ដោយ ស៊ុន ណារិន
ថ្ងៃសៅរ៍ ទី29 មិថុនា ឆ្នាំ2013 ម៉ោង09:11 VOD
វិទ្យុ
សំឡេងសហរដ្ឋអាមេរិក ថ្កោលទោសលើទង្វើរដ្ឋាភិបាល
ក្នុងការហាមមិនឲ្យផ្សាយបន្តពីវិទ្យុបរទេសក្នុងរយៈពេលយុទ្ធនាការ
បោះឆ្នោត និងថ្ងៃបោះឆ្នោត ដោយជំរុញឲ្យមានការដកសេចក្តីណែនាំ
ដែលមានលក្ខណៈរឹតត្បិតនេះវិញ។
សេចក្តីណែនាំរបស់ក្រសួងព័ត៌មាន ចេញផ្សាយកាលពីថ្ងៃទី២៥
ខែមិថុនាឲ្យដឹងថា ស្ថានីយវិទ្យុ FM រដ្ឋ
និងឯកជនផ្អាកការផ្សាយបន្តពីវិទ្យុបរទេសទាំងអស់
ដែលផ្សាយជាខេមរភាសា ក្នុងរយៈពេលបើកការឃោសនារកសំទ្បេងឆ្នោត
៣១ថ្ងៃ មុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត។សេចក្តីណែនាំបន្តថា
ក្នុងករណី ស្ថានីយវិទ្យុ FM ណាមិនគោរពតាមសេចក្តីណែនាំនេះ
ក្រសួងព័ត៌មាននឹងចាត់វិធានការតាមច្បាប់ជាធរមាន។
ក្រសួងព័ត៌មាន ក៏បានណែនាំឲ្យនាយក-នាយិកាស្ថានីយវិទ្យុ FM
រដ្ឋនិងឯកជនទាំងអស់ ត្រូវមានភាពអព្យាក្រឹតក្នុងការរាយការណ៍ព័ត៌មាន
ពាក់ព័ន្ធការបោះឆ្នោតជូនអ្នកបោះឆ្នោត។
ការីនិពន្ធប្រតិបត្តិរបស់វិទ្យុVOA លោក Steve Redisch
មានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី២៨ខែមិថុនា
ថា ការសម្រេចមិនឲ្យមានការផ្សព្វផ្សាយព័ត៌របស់VOA នៅកម្ពុជា
ធ្វើឲ្យអ្នកស្តាប់ជាជនជាតិកម្ពុជា បាត់បង់ព័ត៌មានសំខាន់
មុនការបោះឆ្នោតថ្ងៃទី២៨ខែកក្កដា។
លោកបញ្ជាក់ថា៖«ព័ត៌មានទុកចិត្ត ត្រឹមត្រូវ និងមានតុល្យភាព
ជាព័ត៌មាន ដែលត្រូវការបំផុត មុនការបោះឆ្នោត។
យើងថ្កោលទោសការប្រឹងប្រែងណា
ក្នុងការបំបិទសំឡេងប្រព័ន្ធផ្សព្វផ្សាយ»។
ចំណែក លោក John A. Estrella
អនុប្រធានផ្នែកទំនាក់ទំនងរបស់វិទ្យុអាស៊ី ប្រាប់VODថា
សេចក្តីណែនាំរបស់ក្រសួងព័ត៌មាន ជាការប្រហារខ្លាំងក្លាបំផុត
ទៅលើសេរីភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។ លោកបន្តថា
សេចក្តីណែនាំរបស់ក្រសួង
មិនមែនដោយសារភាពមិនប្រក្រតីនៃកម្មវិធីរបស់វិទ្យុអាស៊ីសេរីនោះទេ
តែវាជាយុទ្ធសាស្ត្រច្បាស់មួយ ដើម្បីបំបិទសំឡេង
ដែលអាចទទួលបានផ្សេងៗគ្នា នៅក្នុងសង្គមសេរី និងបើកទូលាយមួយ។
លោក John A. Estrella ឲ្យដឹងទៀតថា ភាពសេរី និងត្រឹមត្រូវ
នៃព័ត៌មានច្រើនផ្សេងៗគ្នាសម្រាប់ការបោះឆ្នោត
នឹងផ្តល់ជាមូលដ្ឋានមួយសម្រាប់ការបោះឆ្នោតមួយ ដោយសេរី និងយុត្តិធម៌
ហើយការសម្រេចរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន
បង្ហាញពីការដើរថយក្រោយគួរឲ្យព្រួយបារម្ភមួយ
សម្រាប់លទ្ធិប្រជាធិបតេយ្យ និងសេរីភាពនៅកម្ពុជា។
វិទ្យុបរទេសដែលជួលម៉ោងផ្សាយជាខេមរភាសា នៅតាមស្ថានីយវិទ្យុ FM
ឯកជននៅប្រទេសកម្ពុជា មានដូចជា វិទ្យុអាស៊ីសេរី (Radio Free Asia)
ដែលផ្តល់ហិរញ្ញវត្ថុដោយព្រឹទ្ធសភាសហរដ្ឋអាមេរិក
វិទ្យុសំទ្បេងសហរដ្ឋអាមេរិក (Voice of America)
ដែលផ្តល់ហិរញ្ញវត្ថុដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក៕
1 comment:
ចុះវិទ្យុភាសារយួនក្នុងស្រុក បិទឬអត់?
Post a Comment