Monday, November 19, 2012

សេចក្ដី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន​មិន​បាន​ឆ្លុះ​បញ្ចាំង​ ពី​ឆន្ទៈ​ពលរដ្ឋ?


 
RFA/Vichey Anandh ១៨-វិច្ឆិកា-២០១២៖ ពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ ដើរ​ដង្ហែ​ក្បួន​ដើម្បី​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​អាស៊ាន។


2012-11-18
RFA- សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន ជា​ពិសេស​កម្ពុជា ធ្វើ​យ៉ាង​ណា​ផ្អាក​ផែនការ​ចេញ​សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន ដោយ​ពួកគេ​អះអាង​ថា ខ្លឹមសារ​នៃ​សេចក្ដី​ប្រកាស​នេះ​មិន​បាន​ផ្ដល់​លទ្ធភាព​ឲ្យ​មហាជន​នៃ​សាមី​ប្រទេស​បាន​ចូល​រួម​ផ្ដល់​យោបល់។
ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា សេចក្ដី​ព្រាង​ស្ដីពី​សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន​នេះ បាន​រឹតត្បិត​ដល់​សិទ្ធិ​ស្ត្រី និង​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន​នេះ គឺ​ជា​ឆន្ទៈ​របស់​រដ្ឋាភិបាល​នីមួយៗ ដែល​ឈរ​លើ​ប្រយោជន៍​ជាតិ​ជា​ធំ។

សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​បង្ហាញ​ជំហរ​របស់​ខ្លួន​ថា ផែនការ​ចេញ​សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាជាតិ​នៃ​បណ្ដា​ប្រទេស​នីមួយៗ​ដែល​ជា​សមាជិក​អាស៊ាន​នោះ​ទេ។
សង្គម​ស៊ីវិល​នៅ​កម្ពុជា សម្ដែង​ការ​ព្រួយ​បារម្ភ​ថា សេចក្ដី​ប្រកាស​នេះ​អាច​នាំ​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ​រវាង​រដ្ឋធម្មនុញ្ញ សេចក្ដី​ប្រកាស​ជា​សកល​របស់​អង្គការ​សហប្រជាជាតិ កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​កិច្ច​ព្រមព្រៀង​ស្ដីពី​សិទ្ធិ​មនុស្ស​អន្តរជាតិ។
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន ធ្វើ​ឡើង​មិន​បាន​ឈរ​លើ​មូលដ្ឋាន​នៃ​តម្រូវការ​របស់​ពលរដ្ឋ។ លោក​បន្ត​ថា សេចក្ដី​ប្រកាស​នេះ អាច​ផ្ដល់​លទ្ធភាព​ធំធេង​ដល់​រដ្ឋាភិបាល​ក្នុង​ការ​រឹតត្បិត​ដល់​សិទ្ធិ​ស្ត្រី សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ការ​ប្រើប្រាស់​កម្លាំង​សន្តិសុខ​ដើម្បី​ទប់ទល់​ជាមួយ​ក្រុម​អ្នក​តវ៉ា និង​ការ​កាត់​ក្តី​មិន​ឯករាជ្យ។
មាត្រា ២៦ នៃ​សេចក្ដី​ព្រាង​សិទ្ធិ​មនុស្ស​អាស៊ាន​ចែង​ថា រដ្ឋ​ជា​សមាជិក​នៃ​សេចក្ដី​ប្រកាស​រួម​នេះ ត្រូវ​មាន​ភារកិច្ច និង​កាតព្វកិច្ច​គោរព​សិទ្ធិ​មនុស្ស​នៃ​ពលរដ្ឋ​របស់​សាមី​ប្រទេស ហើយ​ឲ្យ​ស៊ី​សង្វាក់​គ្នា​ជាមួយ​នឹង​តម្រូវការ​នៃ​សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ ការ​ការពារ​សុខុមាលភាព និង​សីលធម៌​សាធារណៈ និង​ការ​ការពារ​សិទ្ធិ​សេរីភាព​ក្នុង​សង្គម​ប្រជាធិបតេយ្យ។
ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ព្រួយ​បារម្ភ​ថា ការ​ប្រើ​ឃ្លា​បច្ចេកទេស​ច្បាប់​ទាំង​នេះ អាច​នាំ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​សាមី​យក​ទៅ​បក​ស្រាយ​ដើម្បី​រំលោភ​សិទ្ធិ​ជា​មូលដ្ឋាន​នៃ​ពលរដ្ឋ​របស់​ពួកគេ​ដោយ​ស្រប​ច្បាប់។
ប្រទេស​ទាំង ១០ ដែល​ជា​សមាជិក​អាស៊ាន​នេះ មិន​មែន​សុទ្ធ​តែ​ជា​ប្រទេស​ប្រកាន់​នូវ​របប​ប្រជាធិបតេយ្យ​និយម​សេរី​ទាំង​អស់​នោះ​ទេ។ ប្រទេស​ខ្លះ​ប្រកាន់​នូវ​របប​កុម្មុយនិស្ត ខ្លះ​ប្រកាន់​នូវ​របប​ផ្ដាច់ការ ហើយ​ខ្លះ​ទៀត​ប្រកាន់​របប​យោធា​និយម​ជាដើម។ ដោយសារ​ហេតុផល​នេះ​ហើយ ទើប​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​មាន​ការ​ព្រួយ​បារម្ភ​ថា សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន​គ្រាន់​តែ​ជា​យន្តការ​មួយ​ដើម្បី​ស្របស្រួល​អំណាច និង​ផល​ប្រយោជន៍​នៃ​ក្រុម​មេដឹកនាំ​របស់​ប្រទេស​នីមួយៗ​ប៉ុណ្ណោះ។
ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ អ្នក​វិភាគ​មួយ​ចំនួន​បាន​ផ្ដល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​ថា កម្ពុជា​គួរ​រក្សា និង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​យន្តការ​អន្តរជាតិ​ដ៏​រឹង​ម៉ាំ សំរាប់​ធានា​នូវ​សិទ្ធិ​សេរីភាព និង​យុត្តិធម៌​សង្គម​ដែល​មាន​ស្រាប់​នោះ​វិញ ជា​ជាង​ការ​ចេញ​ច្បាប់​ថ្មី​ផ្សេង​ដែល​អាច​នាំ​ឲ្យ​មាន​ភាព​ច្របូកច្របល់​ក្នុង​ការ​អនុវត្ត​នៅ​ពេល​ខាង​មុខ។
អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា សម្រាប់​បរិបទ​កម្ពុជា​វិញ គឺ​មិន​ចាំបាច់ និង​មិន​ត្រូវ​ការ​សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន ដែល​លោក​ហៅ​ថា គ្មាន​ស្តង់ដារ ឬ​និយាម​អន្តជាតិ​នោះ​ទេ ពីព្រោះ​ច្បាប់​ថ្មី​នេះ​អាច​មក​បន្សាប និង​ធ្វើ​ឲ្យ​ភ័ន្តច្រឡំ​ដល់​ដំណើរ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន​នេះ មិន​មែន​ជា​ច្បាប់​សំរាប់​អនុវត្ត​រួម​គ្នា​នៃ​បណ្ដា​ប្រជាជាតិ​អាស៊ាន​នោះ​ឡើយ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​យន្តការ​ថ្មី​មួយ ដើម្បី​ប្រមូល​នូវ​ឯកភាព​អាស៊ាន​ក្នុង​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​ប៉ុណ្ណោះ។
ប្រទេស​មួយ​ចំនួន​ដែល​ជា​សមាជិក​អាស៊ាន កំពុង​មាន​វិបត្តិ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ក្នុង​បរិបទ​គោរព​សិទ្ធិ​មនុស្ស។ កម្ពុជា​ល្បី​រន្ទឺ​ខាង​ការ​រំលោភ​សិទ្ធិ​ដីធ្លី សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​ចូល​រួម​ប្រជុំ។ ប្រទេស​វៀតណាម មាន​ការ​រឹតត្បិត​ខ្លាំង​ដល់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ សិទ្ធិ​ចូល​រួម​ប្រជុំ សិទ្ធិ​ចូល​រួម​ឆាក​នយោបាយ វប្បធម៌ និង​ជំនឿ​សាសនា។ ម៉ាឡេស៊ី ញាំញី​ដោយ​ការ​រំលោភ និង​រើសអើង​សិទ្ធិ​ស្ត្រី។ សិង្ហបុរី រឹតត្បិត​ដល់​សេរីភាព​ក្នុង​ការ​និយាយ​ស្ដី​ក្រោម​អំណាច​ច្បាប់​សន្តិសុខ មាតុភូមិ ហើយ​ភូមា ឬ​មីយ៉ាន់ម៉ា គ្រប់គ្រង​ដោយ​អំណាច​ផ្ដាច់ការ​យោធា​និយម។
មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន​នេះ គួរ​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ​ជា​មុន ដោយ​យោង​ទៅ​តាម​គោលការណ៍​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​អាច​ឈាន​ទៅ​ដល់​ការ​បង្កើត​ធម្មនុញ្ញ​អាស៊ាន​នៅ​អនាគត។
ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ​ផង​ដែរ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ វិច្ឆិកា ថា សេចក្ដី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន មិន​មែន​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​សង្គម​ស៊ីវិល​ណា​មួយ​នោះ​ឡើយ។ លោក​បន្ត​ថា សេចក្ដី​ប្រកាស​នេះ​គឺ​កម្លាំង​ចលករ​ដ៏​ធំ​ដើម្បី​ឈ្មោះ​ទៅ​រក​ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​តំបន់​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។
ទោះ​បី​ជា​មាន​ការ​អះអាង​ពី​សំណាក់​មន្ត្រី​ការទូត​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​រូប​នេះ​ក៏ដោយ ក៏​សកម្មភាព​រំលោភ​អំណាច និង​រំលោភ​សិទ្ធិ​មនុស្ស វប្បធម៌​និទណ្ឌភាព និង​អំពើ​ពុករលួយ​នៅ​កម្ពុជា បាន​លាត​ត្រដាង​ពេញ​ឆាក​អន្តរជាតិ​ទៅ​ហើយ។
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សេតវិមាន​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​សុក្រ ទី​១៦ វិច្ឆិកា បាន​ដក​ស្រង់​សំដី​អ្នកស្រី សាម៉ាន់ថា ផៅវរ៍ (Samantha Power) ថា បច្ចុប្បន្ន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​បង្កើន​ការ​រំលោភ​បំពាន​លើ​តួនាទី​របស់​អង្គការ​សង្គម​ស៊ីវិល។
អ្នកស្រី​អះអាង​​ថា បច្ចុប្បន្ន​គ្មាន​សញ្ញា​ណា​មួយ​ដែល​កម្ពុជា អាច​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ឡើយ។ អ្នកស្រី សាម៉ាន់ថា បន្ថែម​ថា ជំហរ​របស់​សហរដ្ឋ​អាមេរិក គឺ​ចង់​ឃើញ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ការ​បញ្ឈប់​ទន្ទ្រាន​យក​ដី​ពលរដ្ឋ​ដោយ​ខុស​ច្បាប់ និង​ការ​ការពារ និង​លើក​កម្ពស់​សិទ្ធិ​មនុស្ស។ សហរដ្ឋ​អាមេរិក​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិចារណា​ក្តី​កង្វល់​នេះ​ឲ្យ​បាន​ហ្មត់ចត់ នឹង​មិន​ត្រូវ​បន្ត​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទៀត​ឡើយ។
ជុំវិញ​បញ្ហា​នេះ​ផង​ដែរ នាយក​ប្រតិបត្តិ​ខាង​ផ្នែក​ច្បាប់​នៃ​គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ី លោក បាស៊ីល ហ្វឺណាន់ដូ (Basil Fernando) មាន​ប្រសាសន៍​ថា យុទ្ធសាស្ត្រ​តែ​មួយ​គត់​ដើម្បី​អាច​ឈាន​ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ពិត​ប្រាកដ ទោះ​មាន​សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន​ក៏ដោយ គឺ​លុះ​ត្រា​តែ​រដ្ឋាភិបាល​ឈប់​លូក​ដៃ ឬ​ជ្រៀតជ្រែក​អំណាច​តុលាការ ហើយ​ត្រូវ​លើក​តម្កល់​ស្ថាប័ន​តុលាការ​នេះ​ឲ្យ​មាន​ភាព​ឯករាជ្យ។
លោក បាស៊ីល ហ្វឺណាន់ដូ៖ «អ្វី​ដែល​សំខាន់ និង​ចាំបាច់​នោះ ថា​តើ​ចៅក្រម​កម្ពុជា ហ៊ាន​បើក​សវនាការ ឬ​កាត់​ទោស​រដ្ឋាភិបាល​ដែរ​ទេ? តើ​ដែល​មាន​សាលក្រម​ណា​មួយ​ដែល​ថា ទង្វើ​របស់​រដ្ឋាភិបាល​ខុស​ច្បាប់​ដែរ​ទេ? ដូច្នេះ​បញ្ហា​ពិត​ប្រាកដ​នោះ គឺ​ថា តើ​តុលាការ​ហ៊ាន​លាត​ត្រដាង​ដែរ ឬ​អត់? តាម​ទស្សនៈ​របស់​ខ្ញុំ ដើម្បី​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ទៅ​បាន​លុះ​ត្រា​តែ​មាន​ស្ថាប័ន​នៅ​ឲ្យ​ឯករាជ្យ ទី​មួយ គឺ​ស្ថាប័ន​តុលាការ ហើយ​ទី​ពីរ គឺ​ស្ថាប័ន​នគរបាល»
របាយការណ៍​ឃ្លាំមើល​នៃ​អំពើ​និទណ្ឌភាព​ក្រោម​កណ្ដាប់​ដៃ​លោក ហ៊ុន សែន ក្នុង​រយៈ​ជាង ២០​ឆ្នាំ របស់​អង្គការ Human Rights Watch ដែល​មាន​ចំណង​ជើង​ថា “ប្រាប់​ពួក​គេ​ថា​ខ្ញុំ​ចង់​សម្លាប់​ពួក​គេ” បង្ហាញ​ថា អ្នក​សារព័ត៌មាន មន្ត្រី​បក្ស​ប្រឆាំង និង​សកម្មជន​នយោបាយ​ប្រមាណ ៣០០​នាក់ ត្រូវ​បាន​សម្លាប់​ចាប់​តាំង​ពី​ឆ្នាំ​១៩៩១ ហើយ​ជន​សង្ស័យ​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​សម្លាប់​រង្គាល មិន​ត្រឹម​តែ​រដ្ឋាភិបាល​មិន​បាន​នាំ​មក​កាត់​ទោស​នោះ​ទេ ប៉ុន្តែ​បែរ​ជា​ដំឡើង​បុណ្យស័ក្ដិ និង​តួនាទី​ក្នុង​វិស័យ​យោធា​ថែម​ទៀត៕

2 comments:

Anonymous said...

We have no lands to farm any more President Obama! Please help us!

We have no house to live any more President Obama! Please help us!

Our love one was murdered by Hun Sen! Please help us Mr President!

Cambodia justice system kill the poor and serve the rich only, We have never been treat as human being in the court! Mr President!

Please help Khmers! we think you are the living God!

Khmer people are love President Obama and hate Samdach Decho autocratic Hun Sen! Please help!

From the Voices of khmer Victims to President Obama!

Anonymous said...

General Lon Nol was cheating America such as fake number of ghost soldiers eg. on the list to America General Lon Nol put 100 000 soldiers and need salary for them from American tax payers and American gave in excess to general Lon Nol but in real number of soldiers have only 10 000 real soldiers. 90 000 soldiers salaries were go in to General Lon Nol pockets with his top few officers.

Lon Nol betrayal America and also betray his own soldiers and put their lives in danger that is why 85% of the soldiers were killed because of General Lon Nol management cheating skills.

American military aid, 50% of the American miliatry aid were sold to Khmer Rough that is why the real soldiers were lack of foods and weapons to fight, they end up died injusticely by General Lon Nol.

General Lon Nol's children and all his grandchildren are living on the suffer and khmers blood money.

His soldiers as well as millions of khmer death demand justice now!