Wednesday, July 10, 2013

អង្គការ​ចំនួន​៤ជំរុញ​សភា​អាមេរិក ពិចារណា​កាត់បន្ថយ​ជំនួយ​មក​កម្ពុជា​

ដោយ ស៊ុន ណារិន ថ្ងៃពុធ ទី10 កក្កដា ឆ្នាំ2013 ម៉ោង08:16 VOD
តំណាង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស និង​ឃ្លាំមើល​ការបោះឆ្នោត​បួនរូប កាលពី​ថ្ងៃ​អង្គារ បាន​ឡើង​បកស្រាយ នៅ​មុខ​​គណៈ​កម្មាធិការ​សភា​កិច្ច​ការ​​បរទេស​​អាមេរិក ដោយ​​លើកយក​បញ្ហា​សង្គម និង​​នយោបាយ កំពុង​កើត​ឡើង​នៅ​កម្ពុជា និង​ជំរុញ​ឲ្យ​អាមេរិក ចាត់វិធានការ​តឹងរ៉ឹង​លើ​កម្ពុជា​។​
​ការឡើង​បកស្រាយ​នេះ ធ្វើឡើង​បន្ទាប់​ពី​ព្រឹទ្ធសភា​អាមេរិក​ចំនួន​ពីរ​រូប គឺ​​លោក Lindsey Graham និង​លោក Marco Rubio កាលពី​ខែ​មិថុនា បាន​​ផ្ញើ​ជា​សេចក្តី​សម្រេច​​មួយ​ក្នុង​កំណត់​ត្រា​សភា​​របស់​អាមេរិក ដោយ​អំពាវ​នាវ​ឲ្យមាន​ការ​រឹតបន្តឹង និង​ការកាត់បន្ថយ​ជំនួយ​មក​កម្ពុជា ដោយ​សារ​​​ស្ថានភាព​មិន​ល្អ​ជាច្រើន ដែល​កំពុង​កើត​ឡើង​នៅ​កម្ពុជា​។ ការកាត់បន្ថយ​ជំនួយ​មក​កម្ពុជា អាច​នឹង​ត្រូវ​ធ្វើឡើង ប្រសិនបើ​ការ​បោះ​ឆ្នោត​​នៅ​កម្ពុជា ប្រព្រឹត្តទៅ​ដោយ​មិន​សេរី និង​យុត្តិធម៌​។​
​អង្គការ​ទាំង​បួន​នោះ មានដូចជា​ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​(Human Rights Watch)​ អង្គការ​លីកាដូ អង្គការ​NDI  និង​អង្គការ​SRP International Group​។​

​ប្រធាន​ផ្នែក​តស៊ូ​មតិ​ប្រចាំ​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធមនុស្ស ​អន្តរជាតិ លោក​ John Sifton ដែល​បាន​ចូល​បកស្រាយ​នៅមុខ​សភា​អាមេរិក ប្រាប់​VOD​តាមរយៈ​អ៊ីម៉េល​​នៅ​ថ្ងៃ​​ពុធ​​នេះ​​ថា អង្គការ​ទាំងអស់​បានលើកឡើង​ពី​បញ្ហា​​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៨ ​ខែ​កក្កដា ដោយ​បង្ហាញ​ថា ការបោះឆ្នោត​កន្លងទៅ​មាន​បញ្ហា​ធំ​មួយចំនួន ដូចជា​ ការយាយី​គណបក្សប្រឆាំង ការទិញ​សន្លឹកឆ្នោត ភាព​​មិនប្រក្រតី​បញ្ជី​បោះឆ្នោត និង​ការលួចបន្លំ​សន្លឹកឆ្នោត​ជា​ដើម​។ ជាមួយគ្នានេះដែរ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រកាសថា លោក​នឹង​ចូលមក​កម្ពុជា បើទោះជា​ លោក​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ​ក៏ដោយ​។
​លោក John Sifton បន្តថា សំណួរ​ដែល​ត្រូវ​រង់ចាំ​ការឆ្លើយតប​ពី​សហរដ្ឋអាមេរិក គឺ​ថា​តើ​សហរដ្ឋ​អាមេរិក នឹង​ធ្វើ​អ្វី​ទៅកាន់​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន និង​​ថា​តើ​អាមេរិក​នឹង​​ព្រមាន ​លោក ហ៊ុន សែន មិន​ឲ្យ​​ចាប់ លោក សម រង្ស៊ី និង​ធានា​សន្តិសុខ​​សម្រាប់​គាត់ និង​អ្នកគាំទ្រ​គាត់​ដែរ​ឬទេ​? មួយវិញទៀត តើ​សហ​រដ្ឋ​អា​មេ​រិក​នឹង​ឆ្លើយតប​យ៉ាងដូចម្តេច ប្រសិន​ការ​បោះ​ឆ្នោត មាន​ការលួចបន្លំ និង​មិន​បាន​បំពេញ​ស្តង់ដារ​អន្តរជាតិ​?
​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ក៏​បាន​ស្នើ​ឲ្យមាន​នយោបាយ​តឹងរ៉ឹង​មួយ​របស់​អាមេរិក ទៅលើ​កម្ពុជា និង​សូមឲ្យ​ក្រសួង​ការ​បរទេ​ស​​អាមេរិក ពិចារណា​ការស្នើសុំ​ឲ្យ​ការកាត់បន្ថយ​ជំនួយ​យោធា និង​ជំនួយ​ផ្សេងៗ​ទៀត ​ពី​មូលនិធិ​រូបិយ​បណ្ណ​អន្តរជាតិ និង​ធនាគារ​​អភិវឌ្ឍន៍អាស៊ី​ ជាដើម​។​
​មន្ត្រី​​អង្គការ​ HRW បានលើកឡើង​ពី​បញ្ហា​ជាច្រើន​នៃ​ការបោះឆ្នោត និង​ការគ្រប់គ្រង​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​
​លោក John Sifton ​បញ្ជាក់ថា បន្ទាប់ពី​ការបោះឆ្នោត នៅ​ថ្ងៃ​ទី​២៨ ​ខែកក្កដា រដ្ឋាភិបាល​លោក អូ​បា​ម៉ា អាច​ចាប់ផ្តើម​ផ្លាស់ប្តូរ​ដោយ​​និយាយ​ខ្លាំងៗ​​ពី​ឱនភាព​នៃ​លទ្ធិ​ប្រ​ ជាធិបតេយ្យ​​នៅ​កម្ពុជា និង​ជំរុញ​ឲ្យ​មេដឹកនាំ​ពិភពលោក ដាក់​គំនាប​មក​កម្ពុជា​។​
​សម្រាប់​អ្នក​ប្រឹក្សា​ផ្នែក​ច្បាប់ នៃ​អង្គការ​លីកាដូ លោកស្រី​ Evi Schueller បាន​ប្រាប់​សភា​អាមេរិក ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស​នៅ​​កម្ពុជា ដោយសារ​បញ្ហា​រំលោភ​ដីធ្លី ការ​បាញ់​សម្លាប់​សកម្ម​ជន និង​បញ្ហា​អយុត្តិធម៌​ផ្សេងៗ​ទៀត ទៅលើ​សកម្មជន​ដីធ្លី​។​
​លោកស្រី ក៏​បាន​ស្នើ​ឲ្យមាន​ការពិនិត្យ​ការផ្តល់ជំ​នួយ​យោធា​​មក​កម្ពុជា ដោយសារ​ស្ថានភាព​មិន​ល្អ​នៃ​​បញ្ហា​​សិទ្ធិ​មនុស្ស ​ដែល​​បាន​​កើត​ឡើង​មក​កម្ពុជា​។​
​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ខៀវ កាញារីទ្ធ ធ្លាប់​​ប្រាប់​VOD​ថា កម្ពុជា​មិន​ខ្វល់​ពី​ការលើកឡើង​នេះ​ទេ ព្រោះនេះ​ជា​ការ​លើក​ឡើង​​ដោយ​​បុគ្គល ហើយ​កម្ពុជា និង​អាមេរិក​នៅ​តែ​មាន​ទំនាក់ទំនង​ល្អ​។ លោក​ថា ការបោះឆ្នោត​នៅ​កម្ពុជា គឺ​ដើម្បី​ពលរដ្ឋ​កម្ពុជា មិនមែន​ដើម្បីឲ្យ​អាមេរិក​សប្បាយចិត្ត​នោះ​ទេ ៖ "​ អញ្ចឹង​អាមេរិក គាត់​ថា គាត់​ប្រជាធិបតេយ្យ ប៉ុន្ដែ​ចាំ​ទេ​ប្រជាជន​ប៉ាឡេ​ស្ទីន បោះឆ្នោត បើ​បោះ​ឲ្យ​លោក យ៉ា​សាអា​រ៉ា​ហ្វាត គាត់​មិន​ឲ្យ​ជំនួយ​ទេ មិនដឹង​ជា​អញ្ចឹង ប្រជាធិបតេយ្យ​របស់​គាត់ មាន​មួយ​ម៉ា​គីឡូ មួយ​ម៉ា​ខាំ ចំពោះ​យើង​អត់​សំខាន់​ទេ អាមេរិកឲ្យ​ឫ​មិន​ឲ្យ​អត់​​សំខាន់​ទេ សំខាន់​គឺ​យើង​ទាំងអស់គ្នា​ជា​ប្រទេស​ទាំងអស់ គេ​មើលឃើញ​តើ​យើង​បោះឆ្នោត​ដោយ​ប្រជាធិបតេយ្យ​​អត់ យើង​បោះ​ឆ្នោត​ឲ្យ​អាមេរិក​សប្បាយ​នោះ​គឺ​មិន​​ជា​​រឿង កម្ពុជា​មិនមែន​ជា​រណប​របស់​អា​មេ​រិកទេ​ណាស់​" ។
​កំណត់ត្រា​នោះ បានលើកឡើង​ពី​ភាព​មិន​ល្អ​ជាច្រើន​ដែល​បាន​កើតឡើង និង​កំពុង​កើតឡើង​នៅ​កម្ពុជា ដែល​ផ្ទុយ​ពី​គោលការណ៍​នៃ​ការផ្តល់​ជំនួយ​របស់ USAID និង​ការ​វិនិយោគ​របស់​អាមេរិក ក្នុងនោះ​មានដូចជា​៖
១. របាយការណ៍​របស់ USAID ឲ្យដឹងថា ចាប់ពី​ឆ្នាំ​១៩៩៣​ ដល់​ឆ្នាំ​២០១១ សហរដ្ឋអាមេរិក បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា ប្រមាណ​ជា ១២៤៧​លាន​ដុល្លារ​អាមេរិក ទៅ​លើ​​​ផ្នែក​សេដ្ឋកិច្ច និង​ជំនួយ​យោធា តែ​ផ្ទុយទៅវិញ កម្ពុជា​ត្រូវបាន​ចាត់ថ្នាក់​លេខ​១៣៨ ក្នុង​ចំណោម​​១៨៧ នៅក្នុង​របាយការណ៍​អភិវឌ្ឍ​មនុស្ស​ឆ្នាំ​២០១៣ របស់​អង្គការ​UNDP ដែល​មាន​លក្ខណៈ​ដូចនឹង​ប្រទេស​ឡាវ​។​
២. របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ ឲ្យដឹងថា កម្ពុជា​ក៏​ស្ថិត​ក្នុង​លំដាប់​ថ្នាក់ ១៥៧ លើ​១៧៤ នៃ​អំពើ​ពុករលួយ ដែល​ទាប​​ជាង​ប្រទេស​យេ​ម៉េន​។​
៣. របាយការណ៍ Freedom House សម្រាប់​ឆ្នាំ​២០១៣ លើ​សេរីភាព ឲ្យដឹងថា កម្ពុជា​មិន​ស្ថិតក្នុង «​ភាពសេរី​» ​ហើយ​ការ​បោះ​ឆ្នោត​ គឺ​មិនមែន​បែប​ប្រជាធិបតេយ្យ ដោយ​សារ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​លក្ខខណ្ឌ​គាបសង្កត់​។​
៤. ចំណែក​របាយការណ៍​​ប្រទេស​ លើ​ការអនុវត្ត​សិទ្ធិមនុស្ស​របស់​ក្រសួង​ការបរទេស​អាមេរិក ក្នុង​ឆ្នាំ​២០១១ ឲ្យដឹងថា បញ្ហា​សិទ្ធិមនុស្ស​ ជា​បញ្ហា​ចម្បង​នៅ​កម្ពុជា ដោយ​​សារ​ប្រព័ន្ធ​តុលាការ​ទន់ខ្សោយ អំពើពុករលួយ និង​ទទួល​រង​ឥទ្ធិពល​នយោបាយ​។​
៥. អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ចេញ​របាយការណ៍ នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កាន់​អំណាច​ជាង​១០០០០​ថ្ងៃ​(៣៤​ឆ្នាំ​) តាមរយៈ​ហិង្សា​ផ្នែក​នយោបាយ និង​ការគ្រប់គ្រង​អំណាច​យោធា ការប្រើប្រាស់​អំពើពុករលួយ​។​
៦. អនុសាសន៍​ស្តីពី​ការបោះឆ្នោត ក្នុង​របាយការណ៍​របស់​អ្នករាយការណ៍​ពិសេស អង្គការសហប្រជាជាតិ មិន​​ត្រូវ​បាន​​អនុវត្ត​។​
​កំណត់ត្រា​បន្តថា ប្រសិនបើ​អនុសាសន៍​របស់​អង្គការ​សហ​ប្រជាតិ មិន​ត្រូវបាន​អនុវត្ត ហើយ​ការ​បោះឆ្នោត​មិន​មាន​ការទុកចិត្ត និង​ការប្រកួតប្រជែង ដូច្នេះ​ការ​បោះ​ឆ្នោត​​គួរតែ​ត្រូវបាន​ចាត់ទុក​ថា ជា​ការបញ្ចេញ​មតិ​របស់​ប្រជាជន មិន​ស្របច្បាប់ និង​ជា​ឧបសគ្គ​សម្រាប់​ការអភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​
​ក្នុង​​សេចក្តីសម្រេច​របស់​ព្រឹទ្ធសភា​អាមេរិក ក៏​បាន​ស្នើឲ្យ​ធនាគារ​អភិវឌ្ឍន៍អាស៊ី កាត់បន្ថយ​ជំនួយ​មក​កម្ពុជា​ដែរ​។ ភាគច្រើន​នៃ​ជំនួយ​របស់​អាមេរិក គឺ​ដើម្បី​ប្រ​យុទ្ធ​ប្រ​ឆាំង​​​នឹង​ជំងឺអេដស៍ ឬ​ការគាំទ្រ​សង្គម​ស៊ីវិល​។​
​គួរបញ្ជាក់​ថា ក្នុង​ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ប្រធានាធិបតី​អាមេរិក កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១២ លោក បា​រ៉ាក់ អូ​បា​ម៉ា ក៏បាន​លើកឡើង​ពី​បញ្ហា​សិទ្ធិ​មនុស្ស និង​​លទ្ធិ​ប្រជាធិបតេយ្យ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​៕
ដើម្បីមើល​ និង​ស្តាប់​​កិច្ចប្រជុំ​ទាំងមូល សូមចូលទៅកាន់ Link នេះ៖ http://www.youtube.com/watch?feature=player_embedded&v=E0mM-BQI-J0
 

4 comments:

Anonymous said...

Hun Sen has nothing better to scare Cambodians by just using the same trick Khmer Rouge will be back if CPP lose.

United States government say "No it will not happen" look at all the strongest dictatorships in the world now. To date, rulers have been forced from power in Tunisia,[1] Egypt,[2] Libya,[3] and Yemen;[4] civil uprisings have erupted in Bahrain[5] and Syria;[6] major protests have broken out in Algeria,[7] Iraq,[8] Jordan,[9] Kuwait,[10] Morocco,[11] and Sudan;[12] and minor protests have occurred in Mauritania,[13] Oman,[14] Saudi Arabia,[15] Djibouti,[16] and Western Sahara.[17]

Anonymous said...

Hun Sen said " If I'm lose, Khmer Rouge will return"

United States government say " No It won't, You lose you gone, you fake election you gone just like other dictatorships"


Hun Sen said " If I'm lose, Khmer Rouge will return"

United States government say " No It won't, You lose you gone, you fake election you gone just like other dictatorships"

Hun Sen said " If I'm lose, Khmer Rouge will return"

United States government say " No It won't, You lose you gone, you fake election you gone just like other dictatorships"

Anonymous said...

God almighty has heard our pray, Amen!

Anonymous said...

Evil will prevail if good men do nothing....

Mr Rohrabacher is one of the good men and he has done it and will continue.

Khmers who yearn for a free, fair and democratic nation are grateful to Mr Rohrabacher - you're the best!! And we love you. USA USA USA!!!