Saturday, June 29, 2013

វិទ្យុ​​អាស៊ី​សេរី​៖​ ការ​ហាម​​មិន​​ឲ្យ​ផ្សាយ​​បន្ត​​ពី​វិទ្យុ​​បរទេស ​បង្ហាញ​​ពី​ប្រជាធិបតេយ្យ​​ដើរថយក្រោយ​នៅ​​​កម្ពុជា​​

ដោយ ស៊ុន ណារិន ថ្ងៃសៅរ៍ ទី29 មិថុនា ឆ្នាំ2013 ម៉ោង08:19VOD

​ មន្ត្រី​វិទ្យុ​អាស៊ីសេរីដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក នៅ​ថ្ងៃសៅរ៍​នេះឲ្យដឹងថា ការ​ហាម​មិន​ឲ្យ​ផ្សាយ​បន្ត​ពី​វិទ្យុ​បរទេស ក្នុង​រយៈពេល​យុទ្ធនាការ​បោះឆ្នោត និង​ថ្ងៃបោះឆ្នោត ជាយុទ្ធសាស្ត្រ​ច្បាស់​មួយ​របស់​រដ្ឋាភិបាលដែល​បង្ហាញ​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជាកំពុងតែ​ដើរ​ថយក្រោយ​។ 
សេចក្តីណែនាំ​របស់​ក្រសួង​ព័ត៌មាន ចេញផ្សាយ​កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឲ្យដឹងថា ស្ថានីយ​វិទ្យុ FMរដ្ឋ និង​ឯកជន ត្រូវផ្អាក​ការផ្សាយ​បន្ត​ពី​វិទ្យុ​បរទេស​ទាំងអស់ដែល​ផ្សាយ​ជាខេមរភាសា ក្នុង​រយៈពេល​បើក​ការឃោសនា​រក​សំ​ទ្បេង​ឆ្នោត ៣១​ថ្ងៃ មុន​ថ្ងៃបោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត​។​សេចក្តីណែនាំ​បន្តថា ក្នុងករណីស្ថានីយ​វិទ្យុ FM ណាមិន​គោរព​តាម​សេចក្តីណែនាំ​នេះ ក្រសួង​ព័ត៌មាន​នឹង​ចាត់វិធានការ​តាម​ច្បាប់​ជា​ធរមាន​។​

​ក្រសួង​ព័ត៌មាន ក៏​បាន​ណែនាំ​ឲ្យ​នាយក​-​នាយិកា​ស្ថានីយ​វិទ្យុ FM រដ្ឋ​និង​ឯកជន​ទាំងអស់ ត្រូវ​មាន​ភាព​អព្យាក្រឹត​ក្នុង​ការរាយការណ៍​ព័ត៌មាន ពាក់ព័ន្ធ​ការបោះឆ្នោត​ជូន​អ្នក​បោះឆ្នោត​។
ក្នុង​សារ​អ៊ីម៉ែល​ឆ្លើយតប​នឹង​សំណួរ​របស់​VOD លោក John A. Estrella អនុប្រធាន​ផ្នែក​ទំនាក់ទំនង​របស់​វិទ្យុ​អាស៊ីមានប្រសាសន៍ថា សេចក្តីណែនាំ​របស់​ក្រសួង​ព័ត៌មានជាការ​ប្រហារ​ខ្លាំងក្លាបំផុត ទៅលើ​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅកម្ពុជា​។ លោក​បន្តថា សេចក្តីណែនាំ​របស់​ក្រសួង មិនមែន​ដោយសារ​ភាពមិនប្រក្រតី​នៃកម្មវិធី​របស់​វិទ្យុ​អាស៊ីសេរី​នោះទេ តែវាជាយុទ្ធសាស្ត្រ​ច្បាស់​មួយដើម្បី​បំបិទ​សំឡេងដែល​អាច​ទទួលបាន​ផ្សេងៗ​ គ្នា នៅក្នុង​សង្គម​សេរី និង​បើក​ទូលាយ​មួយ​។​
លោក John A. Estrella ឲ្យដឹងទៀតថា ភាពសេរី និង​ត្រឹមត្រូវនៃព័ត៌មាន​ច្រើន​ផ្សេងៗ​គ្នា​សម្រាប់​ការបោះឆ្នោត នឹង​ផ្តល់​ជាមូលដ្ឋាន​មួយ​សម្រាប់​ការបោះឆ្នោត​មួយដោយ​សេរី និង​យុត្តិធម៌ ហើយ​ការសម្រេច​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​ពី​ការដើរថយក្រោយ​គួរឲ្យ​ព្រួយបារម្ភ​មួយសម្រាប់​លទ្ធិប្រជាធិបតេយ្យ និង​សេរីភាព​នៅ​កម្ពុជា​។​
​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់ លោក កែម ឡី មានប្រសាសន៍ថា ក្នុង​សង្គម​មួយដែល​ដឹកនាំ​ដោយ​មិន​បើកចំហ អ្នកដឹកនាំតែងតែភ័យខ្លាច​ព័ត៌មាន​ពិត​ប្រាកដ យុត្តិធម៌ និង​មិន​លម្អៀង​។ លោក​ថា ទង្វើនេះនឹងធ្វើឲ្យ​រដ្ឋាភិបាលខាតបង់ គឺ​ការ​ស្អប់​ពី​អ្នក​ស្តាប់​វិទ្យុ​បរទេស​ទាំងនោះ និង​មន្ត្រី​រដ្ឋាភិបាលបាត់បង់​ប្រភពព័ត៌មាន ដែល​ឆ្លុះបញ្ចាំង​ពី​ភាពមិនប្រក្រតី​នៅតាម​មូលដ្ឋាន​។​
វិទ្យុ​បរទេស​ដែល​ជួល​ម៉ោង​ផ្សាយ​ជា​ខេមរភាសា នៅ​តាម​ស្ថានីយ​វិទ្យុ FM ឯកជន​នៅ​ប្រទេស​កម្ពុជា មានដូចជា វិទ្យុ​អាស៊ីសេរី (Radio Free Asia) ដែល​ផ្តល់​ហិរញ្ញវត្ថុ​ដោយ​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក វិទ្យុ​សំ​ទ្បេង​សហរដ្ឋអាមេរិក (Voice of America) ដែល​ផ្តល់​ហិរញ្ញវត្ថុ​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​៕

1 comment:

Anonymous said...

សូម្បីតែ អាស៊ីសេរី មិនទាំងបានដឹងថា តើ កម្ពុជា
មានលទ្ធិប្រជាធិបតេយ្យតាំងពីកាលណាផង។
គឺគ្មានទេ លោក ហ៊ុនសែន មិនបានឱ្យពលរដ្ឋខ្មែរ
ស្គាល់ លទ្ធិហ្នឹងទេ សាមសិបឆ្នាំកន្លងមកនេះ។