Sunday, December 16, 2012

រដ្ឋាភិបាល​កម្ពុជា​ថា​នឹង​មិន​មាន​ការ​កំហិត​សេរីភាព​អ៊ីនធើណែត​ទេ

គេហទំព័រ​​វ៉េបសាយ ​​ខេអាយ ម៊ីឌៀ (KI Media)
 
ឃួន ធារ៉ា 28 វិច្ឆិកា 2012 VOA
 
ភ្នំពេញ៖ មន្ដ្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​បាន​​ឲ្យ​ដឹង​ថា សេចក្តីព្រាង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធើណែត​នឹង​ត្រូវការ​ ការ​ពិនិត្យ​បន្ថែម​ច្រើន​ទៀត​មុន​នឹង​ដាក់​ជូន​រដ្ឋសភា​ដើម្បី​ពិភាក្សា និង​អនុម័ត។ ប៉ុន្តែ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ ក៏​មាន​ការព្រួយបារម្ភ​ពី​ការកៀបសង្កត់​លើ​ការប្រើប្រាស់​ប្រពន្ធ័​ អេឡិចត្រូនិក​នេះ។
លោក​ខៀវ កញារិទ្ធ រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ខាងក្រៅ​ វេទិកា​គេហទិនានុលេខន៍​ឬ​ប្លហ្គ(blog) ក្នុង​ខេត្តសៀមរាប​កាលពីដើម​ខែវិច្ឆិកា​នេះ​ថា សេចក្តីព្រាងច្បាប់​ថ្មី​នេះ​នឹង​ត្រូវការ​រយៈពេល​ច្រើន​ទៀត​មុន​នឹង​អាច​ អនុម័ត​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​បាន។
 
លោក​ផៃ ស៊ី​ផាន អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ដ្រី​បាន​ឲ្យ​ដឹង​ដែរ​ថា សេចក្តី​ព្រាងច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​ប្រព័ន្ធអ៊ីនធើណែត​កំពុង​ស្ថិត​ នៅ​ក្រោម​ការ​តាក់តែង​រួមគ្នា​ដោយ​អាជ្ញាធរ​ណៃដា (NiDA) នៃ​ទីស្តីការ​គណៈរដ្ឋមន្ដ្រី ក្រសួង​ពាណិជ្ជកម្ម ធនាគារជាតិ និង​​ទូរគមនាគមន៍ និង​ប្រៃណីយ៍​ ប៉ុន្តែ​មិន​ទាន់​ធ្លាក់​ដល់ដៃ​គណៈរដ្ឋមន្ដ្រី​ដើម្បី​ពិនិត្យ​នៅឡើយ​ទេ។ 
 
ក្រុម​អ្នកសរសេរ​អត្ថបទ​លើ​អ៊ីនធើណែត​ឬ​ប្លហ្គឺ (bloggers) និង​អ្នកប្រើប្រាស់​អ៊ីនធើណែត​សរុប​ចំនួន​២០០​នាក់​មក​ពី​ប្រទេស​ចំនួន​១៥​ បាន​ពិភាក្សាគ្នា​យ៉ាង​ក្តៅ​គគុក​ក្នុង​វេទិកា​គេហទិនានុលេខន៍​ដែល​បាន​ ប្រព្រឹត្តិ​ទៅ​រយៈពេល​ប្រាំ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១​ដល់​ទី​៥​វិច្ឆិកា​កន្លង​ទៅ​នេះ។
 
កញ្ញា សន រ៉ាមណា អ្នក​សម្របសម្រួល​គម្រោង​របស់​មជ្ឍមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​និង​ជា​អ្នក​ សរសេរ​អត្ថបទ​អ៊ីនធើណែត​ម្នាក់​បារម្ភ​ថា ច្បាប់​នេះ​អាច​មិន​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បម្រើ​ផលប្រយោជន៍​ អ្នកប្រើប្រាស់​អ៊ីនធឺណែត​ទូទៅ​នៅ​កម្ពុជា។
 
«ខ្ញុំ​មាន​ទុទិដ្ឋិនិយម​បន្តិច​ចំពោះ​សេរីភាព​អ៊ីធឺណែត​នៅ​កម្ពុជា ព្រោះ​ខ្ញុំ​គិតថា បន្តិច​ទៀត​ហ្នឹង​អាច​នឹង​មាន​ការ​គៀប​សង្កត់​ច្រើន​ជាង​ហ្នឹង ដូច​បច្ចុប្បន្ន​ហ្នឹង​គាត់​កំពុង​ធ្វើ​សេចក្តីព្រាងច្បាប់​គ្រប់គ្រង​ អ៊ីនធើណែត​អី​អញ្ចឹង...ខ្ញុំ​ព្រួយបារម្ភ​ថា​អាច​នឹងមាន​ការ​គៀប​សង្កត់ អាច​យក​មូលហេតុ​មួយ​ចំនួន​មក​ធ្វើជា​លេស​មក​គៀបសង្កត់​សេរីភាព​បញ្ចេញមតិ​ តាម​អ៊ីនធើណែត។»
 
លោក ដេវីដ អ៊ីសាក់សឹ​ន (David Isaksson) អគ្គនាយក​ក្រុមហ៊ុន​រាយការណ៍​សកល (Global Reporting) និង​ជា​វាគ្មិន​ម្នាក់​ក្នុង​វេទិកា​នេះ បាន​និយាយ​ថា លោក​អង្កេត​ឃើញ​នៅ​បណ្តា​ប្រទេស​ផ្សេងៗ​ដែល​បាន​អនុម័ត​ច្បាប់​នេះ​ជាទូទៅ​ មាន​និន្នាការ​រឹតបន្តឹង​សេរីភាព​បញ្ចេញមតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណែត។
 
«ខ្ញុំ​មិនមែនជា​អ្នកជំនាញ​អំពី​ច្បាប់​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធើណែ​ត​នៅ​ កម្ពុជា​ទេ ប៉ុន្តែ​រដ្ឋាភិបាល​នានា​បាន​ប្រើប្រាស់​ច្បាប់​នេះ​ជា​លេស​ដើម្បី​ការពារ​ ហានិភ័យ ការ​បៀតបៀន និង​សន្តិសុខ​ជាតិ។ ប៉ុន្តែ​ធាតុពិត ច្បាប់​នេះ​ភាគច្រើន​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បង្ក្រាប​អ្នក​រិះគន់ អ្នកប្រឆាំង ជន​សកម្ម​វប្បធម៌ សង្គម​ស៊ីវិល និង​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ទៅវិញ​ទេ»។
 
លោក​ផៃ ស៊ី​ផាន ​ពន្យល់ថា ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធើណែត​នឹង​មិន​បង្កើត​ ការកៀបសង្កត់​ណា​មួយ​នោះទេ ​ក៏ប៉ុន្តែ​វា​នឹង​ក្លាយ​ជា​ឧបករណ៍​ច្បាប់​ជួយ​ទប់​ស្កាត់​ឧក្រិដ្ឋកម្ម​តាម ​អ៊ីនធើណែត។
 
«បញ្ហា​នេះ វា​ពាក់ព័ន្ធ​តែ​លើ​ឧបករណ៍​សុទ្ធសាធ ឧបករណ៍​ក្នុងការ​ការពារ​ទិន្នន័យ ដែល​យើង​ហៅថា ជា​មូលដ្ឋាន​នៃ​ការថែរក្សា​ទិន្នន័យ​ផ្លូវការ ជា​កម្មសិទ្ធិឯកជន កម្មសិទ្ធិ​បញ្ញា មិន​ឱ្យ​សាធារណជន​ណា​ចូល​ទៅ​ធ្វើការ​វាយ​ប្រហារ​បំផ្លាញ​ទិន្នន័យ​ជា​ ផ្លូវការ​របស់​គេ ដូចជា​ស្ថាប័ន​ធនាគារ និង​ស្ថាប័ន​ផ្សេងទៀត។» 
 
លោក​បន្ថែម​ថា ច្បាប់​នេះ​នឹង​មិន​ត្រូវ​ប្រើប្រាស់​ដើម្បី​ត្រួត​ពិនិត្យ​ទិន្នន័យ​ឌីជីថល ​ជា​អក្សរ រូបភាព វីដេអូ និង​សំឡេង​ដែល​កំហិត​ដល់​សេរីភាព​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធើណែត​នោះ​ ឡើយ។
លោក ខៀវ កញ្ញា​រិ​ទ្ធ ពន្យល់​ស្របគ្នា​នេះ​ដែរ។
សូមបញ្ជាក់​ថា សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធើណែត​នេះ​ ត្រូវបាន​ផ្តួចផ្តើមឡើង ក្រោយ​ពី​មាន​កំណើន​យ៉ាងខ្លាំង​នៃ​ចំនួន​អ្នកប្រើប្រាស់​អ៊ីនធើណែត​នា​ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។ ចំនួន​អ្នកប្រើប្រាស់​អ៊ីនធើណែត​បាន​កើនឡើង​យ៉ាង​គំហុក​ដល់​ចំនួន​១,៦៨​លាន​ នាក់​នៅ​ឆ្នាំ២០១១ បើ​ធៀប​នឹង​ឆ្នាំ២០១០មាន​ចំនួន​ប្រហែល​៣​សែន​២ម៉ឺន​នាក់​ប៉ុណ្ណោះ។ នេះ​បើ​យោងតាម​របាយការណ៍​របស់​ក្រសួង​ប្រៃណីយ៍​និង​ទូរគមនាគមន៍។ ជាមួយគ្នានេះ​អ្នកសរសេរ​អត្ថបទ​តាម​អ៊ីនធើណែត​បាន​កើន​ដល់​២.០០០​ទៅ​៣.០០០​ នាក់ និង​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook) នៅ​កម្ពុជា​មាន​ចំនួន​ជាង៧សែន​នាក់ នៅ​ឆ្នាំ​២០១២​នេះ៕

2 comments:

Anonymous said...

នេះជាការបំបិទសិទ្ធិសេរីភាព ក្នុងការស្វែងយល់តាមរយះប្រព័ន្ធអ៊ិនធឺណិត ពីសំណាក់រាជរដ្ឋាភិបាលបើច្បាប់នេះត្រូវបានអនុម័ត។ការបិទមិនឲ្យប្រើប្រាស់ប្រព័ន្ធអ៊ិធើណិត គឺរាជរដ្ឋាភិបាលចង់ឲ្យពលរដ្ឋធ្លាក់ចូលក្នុងភពខ្មៅងងឹត ដូចរបប ប៉ុល ពត ទៀតហើយ ទៅខុសអី នឹងពាក្យថាឡានចាស់ផ្លាស់អ្នកបើកបរថ្មី គឺពីមុនកុម្មុយនិស្ត ប៉ុល ពត តែឥឡូវកុម្មុយនិស្តហ៊ុនសែន

Anonymous said...

វាធ្លាក់ចូលស្អីទៀត ពួកអាក្រុមវាហ្នឹងហើយជាមេ
ខ្មែរក្រហមយៀកមិញ ដែលបានសម្លាប់ដ៏សាហាវ
ព្រៃផ្សៃ ខ្មែរជិត២លាននាក់។ យើងឃើញកាន់
តែច្បាស់ អ្វីដែលវានិយាយអួតថា ជាប្រទេស
ប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យពហុបក្សគឺ
ផ្ទុយស្រឡះ ពីទង្វើប្រជាប្រចាំរបស់ក្រុមពួកវា៕