទៅនឹងអត្ថបទមួយដែលបានចុះផ្សាយកាលពីថ្ងៃទី២៧ខែសីហាឆ្នាំ២០១២របស់KI(ទាយាទឃាតករនិងត្រកូលអសិរ្ពិស)ដែលសរសេរដោយលោកទេព មរកត។លោកធនសារាយ បច្ចុប្បន្នជាប្រធានសមាគមអាដហុកមានឈ្មោះដើមង៉ោហុងហួរព្រោះលោកជាកូនខ្មែរកាត់ចិននិងមានដើមកំណើតនៅស្រុកអូររាំងឪខេត្តកំពង់ចាម។លោកបានប្តូរឈ្មោះនៅឆ្នាំ១៩៧៩ពេលត្រឡប់ចូលមកទីក្រុងភ្នំពេញវិញព្រោះលោកបារម្ភពីការធ្វើទុក្ខបុកម្នេញរបស់វៀតណាមដែលតែងតែរើសអើងចំពោះអ្នកដែលមានសែស្រឡាយជាកូនខ្មែរកាត់ចិន។លោកជាអតីតអ្នកទោសនយោបាយក្នុងរបបខ្មែរក្រហមនិងរដ្ឋកម្ពុជា(គ្រប់គ្រងដោយវៀតណាម)
-នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(ខ្មែរក្រហម)រយៈពេល១០ខែដាក់ក្នុងមណ្ឌលអប់រំកែប្រែដោយចោទលោកថាពួកលន់ណុល ។
-ក្នុងរបបរដ្ឋកម្ពុជាចន្លោះឆ្នាំ១៩៩០១៩៩១រយៈពេល១៧ខែក្នុងស្ថានភាពគុកងងឹតនិងដាក់ខ្នោះជើងម្ខាង(មន្ទីរឃុំឃាំងតេបី)ដោយពួកគេចោទលោកថា ប្រឆាំងនឹងរបបសង្គមនិយម ។លោក ធន សារាយ ត្រូវបានដោះលែងក្រោយកិច្ចព្រមព្រាង សន្តិភាពក្រុងប៉ារីស នៅខែ ធ្នូឆ្នាំ១៩៩១លោក រួមទាំងអតីតអ្នកទោសនយោបាយមួយចំនួនទៀតបានសំរេចចិត្តនាំគ្នាបង្កើតសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជាដែលហៅកាត់ថាអាដហុកនេះឡើង និង ជួយការពារដល់សិទ្ធិជនក្រីក្រ ទន់ខ្សោយ គ្មានអំណាចជាច្រើនពាន់ម៉ឺននាក់ដែលទទួលរងនូវការរំលោភបំពានដោយអយុត្តិធម៌ពីសំណាក់អ្នកមានអំណាចនិងមានទ្រព្យខ្លះ។កត្តានេះហើយទើបក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះសមាគមតែងតែទទួលបាននូវការគាំទ្ររយ៉ាងពេញទំហ៊ឹងពីសំណាក់ប្រជាពលរដ្ឋខ្មែរទួទៅរហូតមានការទទួលស្គាល់ពីមតិជាតិនិងអន្តរជាតិថាជាអង្គការឯករាជ្យអព្យាក្រិត្យ ពិតប្រាកដ។ផ្ទុយទៅវិញគឺមានតែពួកជ្រុលនិយមខ្វះការពិតខ្លះទេដែលមិនទទួលស្គាល់ការងារទាំងនេះហើយតែងតែព្យាយាមប្រើប្រាស់គ្រប់ឧបាយកល់ទុច្ចរិត ដើម្បីបំផ្លាញ កិត្តិយស និងកេរ្តិឈ្មោះ របស់សមាគមអាដហុកដូច អត្ថបទនេះជាដើម។
ក្នុសកម្មភាពខាងលើមានបុគ្គលិកសមាគមមួយចំនួនត្រូវបានទទួលរងនូវការបំភិតបំភ័យការសំឡុតគំរាមកំហែងការប្រមាថអាយុជីវិតព្រមទាំងការប្តឹងផ្តល់ចោទប្រកាន់ទៅតុលាការ ពីសំណាក់ មន្រ្តី ដែលមានអំណាចខ្លាំងក្នុងរដ្ឋាភិបាលមួយចំនួន ដូចជាករណី លោកប៉ែន ប៊ុណ្ណារ៍ លោកសម ចន្ទ័គា និង លោកចាន់ សុវ៉េតថ្មីៗនេះជាដើម។ សមាគមអាដហុកក៏ធ្លាប់ទទួលរងការចោទប្រកាន់បែបលាបពណ៌យ៉ាងអយុត្តិធម៌ពីសំណាក់ក្រុមអ្នកនយោបាយជ្រុលនិយមដែលនៅតែប្រកាន់នូវទស្សនៈដូចពួកខ្មែរក្រហមថាបើមិនមែនមិត្តគឺជាសត្រូវ ទាំងនៅក្នុរដ្ឋាភិបាលក៏ដូចជានៅក្នុងគណបក្សប្រឆាំងជាពិសេសនៅពេលដែលអាដហុកនិយាយការពិតហើយនាំឲ្យប៉ះពាល់ឬបាត់បង់ផលប្រយោជន៏ ក្រុម ឬ បក្សរបស់គេ ជាក់ស្តែងដូចជាកន្លងមក នៅពេលដែលអាដហុកនិយាយត្រង់ៗប៉ះពាល់ទៅលើរដ្ឋាភិបាលខាងរដ្ឋាភិបាលចោទថាអាដហុកថាជាអង្គការប្រឆាំងផ្ទុយទៅវិញនៅពេលអាដហុកនិយាយពីអ្វីដែលរដ្ឋាភិបាលធ្វើត្រូវខាងបក្សប្រឆាំងថាអាដហុកជាពួករដ្ឋាភិបាល។ប៉ុន្តែត្រង់នេះយើងយល់ថាក៏ជាការល្អដែរព្រោះវាអាចបញ្ជាក់បានថា អាដហុកពិតជាអង្គការអព្យាក្រិត្យប្រាកដមែន ។
ចំពោះជីវភាពរស់នៅវិញ លោកធន សារាយ មានផ្ទះតែមួយគត់ដាក់ជួលជាទីស្នាក់ការកណ្តាលឲ្យសមាគមអាដហុកក្នុងតំលៃត្រឹមតែ១៥០០ដុល្លាប៉ុណ្ណោះក្នុងមួយខែដែលបច្ចុប្បន្នផ្ទះវីឡានៅកណ្តាលក្រុងភ្នំពេញ គេជួលបានរហូត ២០០០ដុល្លា ទៅ៣០០០ដុល្លាក្នុងមួយខែ។ហើយផ្ទះនេះលោកបានកាន់កាប់តាំងពីឆ្នាំ១៩៧៩មកម្ល៉េះបន្ទាប់ពីរបបខ្មែរក្រហមដួលរលមិនមែនបានមកក្រោយការបើកសមាគមនោះទេចំណែកផ្ទះដែលលោករស់នៅសព្វថ្ងៃទៀតសោត គឺជាផ្ទះល្វែងទទឹង៤ម៉ែត្រ បណ្តោយ១៥ម៉ែត្រតែប៉ុណ្ណោះ។ការរស់នៅបែបនេះគ្រាន់តែបង្ហាញថាលោកមានជីវភាពសមរម្យតែប៉ុណ្ណោះ មិនមែនដូចការចោទប្រកាន់របស់ KI ថាលោកមានទ្រព្យសម្បត្តិហូរហៀមានផ្ទះជួលជិត១០កន្លែងនិងរស់នៅផ្ទះធំជាងសណ្ឋារគារនោះទេ ។ដូច្នេះអ្នកដែលមានគំនិតជ្រុលនិយមពិសេសអ្នកនយោបាយខ្មែរគួរតែ មានភាពចាស់ទុំឡើង ឈប់មានទស្សនៈលាបពណ៌គ្នាទៅព្រោះការចោទប្រកាន់គ្នាបែបលាបពណ៌នេះធ្វើឲ្យខ្មែរស្លាប់យ៉ាងអយុត្តិធម៌ច្រើនលាននាក់ណាស់ដែលជាបទពិសោធន៏នៅក្នុងទសវត្សកន្លងមក។រីឯម្ចាស់អត្ថបទនោះទៀតសោត ក៏កុំសង្ឈឹមថាអត្ថបទ របស់ខ្លួន មួយនេះអាចមកបំផ្លាញកិត្តិនាមនិងកិត្តិស័ព្ទរបស់ សមាគមអាដហុកដែលជាអង្គការសិទ្ធមនុស្សមានឈ្មោះល្បីរន្ទឺហើយនោះឲ្យសាបសូន្យបានឲ្យសោះព្រោះប្រជាពលរដ្ឋខ្មែរបច្ចុប្បន្នគេចេះវិភាគថ្លឹងថ្លែងនិងពិចារណាបានយ៉ាងល្អលើគ្រប់ព្រឹត្តិការណ៍ដែលបានកើតឡើងថារឿងណាពិតរឿងណាមិនពិតហើយមិនមែនល្ងង់ខ្លៅចាំតែជឿលើពាក្យកុហកភូតភរពាក្យមុសាដែលគ្មានមូលដ្ឋានត្រឹមត្រូវនោះទៀតទេ៕
Post a Comment