Monday, January 21, 2013

សមាគម​បារម្ភ​ពី​កំណើន​កូដកម្ម​តាម​រោងចក្រ​ឆ្នាំ​​​នេះ​

កម្មករ កម្មការិនី ធ្វើកូដកម្មនាពេលកន្លងមក
Monday, 21 January 2013 រ៉ាន់ រើយ  
ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា​បាន​បង្ហាញ​ ពីក្តី​បារម្ភ​ថា​ការ​ផ្ទុះ​ឡើង​ធ្វើ​កូដ​កម្ម និង​បាតុកម្ម​នៅ​តាម​បណ្តា​រោងចក្រ​នៅ​ឆ្នាំ​នេះ​និង​ធ្វើ​ឲ្យ​វិស័យ​កាត់​  ដេរ​ប្រឈម​នឹង​បញ្ហា​នៃ​ការ​បញ្ជា​ទិញ​។
លោក វ៉ាន់ ស៊ូ​អៀង ប្រធាន​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​បាតុ​កម្ម​ក្នុង ​ពេល​ថ្មីៗ​មិន​មែន​ជា​សញ្ញា​ល្អ​សម្រាប់​វិស័យ​កាត់​ដេរ​របស់​កម្ពុជា​ទេ​។ ​លោក​បន្ត​ថា​៖ «​ប្រសិន​បើ​បាតុកម្ម​កើត​ឡើង​ច្រើន​ដូច្នេះ​យើង​នឹង​ខាត​បង់​នៅ​ក្នុង​ ឆ្នាំ​នេះ​វា​មិន​ល្អ​សោះ! បើ​គេ​ធ្វើ​បាតុកម្ម​បែប​នេះ​តើ​អ្នក​ណា​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខាត​បង់​ »។

លោក ជាតិ ខេមរា មន្រ្តី​ជាន់​ខ្ពស់​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា​ក៏​បាន​លើក​ឡើង​ដែរ​ ថា​ការ​ធ្វើ​បាតុកម្ម​នេះ​បាន​ប៉ះ​ពាល់​ដល់​អ្នក​ទិញ​ដែល​បាន​ចុះ​កុង​ត្រា​ រួច​ជាមួយ​ភាគី​រោង​ចក្រ​ដោយ​មាន​កាល​បរិច្ឆេទ​ត្រឹម​ត្រូវ​សម្រាប់​ការ​ ផលិត​និង​បញ្ជូន​ទំនិញ​។
លោក​បាន​ថ្លែង​ថា​៖​«​បើ​ពួក​គេ​ធ្វើ​បាតុកម្ម​វា​មាន​ផល​ប៉ះ​ពាល់​ពិត​ ប្រាកដ​សម្រាប់​រោងចក្រ​។​ផល​ប៉ះ​ពាល់​គឺ​ទំនិញ​ផលិត​មិន​ទាន់​ពេល​ហើយ​យើង​ មិន​ដឹង​ថា​តើ​អ្នក​បញ្ជា​ទិញ​អនុញ្ញាត​ឲ្យ​ពន្យារ​ពេល​ឬ​ក៏​អត់។​បើ​គេ​មិន ​អនុញ្ញាត​ភាគី​រោងចក្រ​ជា​អ្នក​ខាត​បង់​ធ្ងន់​ធ្ងរ​ហើយ​ទទួល​ខុស​ត្រូវ​ រាល់​ការ​ចំណាយ​តាម​កិច្ច​សន្យា​ក្នុង​ករណី​ទំនិញ​បញ្ជូន​មិន​ទាន់​ពេល​»។
លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាល​ពី​សប្តាហ៍​មុន​ថា​យ៉ាង​ហោច​ណាស់​ក៏​មាន​កម្មករ​ប្រមាណ​១​ម៉ឺន ​នាក់​មក​ពី​រោងចក្រ​ចំនួន​៨​បាន​ផ្ទុះ​ការ​តវ៉ា​នៅ​ដើម​ឆ្នាំ​នេះ​។​ការ​ តវ៉ា​នោះ​គឺ​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​និង លក្ខ​ខណ្ឌ​ការ​ងារ​កាន់​តែ​ប្រសើរ​ជាង​មុន​។
លោក​បាន​ទទួល​ស្គាល់​ថា​ការ​ធ្វើ​បាតុកម្ម​នាំ​ឲ្យ​ខាត​បង់​មិន​ត្រឹម​តែ ​ភាគី​រោងចក្រ​ទេ​តែ​កម្មករ​ក៏​ខាត​បង់​ដែរ តែ​ជម្រើស​បាតុកម្ម​ជា​ជម្រើស​ចុង​ក្រោយ​បង្អស់​ពេល​ដែល​សំណើ​របស់​គេ​ត្រូវ ​បដិសេធ​និង​គ្មាន​ដំណោះ​ស្រាយ​នោះ​។
លោក​បាន​បន្ត​ទៀត​ថា៖​«យើង​ដឹង​ថា​មាន​ផល​ប៉ះ​ពាល់​ប៉ុន្តែ​កម្មករ​ក៏​ មាន​ផល​ប៉ះ​ពាល់​ផង​ដែរ​។​បាតុកម្ម​ជា​ជម្រើស​ចុង​ក្រោយ​ពេល​ដែល​ពួក​គេ​ បរាជ័យ​ក្នុង​ការ​សម្រប​សម្រួល»​។
លោក​បាន​លើក​ឡើង​ថា​បាតុកម្ម​នៅ​ក្នុង​ដើម​ឆ្នាំ​ថ្មី​នេះ​ទំនង​ជា​កើន​ ឡើង​លើស​ឆ្នាំ​ទៅ​បើ​ធៀប​ក្នុង​រយៈ​ពេល​ដូច​គ្នា ហើយ​បាតុកម្ម​ភាគ​ច្រើន​លើស​លប់​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​និង​លក្ខ​ខណ្ឌ​ការ ​ងារ​ប្រសើរ​ជាង​មុន​៕

No comments: