Wednesday, December 12, 2012

សង្គម​ស៊ីវិល​រិះគន់​ការ​ប្រៀបធៀប​របស់​នាយក​រដ្ឋមន្ត្រី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស

មន្ត្រី​សង្គម​ស៊ីវិល​ប្រតិកម្ម​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក​នាយក​ រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឱកាស​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០​ធ្នូ ថា តើ​ហេតុ​អ្វី​បាន​ជា​មិន​ឃើញ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​មក​ជួយ​ពលរដ្ឋ​ ខ្មែរ​ក្នុង​សម័យ​ខ្មែរ​ក្រហម ដែល​បាន​សម្លាប់​មនុស្ស​ជា​រៀង​រាល់​ថ្ងៃ។
ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល អះអាង​ថា ការ​ប្រៀបធៀប​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​ស្ថានភាព​បច្ចុប្បន្ន​ទៅ​នឹង​ជំនាន់​ខ្មែរ​ក្រហម កាល​ពី ៣០​ឆ្នាំ​មុន គឺ​ហាក់​ពុំ​សម​ហេតុផល​ឡើយ និង​ថា​ជា​គំនិត​ចាស់​បុរាណ។

មន្ត្រី​សង្គម​ស៊ីវិល​បាន​រិះគន់​ថា រាជ​រដ្ឋាភិបាល​គួរ​ពិចារណា​រិះ​រក​មធ្យោបាយ​ជំរុញ​ឲ្យ​ស្ថានភាព​រស់នៅ​របស់ ​ពលរដ្ឋ​បាន​ប្រសើរ​ជាង​នេះ ដោយ​ពិចារណា​ថា តើ​កម្ពុជា ត្រូវ​ធ្វើ​អ្វី​បន្ថែម​ទៀត នៅ​ពេល​ដែល​កម្ពុជា ទទួល​ជំនួយ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក ពី​សហគមន៍​បរទេស។
លោក កែម ឡី អ្នក​វិភាគ​សង្គម មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី ថា សិទ្ធិ​សេរីភាព និង​ស្ថានភាព​រស់នៅ​របស់​ពលរដ្ឋ​បច្ចុប្បន្ន មាន​ការ​ដើរ​ថយ​ក្រោយ។ លោក​ថា រដ្ឋាភិបាល​ត្រូវ​មាន​ការ​វាស់វែង ថា​តើ​នៅ​មាន​ចំណុច​ខ្វះ​ខាត​អ្វី​ទៀត ដែល​ត្រូវ​ធ្វើ​បន្ថែម ឬ​ផ្លាស់​ប្ដូរ។
កាល​ពី​ថ្ងៃ​ទី១០ ធ្នូ ដែល​ជា​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី៦៤ សកម្មជន​ប្រមាណ​ជាង ៥.០០០​នាក់ រាប់​ទាំង​តំណាង​ក្រុម​អង្គការ​សង្គម​ស៊ីវិល អង្គទូត អង្គការ​សហប្រជាជាតិ កម្មករ និស្សិត និង​ជន​ជាតិ​ដើម​ភាគ​តិច បាន​នាំ​គ្នា​ទាម​ទារ​ឲ្យ​រាជ​រដ្ឋាភិបាល​គោរព​សិទ្ធិ​មនុស្ស និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​រស់នៅ​របស់​ពលរដ្ឋ កម្មករ ពលករ ដែល​មាន​ជីវភាព​រស់នៅ​លំបាក​វេទនា​គ្រប់​បែប​យ៉ាង ដោយ​សារ​តែ​ភាព​ក្រីក្រ និង​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ជាដើម។
ប៉ុន្តែ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​ថា ប្រសិន​បើ​ពុំ​មាន​ថ្ងៃ ៧​មករា ដែល​បាន​រំដោះ​ពលរដ្ឋ​ចេញ​ពី​របប​ខ្មែរ​ក្រហម​ទេ​នោះ គ្រប់ៗ​គ្នា​ពិត​ជា​មិន​អាច​មាន​សិទ្ធិ​សេរីភាព​ដូច​រាល់​ថ្ងៃ​នោះ​ឡើយ។ លោក ហ៊ុន សែន បាន​បញ្ជាក់​ផង​ដែរ​ថា នៅ​ពេល​ពលរដ្ឋ​ត្រូវ​បាន​គេ​សម្លាប់​ជា​រៀង​រាល់​ថ្ងៃ​ដោយ​ក្រុម​ខ្មែរ​ ក្រហម ពុំ​មាន​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ណា​មក​ជួយ​ទាល់​តែ​សោះ។
ចំពោះ​ការ​លើក​ឡើង​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា នេះ អ្នកស្រី ធិតា ឃឹះ នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីលកា មាន​ប្រសាសន៍​ថា ជំនាន់​ខ្មែរ​ក្រហម អ្វីៗ​ស្ថិត​ក្នុង​ភាព​ខ្មៅ​ងងឹត​ទាំង​អស់ ហើយ​របប​ខ្មែរ​ក្រហម​បាន​ផ្តាច់​ខ្លួន​ចេញ​ពី​ពិភព​ខាង​ក្រៅ។ អ្នកស្រី​ថា​ប្រសិន​បើ​យើង​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​គ្រប់គ្រាន់​ ដូច​បច្ចុប្បន្ន នោះ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម ពុំ​អាច​កើត​ឡើង​បាន​នោះ​ទេ។ រាជ​រដ្ឋាភិបាល​គួរ​មាន​មោទនភាព​ដែល​ពលរដ្ឋ​ភាគ​ច្រើន​មាន​ការ​យល់​ដឹង​អំពី ​សិទ្ធិ​សេរីភាព​របស់​ខ្លួន។
ប្រទេស​កម្ពុជា បច្ចុប្បន្ន កំពុង​រង​ការ​រិះគន់​ជាច្រើន​ពី​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ថា​បាន​រំលោភ​សិទ្ធិ​មនុស្ស ប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ចាប់​សកម្មជន​ដីធ្លី​ដាក់​ពន្ធនាគារ ដក​ហូត​ដីធ្លី និង​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ផ្ទះ​សម្បែង​ជាដើម។ មិន​តែ​ប៉ុណ្ណោះ ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​កាន់​តែ​ក្រីក្រ​ឡើងៗ ហើយ​នាំ​គ្នា​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ក្រៅ ដែល​ភាគ​ច្រើន​ត្រូវ​រង​ការ​រំលោភ​បំពាន​គ្រប់​បែប​យ៉ាង។
លោក កែម ឡី មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​ផង​ដែរ​ថា តាំង​ពី​របប​ខ្មែរ​ក្រហម​ដួល​រំលំ​កាល​ពី​ឆ្នាំ​១៩៧៩ មក ពលរដ្ឋ​គ្រប់ៗ​គ្នា​មាន​លំនៅឋាន​មាន​ដី​ស្រែ​ចម្ការ និង​មិន​សូវ​មាន​ពលរដ្ឋ​នាំ​គ្នា​ចេញ​ទៅ​រក​ការងារ​នៅ​ប្រទេស​ជិត​ខាង​ឡើយ។ ប៉ុន្តែ​ដោយ​សារ​ការ​អភិវឌ្ឍ​តាម​រយៈ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ ក្រុមហ៊ុន​ឯកជន ប្រជាពលរដ្ឋ​ភាគ​ច្រើន​ត្រូវ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ពុំ​មាន​ដី​ស្រែ​ចម្ការ និង​ពុំ​មាន​ការងារ​ធ្វើ​ក្នុង​ស្រុក។
ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ហ៊ុន សែន មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​នៅ​កម្ពុជា នៅ​មាន​ខ្វះ​ចន្លោះ​នៅ​ឡើយ ហើយ​រាជ​រដ្ឋាភិបាល​កំពុង​គិតគូរ​ដោះស្រាយ​បំពេញ​បន្ថែម។
នៅ​ក្នុង​ឱកាស​ខួប​លើក​ទី៦៤ ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ តំណាង​សហភាព​អឺរ៉ុប នៅ​កម្ពុជា បាន​លើក​ឡើង​អំពី​ភាព​ចាំបាច់​ដែល​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ទទួល​ស្គាល់ និង​ធ្វើ​តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ។
កាល​ពី​ខែ​សីហា ឆ្នាំ​២០១២ កន្លង​មក​នេះ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បាន​ចេញ​របាយការណ៍​មួយ​មាន ៦៨​ទំព័រ លើក​ឡើង​អំពី​ការ​រំលោភ​បំពាន​របស់​រដ្ឋាភិបាល​កម្ពុជា លើ​បញ្ហា​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​សិទ្ធិ​លំនៅឋាន ករណី​ជម្លោះ​ដី​នៅ​បឹងកក់ និង​បុរីកីឡា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា នាំ​ឲ្យ​កើត​មាន​ជម្លោះ​ដីធ្លី​ស្ទើរ​ទូទាំង​ប្រទេស និង​អំពី​បញ្ហា​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា ដែល​នាំ​ឲ្យ​មាន​ការ​តវ៉ា​ពី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន និង​ការ​តវ៉ា​ពី​គណបក្ស​ប្រឆាំង​ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

"ប៉ុន្តែ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​ថា ប្រសិន​បើ​ពុំ​មាន​ថ្ងៃ ៧​មករា ដែល​បាន
​រំដោះ​ពលរដ្ឋ​ចេញ​ពី​របប​ខ្មែរ​ក្រហម​ទេ​នោះ គ្រប់ៗ​គ្នា​ពិត​
ជា​មិន​អាច​មាន​សិទ្ធិ​សេរីភាព​ដូច​រាល់​ថ្ងៃ​នោះ​ឡើយ។
លោក ហ៊ុន សែន បាន​បញ្ជាក់​ផង​ដែរ​ថា នៅ​ពេល​ពល
រដ្ឋ​ត្រូវ​បាន​គេ​សម្លាប់​ជា​រៀង​រាល់​ថ្ងៃ​ដោយ​ក្រុម​ខ្មែរ​ ក្រហម
ពុំ​មាន​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ណា​មក​ជួយ​ទាល់​តែ​សោះ"

ប៉ុន្មានឃ្លានេះ​ ហ៊ុនសែន និយាយតាមយួនគ្រោងទុកឱ្យ
ចេះតែស្រែកគ្មាន ពិចារណាបន្តិចក៏គ្មាន គ្មាននរណាជឿ
តាមការបំភ័យដាក់កំហុសរបស់ទៅលើខ្មែរក្រហមប៉ុលពត។
ការពិតអ្នកសម្លាប់ខ្មែរជិត២លាន គឺក្រុមអាខ្មែរក្រហម
យៀកមិញ ជាស៊ីម ហេងសំរិន ហ៊ុនសែន ហ្នឹងហើយ
ដែលយួនប្រើឱ្យសម្លាប់ខ្មែរបង្ហើយនោះ៕