Monday, June 24, 2013

លោក រ៉ុង ឈុន ស្នើ​ឲ្យ​ក្រសួង​ឈប់​ផ្ដល់​ទីធ្លា​សាលា​ដើម្បី​​ប្រជុំ​បក្ស

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ការិយាល័យ​ នា​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៣។
RFA/Den Ayuthyea 
 
សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ស្នើ​ឲ្យ​ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ​យុវជន និង​កីឡា ឈប់​ផ្ដល់​​បរិវេណ​សាលា​ដើម្បី​ប្រជុំ​គណបក្ស​នយោបាយ ឃោសនា​នយោបាយ ក្នុង​ម៉ោង​រដ្ឋបាល ព្រោះ​ប៉ះពាល់​ដល់​ការ​បង្រៀន និង​ការ​​សិក្សា​របស់​សិស្ស។
ដោយ ដែន អយុធ្យា 2013-06-24 RFA
សំណើ​ចុះ​ហត្ថលេខា​ដោយ​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ផ្ញើ​ជូន​លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ ចុះ​ថ្ងៃ​ទី​២៤ ខែ​មិថុនា មាន​ខ្លឹមសារ​ថា មាន​សាលា​តាម​ខេត្ត-​ក្រុង​មួយ​ចំនួន ត្រូវ​គណបក្ស​​ប្រជាជន​កម្ពុជា បាន​យក​ទីធ្លា​សាលា សិស្សានុសិស្ស និង​គ្រូ​បង្រៀន ឲ្យ​ចូល​រួម​ប្រជុំ​គណបក្ស​របស់​ខ្លួន​ក្នុង​ម៉ោង​រដ្ឋបាល។
លិខិត​បាន​បញ្ជាក់​ថា ខេត្ត​ក្រុង​ដែល​គណបក្ស​ប្រជាជន​បាន​យក​បរិវេណ​សាលា សិស្សានុសិស្ស និង​គ្រូបង្រៀន ​សម្រាប់​ជួប​ជុំ​បក្ស​នយោបាយ មាន​ខេត្ត​កណ្ដាល តាកែវ រាជធានី​ភ្នំពេញ និង​ខេត្ត​ពោធិ៍សាត់ ជាដើម។
​លើស​ពី​នេះ លោក រ៉ុង ឈុន បាន​ចាត់​ទុក​សកម្មភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​យក​សិស្សានុសិស្ស គ្រូបង្រៀន និង​ទីធ្លា​សាលា​យក​ទៅ​ប្រជុំ​ការងារ​បក្ស គឺ​ច្បាប់​ត្រូវ​បាន​ហាមឃាត់​ជា​ដាច់​ខាត មិន​ឲ្យ​ប្រើប្រាស់​​សម្ភារៈ​របស់​រដ្ឋ និង​ម៉ោង​រដ្ឋបាល ដើម្បី​បម្រើ​សកម្មភាព​នយោបាយ​របស់​បុគ្គល​ណា​មួយ​ឡើយ ហើយ​ថា បញ្ហា​នេះ​មាន​ចែង​នៅ​ក្នុង​មាត្រា ៣៧ នៃ​ច្បាប់​ស្ដីពី​សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល និង​មាត្រា ៣៤ មាត្រា ៥២ នៃ​ច្បាប់​ស្ដីពី​ការ​អប់រំ។ ម៉្យាង​ទៀត សកម្មភាព​នេះ​គឺ​បាន​រំលោភ​ច្បាប់ និង​ប៉ះ​ពាល់​ដល់​ការ​សិក្សា​របស់​សិស្ស និង​កម្មវិធី​បង្រៀន​របស់​គ្រូ​បង្រៀន។
ផ្ដើម​ពី​បញ្ហា​នេះ សមាគម​គ្រូបង្រៀន​ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ ពិនិត្យ និង​បញ្ឈប់​សកម្មភាព​នេះ​ជា​បន្ទាន់ កុំ​ឲ្យ​កើត​មាន​តាម​គ្រឹះស្ថាន និង​សាលារៀន​បន្ត​ទៀត៖ «យើង​ចង់​ឲ្យ​ក្រសួង​អប់រំ ត្រូវ​តែ​មាន​ចេញ​សេចក្ដី​ណែនាំ​ទៅ​កាន់​សាលា គ្រឹះស្ថាន​នីមួយៗ កុំ​ឲ្យ​យក​ទីធ្លា​សាលា ឬ​គ្រូបង្រៀន និង​សិស្ស​នៅ​ក្នុង​ម៉ោង​រដ្ឋបាល​យក​ទៅ​ប្រើប្រាស់ ដើម្បី​ផល​ប្រយោជន៍​បុគ្គល អ្នក​នយោបាយ ឬ​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ឲ្យ​សោះ»
ប្រធាន​នាយកដ្ឋាន​មធ្យម​សិក្សា​នៃ​ក្រសួង​អប់រំ លោក អ៊ឹង ង៉ោហុក បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ជុំវិញ​លិខិត​ស្នើ​សុំ​អន្តរាគមន៍​របស់​សមាគម​គ្រូបង្រៀន​នៅ​រសៀល​ថ្ងៃ​ទី​ ២៤ ខែ​មិថុនា។
យ៉ាង​ណា​ក៏ដោយ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​វត្ត​មុនីសាលវ័ន្ត នៅ​ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មិថុនា បាន​ថ្លែង​អំពាវនាវ​ដល់​សមត្ថកិច្ច​បន្ត​រក្សា​ភាព​ស្ងៀមស្ងាត់ និង​ពង្រឹង​​សន្តិសុខ​ឲ្យ​បាន​ល្អ ដើម្បី​ជំរុញ​ឲ្យ​ការ​បោះ​ឆ្នោត​​គ្មាន​អំពើ​ហិង្សា​នយោបាយ។
ទាក់ទិន​បញ្ហា​នេះ លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ធ្លាប់​បាន​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ច្បាប់​បោះ​ឆ្នោត បាន​ហាម​មិន​ឲ្យ​មន្ត្រី​រាជការ​យក​ពេល​វេលា​ក្នុង​ម៉ោង​ធ្វើ​ការ​ទៅ​ចូល​ រួម​ឃោសនា​ឲ្យ​បក្ស​នយោបាយ​ណា​មួយ​ទេ។ ជាង​នេះ​ទៀត សម្ភារៈ ឬ​មធ្យោបាយ​ដឹក​ជញ្ជូន​ផ្សេងៗ​របស់​រដ្ឋ ក៏​ត្រូវ​ហាមឃាត់។
លោក ទេព នីថា៖ «សូម​មេត្តា​ចូល​រួម​សហការ​ធ្វើ​យ៉ាង​ណា​រក្សា​ បរិយាកាស​អព្យាក្រឹតភាព​នៅ​ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត ជួយ​រក្សា​សន្តិសុខ សុវត្ថិភាព នៅ​ក្នុង​ការ​ឃោសនា​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​យើង​ឲ្យ​បាន​ល្អ ព្រោះ​ថា នៅ​ក្នុង​ដំណើរ​ការ​រៀបចំ​បាន​ល្អ បាន​ប្រកប​ដោយ​សន្តិសុខ សុវត្ថិភាព​ហ្នឹង ក៏​វា​ជា​ជោគជ័យ​មិន​មែន​តែ​របស់ គ.ជ.ប តែ​វា​ជា​របស់​ប្រទេស​កម្ពុជា​ទាំង​មូល»
កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ ការ​បោះ​ឆ្នោត​នេះ មាន​គណបក្ស​នយោបាយ​ចំនួន ៨ បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ប្រជែង ហើយ​​ពេល​វេលា​សំរាប់​គណបក្ស​នយោបាយ បើក​យុទ្ធនាការ​ឃោសនា នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ដល់​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

3 comments:

Anonymous said...

ក្មួយៗយុវជនដែលជាទំពាំងស្នងឬស្សីទាំងឡាយ មុននឹងក្មួយៗបោះឆ្នោតរើសអ្នកដឹកនាំ តោងក្មួយពិចារណាថា ក្មួយជាសសរទ្រូងរបស់ប្រទេស ហើយអនាគតរបស់ក្មួយគឺនៅវែងឆ្ងាយជាងអុំដែលជាឬស្សីចាស់ជ្រេរទៅហើយ ដូចនេះបើសិនជាក្មួយៗបោះឆ្នោតជ្រើសអ្នកដឹកនាំខុស ក្មួយៗនឹងទទួលនូវផលប៉ះពាល់និងរងកម្ម ច្រើនជាងអុំដែលជាមនុស្សចាស់ ព្រោះក្មួយៗអាចមានជីវិតរស់នៅបានយូរជាងអុំ ជាហេតុឲ្យការរងកម្មរបស់ក្មួយត្រូវយូរដែរ។ បច្ចុប្បន្ននេះ ក្មួយៗយុវជនភាគច្រើនជាអ្នកដែលទទួលនូវការបណ្តុះបណ្តាលខ្ពស់ មានបញ្ញាវាងវៃដែលអាចពិចារណាដឹងខុសត្រូវជាងមាមីងនិងបងប្អូនដែលនៅជនបទចុងកាត់មាត់ញក។ ជាពិសេស ក្មួយៗយុវជនភាគច្រើនចេះភាសាបរទេស និងមានលទ្ធភាពអាននិងតាមដានព័ត៌មានក្នុងគេហទំព័រនានាបាន ហើយក៏មានព័ត៌មានជាច្រើនដែលបានដាក់ក្នុងគេហទំព័រជាច្រើនដែរ។ ជាបណ្តាំរបស់អុំ មុននឹងក្មួយៗបោះឆ្នោតរើសអ្នកដឹកនាំយ៉ាងហោចណាស់ ក្មួយៗត្រូវចេះប្រវត្តិសាស្ត្រ និងមូលហេតុនៃការកកើតឡើងនូវខ្មែរក្រហម។ ក្មួយៗត្រូវចោទជាសំណួរថា ហេតុអ្វីបានជាមានខ្មែរក្រហម និងហេតុអ្វីបានជាខ្មែរក្រហមសម្លាប់ខ្មែរអស់រាប់លាននាក់? បើសិនជាក្មួយចំណាយពេលអាននិងស្រាវជ្រាវឫសគលនៃបញ្ហា ក្មួយប្រាកដជាអាចឆ្លើយសំណួរនេះបានដោយងាយ។ សូមក្មួយកុំបំផ្លាញអនាគតរបស់ក្មួយដោយសន្លឹកឆ្នោតមួយសន្លឹក ឬដោយការសម្រេចចិត្តខុស ព្រោះតែមិនបានយល់ដឹងប្រវត្តិសាស្រ្ត ជាហេតុឲ្យយើងដើរជាន់ប្រវត្តិសាស្ត្រចាស់ដដែល។ យើងមានច្បាប់ផ្តន្ទាទោសចំពោះអ្នកដែលមិនទទួលស្គាល់របបខ្មែរក្រហម អីចឹងមានន័យថារបបខ្មែរក្រហមជារបបអាក្រក់ តើខ្មែរក្រហមកើតឡើតាំងពីពេលណា ហើយអ្នកណាជាអ្នកបង្កើតរបបខ្មែរក្រហម និងអ្នកណាជាអង្គការនាសម័យខ្មែរក្រហម? សង្ឃឹមថា ក្មួយៗមិនយក អនាគតដ៏ល្អមកលេងសើចជាមួយឆ្នោតមួយសន្លឹកឡើយ។
នាយជ្រុញ

Anonymous said...

ទំពាំងcnrp yuon ស្នងឬស្សីcpp yuon!

Anonymous said...

*******(~_-)********
***ខ្មែរអើយក្រោកឡើង***
កុំនូវឲ្យគេជាន់ក្បាលខ្មែរ ទៅបំរើយួន?
កុំទុកឲ្យពួកចោរលួចជាតិ សំឡាប់ខ្មែរ?
កុំស៊ូទ្រាំរហូតដល់ដំណាក់កាលចុងក្រោយ?
កុំទុករហូតអស់ទឹកដី ដូចខ្មែរក្រោម?

...ស្តាប់បាននូវខ្មែរ...