Wednesday, October 03, 2012

អាមេរិក​និង​​បារាំង​ព្រួយ​បារម្ភ​លើ​ការ​កាត់​ទោស​​​ម៉ម សូណង់ដូ

Tuesday, 02 October 2012
លាង ផាន់ណារ៉ា
The Phnom Penh Post

លោកម៉ម សូណង់ដូ ពេលចាប់ចូលឡានក្រោយសវនាការ។រូបថតហេង ជីវ័ន
ភ្នំពេញៈ ស្ថាន​ទូត​សហរដ្ឋ​អាមេរិក និង​ស្ថាន​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រៀងៗ​ខ្លួន ទៅ​នឹង​ការ​កាត់​ទោស​លោក​ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ​និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិប​តេយ្យ ដោយ​បង្ហាញ​នូវ​ក្តី​កង្វល់ និង​ការ​ព្រួយ​បារម្ភ​នីតិ​វិធី​ច្បាប់​និង​សេរី​ភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា។
ដោយ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ចំពោះ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ រួម​ទាំង​សេរីភាព​របស់​អ្នក​សារ​ព័ត៌មាន ក្នុង​ការ​សំដែង​ទស្សន​នយោបាយ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ពី​ការ​ធ្វើ​ទុក្ខ​ទោស ការ​សង​សឹក ឬការ​បំភិត​បំភ័យ ស្រប​តាម​អនុញ្ញា​អន្តរ​ជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ និង​សេចក្តី​ប្រកាស​ជា​សាកល​ស្តីពី​សិទ្ធិ​មនុស្ស លោក​ស្រី Victoria Nuland អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក បាន​មាន​ប្រសាសន៍​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​ថា «យើង​មាន​ក្តី​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​ការ​កាត់​ទោស​លោក ម៉ម សូណង់ដូ ដែល​ជា​ម្ចាស់​វិទ្យុ ឯករាជ្យ​មួយ​នៅ​កម្ពុជា ឲ្យ​ជាប់​ទោស​យ៉ាង​ធ្ងន់ធ្ងរ»
លោក​ស្រី​ក៏​បាន​អំពាវ​នាវ​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ដោះ​លែង​លោក ម៉ម សូណង់ដូ​ជា​បន្ទាន់ ដើម្បី​បញ្ជាក់​ឲ្យ​ឃើញ​ថា ប្រព័ន្ធ​តុលាការ​របស់​ប្រទេស​កម្ពុជា​មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នយោបាយ និង​ដើម្បី​បញ្ជាក់​សារ​ជាថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន ក្នុង​ការ​ធានា​សិទ្ធិ​មនុស្ស​ជា​មូល​ដ្ឋាន​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន។
ដោយ​ឡែក​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ស្ថាន​ទូត​បារាំង​ក៏​បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​កាត់​ទោស​លោក​ម៉ម សូណង់ដូ​ផង​ដែរ។
លោក​ហ្វីលីព ឡៃលីយោ (Philippe Lalliot) អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​បារំាំង​បាន​និយាយ​ថា «ប្រទស​បារំាង​សោក​ស្តាយ​ចំពោះ​ការ​កាត់​ទោស​នេះ និង​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ធានា​ថា នីតិ​វិធី​បណ្តឹង​ឧទ្ធរណ៍ នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​រឿង​ក្តី​នេះ​ឡើង​វិញ​ឆាប់ៗ ប្រកប​ដោយ​យុត្តិធម៌ និង​សម​ធម៌ »
លោកបញ្ជាក់បន្ថែមថា ប្រទេស​បារាំង​ក៏​ទទូច​ឲ្យ​ប្រទេស​កម្ពុជា​គោរព​សេរីភាព​បញ្ចេញ​មតិ និង​ទស្សនៈ​ស្រប​តាម​កត្តិកា​សញ្ញា​អន្តរ​ជាតិ​ស្តី​ពី សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ដែលកម្ពុជា​ជា​ភាគី​ហត្ថ​លេខី។
សូម​បញ្ជាក់​ថា កាល​ពី​ម្សិល​មិញ តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់ ទោស​លោក ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ២០ ឆ្នាំ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​បះបោរ។ អ្នក​សង្កេត​ការណ៍​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា បាន​កត់​សំគាល់​ឃើញ​ថា ការ​ចោទ​ប្រកាន់​ប្រឆាំង​រូប​​លោក​មើល​ទៅ​មាន​លក្ខណៈ​នយោបាយ ដោយ​ផ្អែក​លើ​ការ​រិះ​គន់​ជា​ញឹក​ញាប់​របស់​លោក​ទៅ​លើ​រាជរដ្ឋាភិបាលកម្ពុជា។

2 comments:

Anonymous said...

ការបង្កើតចលនាអំណាច "ពុលរដ្ឋខ្មែរ" នេះ
គឺជាវិធីល្បួងអោយចូលក្នុងអន្ទាក់ហ៊ុនសែន
របស់អាសួនសេរីរដ្ឋាទេ...
ឃើញម៉ម សូណង់ដូ ជាប់គុក២០​ឆ្នាំដោយសារវាទេ????

Anonymous said...

Every body knew now after Hun Sen put Sonando in jail.