សមត្ថកិច្ចបញ្ជូន ដេវីដ ឆាយណាវ៉ា និង ឈ្មោះ អ៊ូ ហ្វី ទៅតុលាការ ចំណែក លោក យាន ស៊ីណា មានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងយុត្តិ ធម៌ មិនឃើញបញ្ជូនខ្លួនមកទេ ទោះជាប្រជា ពលរដ្ឋចាប់បានឲ្យប៉ូលីសហើយក៏ដោយ!
(ថ្ងៃទី 19 មីនា 2013, ម៉ោង 04:21:PM) | ដោយ: វិសាល CEN
ភ្នំពេញ: លោក ដេវីដ ឆាយណាវ៉ា និងបក្ខពួកម្នាក់ទៀត ត្រូវសមត្ថកិច្ចនាំខ្លួន ទៅកាន់តុលាការកាលពីវេលាម៉ោង ៤និង១០នាទីល្ងាច ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ ចូលបំភ្លឺលើកករណី ជាប់ពាក់ព័ន្ធនឹងការប្រើ ប្រាស់អាវុធ ខុសច្បាប់ និងពីបទ បង្ករបួសស្នាម លើអ្នកកាសែត។
ទាំងពីរនាក់ ដែលសមត្ថកិច្ចបញ្ជូនមកតុលាការនោះ មាន ដេវីដ យាណាវា និង ឈ្មោះ អ៊ូ ហ្វី ចំណែក លោក យាន ស៊ីណា មានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ មិនឃើញបញ្ជូនខ្លួនមកទេ។
លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ បានឲ្យដឹងថា លោក យាន ស៊ីណា មានតួនាទីជា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ត្រូវបានចេញដីការចាប់ខ្លួន និងមានមនុស្សជាច្រើន នាក់ទៀតដែលជាបក្ខពួកនោះ ក៏មានដីកាចាប់ខ្លួនផងដែរ។
សូមបញ្ជាក់ថា លោក ដេវីដ ឆាយណាវ៉ា និងបក្ខពួកជាច្រើននាក់ បានបើករថយន្តស៊េរីទំនើបប្រណាំងគ្នាលេងតាមដងផ្លូវទាំងកណ្តាលអធ្រាត្រ ហើយបើកបរក្នុងស្ថានភាពស្រវឹង បានជ្រុលចង្កូតទៅបុកបង្កោលភ្លើង បណ្តាលឲ្យរថយន្តមួយគ្រឿងជាប់នឹងបង្គោលភ្លើង។ ក្រុមអ្នកបើកបរស្រវឹងនោះក៏បានវាយលើអ្នកយកព័ត៌មានជាច្រើននាក់ ដែលថតយកសកម្មភាពខាងលើនោះ។
វេបសាយប៉ូលិសជាតិ បានរាយការណ៍ថា ភ្លាមនោះ ស្រាប់តែលោក ដេវីដ ឆាយណាវ៉ា និងបក្ខពួក ចេញពីក្នុងរថយន្តមកព្រួតវាយអ្នកសារព័ត៌មាន បណ្តាលឲ្យរងរបួសជាច្រើននាក់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២ និង ១៥ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ តាមបណ្តោយមហាវិថីព្រះមុនីវង្ស កែងផ្លូវ២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានក៏បានឲ្យដឹងថា អ្នកបើកឡានពីរនាក់ ដែលបុកបង្គោលភ្លើង និងរបងការដ្ឋានសំណង់នោះ គឺឈ្មោះ យាន ស៊ីណា អាយុ ៤៥ឆ្នាំ ជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ រួមទាំងបក្ខពួកឈ្មោះ អ៊ូ ពី អាយុ ២២ឆ្នាំ ស្នាក់នៅផ្ទះលេខ១១៧ ផ្លូវលេខ៤ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ជាម្ចាស់រថយន្តម៉ាក Mini Coopers ពណ៌ក្រហម។
គេហទំព័រប៉ូលិសជាតិ ក៏បានរាយការណ៍ថា មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបជាច្រើនគ្រឿង បានបើកដេញប្រណាំងគ្នាយ៉ាងលឿនតាមបណ្តោយមហាវិថីព្រះមុនីវង្ស រួចបត់ឡើងទៅផ្លូវ២១៤ ដោយបួងចង្កូតមិនទាន់ បណ្តាលឲ្យរថយន្តម៉ាក Mini Coopersណ៌ក្រហម ពាក់ស្លាកលេខបណ្តោះអាសន្ន 6108 ជ្រុលទៅបុកជាប់ជាមួយបង្គោលភ្លើង។ ចំណែករថយន្តម៉ាក CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2C-1369 បានជែងជ្រុលទៅបុករបងការដ្ឋានសំណង់។
ប៉ូលិសបានបន្ថែមថា ក្នុងហេតុការណ៍នោះ មានលោក ដេវីដ ឆាយណាវ៉ា និងបក្ខពួកជាច្រើននាក់ បានបើកទ្វារចេញពីក្នុងរថយន្ត ព្រួតវាយទៅលើសហការីរបស់ ស្ថានីយទូរទស្សន៍ បាយ័ន CNC អប្សរា ព្រមទាំងអ្នកយកព័ត៌មានរបស់ស្ថានីយប៉ុស្តិ៍លេខ៩ និងបានវាយបុគ្គលិករបស់គ្លីនិកឯកមួយ នៅពេលដែលចូលទៅរកអ្នករបួសថែមទៀត។
ចំពោះហេតុការណ៍វាយតប់ពីសំណាក់ក្រុមចាស់ទំនើងខាងលើនេះ គេក៏បានឃើញក្រុមអ្នករត់ម៉ូតូឌុប និងប្រជាពលរដ្ឋ មកជួយឃាត់និងធ្វើអន្តរាគមន៍ដែរ។
ទោះបែបណា នៅក្នុងហេតុការណ៍ខាងលើ ត្រូវបានអ្នកកាសែត ខំប្រឹងប្រែងចាប់ប្រគល់ទៅឲ្យសមត្ថកិច្ចនគរបាល។
ក៏ប៉ុន្តែសេចក្តីរាយការណ៍ដដែល បានលើកឡើងថា ក្រោយពេលអ្នកកាសែតប្រគល់ក្រុមចាស់ទំនើងម្នាក់ដែលបានវាយតប់ មកលើអ្នកកាសែតនោះ បែរជាសមត្ថកិច្ចនគរបាល បានបណ្តោយឲ្យបើករថយន្តម៉ាក BMW ពាក់ស្លាក លេខភ្នំពេញ 2X 7771 គេចខ្លួនបាត់ដោយសុវត្ថិភាពទៅវិញ។
ជនសង្ស័យ ២ នាក់ ដែលបានចាប់ខ្លួន គឺមានឈ្មោះ ដេវីដ ឆាយណាវ៉ា និងម្នាក់ទៀត ដែលមិនទាន់ស្គាល់អត្តសញ្ញាណ។
អធិការនគរបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ លោក ហ៊ុន សុធី បានថ្លែងថា ជនសង្ស័យ ២នាក់នេះ ត្រូវបានចាប់ខ្លួន និងភស្តុតាង បានបញ្ជូនទៅស្នងការដ្ឋានរាជធានីភ្នំពេញ ទាំងយប់ ដើម្បីដោះស្រាយតាមផ្លូវច្បាប់។
សូមរម្លឹកថា លោក ដេវីត ឆាយណាវ៉ា ជាអតីតមេធាវី ដែលល្បីល្បាញក្នុងការបង្កចលាចល ខូចសណ្តាប់ធ្នាប់នៅរាជធានីភ្នំពេញ។ កាលពីប៉ុន្មានឆ្នាំមុន មេធាវីរូបនេះ ត្រូវបានប៉ូលិសចាប់ខ្លួន ដោយសារតែបើកឡានឡើងលើសួនច្បារ នៅមាត់ទន្លេ៕
- See more at: http://www.cen.com.kh/localnews/show_detail/22?token=Y2RhNDNkNz#sthash.8Oc7XOdd.dpuf
2 comments:
this david guy, is useless in USA
his lawyer job, was purely insane
His name is Heng. He lived in Long Beach.He barely finished high and I have no idea how he could have claimed to be a lawyer in Cambodia. That is pathetic!! He needs to be in jail!
Post a Comment