Friday, November 02, 2012

អាជ្ញាធរ​រង​ការ​ចោទ​ថា​មិន​បើក​ឲ្យ​ពលរដ្ឋ​មើល​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម

លោក អ៊ុក សារឿន បន្ត​ថា សព្វថ្ងៃ​នេះ សមត្ថកិច្ច​មិន​ត្រឹម​ហាម​ពលរដ្ឋ​ខ្មែរ​មក​ពី​ចម្ងាយ ដែល​ចង់​ឃើញ​បង្គោល​ព្រំ ដែន​បោះ​រួច​ទេ សូម្បី​កសិករ​ខ្មែរ​ក្នុង​មូលដ្ឋាន​ជាប់​ព្រំ ដែន ក៏​បាន​គំរាម និង​ហាម​មិន​ឲ្យ​ចូល​ទៅ​ជិត​បង្គោល​ព្រំដែន ថែម​ទៀត។ លោក​សោក​ស្ដាយ​ទង្វើ​របស់​អាជ្ញាធរ​តាម​ច្រក​ព្រំដែន​មួយ​ចំនួន ដែល​បាន​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​បាន​កំ ណត់ ចំពោះ​ការ​ហាម​ពលរដ្ឋ​មិន​ឲ្យ​ចូល​ទៅ​មើល​បង្គោល​ព្រំដែន​ដែល​រដ្ឋាភិបាល​ បោះ​រួច​នោះ។
ដោយ ដែន អយុធ្យា 2012-11-01 RFA
សាធារណជន​ខ្មែរ​បាន​ចោទ​អាជ្ញាធរ​ប្រចាំ​ការ​តាម​ច្រក​របៀង ឬ​ច្រក​ព្រំដែន​គោក​តាម​ខេត្ត​ជាប់​ព្រំដែន​ថា បាន​ហាម​ឃាត់ និង​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​ចូល​ទៅ​មើល​បង្គោល​ព្រំដែន​ដែល​រដ្ឋាភិបាល​ កម្ពុជា-វៀតណាម បោះ​រួច​ទេ។
លោក ទ្រី ស៊ុ្រន ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ច្រើន​ទៀត មក​ពី​ក្រុង​ភ្នំពេញ ដែល​ចង់​ទៅ​ឃើញ​បង្គោល​ព្រំដែន បាន​រអ៊ូរទាំ​ថា អាជ្ញាធរ​ខ្មែរ​ប្រចាំ​ការ​តាម​ប៉ុស្តិ៍ ឬ​ច្រក​ព្រំដែន ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង បាន​ហាម​ពួក​គេ​មិន​ឲ្យ​ចូល​ទៅ​មើល​បង្គោល​ព្រំដែន​ដែល​រដ្ឋាភិបាល​បោះ​រួច​ នោះ​ទេ។
ពលរដ្ឋ​រូប​នេះ​បាន​បង្ហាញ​អារម្មណ៍​ខក​ចិត្ត​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ ​ខ្មែរ ដែល​មាន​ចេតនា​ហាម​ឃាត់​ពលរដ្ឋ​របស់​ខ្លួន ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​វៀតណាម វិញ ពួក​គេ​អាច​ធ្វើ​ដំណើរ​ចេញ​ចូល​តាម​ច្រក​របៀង ឬ​អាច​ទៅ​ដល់​បង្គោល​ព្រំដែន​បាន​យ៉ាង​ងាយ។
ប្រជាពលរដ្ឋ​ផ្សេង​ទៀត ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​ជាច្រើន​មាន​លំនៅឋាន​តាម​បន្ទាត់​ព្រំដែន​ កម្ពុជា-វៀតណាម នៅ​ខេត្ត​ស្វាយរៀង ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា អាជ្ញាធរ​ប្រចាំ​ប៉ុស្តិ៍ ឬ​ច្រក​របៀង ក៏​បាន​ហាម​ពួក​គាត់​មិន​ឲ្យ​ចូល​ទៅ​ជិត​បង្គោល​ព្រំដែន​ដែល​រដ្ឋាភិបាល​បាន ​បោះ​រួច​នោះ​ទេ។
ស្ត្រី​មិន​បង្ហាញ​ឈ្មោះ​រស់នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង បាន​អះអាង​ថា ការ​បោះ​កំណត់​បង្គោល​ព្រំដែន​របស់​រដ្ឋាភិបាល​កម្ពុជា-វៀតណាម នាំ​ឲ្យ​គ្រួសារ​គាត់​បាត់​ដី​ស្រែ​ជាច្រើន​ហិកតារ។ កសិករ​រូប​នេះ​បន្ត​ថា សកម្មភាព​បោះ​បង្គោល​ព្រំដែន​រំលោភ​ចូល​ដី​ស្រែ​កេរ​ដូនតា គឺ​មន្ត្រី​ពាក់ព័ន្ធ​មិន​បាន​សួរ​នាំ​គ្រួសារ​គាត់​មួយ​ម៉ាត់​ណា​ទេ និង​បាន​គំរាម​មិន​ឲ្យ​ពួក​គាត់​ចូល​ទៅ​ក្បែរ​តម្រុយ ឬ​បង្គោល​ព្រំដែន​ ដែល​បោះ​លើ​ដី​ស្រែ​គាត់​ថែម​ទៀត។
ទាក់​ទិន​បញ្ហា​នេះ លោក អ៊ុក សារឿន អនុប្រធាន​ក្រុម​ការងារ​គណបក្ស សម រង្ស៊ី ខេត្ត​ស្វាយរៀង បាន​ឲ្យ​ដឹង​ដែរ​ថា អាជ្ញាធរ​ប្រចាំ​ការ​តាម​ច្រក​របៀង​ព្រំដែន មិន​ទាន់​បើក​ទូលាយ​ឲ្យ​ពលរដ្ឋ​ដែល​ចង់​ទៅ​មើល​បង្គោល​ព្រំដែន​បោះ​រួច​ឲ្យ​ បាន​ទូលំទូលាយ​ទេ។ លោក​ចោទ​អាជ្ញាធរ​តាម​ច្រក​របៀង ឬ​ប៉ុស្តិ៍​ប្រចាំ​ការ​តាម​ព្រំដែន បាន​រើសអើង​ចំពោះ​ពលរដ្ឋ​ខ្មែរ ដែល​ទៅ​មើល ឬ​ថត​រូប​អនុស្សាវរីយ៍​តាម​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម បោះ​រួច​ជា​ស្ថាពរ​នោះ។ ប៉ុន្តែ ចំពោះ​ពលរដ្ឋ​វៀតណាម មិន​បាន​ហាម​ឃាត់​ទៅ​វិញ។
លោក អ៊ុក សារឿន បន្ត​ថា សព្វថ្ងៃ​នេះ សមត្ថកិច្ច​មិន​ត្រឹម​ហាម​ពលរដ្ឋ​ខ្មែរ​មក​ពី​ចម្ងាយ ដែល​ចង់​ឃើញ​បង្គោល​ព្រំដែន​បោះ​រួច​ទេ សូម្បី​កសិករ​ខ្មែរ​ក្នុង​មូលដ្ឋាន​ជាប់​ព្រំដែន ក៏​បាន​គំរាម និង​ហាម​មិន​ឲ្យ​ចូល​ទៅ​ជិត​បង្គោល​ព្រំដែន​ថែម​ទៀត។ លោក​សោក​ស្ដាយ​ទង្វើ​របស់​អាជ្ញាធរ​តាម​ច្រក​ព្រំដែន​មួយ​ចំនួន ដែល​បាន​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​បាន​កំណត់ ចំពោះ​ការ​ហាម​ពលរដ្ឋ​មិន​ឲ្យ​ចូល​ទៅ​មើល​បង្គោល​ព្រំដែន​ដែល​រដ្ឋាភិបាល​ បោះ​រួច​នោះ។
ទោះ​មាន​សមត្ថកិច្ច​ប្រចាំ​ការ​តាម​ច្រក​ព្រំដែន​មួយ​ចំនួន បាន​រឹត​បន្តឹង​មិន​ឲ្យ​ពលរដ្ឋ​ចូល​ពិនិត្យ​មើល​បង្គោល​ព្រំដែន ឬ​តម្រុយ​ព្រំដែន​កម្ពុជា-វៀតណាម ក្តី ប៉ុន្តែ​ក៏​មាន​អាជ្ញាធរ​នៅ​តាម​ច្រក​ព្រំដែន​ខ្លះ​មាន​ការ​យល់យោគ​ខ្លះៗ​ ដែរ។
ជាក់​ស្ដែង សមត្ថកិច្ច​ការពារ​ច្រក​ព្រំដែន​កម្ពុជា-វៀតណាម ត្រង់​ម្តុំ​បង្គោល​ព្រំដែន​លេខ​១៦៥ និង​បង្គោល​ព្រំដែន​លេខ​១៧៥ ក្នុង​ក្រុង​បាវិត និង​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ត្រូវ​ពលរដ្ឋ​បញ្ជាក់​ថា បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​អាច​ចូល​ទៅ​មើល​បង្គោល​ព្រំដែន​ដែល​បាន​បោះ​រួច​ ខ្លះ​ដែរ តែ​ឲ្យ​មើល​ពី​ចម្ងាយ។ ទោះ​អាជ្ញាធរ​តាម​ព្រំដែន​ខ្លះ​បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​មាន​សិទ្ធិ​ចូល​មើល ​បង្គោល​ព្រំដែន​បោះ​រួច​ក្តី ប៉ុន្តែ​សកម្មភាព​នេះ សមត្ថកិច្ច​មិន​ទាន់​បើក​ទូលាយ​ចំពោះ​ពលរដ្ឋ​ទូទៅ​ទេ គឺ​នៅ​មាន​រើសអើង​ទៅ​លើ​មន្ត្រី​សង្គម​ស៊ីវិល អ្នក​សារព័ត៌មាន និង​មន្ត្រី​បក្ស​ប្រឆាំង​ជាដើម។
មន្ត្រី​គណបក្ស សម រង្ស៊ី លោក អ៊ុក សារឿន បាន​ឲ្យ​ដឹង​ថា នៅ​ច្រក​របៀង​ម្តុំ​បង្គោល ឬ​តម្រុយ​ព្រំដែន​លេខ​១៨៥ ស្ថិត​ក្នុង​ស្រុក​ចន្ទ្រា គឺ​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ អ្នក​សារព័ត៌មាន មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង​ចូល​មើល ឬ​ថត​រូប​បង្គោល​ព្រំដែន តាម​ការ​ស្នើសុំ​ទេ។
យ៉ាង​នេះ​ក្តី លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បាន​ប្រតិកម្ម​ថា រដ្ឋាភិបាល​មិន​បាន​ហាម​ឃាត់​ពលរដ្ឋ​ចង់​ទៅ​មើល ឬ​ថត​រូប​អនុស្សាវរីយ៍​តាម​បង្គោល​ព្រំដែន​ដែល​រដ្ឋាភិបាល​បោះ​រួច​ទេ។ លោក​បន្ត​ថា សព្វថ្ងៃ​នេះ រដ្ឋាភិបាល​មាន​តែ​លើក​ទឹក​ចិត្ត​ឲ្យ​សាធារណជន​ចូល​ទៅ​មើល​បង្គោល​ព្រំដែន​ បោះ​រួច​ឲ្យ​បាន​ច្រើន​ថែម​ទៀត។
មន្ត្រី​ទទួល​បន្ទុក​កិច្ច​ការ​បោះ​បង្គោល​ព្រំដែន​រូប​នេះ បាន​ច្រាន​ចោល​ចំពោះ​ព័ត៌មាន​ដែល​ថា អាជ្ញាធរ​បាន​រឹត​បន្តឹង ឬ​ហាម​ពលរដ្ឋ​មិន​ឲ្យ​ទៅ​មើល​បង្គោល​ព្រំដែន​ដែល​រដ្ឋាភិបាល​កម្ពុជា-វៀតណាម បោះ​រួច​ជា​ស្ថាពរ ជា​រឿង​ឃោសនា​ខុស​ការ​ពិត។
ទោះ​ជា​បែប​នេះ​ក្តី សាធារណជន​ខ្មែរ​ភាគ​ច្រើន នៅ​តែ​អះអាង និង​រអ៊ូរទាំ​ថា អាជ្ញាធរ​ប្រចាំ​ការ​តាម​ច្រក​របៀង​មួយ​ចំនួន​នៅ​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ ប្រទេស​វៀតណាម មាន​ខេត្ត​ព្រៃវែង តាកែវ កំពត កំពង់ចាម ពិសេស​ខេត្ត​ស្វាយរៀង មាន​ដូច​ជា​ច្រក​របៀង​តេមៀរ ស្ថិត​ក្នុង​ក្រុង​បាវិត ច្រក​របៀង​ប្រាសាទ និង​ច្រក​របៀង​ភូមិ​ពោធិ៍ នៅ​ស្រុក​ចន្ទ្រា ជាដើម អាជ្ញាធរ​មិន​ទាន់​បើក​ទូលាយ​ឲ្យ​ពលរដ្ឋ​ទៅ​មើល​បង្គោល​ព្រំដែន​បោះ​រួច​នោះ ​ទេ។
មន្ត្រី​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បាន​អះអាង​ថា បើ​គ្មាន​ឧបសគ្គ​រាំង​ស្ទះ​ទេ រដ្ឋាភិបាល​គ្រោង​នឹង​បោះ​កំណត់​បង្គោល​ព្រំដែន​គោក​កម្ពុជា-វៀតណាម ដែល​សរុប​មាន​ចំនួន ៣៧៥​បង្គោល​ឲ្យ​រួច​ជា​ស្ថាពរ​នៅ​ត្រឹម​ឆ្នាំ​២០១២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

វាមិនដែលមានប្រទេសណាដូចខ្មែរទេ បើនៅប្រទេស
អ៊ីស្រាអែល អាជ្ញាធរត្រូវតែនាំសិស្សនិស្សិតឱ្យទៅពិនិត្យ
ព្រំដែន នៅពេលដែលគេត្រូវរៀនពីភូមិសាស្រ្តរបស់ប្រ
ទេសគេ គឺខុសទេតែខ្មែរបែរជាមិនចង់ឱ្យប្រជាពលរដ្ឋ
ខ្លួនឃើញទីតាំងពិតនៃព្រំប្រទល់ដែន។

Anonymous said...

What the hell the Vietcong are trying to do by putting the symbol of Angkor Wat on the border makers?

The fucken Vietcong is trying so hard to make Cambodian people respect the fucken border markers! I have no problem if the fucken border markers put on the right places and in any others places to violate Cambodian sovereignty and the fucken Vietcong border makers need to be blown up!