Wednesday, September 19, 2012
The Philippine support reform of the NEC's composition
ហ្វីលីពីនគាំទ្រឲ្យមានការកែទម្រង់សមាសភាព គ.ជ.ប
2012-09-18
ដោយ ទីន ហ្សាការីយ៉ា
Radio Free Asia
ព្រឹទ្ធសភាប្រទេសហ្វីលីពីន (Philippine) បានអនុម័តលើសេចក្ដីសម្រេចគាំទ្រអនុសាសន៍របស់អ្នករាយការណ៍ពិសេសនៃ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya P. Subedy) ដែលទាមទារឲ្យមានការកំណែទម្រង់ គ.ជ.ប និងឲ្យស្ថាប័ននេះឯករាជ្យ ស្របទៅតាមស្តង់ដារអន្តរជាតិ។
ការទាមទារឲ្យមានការផ្លាស់ប្ដូរសមាសភាពស្ថាប័នគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) និងធ្វើកំណែទម្រង់ស្ថាប័ននេះ នៅតែជាបរិបទមិនច្បាស់លាស់នៅឡើយមកទល់ពេលនេះ។ ស្របពេលគ្នានេះ ព្រឹទ្ធសភាប្រទេសហ្វីលីពីន បានគាំទ្រឲ្យមានការកែទម្រង់ស្ថាប័ន គ.ជ.ប និងឲ្យលោក សម រង្ស៊ី ចូលស្រុកវិញ។
ការអនុម័តសេចក្ដីសម្រេចគាំទ្ររបស់អ្នករាយការណ៍ពិសេសនៃអង្គការ សហប្រជាជាតិនេះ នៅក្រោយពីកិច្ចប្រជុំមួយសប្ដាហ៍នៃគណៈកម្មការសភាអន្តរជាតិ សម្រាប់ការបោះឆ្នោតបែបប្រជាធិបតេយ្យនៅកម្ពុជា ដែលគេធ្វើឡើងនៅទីក្រុងម៉ានីល (Manila) ប្រទេសហ្វីលីពីន។
ប្រធានគណបក្ស សម រង្ស៊ី និងជាប្រធានចលនាសម្ព័ន្ធប្រជាធិបតេយ្យសង្គ្រោះជាតិ បានឲ្យដឹងពីប្រទេសឥណ្ឌូនេស៊ី (Indonesia) នៅថ្ងៃទី១៨ កញ្ញា ថា ព្រឹទ្ធសភាហ្វីលីពីន បានអនុម័តសេចក្ដីសម្រេចការគាំទ្រនេះ កាលពីថ្ងៃទី១៧ កញ្ញា ដោយទាមទារឲ្យមានការផ្លាស់ប្ដូរសមភាពមេដឹកនាំ គ.ជ.ប និងតម្រូវឲ្យមានសមាសភាពមកពីគ្រប់គណបក្សនយោបាយនៅស្ថាប័ន គ.ជ.ប គ្រប់លំដាប់ថ្នាក់ ដើម្បីធានាឲ្យការបោះឆ្នោតនៅឆ្នាំ២០១៣ ប្រកបដោយសេរី និងយុត្តិធម៌។
អនុសាសន៍របស់លោក សុរិយា ស៊ូប៊ែឌី ជាអ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិ មនុស្សប្រចាំនៅកម្ពុជា ដែលចេញផ្សាយកាលពីខែសីហា កន្លងទៅ បានរៀបរាប់ជាច្រើនចំណុច អំពីភាពចាំបាច់ត្រូវធ្វើកំណែទម្រង់ គ.ជ.ប នោះ។
ចំណុចទាំងនោះមានដូចជា ប្រធាន គ.ជ.ប ថ្នាក់ជាតិ និងថ្នាក់ខែត្រ ត្រូវតែមានភាពឯករាជ្យ និងត្រូវតែបញ្ចូលតំណាងគណបក្សមកពីគ្រប់គណបក្សនយោបាយដែលមានអាសនៈ នៅក្នុងរដ្ឋសភា។ ការបោះឆ្នោតនោះធ្វើយ៉ាងណាឲ្យទទួលយកបាន។ គ្រប់គណបក្សប្រឆាំងទាំងអស់ត្រូវតែមានសេរីភាពក្នុងការធ្វើ យុទ្ធនាការឃោសនាបោះឆ្នោតដោយគ្មានការភ័យខ្លាច និងរាំងស្ទះ។ ការបោះឆ្នោតមិនមែនជាថ្ងៃបោះឆ្នោតនោះទេ ប៉ុន្តែជាថ្ងៃបង្ហាញអំពីសិទ្ធិមនុស្សទូទៅនៅកម្ពុជា។
នៅក្នុងរបាយការណ៍នោះក៏ទាមទារឲ្យមានដំណោះស្រាយផ្នែកនយោបាយ ពោលគឺរដ្ឋាភិបាលត្រូវបើកផ្លូវឲ្យលោក សម រង្ស៊ី មកចូលរួមនៅក្នុងដំណើរការបោះឆ្នោតនៅពេលខាងមុខ។
ព្រឹទ្ធសភាប្រទេសហ្វីលីពីន បានអនុម័តការគាំទ្ររបាយការណ៍អ្នករាយការណ៍ពិសេសនៃអង្គការសហ ប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជានេះ នៅស្របពេលក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ កញ្ញា បានចេញលិខិតអនុញ្ញាតឲ្យតំណាងគណបក្សសិទ្ធិមនុស្ស និងតំណាងគណបក្ស សម រង្ស៊ី ចូលជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដើម្បីពិភាក្សាស្ដីពីការផ្លាស់ប្ដូរសមាសភាព គ.ជ.ប បន្ទាប់ពីក្រសួងមហាផ្ទៃ បានចេញលិខិតបដិសេធចំពោះការស្នើសុំរបស់គណបក្សប្រឆាំង កាលពីថ្ងៃទី៣០ សីហា ឆ្នាំ២០១២។
លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស មានប្រសាសន៍ថា នេះជាសញ្ញាល្អមួយដែលក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យតំណាងគណបក្សប្រឆាំងទាំងពីរជួបពិភាក្សាគ្នាអំពីការ ផ្លាស់ប្ដូរសមាសភាព គ.ជ.ប ដើម្បីរកដំណោះស្រាយមួយដែលអាចទទួលយកបានទាំងអស់គ្នា។
លិខិតរបស់លោកឧបនាយករដ្ឋមន្រ្តី ស ខេង ចុះថ្ងៃទី៧ កញ្ញា បានឆ្លើយតបថា ការស្នើសុំផ្លាស់ប្ដូរសមាសភាព គ.ជ.ប ថ្នាក់ជាតិ និងថ្នាក់ខែត្រនោះ ថានឹងនាំឲ្យមានភាពជាប់គាំងក្នុងការបង្កើត គ.ជ.ប ដែលភាពជាប់គាំងនេះនឹងមិនអាចធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅ បានឡើយ ម្យ៉ាងទៀតនឹងធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពនយោបាយ សង្គម និងការអភិវឌ្ឍប្រទេសជាតិ។
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា មានប្រសាសន៍ថា ការទាមទារឲ្យមានការផ្លាស់ប្ដូរសមាសភាព គ.ជ.ប នេះ គណបក្សប្រឆាំងតែងទាមទារជាហូរហែមក និងចោទប្រកាន់ថា គ.ជ.ប មិនឯករាជ្យជាដើម។ លោក ទេព នីថា បញ្ជាក់ថា រដ្ឋសភាបានធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ គ.ជ.ប ចំនួនបីលើកមកហើយ។
ប្រទេសកម្ពុជារៀបចំឲ្យមានការបោះឆ្នោតតាំងពីឆ្នាំ១៩៩៣ មក ដែលរៀបចំដោយអង្គការសហប្រជាជាតិ។ បន្ទាប់ពីការបោះឆ្នោតឆ្នាំ១៩៩៣ កម្ពុជាបានរៀបចំច្បាប់បោះឆ្នោតដោយខ្លួនឯង និងបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលស្ថាប័ននេះបានរៀបចំការបោះឆ្នោតចាប់ពីអាណត្តិទី២ ឆ្នាំ១៩៩៨ មកដល់បច្ចុប្បន្ន។
រដ្ឋធម្មនុញ្ញកម្ពុជា បានចែងថា គណៈកម្មាធិការរៀបចំការបោះឆ្នោត គ.ជ.ប ជាស្ថាប័នឯករាជ្យ និងអព្យាក្រឹត្យ។ ផ្ទុយទៅវិញ នៅរាល់ពេលការរៀបចំការបោះឆ្នោតម្ដងៗ ស្ថាប័នមួយនេះទទួលរងនូវការរិះគន់ពីគណបក្សប្រឆាំង និងស្ថាប័នឃ្លាំមើលការបោះឆ្នោតជាតិ និងអន្តរជាតិ ថាស្ថាប័ន គ.ជ.ប មិនឯករាជ្យទៅវិញ។
ប្រធានគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា លោកបណ្ឌិត ហង្ស ពុទ្ធា បានលើកឡើងថា ស្ថាប័ន គ.ជ.ប មានតួនាទីសំខាន់ទទួលខុសត្រូវចំពោះមុខច្បាប់ ក្នុងការធានាឲ្យមានការបោះឆ្នោតសេរី និងត្រឹមត្រូវ។
ម្យ៉ាងវិញទៀត អ្នកវិភាគឯករាជ្យបានពន្យល់ថា ការទាមទារឲ្យមានការផ្លាស់ប្ដូរសមាសភាព គ.ជ.ប មិនមែនជាកត្តាសំខាន់ទាំងស្រុងនោះទេ សំខាន់នៅត្រង់ថា ក្រុមអង្គការឃ្លាំមើលការបោះឆ្នោត គណបក្សប្រឆាំងត្រូវទាមទារឲ្យស្ថាប័ន គ.ជ.ប ឲ្យមានស្តង់ដារវិញជាការប្រសើរជាង។
អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី បានបញ្ចេញទស្សនៈថា នៅក្នុងបរិបទកម្ពុជា បច្ចុប្បន្ន ចាំបាច់ត្រូវរៀបចំឲ្យ គ.ជ.ប មានស្តង់ដារ ដើម្បីកំណត់ថា ល្អ ឬ ត្រឹមត្រូវ ឬមិនទទួលយកបានចំពោះលទ្ធផលបោះឆ្នោតនោះវិញប្រសើរជាងការ ផ្លាស់ប្ដូរមនុស្ស តែប្រព័ន្ធបោះឆ្នោតនៅដដែលនោះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ត្រូវបានរដ្ឋសភាបានធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ស្ថាប័ននេះចំនួនបីដងរួចមកហើយ។ លើកទី១ នៅឆ្នាំ១៩៩៨ លើកទី២ នៅក្នុងឆ្នាំ២០០២ និងលើកទី៣ នៅឆ្នាំ២០០៦។
ភ្ជាប់ទៅនឹងបញ្ហានេះ ទោះបីជាព្រឹទ្ធសភាប្រទេសហ្វីលីពីន បានគាំទ្រឲ្យមានការផ្លាស់ប្ដូរសមាសភាព គ.ជ.ប ជាថ្មីម្ដងទៀត ទៅតាមការទាមទាររបស់អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា និងគណបក្សប្រឆាំងក្ដី ប៉ុន្តែគេមិនទាន់ដឹងនៅឡើយទេថា តើក្រសួងមហាផ្ទៃ នឹងយល់ព្រមតាមសំណើរបស់គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស នៅពេលតំណាងគណបក្សទាំងពីរទៅជួបពិភាក្សាគ្នាអំពីបញ្ហានេះនៅ ក្រសួងមហាផ្ទៃ ជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ កញ្ញា ខាងមុខ ឬយ៉ាងណានៅឡើយទេ?
Subscribe to:
Post Comments (Atom)
1 comment:
គ្រាន់តែចង់ដឹងដែរថា ចុះហេតុហេតុអ្វីដំណាង
អង្គការសហប្រជាជាតិរូបនោះមិនរករឿងប្រកាស
ជួយខ្មែរពីមុនមក?
Post a Comment