Saturday, June 29, 2013

វិទ្យុVOA ​ថោ្កលទោស​ទង្វើ​រដ្ឋាភិបាល ​បិទ​សំឡេង​វិទ្យុ​បរទេស


វិទ្យុ ​សំឡេង​សហរដ្ឋអាមេរិក ថ្កោលទោស​លើ​ទង្វើ​រដ្ឋាភិបាល ក្នុងការ​ហាម​មិន​ឲ្យ​ផ្សាយ​បន្ត​ពី​វិទ្យុ​បរទេស​ក្នុង​រយៈពេល​យុទ្ធនាការ​ បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត ដោយ​ជំរុញ​ឲ្យមាន​ការដក​សេចក្តីណែនាំ ដែល​មាន​លក្ខណៈ​រឹតត្បិត​នេះ​វិញ​។​
សេចក្តីណែនាំ​របស់​ក្រសួង​ព័ត៌មាន ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា​ឲ្យដឹងថា ស្ថានីយ​វិទ្យុ FM រដ្ឋ និង​ឯកជន​ផ្អាក​ការផ្សាយ​បន្ត​ពី​វិទ្យុ​បរទេស​ទាំងអស់ ដែល​ផ្សាយ​ជា​ខេមរភាសា ក្នុង​រយៈពេល​បើក​ការឃោសនា​រក​សំ​ទ្បេង​ឆ្នោត ៣១​ថ្ងៃ មុន​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត​។​សេចក្តីណែនាំ​បន្តថា ក្នុងករណី ស្ថានីយ​វិទ្យុ FM ណា​មិន​គោរព​តាម​សេចក្តីណែនាំ​នេះ ក្រសួង​ព័ត៌មាន​នឹង​ចាត់វិធានការ​តាម​ច្បាប់​ជា​ធរមាន​។​

ក្រសួង​ព័ត៌មាន ក៏​បាន​ណែនាំ​ឲ្យ​នាយក​-​នាយិកា​ស្ថានីយ​វិទ្យុ FM រដ្ឋ​និង​ឯកជន​ទាំងអស់ ត្រូវ​មាន​ភាព​អព្យាក្រឹត​ក្នុង​ការរាយការណ៍​ព័ត៌មាន ពាក់ព័ន្ធ​ការបោះឆ្នោត​ជូន​អ្នក​បោះឆ្នោត​។
​ការី​និពន្ធ​ប្រតិបត្តិ​របស់​វិទ្យុ​VOA លោក Steve Redisch មានប្រសាសន៍​នៅក្នុង​សេចក្តីថ្លែងការណ៍​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៨​ខែ​មិថុនា​ ថា ការសម្រេច​មិនឲ្យ​មាន​ការផ្សព្វផ្សា​យ​ព័ត៌​របស់​VOA នៅ​កម្ពុជា ធ្វើឲ្យ​អ្នកស្តាប់​ជា​ជនជាតិក​ម្ពុ​ជា បាត់បង់​ព័ត៌មាន​សំខាន់ មុន​ការបោះឆ្នោត​ថ្ងៃទី​២៨​ខែកក្កដា​។
​លោក​បញ្ជាក់ថា​៖«​ព័ត៌មាន​ទុកចិត្ត ត្រឹមត្រូវ និង​មាន​តុល្យភាព ជា​ព័ត៌មាន ដែល​ត្រូវការ​បំផុត មុន​ការបោះឆ្នោត​។ យើង​ថ្កោលទោស​ការប្រឹងប្រែង​ណា ក្នុងការ​បំបិទ​សំឡេង​ប្រព័ន្ធ​ផ្សព្វផ្សាយ​»​។​
ចំណែក លោក John A. Estrella អនុប្រធាន​ផ្នែក​ទំនាក់ទំនង​របស់​វិទ្យុ​អាស៊ី ប្រាប់​VOD​ថា សេចក្តីណែនាំ​របស់​ក្រសួង​ព័ត៌មាន ជាការ​ប្រហារ​ខ្លាំងក្លា​បំផុត ទៅលើ​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​។ លោក​បន្តថា សេចក្តីណែនាំ​របស់​ក្រសួង មិនមែន​ដោយសារ​ភាពមិនប្រក្រតី​នៃ​កម្មវិធី​របស់​វិទ្យុ​អាស៊ីសេរី​នោះទេ តែ​វា​ជា​យុទ្ធសាស្ត្រ​ច្បាស់​មួយ ដើម្បី​បំបិទ​សំឡេង ដែល​អាច​ទទួលបាន​ផ្សេងៗ​គ្នា នៅក្នុង​សង្គម​សេរី និង​បើក​ទូលាយ​មួយ​។​
​លោក John A. Estrella ឲ្យដឹងទៀតថា ភាពសេរី និង​ត្រឹមត្រូវ នៃ​ព័ត៌មាន​ច្រើន​ផ្សេងៗ​គ្នា​សម្រាប់​ការបោះឆ្នោត នឹង​ផ្តល់​ជា​មូលដ្ឋាន​មួយ​សម្រាប់​ការបោះឆ្នោត​មួយ ដោយ​សេរី និង​យុត្តិធម៌ ហើយ​ការសម្រេច​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​ពី​ការដើរថយក្រោយ​គួរឲ្យ​ព្រួយបារម្ភ​មួយ សម្រាប់​លទ្ធិប្រជាធិបតេយ្យ និង​សេរីភាព​នៅ​កម្ពុជា​។​
​វិទ្យុ​បរទេស​ដែល​ជួល​ម៉ោង​ផ្សាយ​ជា​ខេមរភាសា នៅ​តាម​ស្ថានីយ​វិទ្យុ FM ឯកជន​នៅ​ប្រទេស​កម្ពុជា មានដូចជា វិទ្យុ​អាស៊ីសេរី (Radio Free Asia) ដែល​ផ្តល់​ហិរញ្ញវត្ថុ​ដោយ​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក វិទ្យុ​សំ​ទ្បេង​សហរដ្ឋអាមេរិក (Voice of America) ដែល​ផ្តល់​ហិរញ្ញវត្ថុ​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​៕

1 comment:

Anonymous said...

  ​    ចុះវិទ្យុភាសារយួនក្នុងស្រុក បិទឬអត់?