ដោយ ស៊ុន ណារិន ថ្ងៃសៅរ៍ ទី29 មិថុនា ឆ្នាំ2013 ម៉ោង08:19VOD
មន្ត្រីវិទ្យុអាស៊ីសេរីដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក
នៅថ្ងៃសៅរ៍នេះឲ្យដឹងថា ការហាមមិនឲ្យផ្សាយបន្តពីវិទ្យុបរទេស
ក្នុងរយៈពេលយុទ្ធនាការបោះឆ្នោត និងថ្ងៃបោះឆ្នោត
ជាយុទ្ធសាស្ត្រច្បាស់មួយរបស់រដ្ឋាភិបាលដែលបង្ហាញថា
លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងតែដើរថយក្រោយ។
សេចក្តីណែនាំរបស់ក្រសួងព័ត៌មាន ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមិថុនា
ឲ្យដឹងថា ស្ថានីយវិទ្យុ FMរដ្ឋ និងឯកជន
ត្រូវផ្អាកការផ្សាយបន្តពីវិទ្យុបរទេសទាំងអស់ដែលផ្សាយជាខេមរភាសា
ក្នុងរយៈពេលបើកការឃោសនារកសំទ្បេងឆ្នោត ៣១ថ្ងៃ មុនថ្ងៃបោះឆ្នោត
និងថ្ងៃបោះឆ្នោត។សេចក្តីណែនាំបន្តថា ក្នុងករណីស្ថានីយវិទ្យុ FM
ណាមិនគោរពតាមសេចក្តីណែនាំនេះ
ក្រសួងព័ត៌មាននឹងចាត់វិធានការតាមច្បាប់ជាធរមាន។
ក្រសួងព័ត៌មាន ក៏បានណែនាំឲ្យនាយក-នាយិកាស្ថានីយវិទ្យុ FM
រដ្ឋនិងឯកជនទាំងអស់ ត្រូវមានភាពអព្យាក្រឹតក្នុងការរាយការណ៍ព័ត៌មាន
ពាក់ព័ន្ធការបោះឆ្នោតជូនអ្នកបោះឆ្នោត។
ក្នុងសារអ៊ីម៉ែលឆ្លើយតបនឹងសំណួររបស់VOD លោក John A. Estrella
អនុប្រធានផ្នែកទំនាក់ទំនងរបស់វិទ្យុអាស៊ីមានប្រសាសន៍ថា
សេចក្តីណែនាំរបស់ក្រសួងព័ត៌មានជាការប្រហារខ្លាំងក្លាបំផុត
ទៅលើសេរីភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។ លោកបន្តថា
សេចក្តីណែនាំរបស់ក្រសួង
មិនមែនដោយសារភាពមិនប្រក្រតីនៃកម្មវិធីរបស់វិទ្យុអាស៊ីសេរីនោះទេ
តែវាជាយុទ្ធសាស្ត្រច្បាស់មួយដើម្បីបំបិទសំឡេងដែលអាចទទួលបានផ្សេងៗ
គ្នា នៅក្នុងសង្គមសេរី និងបើកទូលាយមួយ។
លោក John A. Estrella ឲ្យដឹងទៀតថា ភាពសេរី
និងត្រឹមត្រូវនៃព័ត៌មានច្រើនផ្សេងៗគ្នាសម្រាប់ការបោះឆ្នោត
នឹងផ្តល់ជាមូលដ្ឋានមួយសម្រាប់ការបោះឆ្នោតមួយដោយសេរី និងយុត្តិធម៌
ហើយការសម្រេចរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន
បង្ហាញពីការដើរថយក្រោយគួរឲ្យព្រួយបារម្ភមួយសម្រាប់លទ្ធិប្រជាធិបតេយ្យ
និងសេរីភាពនៅកម្ពុជា។
អ្នកស្រាវជ្រាវជាន់ខ្ពស់ លោក កែម ឡី មានប្រសាសន៍ថា
ក្នុងសង្គមមួយដែលដឹកនាំដោយមិនបើកចំហ
អ្នកដឹកនាំតែងតែភ័យខ្លាចព័ត៌មានពិតប្រាកដ យុត្តិធម៌ និងមិនលម្អៀង។
លោកថា ទង្វើនេះនឹងធ្វើឲ្យរដ្ឋាភិបាលខាតបង់
គឺការស្អប់ពីអ្នកស្តាប់វិទ្យុបរទេសទាំងនោះ
និងមន្ត្រីរដ្ឋាភិបាលបាត់បង់ប្រភពព័ត៌មាន
ដែលឆ្លុះបញ្ចាំងពីភាពមិនប្រក្រតីនៅតាមមូលដ្ឋាន។
វិទ្យុបរទេសដែលជួលម៉ោងផ្សាយជាខេមរភាសា នៅតាមស្ថានីយវិទ្យុ FM
ឯកជននៅប្រទេសកម្ពុជា មានដូចជា វិទ្យុអាស៊ីសេរី (Radio Free Asia)
ដែលផ្តល់ហិរញ្ញវត្ថុដោយព្រឹទ្ធសភាសហរដ្ឋអាមេរិក
វិទ្យុសំទ្បេងសហរដ្ឋអាមេរិក (Voice of America)
ដែលផ្តល់ហិរញ្ញវត្ថុដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក៕
1 comment:
សូម្បីតែ អាស៊ីសេរី មិនទាំងបានដឹងថា តើ កម្ពុជា
មានលទ្ធិប្រជាធិបតេយ្យតាំងពីកាលណាផង។
គឺគ្មានទេ លោក ហ៊ុនសែន មិនបានឱ្យពលរដ្ឋខ្មែរ
ស្គាល់ លទ្ធិហ្នឹងទេ សាមសិបឆ្នាំកន្លងមកនេះ។
Post a Comment