ដោយ តាំង សារ៉ាដា
2012-11-18
RFA- សង្គមស៊ីវិលជាតិ និងអន្តរជាតិជំរុញឲ្យរដ្ឋាភិបាលនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ជាពិសេសកម្ពុជា ធ្វើយ៉ាងណាផ្អាកផែនការចេញសេចក្ដីប្រកាសស្ដីពីសិទ្ធិមនុស្សអាស៊ាន ដោយពួកគេអះអាងថា ខ្លឹមសារនៃសេចក្ដីប្រកាសនេះមិនបានផ្ដល់លទ្ធភាពឲ្យមហាជននៃសាមីប្រទេសបានចូលរួមផ្ដល់យោបល់។
ក្រុមអ្នកឃ្លាំមើលនិយាយថា សេចក្ដីព្រាងស្ដីពីសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សអាស៊ាននេះ បានរឹតត្បិតដល់សិទ្ធិស្ត្រី និងសិទ្ធិក្នុងការបញ្ចេញមតិ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលឲ្យដឹងថា សេចក្ដីប្រកាសស្ដីពីសិទ្ធិមនុស្សអាស៊ាននេះ គឺជាឆន្ទៈរបស់រដ្ឋាភិបាលនីមួយៗ ដែលឈរលើប្រយោជន៍ជាតិជាធំ។
សកម្មជនការពារសិទ្ធិមនុស្សនៅកម្ពុជា បានបង្ហាញជំហររបស់ខ្លួនថា ផែនការចេញសេចក្ដីប្រកាសស្ដីពីសិទ្ធិមនុស្សអាស៊ាន មិនបានឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជាតិនៃបណ្ដាប្រទេសនីមួយៗដែលជាសមាជិកអាស៊ាននោះទេ។
សង្គមស៊ីវិលនៅកម្ពុជា សម្ដែងការព្រួយបារម្ភថា សេចក្ដីប្រកាសនេះអាចនាំឲ្យមានការភ័ន្តច្រឡំរវាងរដ្ឋធម្មនុញ្ញ សេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងកិច្ចព្រមព្រៀងស្ដីពីសិទ្ធិមនុស្សអន្តរជាតិ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា សេចក្ដីប្រកាសស្ដីពីសិទ្ធិមនុស្សអាស៊ាន ធ្វើឡើងមិនបានឈរលើមូលដ្ឋាននៃតម្រូវការរបស់ពលរដ្ឋ។ លោកបន្តថា សេចក្ដីប្រកាសនេះ អាចផ្ដល់លទ្ធភាពធំធេងដល់រដ្ឋាភិបាលក្នុងការរឹតត្បិតដល់សិទ្ធិស្ត្រី សេរីភាពក្នុងការបញ្ចេញមតិ ការប្រើប្រាស់កម្លាំងសន្តិសុខដើម្បីទប់ទល់ជាមួយក្រុមអ្នកតវ៉ា និងការកាត់ក្តីមិនឯករាជ្យ។
មាត្រា ២៦ នៃសេចក្ដីព្រាងសិទ្ធិមនុស្សអាស៊ានចែងថា រដ្ឋជាសមាជិកនៃសេចក្ដីប្រកាសរួមនេះ ត្រូវមានភារកិច្ច និងកាតព្វកិច្ចគោរពសិទ្ធិមនុស្សនៃពលរដ្ឋរបស់សាមីប្រទេស ហើយឲ្យស៊ីសង្វាក់គ្នាជាមួយនឹងតម្រូវការនៃសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ ការការពារសុខុមាលភាព និងសីលធម៌សាធារណៈ និងការការពារសិទ្ធិសេរីភាពក្នុងសង្គមប្រជាធិបតេយ្យ។
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សព្រួយបារម្ភថា ការប្រើឃ្លាបច្ចេកទេសច្បាប់ទាំងនេះ អាចនាំឲ្យរដ្ឋាភិបាលនៃប្រទេសសាមីយកទៅបកស្រាយដើម្បីរំលោភសិទ្ធិជាមូលដ្ឋាននៃពលរដ្ឋរបស់ពួកគេដោយស្របច្បាប់។
ប្រទេសទាំង ១០ ដែលជាសមាជិកអាស៊ាននេះ មិនមែនសុទ្ធតែជាប្រទេសប្រកាន់នូវរបបប្រជាធិបតេយ្យនិយមសេរីទាំងអស់នោះទេ។ ប្រទេសខ្លះប្រកាន់នូវរបបកុម្មុយនិស្ត ខ្លះប្រកាន់នូវរបបផ្ដាច់ការ ហើយខ្លះទៀតប្រកាន់របបយោធានិយមជាដើម។ ដោយសារហេតុផលនេះហើយ ទើបមជ្ឈដ្ឋានជាតិ និងអន្តរជាតិមានការព្រួយបារម្ភថា សេចក្ដីប្រកាសស្ដីពីសិទ្ធិមនុស្សអាស៊ានគ្រាន់តែជាយន្តការមួយដើម្បីស្របស្រួលអំណាច និងផលប្រយោជន៍នៃក្រុមមេដឹកនាំរបស់ប្រទេសនីមួយៗប៉ុណ្ណោះ។
ទាក់ទិននឹងបញ្ហានេះដែរ អ្នកវិភាគមួយចំនួនបានផ្ដល់អនុសាសន៍ដល់រដ្ឋាភិបាលថា កម្ពុជាគួររក្សា និងអនុវត្តឲ្យបានត្រឹមត្រូវនូវយន្តការអន្តរជាតិដ៏រឹងម៉ាំ សំរាប់ធានានូវសិទ្ធិសេរីភាព និងយុត្តិធម៌សង្គមដែលមានស្រាប់នោះវិញ ជាជាងការចេញច្បាប់ថ្មីផ្សេងដែលអាចនាំឲ្យមានភាពច្របូកច្របល់ក្នុងការអនុវត្តនៅពេលខាងមុខ។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា សម្រាប់បរិបទកម្ពុជាវិញ គឺមិនចាំបាច់ និងមិនត្រូវការសេចក្ដីប្រកាសស្ដីពីសិទ្ធិមនុស្សអាស៊ាន ដែលលោកហៅថា គ្មានស្តង់ដារ ឬនិយាមអន្តជាតិនោះទេ ពីព្រោះច្បាប់ថ្មីនេះអាចមកបន្សាប និងធ្វើឲ្យភ័ន្តច្រឡំដល់ដំណើរការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេស។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សអាស៊ាននេះ មិនមែនជាច្បាប់សំរាប់អនុវត្តរួមគ្នានៃបណ្ដាប្រជាជាតិអាស៊ាននោះឡើយ ប៉ុន្តែវាគ្រាន់តែជាយន្តការថ្មីមួយ ដើម្បីប្រមូលនូវឯកភាពអាស៊ានក្នុងការអនុវត្តសិទ្ធិមនុស្សប៉ុណ្ណោះ។
ប្រទេសមួយចំនួនដែលជាសមាជិកអាស៊ាន កំពុងមានវិបត្តិសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងបរិបទគោរពសិទ្ធិមនុស្ស។ កម្ពុជាល្បីរន្ទឺខាងការរំលោភសិទ្ធិដីធ្លី សិទ្ធិក្នុងការបញ្ចេញមតិ និងការចូលរួមប្រជុំ។ ប្រទេសវៀតណាម មានការរឹតត្បិតខ្លាំងដល់សេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិចូលរួមប្រជុំ សិទ្ធិចូលរួមឆាកនយោបាយ វប្បធម៌ និងជំនឿសាសនា។ ម៉ាឡេស៊ី ញាំញីដោយការរំលោភ និងរើសអើងសិទ្ធិស្ត្រី។ សិង្ហបុរី រឹតត្បិតដល់សេរីភាពក្នុងការនិយាយស្ដីក្រោមអំណាចច្បាប់សន្តិសុខ មាតុភូមិ ហើយភូមា ឬមីយ៉ាន់ម៉ា គ្រប់គ្រងដោយអំណាចផ្ដាច់ការយោធានិយម។
មន្ត្រីផ្នែកស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា សេចក្ដីប្រកាសស្ដីពីសិទ្ធិមនុស្សអាស៊ាននេះ គួរធ្វើឲ្យបានត្រឹមត្រូវជាមុន ដោយយោងទៅតាមគោលការណ៍សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដើម្បីអាចឈានទៅដល់ការបង្កើតធម្មនុញ្ញអាស៊ាននៅអនាគត។
ឆ្លើយតបទៅនឹងបញ្ហានេះផងដែរ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ វិច្ឆិកា ថា សេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន មិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់សង្គមស៊ីវិលណាមួយនោះឡើយ។ លោកបន្តថា សេចក្ដីប្រកាសនេះគឺកម្លាំងចលករដ៏ធំដើម្បីឈ្មោះទៅរកការគោរពសិទ្ធិមនុស្សក្នុងតំបន់ឲ្យមានប្រសិទ្ធភាពខ្ពស់។
ទោះបីជាមានការអះអាងពីសំណាក់មន្ត្រីការទូតជាន់ខ្ពស់របស់រដ្ឋាភិបាលរូបនេះក៏ដោយ ក៏សកម្មភាពរំលោភអំណាច និងរំលោភសិទ្ធិមនុស្ស វប្បធម៌និទណ្ឌភាព និងអំពើពុករលួយនៅកម្ពុជា បានលាតត្រដាងពេញឆាកអន្តរជាតិទៅហើយ។
សេចក្ដីប្រកាសព័ត៌មានរបស់សេតវិមានសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទី១៦ វិច្ឆិកា បានដកស្រង់សំដីអ្នកស្រី សាម៉ាន់ថា ផៅវរ៍ (Samantha Power) ថា បច្ចុប្បន្នលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងបង្កើនការរំលោភបំពានលើតួនាទីរបស់អង្គការសង្គមស៊ីវិល។
អ្នកស្រីអះអាងថា បច្ចុប្បន្នគ្មានសញ្ញាណាមួយដែលកម្ពុជា អាចរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ឡើយ។ អ្នកស្រី សាម៉ាន់ថា បន្ថែមថា ជំហររបស់សហរដ្ឋអាមេរិក គឺចង់ឃើញមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ការបញ្ឈប់ទន្ទ្រានយកដីពលរដ្ឋដោយខុសច្បាប់ និងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស។ សហរដ្ឋអាមេរិកទទូចសុំឲ្យរដ្ឋាភិបាលកម្ពុជា ពិចារណាក្តីកង្វល់នេះឲ្យបានហ្មត់ចត់ នឹងមិនត្រូវបន្តឲ្យមានការរំលោភសិទ្ធិមនុស្សទៀតឡើយ។
ជុំវិញបញ្ហានេះផងដែរ នាយកប្រតិបត្តិខាងផ្នែកច្បាប់នៃគណៈកម្មការសិទ្ធិមនុស្សអាស៊ី លោក បាស៊ីល ហ្វឺណាន់ដូ (Basil Fernando) មានប្រសាសន៍ថា យុទ្ធសាស្ត្រតែមួយគត់ដើម្បីអាចឈានឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពិតប្រាកដ ទោះមានសេចក្ដីប្រកាសស្ដីពីសិទ្ធិមនុស្សអាស៊ានក៏ដោយ គឺលុះត្រាតែរដ្ឋាភិបាលឈប់លូកដៃ ឬជ្រៀតជ្រែកអំណាចតុលាការ ហើយត្រូវលើកតម្កល់ស្ថាប័នតុលាការនេះឲ្យមានភាពឯករាជ្យ។
លោក បាស៊ីល ហ្វឺណាន់ដូ៖ «អ្វីដែលសំខាន់ និងចាំបាច់នោះ ថាតើចៅក្រមកម្ពុជា ហ៊ានបើកសវនាការ ឬកាត់ទោសរដ្ឋាភិបាលដែរទេ? តើដែលមានសាលក្រមណាមួយដែលថា ទង្វើរបស់រដ្ឋាភិបាលខុសច្បាប់ដែរទេ? ដូច្នេះបញ្ហាពិតប្រាកដនោះ គឺថា តើតុលាការហ៊ានលាតត្រដាងដែរ ឬអត់? តាមទស្សនៈរបស់ខ្ញុំ ដើម្បីឲ្យមានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យទៅបានលុះត្រាតែមានស្ថាប័ននៅឲ្យឯករាជ្យ ទីមួយ គឺស្ថាប័នតុលាការ ហើយទីពីរ គឺស្ថាប័ននគរបាល»។
របាយការណ៍ឃ្លាំមើលនៃអំពើនិទណ្ឌភាពក្រោមកណ្ដាប់ដៃលោក ហ៊ុន សែន ក្នុងរយៈជាង ២០ឆ្នាំ របស់អង្គការ Human Rights Watch ដែលមានចំណងជើងថា “ប្រាប់ពួកគេថាខ្ញុំចង់សម្លាប់ពួកគេ” បង្ហាញថា អ្នកសារព័ត៌មាន មន្ត្រីបក្សប្រឆាំង និងសកម្មជននយោបាយប្រមាណ ៣០០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីឆ្នាំ១៩៩១ ហើយជនសង្ស័យដែលជាអ្នកទទួលខុសត្រូវនៃការរំលោភសិទ្ធិមនុស្ស និងការសម្លាប់រង្គាល មិនត្រឹមតែរដ្ឋាភិបាលមិនបាននាំមកកាត់ទោសនោះទេ ប៉ុន្តែបែរជាដំឡើងបុណ្យស័ក្ដិ និងតួនាទីក្នុងវិស័យយោធាថែមទៀត៕
2 comments:
We have no lands to farm any more President Obama! Please help us!
We have no house to live any more President Obama! Please help us!
Our love one was murdered by Hun Sen! Please help us Mr President!
Cambodia justice system kill the poor and serve the rich only, We have never been treat as human being in the court! Mr President!
Please help Khmers! we think you are the living God!
Khmer people are love President Obama and hate Samdach Decho autocratic Hun Sen! Please help!
From the Voices of khmer Victims to President Obama!
General Lon Nol was cheating America such as fake number of ghost soldiers eg. on the list to America General Lon Nol put 100 000 soldiers and need salary for them from American tax payers and American gave in excess to general Lon Nol but in real number of soldiers have only 10 000 real soldiers. 90 000 soldiers salaries were go in to General Lon Nol pockets with his top few officers.
Lon Nol betrayal America and also betray his own soldiers and put their lives in danger that is why 85% of the soldiers were killed because of General Lon Nol management cheating skills.
American military aid, 50% of the American miliatry aid were sold to Khmer Rough that is why the real soldiers were lack of foods and weapons to fight, they end up died injusticely by General Lon Nol.
General Lon Nol's children and all his grandchildren are living on the suffer and khmers blood money.
His soldiers as well as millions of khmer death demand justice now!
Post a Comment