លោក ទូច ណារ៉ុថ (ឆ្វេង) ក្នុងពិធីដោះដូរតំណែង កាលពីដើមខែនេះ។ រូបថត វីរៈ ម៉ៃ |
Monday, 29 October 2012
តុង សុប្រាជ្ញ
The Phnom Penh Post
ក្នុងខែតុលានេះ ឃើញមានការដោះដូរតំណែង ស្នងការរាជធានីភ្នំពេញ លោក ទូច ណារ៉ុថ និងស្នងការខេត្តព្រះវិហារ លោក ម៉ៅ ពៅ គួរឲ្យកត់សម្គាល់។ តើការដោះដូរតំណែងហួសកន្លែងខ្លាញ់ និងមានអំណាចនេះ មកពីខ្សោយក្នុងការគ្រប់គ្រងគ្រឿងញៀន អាវុធជាតិផ្ទុះ និងក្មេងទំនើង?ឬមួយក៏មន្ត្រីសមត្ថកិច្ចបាញ់បោះសេរីបែបទំនើង ខ្លួនឯងដែរ?
តើការដោះដូរតំណែងនេះ មកពីខុសសែស្រឡាយក្នុងជួរបក្ស? ករណីលោក ម៉ៅ ពៅ ដែលបានបាញ់បោះទំនើងនៅខេត្តសៀមរាប កាលពីចុងខែកញ្ញាកន្លងទៅនេះ គឺអនុវត្តទៅតាមប្រសាសន៍លោកនាយករដ្ឋមន្ត្រី គឺបានត្រឹមតែឃាត់ខ្លួន និងដោះដូរតំណែង។ តែបើអនុវត្តតាមច្បាប់ក្រមព្រហ្មទណ្ឌថ្មីឆ្នាំ ២០១០ វិញស្តីពីការប្រើអាវុធ និងជាតិផ្ទុះខុសច្បាប់ តាមមាត្រា ៤៨៩៖
«...សន្និធិអាវុធ សម្រាប់ប្រហារផ្សេងទៀត ដូចជា ចំពុះទុង ដាវ ស្នាប់ដៃ ជាអាទិ៍ សម្រាប់សម្លាប់ ឬធ្វើឲ្យរបួស ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល»។ តែបើបានបាញ់ហើយបណ្តាលឲ្យរងរបួស និងគ្រោះថ្នាក់ដល់ជីវិត គឺត្រូវអនុវត្តទៅតាមមាត្រា ស្តីពីបទមនុស្សឃាតដោយចេតនា ឬអចេតនាទៅវិញ។ ដូច្នេះសម្រាប់ករណីលោក ម៉ៅ ពៅ ដែលបានប្រើអាវុធខុសច្បាប់ គឺត្រូវជាប់ទោសយ៉ាងតិច ២ ឆ្នាំ ហើយពិន័យជាប្រាក់ទៀត។ ឯណាទៅភាពស្មើគ្នាចំពោះមុខច្បាប់នោះ? ឯណាទៅនីតិរដ្ឋនៅស្រុកខ្មែរនោះ?
ចំណែកឯសំណុំរឿង លោក ឈូក បណ្ឌិត អតីតចៅហ្វាយក្រុងបាវិត ដែលប្រើប្រាស់អាវុធខុសច្បាប់ បានបាញ់បោះទំនើងទៅលើហ្វូងបាតុករឲ្យរបួស៣នាក់នៅក្រុងបាវិត តាំងពីដើមឆ្នាំមកម្ល៉េះ។ ហេតុអ្វីបានសមត្ថកិច្ចថ្នាក់ដឹកនាំ បានត្រឹមតែដកចេញពីតំណែង ហើយមិនត្រឹមតែប៉ុណ្ណោះទៀតសោធ គឺឱបក្រសោបផ្តល់ជម្រកដល់ជនដៃដល់នេះទៀត? នេះមកតែពី លោកឈូក បណ្ឌិតហ្នឹងត្រូវជាសែស្រឡាយក្នុងបក្សបានជាករណីនេះត្រូវតុលាការ រុញទៅរុញមក មិនចោទប្រកាន់ និងដាក់ទោសសោះយ៉ាងនេះ? មកតែពីតុលាការចិត្តធម៌? យ៉ាងណាមិញសំណុំរឿង លោក ឡាយ វណ្ណៈ អភិបាលរងខេត្តតាកែវ ដែលជាកូនប្រសាលោក ស៊ូ ភិរិន្ទ អភិបាលខេត្តសៀមរាប បានបាញ់ម្ចាស់ខារ៉ាអូខេដោយប្រើគ្រាប់ប្រៃទៀតនៅដើម ខែមុននេះ ហើយករណីនេះត្រូវបានបំបិទមាត់ បិទសំណុំរឿងតុលាការឲ្យជិតឈឹង។ ករណីគឺចោទពីបទមនុស្សឃាតដោយចេតនា ឬអចេតនាទៅតាមជាក់ស្តែង? គឺមិនត្រូវឲ្យអ្នកប្រព្រឹត្តខុសច្បាប់ក្រមព្រហ្មទណ្ឌ ទៅជាផ្តល់សំណងតាមច្បាប់រដ្ឋប្បវេណីរវាងភាគីជនរងគ្រោះទៅវិញ ឯអ្នកប្រព្រឹត្តនៅតែរួចខ្លួននោះទេ។
កាលពីសប្ដាហ៍មុន បន្ទាប់ពីរាជរដ្ឋាភិបាលទើបតែដកបម្រាមកន្លែងកម្សាន្តនានាដើម្បី កាន់មរណទុក្ខព្រះបរមសពសម្តេចឪក៏ស្រាប់តែមានមន្ត្រីមាន អាវុធ និងជាកូនឧកញ៉ាទៀត បានបាញ់បោះផ្អើលរត់ជាន់គ្នា នៅហាងខារ៉ាអូខេ X2 ដែលមានចម្ងាយប្រហែលជា ៥០០ ម៉ែត្រ ពីព្រះបរមរាជវាំង ជាកន្លែងកំពុងតម្កល់សពព្រះអង្គផង។ ឯណាទៅការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពនោះ? ចុះបើមន្ត្រីសមត្ថកិច្ចខ្លួនឯង អាងតែមានកាំភ្លើង ដើរតែបាញ់បោះសេរី បង្កអសន្តិសុខខ្លួនឯង ចំពោះសង្គមបែបហ្នឹងតើឲ្យប្រជាពលរដ្ឋសង្ឃឹមអ្នកណាទៀត? មិនត្រឹមតែប៉ុណ្ណោះទេគឺថែមទាំងជាគំរូអាក្រក់ ដល់យុវជន ដែលអាចឲ្យពួកគេធ្វើត្រាប់តាម ទៅជាក្មេងទំនើង ដោយមិនដឹងខ្លួន។ នេះជាមេរៀនមន្ត្រីទំនើងទី ១។
ឯមេរៀនបែបទំនើងទី ២ នោះ គឺបទចម្រៀងខារ៉ាអូខេ ដូចជា បទ៖«ដើរវ៉ៃ ដើរវ៉ៃគេ!» របស់ផលិតកម្ម U2 ច្រៀងដោយ កញ្ញាតាតា បានបង្ហាញពីការរាំកាច់គ្នាហើយវាយគ្នាជាក្រុមប្រាវៗ។ ឯបទចម្រៀងថ្មីមួយទៀត ទើបចេញកាលពីមុនពេលចូលឆ្នាំខ្មែរ ដែលជាទីពេញនិយមផងនោះគឺបទ៖ «ជើងកាងស្រុកស្រែ» របស់ផលិតកម្មថោន ច្រៀងដោយលោក សុគន្ធ ថេរ៉ាយុ គឺក្នុងបទចម្រៀងពោលថា៖ «..មានធុងបាស នៅភូមិណាគឺមានមុខវានៅភូមិនោះ បើឃើញមុខ វាតែងតែមានរឿងរ៉ាវឈ្លោះគ្នា...ឱជើងកាងស្រុកស្រែៗ បើមិនបានវ៉ៃគេ ដេកមិនលក់ទេ បានរំាធុងបាស ប្រមូលបក្ខពួក វ៉ៃនេះវ៉ៃនោះឲ្យផ្អើលគេឯង!...» ហើយរូបភាពក្នុងមួយបទនោះ គឺសុទ្ធតែជាសកម្មភាពបែបទំនើង របស់យុវជននៅស្រុកស្រែទាំងអស់។ សំណួរសួរទៅម្ចាស់ផលិតកម្ម និងអ្នកនិពន្ធបទចម្រៀងធុនៗហ្នឹង ជួយដល់សង្គមអ្វីខ្លះ? ហើយហេតុអ្វី បានជាក្រសួងវប្បធម៌ បិទភ្នែកធ្វើមិនដឹងមិនឮ ចំពោះបញ្ហានេះ? ឬមួយឲ្យតែបានលុយដាក់ហោប៉ៅហើយ ចង់ផលិតកម្មណាធ្វើអីធ្វើទៅ? បទចម្រៀងទំាងនេះ គឺផ្តល់មេរៀនអាក្រក់ដល់យុវជនខ្មែរ ដែលងាយឲ្យទៅជាទំនើងមិនដឹងខ្លួនផងដែរ។ ឱ! យុវជនជាសសរទ្រូងនៃប្រទេសជាតិយ៉ាងដូចម្តេចទៅ បើបទចម្រៀងចេញមកសុទ្ធបែបបណ្តុះ និងបង្ហាញតែគំនិតបែបទំនើងបែបនេះ?
ឯមេរៀនបែបទំនើងទី ៣ នោះ គឺការកំប្លែងបែបទំនើង របស់ក្រុមនាយក្រឹម ក្រុមនាយកុយ និងក្រុមនាយសាន់ម៉ៅ នោះ គឺភាគច្រើនបង្ហាញតែរបៀបហិង្សា តាមពាក្យសម្តី និងកាយវិការរបស់ពួកគេ ដែលធ្វើឲ្យយុវជន ងាយនឹងធ្វើតម្រាប់តាមបែបទំនើងនេះណាស់។ ឧទាហរណ៍៖ ក្រុមនាយក្រឹមក៏បានទៅលេងកំប្លែង កម្មវិធីតន្ត្រីស្រុកស្រែ របស់ទូរទស្សន៍ប៉ុស្តិ៍បាយ័ន កាលពីថ្ងៃទី ៣០ ខែកញ្ញា ក៏មិនខុសពីសម្តែងលើកមុនៗដែរ ដែលនាយក្រឹម ដើរតួជាកូនរបស់នាយក្តិប និងយាយ«ឆយ»។ ពេលកំពុងសម្របសម្រួលគ្នាជានាគ្នារវាងនាយក្រឹម និងប្រពន្ធ ស្រាប់តែនាយក្តិបលេងដូចសព្វដង បញ្ចេញកាយវិការរកវាយ នាយក្រឹមដែលជាកូន ខណៈនោះដែលនាយក្រឹម ក៏ហក់់ចូលមកដែរយារដៃរកវាយនាយក្តិបជាឪពុកទៅវិញ។ នាយក្តិប បានគំហកឲ្យនាយក្រឹមថា៖«អូអ្ហែងបម្រុងតដៃអាញ! តិចដាក់មួយមែនឥឡូវ!» នាយក្រឹមបានតបវិញថា៖
«ចុំពុកឯងចង់រកវាយខ្ញុំអីចុះ!»។ តើពេលណាទើបមន្រ្តីក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ចាត់វិធានការរឿងនេះ?
មាន សំណួរមួយដែលចោទឡើងដោយមនុស្សជាច្រើនថា ហេតុអ្វីបានជាវប្បធម៌ និងសីលធម៌សង្គមធ្លាក់ចុះ? នោះគឺមេរៀនបែបទំនើងទាំង ៣ នេះ ហើយ ដែលផ្តល់ផលអាក្រក់ ទៅសង្គមដែលពលរដ្ឋមួយថ្ងៃៗដេកតែព្រួយបារម្ភ ពីសុវត្ថិភាព ជាពិសេសយុវជនដែលងាយនឹងធ្វើតម្រាប់តាមបែបទំនើងទាំងនេះ ដែលបង្កឲ្យកើនឡើងនូវអសន្តិសុខនៅក្នុងសង្គម ដែលកម្ពុជា កំពុងធ្វើជាម្ចាស់ផ្ទះសម្រាប់ប្រជុំអាស៊ានផងនោះ។ ហេតុដូច្នេះហើយ សមត្ថកិច្ច គួរតែចាត់ការតាមផ្លូវច្បាប់ឲ្យមានប្រសិទ្ធភាព ជាងការអនុវត្តតាមប្រសាសន៍ ដោយផ្តោតទៅលើមន្ត្រីទំនើង ដែលជាគំរូអាក្រក់ដល់យុវជន។ ក្រៅពីការអនុវត្តច្បាប់ គឺពង្រឹងទៅលើការអប់រំតាមប្រព័ន្ធផ្សព្វផ្សាយ នូវអ្វីៗជាគំរូល្អៗសម្រាប់យុវជន និងសង្គមជាតិ។ បើសង្កេតមើលរឿងកូរ៉េ ឥឡូវនេះគឺលែងសម្តែងនៅអំពើហិង្សា និងបាញ់ប្រហារគ្នា តែបែរទៅជាការប្រយុទ្ធគ្នាតាមរបៀបអប់រំ រកស៊ី និងជំនួញជួញដូរចំណេញខាតរបស់ក្រុមហ៊ុនទៅវិញ។ ហេតុអ្វីបានជា ទំាងមន្ត្រីសមត្ថកិច្ចទំនើង ទាំងអ្នកនិពន្ធបទចម្រៀង ទាំងអ្នកកំប្លែងនៅតែបង្ហាញតែភាពហិង្សាដាក់គ្នាទៀត? ទំាងអស់នេះមិនមែនបណ្តាលមកពីសង្គ្រាម ឬក៏សម័យខ្មែរក្រហមទៀតទេ គឺត្រូវគិតគូរពីអ្វីៗដែលកើតឡើងនាពេលបច្ចុប្បន្ននេះឯណេះវិញ វាប្រសើរជាង៕
1 comment:
ដរាបណា សង្គមខ្មែរមានមេដឹកនាំពាល
ច្រលោងខាមបែបនេះ មនុស្សពាលសេព
គ្រឿងញៀននិងអំពើហិង្សានៅតែមានក្នុង
សង្កមខ្មែរ ទាល់តែអូសកអាជនពាលចេញ
ពីអំណាច ហើយរៀបចំប្រព័ន្ធអប់រំឲ្យសម
តាមប្រទេសដែលកាន់សាសនាព្រះពុទ្ធ។
Post a Comment