Monday, October 29, 2012

វប្បធម៌​ទំនើង​អុកឡុក​ភាព​សុខសាន្ត​ក្នុង​សង្គម

លោក ទូច ណារ៉ុថ (ឆ្វេង) ក្នុង​ពិធី​ដោះ​ដូរ​តំណែង​ កាល​ពី​ដើម​ខែ​នេះ​។ រូបថត វីរៈ ម៉ៃ

Monday, 29 October 2012
តុង សុប្រាជ្ញ
The Phnom Penh Post

ក្នុង​ខែ​តុលា​នេះ ឃើញ​មាន​ការ​ដោះ​ដូរ​តំណែង ស្នងការ​រាជធានី​ភ្នំពេញ​ លោក​ ទូច​ ណារ៉ុថ​ និង​ស្នង​ការ​ខេត្ត​ព្រះវិហារ​ លោក ​ម៉ៅ ​ពៅ គួរ​ឲ្យ​កត់​សម្គាល់​។​ តើ​ការ​ដោះ​ដូរ​តំណែង​ហួស​កន្លែង​ខ្លាញ់ ​និង​មាន​អំណាច​នេះ ​មក​ពី​ខ្សោយ​ក្នុង​ការ​គ្រប់គ្រង​គ្រឿង​ញៀន​ អាវុធ​ជាតិ​ផ្ទុះ ​និង​ក្មេង​ទំនើង​?​ឬ​មួយ​ក៏​មន្ត្រី​សមត្ថកិច្ច​បាញ់​បោះ​សេរី​បែប​ទំនើង​ ខ្លួន​ឯង​ដែរ?​

តើ​ការ​ដោះ​ដូរ​តំណែង​នេះ ​មក​ពី​ខុស​សែ​ស្រឡាយ​ក្នុង​ជួរ​បក្ស​?​ ករណី​លោក​ ម៉ៅ​​ ពៅ​​ ដែល​បាន​បាញ់​បោះ​ទំនើង​នៅ​ខេត្ត​សៀមរាប ​កាល​ពី​ចុង​ខែ​កញ្ញា​កន្លង​ទៅ​នេះ​ គឺ​អនុវត្ត​ទៅ​តាម​ប្រសាសន៍​លោក​នាយក​រដ្ឋ​មន្ត្រី​ គឺ​បាន​ត្រឹម​តែ​ឃាត់​ខ្លួន​ និង​ដោះ​ដូរ​តំណែង​។​ ​តែ​បើ​អនុវត្ត​តាម​ច្បាប់​ក្រម​ព្រហ្ម​ទណ្ឌ​ថ្មី​ឆ្នាំ ២០១០ ​វិញ​ស្តី​​ពី​​ការ​​ប្រើ​អាវុធ​​ និង​ជា​តិ​​ផ្ទុះ​​​ខុស​ច្បាប់ ​តាម​មាត្រា ៤៨៩៖
«...សន្និធិ​អាវុធ ​សម្រាប់​ប្រហារ​ផ្សេង​ទៀត ដូច​ជា ចំពុះ​ទុង ដាវ ស្នាប់​ដៃ ជាអាទិ៍ សម្រាប់​សម្លាប់​ ឬ​ធ្វើ​ឲ្យ​របួស​ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី ២ (ពីរ)​ ឆ្នាំ ទៅ ៥ (ប្រាំ) ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤.០០០.០០០​ (បួន​លាន​) ​រៀល ​ទៅ ​១០.០០០.០០០ ​(ដប់​លាន​) ​រៀល»។ ​តែ​បើ​បាន​បាញ់​ហើយ​បណ្តាល​ឲ្យ​រង​របួស និង​គ្រោះ​ថ្នាក់​ដល់​ជីវិត​ គឺ​​ត្រូវ​អនុវត្ត​ទៅ​តាម​មាត្រា​ ស្តី​ពី​បទ​មនុស្ស​ឃាត​ដោយ​ចេតនា ឬ​អចេតនា​ទៅ​វិញ​។ ដូច្នេះ​សម្រាប់​ករណី​លោក​​ ម៉ៅ ​ពៅ ​ដែល​បាន​ប្រើ​អាវុធ​ខុស​ច្បាប់​ គឺ​ត្រូវ​ជាប់​ទោស​យ៉ាង​តិច​ ២ ឆ្នាំ ហើយ​ពិន័យ​ជា​ប្រាក់​ទៀត។ ឯណា​ទៅ​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់​នោះ​? ឯណា​ទៅ​នីតិរដ្ឋ​នៅ​ស្រុក​ខ្មែរ​នោះ?


ចំណែក​ឯ​សំណុំ​រឿង​ លោក ឈូក​ បណ្ឌិត​ អតីត​ចៅហ្វាយ​ក្រុង​បាវិត​ ដែល​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​ បាន​បាញ់​បោះ​ទំនើង​ទៅ​លើ​ហ្វូង​បាតុករ​ឲ្យ​របួស​៣នាក់​នៅ​ក្រុង​បាវិត​ តាំង​ពី​ដើម​ឆ្នាំ​មក​ម្ល៉េះ។​ ហេតុ​អ្វី​បាន​សមត្ថកិច្ច​ថ្នាក់​ដឹកនាំ​ បាន​ត្រឹម​តែ​ដក​ចេញ​ពី​តំណែង​ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទៀត​សោធ​ គឺ​ឱប​ក្រសោប​ផ្តល់​ជម្រក​ដល់​ជនដៃ​ដល់​នេះ​ទៀត? នេះ​មក​តែ​ពី ​លោក​ឈូក បណ្ឌិត​ហ្នឹង​ត្រូវ​ជា​សែ​ស្រឡាយ​ក្នុង​បក្ស​បាន​ជា​ករណី​នេះ​ត្រូវ​តុលាការ ​រុញ​ទៅ​រុញ​មក​ មិន​ចោទ​ប្រកាន់ និង​ដាក់​ទោស​សោះ​យ៉ាង​នេះ?​ មក​តែ​ពី​តុលាការ​ចិត្ត​ធម៌​? យ៉ាង​ណា​មិញ​សំណុំ​រឿង​ លោក​ ឡាយ​ វណ្ណៈ​ អភិបាល​រង​ខេត្ត​តាកែវ​ ដែល​ជា​កូន​ប្រសាលោក ​ស៊ូ ភិរិន្ទ អភិបាល​ខេត្ត​សៀមរាប បាន​បាញ់​ម្ចាស់​ខារ៉ាអូខេ​ដោយ​ប្រើ​គ្រាប់​ប្រៃ​ទៀត​នៅ​ដើម ខែ​មុន​នេះ ហើយ​ករណី​នេះ​ត្រូវ​បាន​បំបិទ​មាត់ បិទ​សំណុំ​រឿង​តុលាការ​ឲ្យ​ជិត​ឈឹង​។​ ករណី​គឺ​ចោទ​ពី​បទ​មនុស្ស​ឃាត​ដោយ​ចេតនា ​ឬ​អចេតនា​ទៅ​តាម​ជាក់​ស្តែង​? គឺ​​មិន​​ត្រូវ​​ឲ្យ​​អ្នក​​ប្រព្រឹត្ត​ខុស​​ច្បាប់​​ក្រម​​ព្រហ្ម​ទណ្ឌ​ ទៅ​ជា​ផ្តល់​សំណង​តាម​ច្បាប់​​រដ្ឋ​ប្បវេណី​រវាង​​ភាគី​ជន​រងគ្រោះ​ទៅវិញ ឯ​អ្នក​ប្រព្រឹត្ត​នៅ​តែ​រួច​ខ្លួន​នោះ​ទេ​។

កាលពី​សប្ដាហ៍​មុន បន្ទាប់​ពី​រាជរដ្ឋាភិបាល​ទើប​តែ​ដក​បម្រាម​កន្លែង​កម្សាន្ត​នានា​ដើម្បី កាន់​មរណទុក្ខ​ព្រះបរម​សព​សម្តេច​ឪ​ក៏​ស្រាប់​តែ​មាន​មន្ត្រី​មាន អាវុធ និង​ជា​កូន​ឧកញ៉ា​ទៀត បាន​បាញ់​បោះ​ផ្អើល​រត់​ជាន់​គ្នា ​នៅ​ហាង​ខារ៉ាអូខេ​ X2 ​ដែល​មាន​ចម្ងាយ​ប្រហែល​ជា ​៥០០ ​ម៉ែត្រ​ ពី​ព្រះបរម​រាជវាំង ​ជា​កន្លែង​កំពុង​តម្កល់​សព​ព្រះអង្គ​ផងឯណា​ទៅ​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​នោះ​? ​ចុះ​បើ​មន្ត្រី​សមត្ថកិច្ច​ខ្លួន​ឯង ​អាង​តែ​មាន​កាំភ្លើង​ ដើរ​តែ​បាញ់​បោះ​សេរី​ បង្ក​អសន្តិសុខ​ខ្លួន​ឯង​ ចំពោះ​សង្គម​បែប​ហ្នឹង​តើ​ឲ្យ​ប្រជាពលរដ្ឋ​សង្ឃឹ​ម​អ្នក​ណា​ទៀត​? មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ​គឺ​ថែម​ទាំង​ជា​គំរូ​អាក្រក់​ ដល់​យុវជន​ ដែល​អាច​ឲ្យ​​ពួក​គេ​ធ្វើ​ត្រាប់​តាម​ ទៅ​ជា​ក្មេង​ទំនើង ដោយ​មិន​ដឹង​ខ្លួន​។ ​ នេះ​ជា​មេរៀន​មន្ត្រី​ទំនើង​ទី​ ១​។​

ឯ​មេរៀន​បែប​ទំនើង​ទី ២ នោះ គឺ​បទ​ចម្រៀង​ខារ៉ាអូខេ​ ដូច​ជា​ បទ​៖«ដើ​រវ៉ៃ ​ដើរ​វ៉ៃគេ​!» របស់​ផលិតកម្ម U2​ ច្រៀង​ដោយ កញ្ញា​តាតា ​បាន​បង្ហាញ​ពី​ការ​រាំកាច់​គ្នា​ហើយ​វាយ​គ្នា​ជា​ក្រុម​ប្រាវៗ​។ ឯ​បទ​ចម្រៀង​ថ្មី​មួយ​ទៀត​ ទើប​ចេញ​កាល​ពី​មុន​ពេល​ចូល​ឆ្នាំ​ខ្មែរ​ ដែល​ជា​ទី​ពេញ​និយម​ផង​នោះ​គឺ​ប​ទ​៖ «​ជើង​កាង​ស្រុក​ស្រែ​»​ របស់​ផលិត​កម្ម​ថោន​ ច្រៀង​ដោយ​លោក ​សុគន្ធ ​ថេរ៉ាយុ គឺ​ក្នុង​បទ​ចម្រៀង​ពោល​ថា​៖ «.​.មាន​ធុង​បាស ​នៅ​ភូមិ​ណា​គឺ​មាន​មុខ​វា​នៅ​ភូមិ​នោះ បើ​ឃើញ​មុខ​ វា​តែង​តែ​មាន​រឿង​រ៉ាវ​ឈ្លោះ​គ្នា...ឱ​ជើង​កាង​ស្រុក​ស្រែៗ​ បើ​មិន​បាន​វ៉ៃ​គេ​ ដេក​មិន​លក់​ទេ ​បាន​រំាធុង​បាស​ ប្រមូល​បក្ខ​ពួក​ វ៉ៃ​នេះ​វ៉ៃ​នោះ​ឲ្យ​ផ្អើល​គេ​ឯង!...» ហើយ​រូប​ភាព​ក្នុង​មួយ​បទ​នោះ គឺ​សុទ្ធ​តែ​ជា​សកម្មភាព​បែប​ទំនើង របស់​យុវជន​នៅ​ស្រុក​ស្រែ​ទាំង​អស់​។ សំណួរ​សួរ​ទៅ​ម្ចាស់​ផលិតកម្ម និង​អ្នក​និពន្ធ​បទ​ចម្រៀង​ធុនៗ​ហ្នឹង​ ជួយ​ដល់​សង្គម​អ្វី​ខ្លះ​? ហើយ​ហេតុ​អ្វី​ បាន​ជា​ក្រសួង​វប្បធម៌​ បិទ​ភ្នែក​ធ្វើ​មិន​ដឹង​មិន​ឮ ចំពោះ​បញ្ហា​នេះ​?​ ឬ​មួយ​ឲ្យ​តែ​បាន​លុយ​ដាក់​ហោ​ប៉ៅ​ហើយ ចង់​ផលិតកម្ម​ណា​ធ្វើ​អី​ធ្វើ​ទៅ​?​ បទ​ចម្រៀង​ទំាង​នេះ​ គឺ​ផ្តល់​មេរៀន​អាក្រក់​ដល់​យុវជន​ខ្មែរ​ ដែល​ងាយ​ឲ្យ​ទៅ​ជា​ទំនើង​មិន​ដឹង​ខ្លួន​ផង​ដែរ​។​ ឱ! យុវជន​ជា​សសរ​ទ្រូង​នៃ​ប្រទេស​ជាតិ​យ៉ាង​ដូច​ម្តេច​ទៅ បើ​បទ​ចម្រៀង​ចេញ​មក​សុទ្ធ​បែប​បណ្តុះ និង​បង្ហាញ​តែ​គំនិត​បែប​ទំនើង​បែប​នេះ​?

ឯ​មេរៀន​បែប​ទំនើង​ទី ៣​ នោះ ​គឺ​ការ​កំប្លែង​បែប​ទំនើង​ របស់​ក្រុម​នាយ​ក្រឹម ​ក្រុម​នាយ​កុយ និង​ក្រុម​នាយ​សាន់ម៉ៅ ​នោះ​ គឺ​ភាគ​ច្រើន​បង្ហាញ​តែ​របៀប​ហិង្សា ​តាម​ពាក្យ​សម្តី​ និង​កាយ​វិការ​របស់​ពួក​គេ ដែល​ធ្វើ​ឲ្យ​យុវជន ងាយ​នឹង​ធ្វើ​តម្រាប់​តាម​បែប​ទំនើង​នេះ​ណាស់។ ​ឧទាហរណ៍​៖ ក្រុម​នាយ​ក្រឹម​ក៏​បាន​ទៅ​លេង​កំប្លែង​ កម្មវិធី​តន្ត្រី​ស្រុក​ស្រែ ​របស់​ទូរទស្សន៍​ប៉ុស្តិ៍​បាយ័ន​ កាល​ពី​ថ្ងៃ​ទី ៣០​ ខែ​កញ្ញា​ ក៏​មិន​ខុស​ពី​សម្តែង​លើក​មុនៗ​ដែរ ដែល​នាយ​ក្រឹម​ ដើរ​តួជា​កូន​របស់​នាយ​ក្តិប​ និង​យាយ​«ឆយ»​។ ​ពេល​កំពុង​សម្រប​សម្រួល​គ្នា​ជា​នា​គ្នា​រវាង​នាយ​ក្រឹម ​និង​ប្រពន្ធ ស្រាប់​តែ​នាយ​ក្តិប​លេង​ដូច​សព្វដង ​បញ្ចេញ​កាយវិការ​រក​វាយ​ នាយ​ក្រឹម​ដែល​ជា​កូន​ ខណៈ​នោះ​ដែល​នាយ​ក្រឹម​ ក៏​ហក់់​ចូល​មក​ដែរ​យារ​ដៃ​រក​វាយ​នាយ​ក្តិប​ជា​ឪពុក​ទៅ​វិញ​។ នាយ​ក្តិប បាន​គំហក​ឲ្យ​នាយ​ក្រឹម​ថា៖​«អូអ្ហែង​បម្រុង​តដៃ​អាញ! តិច​ដាក់​មួយ​មែន​ឥឡូវ​!» នាយ​ក្រឹម​បាន​តប​វិញ​ថា​៖

«ចុំ​ពុក​ឯង​ចង់​រក​វាយ​ខ្ញុំ​អី​ចុះ!​»។​ តើ​ពេល​ណា​ទើប​មន្រ្តី​ក្រសួង​ព័ត៌មាន និង​ក្រសួង​វប្បធម៌​ចាត់​វិធាន​ការ​រឿង​នេះ​?

មាន ​សំណួរ​មួយ​ដែល​ចោទ​ឡើង​ដោយ​មនុស្ស​ជាច្រើន​ថា ​ហេតុ​អ្វី​បាន​ជា​វប្បធម៌ និង​សីលធម៌​សង្គម​ធ្លាក់​ចុះ​? នោះ​គឺ​មេ​រៀន​បែប​ទំនើង​ទាំង ៣ នេះ ហើយ​ ដែល​ផ្តល់​ផល​អាក្រក់ ទៅ​សង្គម​ដែល​ពលរដ្ឋ​មួយ​ថ្ងៃៗ​ដេក​តែ​ព្រួយ​បារម្ភ ពី​សុវត្ថិភាព ជា​ពិសេស​យុវជន​ដែល​ងាយ​នឹង​ធ្វើ​តម្រាប់​តាម​បែប​ទំនើង​ទាំង​នេះ​ ដែល​បង្ក​ឲ្យ​កើន​ឡើង​នូវ​អសន្តិសុខ​នៅ​ក្នុង​​សង្គម​ ដែល​កម្ពុជា កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ប្រជុំ​អាស៊ាន​ផង​នោះ​។​ ហេតុ​ដូច្នេះ​ហើយ ​សមត្ថកិច្ច គួរ​តែ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ ជាង​ការ​អនុវត្ត​តាម​ប្រសាសន៍​ ដោយ​ផ្តោត​ទៅ​លើ​មន្ត្រី​ទំនើង​ ដែល​ជា​គំរូ​អាក្រក់​ដល់​យុវជន​។ ក្រៅ​ពី​ការ​អនុវត្ត​ច្បាប់ គឺ​ពង្រឹង​ទៅ​លើ​ការ​អប់រំ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ នូវ​អ្វីៗ​ជា​គំរូ​ល្អៗ​សម្រាប់​យុវជន​ និង​សង្គម​ជាតិ។ ​បើ​សង្កេត​មើល​រឿង​កូរ៉េ​ ឥឡូវ​នេះ​គឺ​លែង​សម្តែង​នៅ​អំពើ​ហិង្សា និង​បាញ់​ប្រហារ​គ្នា​ តែ​បែរ​ទៅ​ជា​ការ​ប្រយុទ្ធ​គ្នា​តាម​របៀប​អប់រំ​ រក​ស៊ី ​និង​ជំនួញ​ជួញ​ដូរ​ចំណេញ​ខាត​របស់​ក្រុមហ៊ុន​ទៅ​វិញ​។ ​ហេតុ​​អ្វី​​បាន​ជា ទំាង​មន្ត្រី​សមត្ថកិច្ច​ទំនើង ទាំង​អ្នក​និពន្ធបទ​ចម្រៀង ទាំង​អ្នក​កំប្លែង​នៅ​តែ​បង្ហាញ​តែ​ភាព​ហិង្សា​ដាក់​គ្នា​ទៀត​?​ ទំាង​អស់​នេះ​មិន​មែន​បណ្តាល​មក​ពី​សង្គ្រាម ឬ​ក៏​សម័យ​ខ្មែរ​ក្រហម​ទៀត​ទេ ​គឺ​ត្រូវ​គិត​គូរ​ពីអ្វីៗ​ដែល​កើត​ឡើង​នា​ពេល​បច្ចុប្បន្ន​នេះ​ឯ​ណេះ​វិញ វា​ប្រសើរ​ជាង​៕

1 comment:

Anonymous said...

ដរាបណា សង្គមខ្មែរមានមេដឹកនាំពាល
ច្រលោងខាមបែបនេះ មនុស្សពាលសេព
គ្រឿងញៀននិងអំពើហិង្សានៅតែមានក្នុង
សង្កមខ្មែរ ទាល់តែអូសកអាជនពាលចេញ
ពីអំណាច​ ហើយរៀបចំប្រព័ន្ធអប់រំឲ្យសម
តាមប្រទេសដែលកាន់សាសនាព្រះពុទ្ធ។