Wednesday, February 20, 2013

ឧបការី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ចង់​ឃើញ​វត្តមាន​លោក សម រង្ស៊ី ចូលរួម​ការបោះឆ្នោត​ខាងមុខ

http://www.youtube.com/watch?v=Gs2sOffmq6M&feature=youtu.be

 
ដោយ លី ម៉េងហួរ 20/02/2013  RFI
ក្នុងដំណើរទស្សនកិច្ចរយៈពេលពេញ​មួយ​ថ្ងៃ នៅ​កម្ពុជាកាលពី​ថ្ងៃ​អង្គារទី១៩​កុម្ភៈ លោក Michael Posner​ ឧបការី​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​ផ្នែក​  លទ្ធិ​ប្រជា​ធិបតេយ្យ​ សិទ្ធិមនុស្ស និង​ការងារ​ បាន​ប្រកាស​ថា ការបោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា​ខាង​មុខ គឺ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ធានាឲ្យមាន​ភាព​ស្មើ​គ្នា ដើម្បី​ឲ្យ​មាន​អ្នក​នយោបាយ ចូលរួម​ប្រកួត​ ប្រជែង​​ដោយ​​យុត្តិធម៌ដោយ​រួម​ទាំង​លោក​ សម រង្ស៊ី ផង​ដែរ។ ករណី​លោក ម៉ម សូណង់ដូ និង​សកម្មជន​សិទ្ធិមនុស្ស ព្រមទាំង​សកម្មជន​ដីធ្លី​ជាច្រើន​ទៀត ដែល​មហាជន​យល់ថា ត្រូវ​តុលាការ​កាត់ទោស ដោយ​អយុត្តិធម៌ ក៏ត្រូវ​បាន​ឧបការី​រដ្ឋមន្ត្រី​ការបរទេស លើក​បង្ហាញ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ផង​ដែរ។


រដ្ឋាភិបាល​ត្រូវប្រកាន់​ជំហរ ធានា​អោយ​មាន​ភាពស្មើគ្នា ដើម្បី​អោយ​គ្រប់​អ្នកចូលរួម​នយោបាយ​​ទាំងអស់  អាច​ប្រកួតប្រជែង​ដោយ​យុត្តិធម៌ នៅក្នុង​ការបោះឆ្នោត​ នៅ​ខែកក្កដា ដោយ​​រួមទាំង​លោក​ សម រង្ស៊ី។ ភាព​អាច​អោយ​គេ​ទុកចិត្ត​បាន ​នៃ​ការបោះ​ឆ្នោត​ទាំង​នេះ​អាស្រ័យ​​លើ​ថា តើ​គណបក្ស​នយោបាយ​ប្រឆាំង ត្រូវបាន​គេ​អនុញ្ញាត អោយ​ចូលរួម ពេញ​លេញ និង​ដោយ​យុត្តិធម៌​ដែរ​ឬ​ទេ?។​ ទាំងនេះ គឺ​ជា​ការលើក​ឡើង​របស់​លោក Michael Posner ឧបការី​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ​ទទួល​បន្ទុក​ផ្នែក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការងារ។

លោក​ឧបការី បាន​មក​បំពេញ​ទស្សនកិច្ច​លើក​ទី​៣ រយៈពេល​ពេញ​មួយ​ថ្ងៃ នៅ​កម្ពុជា កាលពី​ថ្ងៃ១៩កុម្ភៈ។ លោក​បាន​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល លោក​ប្រមុខ​ការទូត​កម្ពុជា ហោ ណាំហុង ព្រមទាំង​មេដឹកនាំ នៃ​អង្គការ​សង្គម​ស៊ីវិល តំណាង​គណបក្ស​នយោបាយ និង​តំណាង​ការិយាល័យ នៃ​អគ្គស្នងការ​ជាន់ខ្ពស់ របស់​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិមនុស្ស។

ក្នុងសន្និសីទ​កាសែត កាលពី​ព្រលប់​ថ្ងៃ​១៩​កុម្ភៈ នៅ​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា ឧបការី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ​លោក Michael Posner បាន​លើក​ឡើង​ថា លោក​ក៏​បាន​សុំ​អោយ​មេដឹកនាំ​កម្ពុជា អនុញ្ញាត​អោយ​មាន​ការ​ពិភាក្សា​ដេញដោល​ជា​សាធារណៈ​ ដោយ​សន្តិភាព និង​ផុល​ផុសអំពី​បញ្ហា​នានា​ជាច្រើន ដោយ​គ្មាន​ការគំរាមកំហែង​សងសឹក។ ក្នុងនោះ ការពិភាក្សា​​ដេញដោល​គ្នា​នេះ​ គួរ​ប្រព្រឹត្តទៅ​តាម​វិទ្យុ ទូរទស្សន៍ និង​អ៊ិនធឺរណែត ជាពិសេស​នៅ​ក្នុង​ពេល​ប៉ុន្មាន​ខែ​ មុន​ដល់​ពេល​បោះឆ្នោត​ នៅ​ខែ​កក្កដា។

លោកឧបការី ក៏បានលើកឡើងពី​កង្វល់​យ៉ាង​ខ្លាំង​លើ​ករណី​កាត់ទោស និង​ចាប់​ឃុំ​លោក ម៉ម សូណង់ដូ ដែល​ជា​ឥស្សរជន​នាំមុខ​គេ ផ្នែក​សារព័ត៌មាន។ លោក Posner ​សុំ​អោយ​មាន​ការដោះលែង​លោក លោក ម៉ម សូណង់ដូ ដើម្បី​ជា​សញ្ញា​នៃ​លទ្ធិប្រជាធិបតេយ្យ​ល្អ​មួយ​ដែល​ថា សូម្បី​តែ​អ្នក​ដែល​មិន​យល់​ស្រប​តាម​អ្នក​កាន់​អំណាច ក៏​អាច​បញ្ចេញ​សំលេង រួម​ទាំង​មតិ​​រិះគន់​របស់​គេ ដើម្បី​អោយ​អ្នក​ឯ​ទៀត​បាន​ឮ ដោយ​គ្មាន​ការភ័យខ្លាច ពី​ការបំបិទ​សំលេង។​

ករណីលោក សមរង្ស៊ី និងលោក ម៉ម សូណង់ដូ ក៏ត្រូវបាន​ឧបការី​រដ្ឋមន្ត្រី​ការបរទេស លើក​ឡើង ចំពោះ​មុខ​លោក​ប្រមុខ​ការទូត ហោ ណាំហុង នៅ​ក្នុង​កិច្ចប្រជុំ កាលពី​ល្ងាច​ថ្ងៃ​១៩​កុម្ភៈ ព្រមទាំង​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា លើកលែង​ទោស និង​ដោះលែង​លោក ម៉ម សូណង់ដូ និង​អនុញ្ញាត​ឲ្យ​លោក សមរង្ស៊ី វិល​មក​ចូលរួម​ការបោះឆ្នោត។

ក៏ប៉ុន្តែ​បន្ទាប់ពី​កិច្ចប្រជុំ​ដោយ​បិទទ្វារ​នោះ លោក ​អ៊ុច បូរិទ្ធ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស បាន​ប្រាប់​​អ្នកសែត​ថា លោក ​ហោ ណាំហុង បាន​បក​ស្រាយ​បំភ្លឺ​ទៅ​កាន់​ភាគី​អាមេរិក ដែល​យល់ថា ដើម្បី​ឲ្យមាន​លទ្ធិប្រជាធិបតេយ្យ​កាន់តែ​ល្អ ការគោរព​សិទ្ធិមនុស្ស​កាន់​តែ​ប្រសើរ គួរតែ​ឲ្យ​មាន​វត្តមាន នៃ​ការវិល​ត្រឡប់​របស់​លោក​សម រង្ស៊ី និង​លោក​ ម៉ម សូណង់ដូ ក្នុងការ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​អ្នក​តំណាងរាស្ត្រ​នៅ​ខែ​កក្កដា។

ក៏ប៉ុន្តែ តាមលោកប្រមុខការទូត ហោ ណាំហុង ការកាត់ទោស ​ក៏​ដូចជា​ការដាក់​ទណ្ឌកម្ម​ដោយ​​តុលាការ​ទៅ​លើ​លោក​សម រង្ស៊ី និងលោក ​ម៉ម សូណង់ដូ មិនមែន​កាត់ទោស​លើ​បុគ្គល​ដែល​​បំពេញ​សកម្មភាព​ការងារ​ ក្នុង​ក្របខ័ណ្ឌ​ការងារ​លទ្ធិប្រជាធិបតេយ្យ ឬ​មួយ​ការងារ​ទាមទារ​ ​ដើម្បី​ការគោរព​សិទ្ធិមនុស្ស​ទេ ប៉ុន្តែ​ជា​ការកាត់ទោស​លើ​បុគ្គល​ម្នាក់ ​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់។

លោក អ៊ុច បូររិទ្ធ បញ្ជាក់ថា ការទាមទារ​ដោះលែង​លោក សម រង្ស៊ី ដើម្បី​ចូលរួម​ការបោះ​ឆ្នោត បាន​ន័យ​ថា សហរដ្ឋអាមេរិក កំពុងតែ​ទាមទារ​ឲ្យ​កម្ពុជា​ជ្រៀតជ្រែក ​ចូលទៅ​កិច្ចការ​ផ្ទៃក្នុង​​របស់​តុលាការ៕

3 comments:

Anonymous said...

Hun Shit can understand only one language: the drone language.

Anonymous said...

You wish you have the drone.

Anonymous said...

Do to advice from Uncle Sam! This is in the best interest of Cambodian people too! This is not about CPP or NRC(opposition)! This is about give Cambodian people the choice to choose in democratic way!

The government has interest and so do the people of Cambodian people!