Thursday, 13 December 2012
ឃុត សុភចរិយា
The Phnom Penh Post
«ភរិយាខ្ញុំ និងខ្ញុំពិតជាមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ»ភ្នំពេញៈ តុលាការរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះករណីស្ត្រីសកម្មជនដីធ្លីក្នុងសហគមន៍ បឹងកក់ និងបុរីកីឡា ពីរនាក់ គឺអ្នកស្រី យ៉ោម បុប្ផា និងអ្នកស្រីទឹម សាក់មុន្នី ដែលកំពុងជាប់ឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស នាថ្ងៃពុធ សប្ដាហ៍ទី ៣ នៃខែធ្នូនេះ។
គិតមកទល់ពេលនេះ ការឃុំខ្លួនមុនការជំនុំជម្រះលើស្ត្រីទាំងពីរមានរយៈពេលជាងបីខែហើយ។
អ្នកស្រី យ៉ោម បុប្ផា ដែលជាសកម្មជនដីធ្លីដ៏សកម្មក្នុងសហគមន៍បឹងកក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ ហើយត្រូវបានតុលាការរាជធានីភ្នំពេញសម្រេចឲ្យឃុំខ្លួនជាបណ្ដោះ អាសន្ននៅពន្ធនាគារព្រៃសយ៉ាងតក់ក្រហល់ ដោយចោទប្រកាន់ពីបទ«ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស»។ ចំណែកអ្នកស្រី ទឹម សាក់មុន្នី ដែលជាសកម្មជនដីធ្លីក្នុងសហគមន៍បុរីកីឡា ក៏ត្រូវបានតុលាការរាជធានីភ្នំពេញសម្រេចឃុំខ្លួនផងដែរដោយចោទពី បទ«ប្រកាសបំភ្លៃការពិត»។
លោក ហម ស៊ុនរិទ្ធិ មេធាវីមកពីអង្គការសិទ្ធិមនុស្សលីកាដូ ដែលការពារក្ដីឲ្យស្ត្រីទាំងពីរខាងលើនេះបានប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីម្សិលមិញថា នៅរសៀលម៉ោង២ ថ្ងៃទី២៦ ខែធ្នូខាងមុខ សាលាដំបូងរាជធានីភ្នំពេញ នឹងធ្វើការជំនុំជម្រះលើករណីកូនក្ដីទាំងពីរនាក់របស់លោក។
លោក បានឲ្យដឹងថា៖«មន្ត្រីតុលាការរាជធានីភ្នំពេញ បានផ្ដល់ឯកសារស្ដីពីកាលបរិច្ឆេទនៃការបើកសវនាការជំនុំជម្រះ នេះកាលពីមួយសប្ដាហ៍មុន ចំពោះករណីអ្នកស្រី យ៉ោម បុប្ផា ដោយឡែកករណីអ្នកស្រី ទឹម សាក់មុន្នី ខ្ញុំទើបតែទទួលបានដំណឹង កាលពីប៉ុន្មានម៉ោងមុននេះថា ឲ្យយកឯកសារ»។
លោកបន្តថា៖«នៅថ្ងៃ បើកសវនាការជំនុំជម្រះខាងមុខនេះខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យអស់ពី សមត្ថភាពដើម្បីជួយទាមទារភាពយុត្តិធម៌តាមផ្លូវច្បាប់ឲ្យពួកគាត់ »។
លោក លួស សាខន ដែលជាប្ដីរបស់អ្នកស្រី យ៉ោម បុប្ផា បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា បច្ចុប្បន្នប្រពន្ធរបស់គាត់មានសភាពស្គមស្គាំង និងស្លេកស្លាំង ព្រោះតែគាត់មានបញ្ហាជំងឺខ្សោយបេះដូង និងក្រពះ ហើយថែមទាំងរស់នៅក្នុងបរិស្ថានមិនល្អ កង្វះអាហារូបត្ថម្ភ ព្រមទាំងមានការឈឺចាប់ចំពោះការចោទប្រកាន់ទាំងអយុត្តិធម៌ពី សមត្ថកិច្ចផងដែរ។
លោកបានប្រាប់ឲ្យដឹងទៀតថា កាលពីពីរខែមុនប្រពន្ធរបស់គាត់បានប្រាប់ថា នាងនឹង«សម្លាប់ខ្លួន»នៅក្នុងពន្ធនាគារ ប្រសិនបើមន្ត្រីអនុរក្សពន្ធនាគារ នៅតែបង្ខំឲ្យផ្ដិតមេដៃនៅលើបន្ទះក្ដារតូចមួយដែលសរសេរអំពីករណីដែល ត្រូវបានគេចោទប្រកាន់មកលើនាង និងតម្រូវឲ្យនាងដាច់ខាតត្រូវតែពាក់ក្ដារបន្ទះនោះនៅនឹងក របស់នាង។
លោក លួស សាខន នៅតែអះអាងថា៖«ភរិយាខ្ញុំ និងខ្ញុំពិតជាមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ»៕
No comments:
Post a Comment