Friday, September 27, 2013

ស៊ូប៊ែរឌី ថា កម្ពុជា​កំពុង​ស្ថិត​លើ​ផ្លូវ​បំបែក​ឆ្ពោះ​ទៅ​ប្រជាធិបតេយ្យ




អ្នក​ចូល​រួម​ធ្វើ​បាតុកម្ម​ជា​មួយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ នៅ​ទីលាន​ប្រជា​ធិប​តេយ្យ​ កាល​ពី​ថ្ងៃ៧​កញ្ញា​​​។ រូបថត លីណា


KEVIN PONNIAH ភ្នំពេញប៉ុស្តិ៍ THURSDAY, 26 SEPTEMBER 2013



ភ្នំពេញៈ លោក ស៊ូរិយ៉ា ស៊ូប៊ែរឌី ប្រេសិត​សិទិ្ធ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា បាន​ប្រាប់​ទៅ​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ថ្ងៃ​អង្គារ​ថា កម្ពុជា​កំពុង​ស្ថិត​នៅ​ផ្លូវ​បំបែក​ដ៏​សំខាន់​មួយ​ក្នុង​វិថី​ឆ្ពោះ​ទៅ​លទិ្ធ​ប្រជាធិបតេយ្យ​ដែល​អាជ្ញាធរ​ត្រូវ​តែ​ជ្រើស​រើស រវាង​ការ​ទទួល​យក​នូវ​ការ​ផ្លាស់​ប្តូរ ឬ​ការ​បង្ក្រាប​លើ​ការ​មិន​ពេញ​ចិត្ត និង​ប្រឈម​នឹង​ផល​វិបាក។


នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​សិទិ្ធ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ នៅ​ទីក្រុង ហ្សឺណែវ លោក ស៊ូប៊ែរឌី បាន​ថ្លែង​ថា ការ​វិល​ទៅ​ប្រើ «យុទ្ធសាស្រ្ត​ចាស់ ដែល​រំលោភ​សិទិ្ធ​ពលរដ្ឋ​ជា​មូលដ្ឋាន» ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ បន្ទាប់​ពី​មាន​ការ​អត់ធ្មត់​ជា​ច្រើន​សប្តាហ៍​ដោយ​អាជ្ញាធរ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ព្រះ​រាជាណាចក្រ​កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណុច​សំខាន់​មួយ។

កង​រាជ​អាវុធហត្ថ​រាប់​រយ​នាក់ បាន​បង្ខំ​ព្រះ​អង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិក​គណបក្ស​ប្រឆាំង ឲ្យ​លះបង់​កូដកម្ម​បង្អត់​អាហារ​ជា​សាធារណៈ ដោយ​សន្តិវិធី កាល​ពី​សប្តាហ៍​មុន ខណៈ​ដែល​បាតុកម្ម​ភ្លើង​ទៀន ដោយ​សកម្មជន​តំបន់ បឹងកក់ រង​ការ​វាយ​ប្រហារ​ដោយ​បុរស​ពាក់​សម្លៀក​បំពាក់​ស៊ីវិល ដោយ​មាន​នគរបាល​ជួយ​ការពារ។



លោក ស៊ូប៊ែរឌី បាន​បញ្ជាក់​ថា៖ «រាល់​ប្រទេស​ទាំង​អស់​ដែល​ធ្វើ​អន្តរកាល​ឆ្ពោះ​ទៅ​លទិ្ធ​ប្រជាធិបតេយ្យ​ប្រឈម​នឹង​ខណៈ​មួយ​ដែល​ការ​គ្រប់​គ្រង​ត្រូវ​តែ​ផ្លាស់​ប្តូរ។ កម្ពុជា​កំពុង​ប្រឈម​នឹង​ខណៈ​នេះ ពេល​នេះ​»។ «ខ្ញុំ​សោក​ស្តាយ​ក្នុង​ការ​និយាយ​ថា វា​ហាក់​ដូច​ជា​មិន​ទាន់​យល់​នៅ​ឡើយ​ទេ នៅ​កម្ពុជា​ដែល​ផ្នែក​សំខាន់​នៃ​ដំណើរការ​លទិ្ធ​ប្រជាធិបតេយ្យ​គឺ សម្រាប់​ប្រជាជន​ទាំង​អស់​អាច​សម្តែង​មតិ​ដោយ​សេរី ហើយ​តួនាទី​របស់​រដ្ឋ ក្នុង​បាតុកម្ម​សន្តិវិធី​គឺ​ត្រូវ​សម្រួល មិន​មែន​រារាំង​ពួកគេ​នោះ​ទេ»។

លោក ស៊ូប៊ែឌី បាន​បន្ត​ថា ដោយ​លទ្ធផល​បោះឆ្នោត​ផ្លូវ​ការ​បង្ហាញ​ប្រជាជន​គាំទ្រ​គណបក្ស​ពីរ​ផ្សេង​គ្នា​ក្នុង​សំឡេង​ឆ្នោត​ជិត​ស្មើ​គ្នា លោក​សោក​ស្តាយ​ចំពោះ​ការ​បរាជ័យ​របស់​គណបក្ស​ទាំង​ពីរ​ដើម្បី សម្រេច​បាន​នូវ​ការ​សម្រុះ​សម្រួល​គ្នា ហើយ​កាន់​តែ​សោក​ស្តាយ​ថែម​ទៀត​ដែល​រដ្ឋសភា​បើក​សម័យ​ប្រជុំ​ដោយ​គ្មាន​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ៥៥ រូប។


លោក ស៊ូប៊ែរឌី ក៏​បាន​រិះគន់​ចំពោះ​ដំណើរការ​ស៊ើប​អង្កេត​ក្រោយ​ការ​បោះឆ្នោត លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត ដែល​អនុវត្ត​តាម​តែ​មធ្យោបាយ​ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ គឺ​ផ្អែក​លើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដែល​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង។ លោក​បាន​បន្ត​ថា៖ «ការ​ទទូច​ធ្វើ​តាម​តែ​យន្តការ​ផ្លូវ​ការ​នៃ​លទិ្ធ​ប្រជាធិបតេយ្យ​ដោយ​មិន​គិត​ពី​សិទិ្ធ​មនុស្ស​ជា​មូលដ្ឋាន​នេះ នឹង​ជា​ការ​ផ្ទុយ​នឹង​គោល​បំណង​របស់​រដ្ឋ​ធម្មនុញ្ញ»។

លោក ឯក ថា អ្នក​នាំ​ពាក្យ​ម្នាក់​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​បាន​ថ្លែង​ថា អ្វី​គ្រប់​យ៉ាង​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​ក្នុង​រយៈ​ពេល​ក្រោយ​ការ​បោះឆ្នោត​នេះ បាន​ធ្វើ​ឡើង​តាម​អត្ថបទ​ច្បាប់ និង​លទ្ធផល​បោះឆ្នោត​។


លោក​បាន​បន្ថែម​ថា៖ «យើង​បាន​អនុវត្ត​តាម​នីតិរដ្ឋ​នៅ​កម្ពុជា ទាក់​ទង​នឹង​ការ​បង្កើត​រដ្ឋសភា​ថ្មី និង​រដ្ឋាភិបាល​ថ្មី។ យើង​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ យើង​គោរព​សិទិ្ធ​មនុស្ស និង​លទិ្ធ​ប្រជាធិបតេយ្យ»។

លោក​បាន​បន្ថែម​ថា សេចក្តី​លម្អិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ វត្តភ្នំ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ មិន​ទាន់​អាច​ពន្យល់​បាន​ទេ រហូត​ទាល់​តែ​ការ​ស៊ើប​អង្កេត​បាន​ធ្វើ​ចប់។

លោក​ឲ្យ​ដឹង​ទៀត​ថា៖ «យើង​មិន​អាច​និយាយ​អ្វី​ទេ បើ​គ្មាន​ការ​ស៊ើប​អង្កេត​អ្នក​មិន​អាច​ឈាន​ដល់​សេចក្តី​សន្និដ្ឋាន​ទេ។ ខ្ញុំ​អាច​ប្រាប់​អ្នក​ថា​រាជ​រដ្ឋាភិបាល​កម្ពុជា​ដឹង​ថា តើ​យើង​កំពុង​ធ្វើ​ការ​ដើម្បី​ប្រយោជន៍​ប្រជាជន និង​ប្រទេស»។ ខណៈ​ដែល​លោក ស៊ូប៊ែរឌី ផ្តោត​លើ «ការ​វិវត្ត​ល្អ» ខ្លះ ក្នុង​អំឡុង​រយៈ​ពេល​បោះឆ្នោត លោក​បាន​អំពាវនាវ​ឲ្យ​មាន​កំណែ​ទម្រង់​ទ្វេ​បក្ស។ លោក​បញ្ជាក់​ថា៖ «សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា​ដោយ​គណបក្ស​នយោបាយ​ទាំង​ពីរ ដើម្បី​សម្រេច​បាន​នូវ​កំណែ​ទម្រង់​ច្បាស់​លាស់​ក្នុង​វិស័យ​អាទិភាព​នឹង​ធានា​ជា​ថ្មី​ចំពោះ​សហគមន៍​អន្តរជាតិ និង​ប្រជាជន​កម្ពុជា»។ លោក​ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​បន្ត​ពិភាក្សា​នៅ​ថ្នាក់​កំពូល​រវាង​គណបក្ស​ទាំង​អស់​។

លោក ស៊ូប៊ែរឌី បាន​បង្ហាញ​របាយ​ការណ៍​ចុង​ក្រោយ​ជា​ផ្លូវ​ការ ដែល​ចេញ​ផ្សាយ​នៅ​ខែ សីហា ដល់​អង្គការ​សហ​ប្រជាជាតិ​បន្ទាប់​ពី​លោក​បាន​ធ្វើ​បេសកកម្ម​ស្វែង​រក​ការ​ពិត​ចំនួន​ពីរ​លើក​មក​កាន់​កម្ពុជា កាល​ពី​ឆ្នាំ​មុន។ អង្គការ​សិទិ្ធ​មនុស្ស​បាន​ថ្លែង​ថា អាណតិ្ត​របស់​លោក​ជា​អ្នក​រាយការណ៍​ពិសេស​អាច​បញ្ចប់​ក្នុង​អំឡុង សម័យ​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​សិទិ្ធ​មនុស្ស​នេះ ប្រសិន​បើ​ក្រុម​ប្រឹក្សា​មិន​ចេញ​ដំណោះស្រាយ​បន្ត​អាណតិ្ត​នោះ​ទេ។


សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទិ្ធ​មនុស្ស ដែល​តំណាង​អង្គការ អាដហុក និង លីកាដូ បាន​ថ្លែង​នៅ​អង្គ​ប្រជុំ​កាល​ពី​ម្សិលមិញ។

លោក Nicolas Agostini ប្រតិភូ​សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទិ្ធ​មនុស្ស​ប្រចាំ​នៅ​អង្គការ សហ​ប្រជាជាតិ​បាន​ថ្លែង​ថា សហព័ន្ធ​នឹង​អំពាវនាវ​ដល់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ឲ្យ​អនុម័ត​ដំណោះស្រាយ​រឹងមាំ ថ្កោល​ទោស​ការ​រំលោភ​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា និង​បន្ត​អាណតិ្ត​របស់​លោក ស៊ូប៊ែរឌី សម្រាប់​រយៈ​ពេល ២ឆ្នាំ។

លោក​បាន​ឲ្យ​ដឹង​តាម​អ៊ីមែល​ថា៖ «មាន​ហានិភ័យ​ពិត​ប្រាកដ ដែល​អាណតិ្ត​នឹង​ចុះ​ថយ​ដល់​កម្រិត​ជំនួយ​បច្ចេកទេស ដែល​មាន​ន័យ​ថា អង្គការ​សហ​ប្រជាជាតិ​នឹង​បាត់បង់​សមត្ថកិច្ច​ឃ្លាំ​មើល​ទាក់​ទង​នឹង​ស្ថាន​ការណ៍​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា»។

តំណាង​កម្ពុជា ប្រចាំ​អង្គការ​សហ​ប្រជាជាតិ នឹង​ឆ្លើយ​តប​ចំពោះ​សេចក្តី​ថ្លែង​របស់​លោក ស៊ូប៊ែឌី នេះ​ហើយ​ដំណោះស្រាយ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ៕


2 comments:

Anonymous said...

The next CNRP protest in Phnom Penh should be a combination of sit in and marching on a much larger scale.
Bring Phnom Penh to a stand still if need to.
Ask the UN human right office to increase its staff to monitor human right situation across Cambodia in case the protests break out Cambodia wide.

Anonymous said...

គោលនយោបាយ ចត្រកោណ លើកទី៣ របស់លោក ហ៊ុន សែន ស្ដែងចេញដល់តំណាក់កាល មិនអាចលាក់បានតទៅទៀតទេ ព្រោះឥ
ល្បែងធ្វើព្យុះធ្វើភ្លៀង បង្ករឲ្យមានអសន្តិសុខ បង្កើតបងតូចបងធំ បណ្ដោយឲ្យមានអំពើឃាតកម្ម។ល។
រួចហើយចាត់កម្លាំងនគបាល ឬ កងរាជអាវុធហាត់ ឲ្យការពារក្នុងន័យបង្ក្រាប ចាប់ចង សម្លាប់ ជារឿងរ៉ាវដែល ព្រៀងទុកជាមុនគួរឲ្យកត់សម្គាល់ជាបន្តរបន្ទាប់រហូតមក ថាតើពេលណាខ្លះ គេត្រូវប្រើ​ខ្លះ ឬ ចំណាយអ្វីខ្លះ ហេតុនេះហើយ គេមាន(ចិញ្ចឹមទុកសម្រាប់ប្រើពេលត្រូវការចំណាយ) នឹង (ចាប់បង្ការទុក)

ពីមុនគេទិញទឹកចិត្តរាស្ដ្រនឹងលុយ! ក្រោយមកនេះ គេកំពុងតែទិញទឹកចិត្តរាស្ដ្រដោយចាយ ចិត្តសាស្ដ្រ វិញហើយ!

ក្នុងគ្រា បោះឆ្នោតតជាតិ និតិកាល ទី៥នេះ គេចំណាយប្រើ មន្ត្រី គជប ថ្នាក់ក្រោមឲ្យទទួលកំហុសថា៖ បានប្រព្រឹតខុស ពេលឆែកឆេរឃើញមានភាពមិនប្រក្រតី ហើយឲ្យពួកនោះចេញសម្ណង​ (ក្នុងន័យថ្នាក់លើគេនៅតែល្អ គឺថ្នាក់ក្រោមទេដែលអាក្រក់ តាមពិតពួកអាក្រក់គ្រ័គ្គៗនូវដដែល)!
តមកទៀតគេបានផ្លាស់ប្ដូរ ថ្នាក់ដឹកនាំតាមប្រព័ន្ធផ្សេងៗ ហើយផ្ដល់ដំណឹងជាសាធារណៈ!
ពេលជាមួយគ្នានេះដែរ​ គេឲ្យកែប្រព័ន្ធក្រុមប្រឹក្សាធម្មនុញ្ញ បង្ហាញពលរដ្ឋថាគេល្អណាស់បានកែប្រែហើយ!

មួយទៀតនេះ វាជារឿងស៊ាំទៅហើយដែលថាគេចាប់ ទ្រង់ នរោត្តមសីហមនី បង្ការទុកនុះ!
រឿងមួយថ្មីកើតចេញពីរឿងចាស់ ដែលធ្វើឲ្យ​ សាធារណៈជនខ្មែរ នឹង បរទេសទាក់ត្រចៀកនោះគឺ គេបានដោះលែង ពិរុទ្ធិកជន សុប្បនិមិត្ត សុខ សំអឿន នឹង​ ប៊ន សំណាង បង្ហាញឲ្រប្រជាពរដ្ឋ ឃើញថា តុលាការ​ នៃរដ្ឋាភិបាលជាប់ឆ្នោតថ្មី យុត្តិធម៌ណាស់!

ត្រូវហើយ លោក សូ ណារ៉ូ រឿងដែលយើងព្រួយបារម្មនោះ គឹនៅមានពលរដ្ឋខ្លះឈ្លក់វង្វេងក្នុងនយោបាយប្ដូរផ្លាស់របស់ លោក ហ៊ុន សែន ទៀត រួមផ្សំនឹងតម្រូវរស់នៅប្រចាំថ្ងៃរបស់ប្រជាបរដ្ឋខ្មែរក្រីក្រ ជាចំណុចខ្សោយផង!

ក៏ប៉ុន្តែ ខ្មែរគួរតែមានមេរៀនគ្រប់គ្រាន់ហើយ ដែល លោក ហ៊ុន សែន​ កាន់តែមាន​ភាពផ្អែមល្ហែម ក៏អាចមានល្បិចយ៉ាងពិសពុល ទ្រៀមរងចាំថ្ងៃខ្មែរភ្លេចខ្លួនបន្តិចម្ដងៗ សម្រាប់ផែនការណ៍បន្តររបស់មេយួនគេ!

សូមបងប្អូនខ្មែរយើងទាំងអស់បន្តររួបរួមគ្នាទាមទាយកអ្វីជារបស់យើង កុំភ្លេចខ្លួនឲ្យសោះ!