Sunday, August 04, 2013

គណបក្ស​សង្គ្រោះ​ជាតិ ​​មិន​ចូល​ក្នុង​គណ​កម្មការ​​ចម្រុះ បើ​​​គ្មាន​​អង្គ​ការ​សហប្រជាជាតិ​​ជា​​អាជ្ញា​កណ្តាល



អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ Siv Channa/RFI


ដោយ ស៊ុន មេសា rfi
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សៅរ៍ 03 សីហា 2013


លោក​យឹម សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​សៅរ៍​ទី ៣ សីហា​នេះ ​បាន​បដិសេធ​មិន​ចូលរួម​ក្នុង​គណ​កម្មការ​ចម្រុះ​ទេ ប្រសិនបើ​គ្មាន​វត្តមាន​អង្គកា​សហប្រជាជាតិ ធ្វើជា​អាជ្ញាកណ្តាល​ទេនោះ។


ប៉ុន្មាន​ម៉ោង​ក្រោយពី​កិច្ចប្រជុំ​ត្រីភាគី រវាង គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​បាន​ព្រមព្រៀងគ្នា​ជាគោលការណ៍ថា ​នឹង​បង្កើត​គណកម្មការ​ចម្រុះ​ ដើម្បី​ស៊ើបអង្កេត​ភាពមិនប្រក្រតី​ក្នុងពេល​បោះឆ្នោត​នោះ គណបក្ស​​សង្គ្រោះ​ជាតិ បែ​រ​ជា​ផ្លាស់ប្តូរ​ជំហរ​វិញ​ថា នឹងមិន​ចូលរួម​គណកម្មការ​ចម្រុះ​នោះទេ។

លោក យឹម សុវណ្ណ បាន​អះអាងថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹងមិន​ចូលរួម​គណ​កម្មការ​ចម្រុះ​នោះទេ​ បើ​គ្មាន​អង្គការ​ពាក់ព័ន្ធ និង​អង្គការសហប្រជាជាតិ​ជា​អាជ្ញាកណ្តាល ព្រោះ​លោក​បាន​អះអាងថា វា​គ្មាន​ន័យ។

បើតាម​លិខិត​ផ្ញើជូន​ប្រធាន គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​ចុះហត្ថលេខា​ដោយ​លោក សម រង្ស៊ី នៅ​ថ្ងៃ​សៅរ៍​ទី៣ ខែ​សីហា​នេះ គណបក្ស​សង្គ្រោះ​ជាតិ ចង់ឱ្យ គណៈកម្មការ​ចម្រុះ​ដោះស្រាយ​ភាពមិនប្រក្រតី ​ក្នុងពេល​បោះឆ្នោត មាន​សមាសភាព គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​អង្គការ​សង្គម​ស៊ីវិល អ្នក​អង្កេតការ​ជាតិ និង​អន្តរជាតិ ដោយមាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ជា​អ្នកសម្រប​សម្រួល និង​អង្គការសហប្រជាជាតិ ជា​អាជ្ញាកណ្តាល។


លិខិត​បាន​បញ្ជាក់ថា៖ «ការចូលរួម​ប្រជុំ​ដើម្បី​ពិភាក្សា​អំពី​អាណត្តិ​និង តួនាទី ភារកិច្ច​របស់​គណកម្មការ​ចម្រុះ​ នៅ​ថ្ងៃស្អែក (ទី៤ ខែសីហា) នេះ គណបក្ស​សង្គ្រោះ​ជាតិ​មិនទាន់​អាច​ចាត់​តំណាងឱ្យ​ចូលរួម​បានទេ ដោយ​រង់ចាំ​ឱ្យមាន​ការបង្កើត​គណ​កម្មកា​រ​ចំពោះ​កិច្ច​មួយ ដែលមាន​សមាសភាព​ចូល​រួម​​ទូលំទូលាយ​ គឺ​ឱ្យមាន​ភាគី​ចូលរួម​គ្រប់ភាគី​ជាមុនសិន»។

គួររំលឹកថា គ.ជ.ប បានស្នើ​សមាសភាព គណ​​កម្មការ​ចម្រុះ​មាន​ត្រឹមតែ​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រជាជន​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​តែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ ការមិន​ចូលក្នុង​គណ​កម្មការ​ចម្រុះ ​ដើម្បី​ដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​នោះ នឹង​បង្ក​ឱ្យ​ភាព​តានតឹង​នយោបាយ​នៅ​កម្ពុជា ​ក្រោយ​ការបោះឆ្នោត​អូសបន្លាយ៕



5 comments:

ទឹះមឺះ said...

យើងបានដឹងហើយថា៖ គជប និង គណបក្សប្រជាជន បានស៊ុំគ្រលុំគ្នាលួចសន្លឹកឆ្នោត។ មានតែមនុស្សល្ងង់ទេ ដែលសុខចិត្តយកចោរមកធ្វើការស៊ើបអង្កេតជាមួយនោះ។ គណបក្សសង្គ្រោះជាតិ ធ្វើនេះត្រឹមត្រូវហើយ បើគ្មានអង្ការសហប្រជាជាតិ ចូលរួមទេ សូមកុំចាញ់បោកពួកមេបោកឱ្យសោះ។

Anonymous said...

មេចោរគជប ធ្លាប់លួចឆ្នោតបានបីលើកមកហើយ ប៉ុន្តែម្តងនេះ ប្រជារាស្ត្រខ្មែរ ចាប់ចោរនេះជាប់ហើយ។ តើឯងមានផ្លូវអីដោះសារទៀត? សុទ្ធតែគម្រាមគេឱ្យគោរពច្បាប់បោះឆ្នោត ប៉ុន្តែច្បាប់បោះឆ្នោត មានចែងថា៖ ឱ្យគជប លួចបន្លំសន្លឹកឆ្នោតឱ្យគណបក្សប្រជាជងដែរឬទេ?

Anonymous said...

Chey Yoooo...

Long Live VietNam and Hun Sen...

Anonymous said...

ក្នុងនាមជាប្រធាន ដែលសមាជិក សមាជិកាបាន
ជូនសេចក្ដីទុកចិត្ត ត្រូវលោកប្រធានជូនសេចក្ដី
ទុកចិត្តទៅសមាជិក សមាជិកាវិញ​ដោយរក្សា
ចិត្តស្មោះជូនគណបក្សជារៀងរហូត។
សង្ឃឹមថា លោកប្រធានពិតជាមានសមត្ថភាព
និងទេពកោសល្យខ្ពស់ក្នុងការដឹកនាំគណបក្ស
ឆ្ពោះទៅរកជ័យជំនះ យុត្តិធម៌ សន្តិភាព
ឯករាជ្យភាព អធិបតេយ្យភាព និង លើក
ស្ទួយសង្គមខ្មែរ ឱ្យរីកចម្រើនថ្កុំថ្កើងរុងរឿងឡើង
ក្នុងអនាគតដ៏ខ្លីខាងមុខនេះជាមិនខាន៕

Anonymous said...

អគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំការ បោះឆ្នោត, លោក ទេព នីថា, ដែលបានចូលរួម សម្របសម្រួល ការពិភាក្សា, មានប្រសាសន៍ ថា, គណៈកម្មការនោះ មានភាគី ខាង គណបក្ស ប្រជាជនកម្ពុជា, ខាង គណបក្ស សង្គ្រោះជាតិ, និងគ.ជ.ប., ហើយ មិនមាន ការចូលរួម ពីសង្គមស៊ីវិល ជាតិ និងអន្តរជាតិទេ, គ្រាន់អង្គការ ទាំងនោះ អាចក្លាយ ជាអ្នកសង្កេតការណ៍បាន។
គណៈកម្មការ នេះ មាន ២ សម្លេង គាំទ្រហ៊ុន សែន ទល់ ១ សម្លេងគាំទ្រសម រង្សី។ តើការសំរេច មានលំឣៀងឬទេ? ឣាចទទួលយកបានឬទេ?