Wednesday, October 09, 2013

កាយ-ព្រលឹង កិច្ច​ព្រម​ព្រៀង​ក្រុង ប៉ារីស មិន​ទាន់​រលាយ​បាត់​អស់​ទេ



សូរ សមយុទ្ធ ភ្នំពេញ ប៉ុស្តិ៍ Wednesday, 09 October 2013  

ការ ខំ​ប្រឹង​ប្រែង​ជាង ១០ឆ្នាំ របស់​អ្នក​ការទូត នៅ​អង្គការ​សហ​ប្រជាជាតិ ពោល​គឺ​ពី​ខែ កក្កដា ឆ្នាំ ១៩៨១ រហូត​ដល់ ២៣ តុលា ឆ្នាំ ១៩៩១ ទី​បំផុត ទទួល​បាន​ជោគជ័យ ដោយ​មាន​ការ​ចូល​រួម​ពី ១៨ ប្រទេស ក្រោម​ការ​ផ្តួច​ផ្តើម​ពី​ប្រទេស បារាំង និង​ចូល​រួម​ដឹក​នាំ​ដោយ ឥណ្ឌូនេស៊ី ដើម្បី​បាន​នូវ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង ប៉ារីស ១៩៩១ ដែល​មាន​កិច្ច​ព្រម​ព្រៀង​តូចៗ​ចំនួន​ពីរ ក្នុង​នោះ​គឺ ទី១. កិច្ច​ព្រម​ព្រៀង​ជា​ដំណោះស្រាយ​នយោបាយ​សម្រាប់​ជម្លោះ កម្ពុជា ដែល​ចែក​ជា ៩ ផ្នែក មាន ៣២ មាត្រា​និង ទី ២.កិច្ច​ព្រម​ព្រៀង​ស្តី​ពី​អធិបតេយ្យភាព ឯករាជ្យ បូរណភាព​ទឹក​ដី ការ​មិន​រំលោភ​បំពាន អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​នៃ​កម្ពុជា ដែល​មាន ៨ មាត្រា​រួម​នឹង​សេចក្តី​ប្រកាស​ជា​ការ​ផ្តល់​ជំនួយ​សម្រាប់​ស្តារ និង​កសាង​ប្រទេស​ឡើង​វិញ​ដល់​កម្ពុជា។

ផ្នែក ទី១ ស្តី​អំពី កិច្ច​ព្រម​ព្រៀង ក្នុង​អំឡុង​ពេល​អន្តរកាល ផ្នែក ទី២ ស្តី​អំពី​ការ​បោះឆ្នោត ផ្នែក ទី៣ ស្តី​អំពី​សិទ្ធិ​មនុស្ស ផ្នែក ទី ៤ ស្តី​ពី​ការ​ធានា​របស់​អន្តរជាតិ ផ្នែក ទី៥ ស្តី​ពី​ជន​ភៀស​ខ្លួន និង​ការ​ដឹក​ជញ្ជូន​មនុស្ស ផ្នែក ទី៦ ស្តី​ពី​ការ​ដោះលែង​អ្នក​ទោស​សង្គ្រាម និង​ជន​ស៊ីវិល ផ្នែក ទី ៧ ស្តី​ពី​គោល​ការណ៍​សម្រាប់​រដ្ឋធម្មនុញ្ញ​ថ្មី សម្រាប់​កម្ពុជា ផ្នែក ទី៨ ស្តី​ពី​ការ​ស្តារ​និង​ការ​កសាង​ឡើង​វិញ ផ្នែក ទី ៩ ស្តី​ពី «ខ» ចុង​បញ្ចប់​។ ផ្នែក ទី ២ មាត្រា ទី ១៤ ចែង​ថា ភាគី​ហត្ថលេខី​ទាំង​អស់ ប្តេជ្ញា​គោរព​នូវ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ទាំង​នេះ នៅ​ពេល​ដែល​អង្គការ​សហ​ប្រជាជាតិ​ទទួល​ស្គាល់​ថា ការ​បោះឆ្នោត​នេះ​សេរី និង​ត្រឹម​ត្រូវ។ ការ «បោះឆ្នោត​នេះ» នៅ​ទីនេះ គឺ​សំដៅ​ដល់​ការ​បោះឆ្នោត​ឆ្នាំ ១៩៩៣ ដែល​ត្រូវ​រៀបចំ​ឡើង​ដោយ អ៊ុនតាក់ (UNTAC) តាម​មាត្រា ១៣ ឧបសម្ព័ន្ធ ១ (D) និង ឧបសម្ព័ន្ធ ៣។ ដូច​នេះ ផ្នែក​ស្តី​ពី​ការ​បោះឆ្នោត​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង ប៉ារីស ១៩៩១ បាន​ស្លាប់​បាត់​ហើយ តាំង​ពី​ឆ្នាំ ១៩៩៣ នៅ​ពេល​ដែល​សភា​ធម្មនុញ្ញ ក្លាយ​ជា​រដ្ឋសភា ហើយ​ដែល​កម្ពុជា មាន​រដ្ឋាភិបាល​ស្រប​ច្បាប់។



មិន​ថា​តែ​ផ្នែក ទី២ ទេ សូម្បី​តែ​ផ្នែក ទី ១ ទី ៥ ទី ៦ ទី ៧ និង ទី ៩ ដែល​ចែង​ក្នុង កិច្ច​ព្រម​ព្រៀង​ឆ្នាំ ១៩៩១ បាន​ស្លាប់​កាយ​រលាយ​ព្រលឹង​ទៅ​ហើយ ដោយ​ព្រោះ ទី១ វា​ជា​កិច្ច​ព្រម​ព្រៀង​ដោះស្រាយ​ជម្លោះ មិន​មែន​ជា​សន្ធិសញ្ញា​សកល​ទេ។ ទី២ វា​ជា​បេសកកម្ម​អនុវត្ត​ដោយ អ៊ុនតាក់ ដែល​មាន​អាណត្តិ​ច្បាស់​លាស់ ហើយ​ដែល​បាន​បញ្ចប់​ទៅ​ហើយ តាំង​ពី​ឆ្នាំ ៩៣ និង ទី៣ គ្មាន​ខ្លឹមសារ​ក្នុង​មាត្រា​ណា​មួយ ឬ​វាក្យខណ្ឌ​ណា​មួយ ដែល​ចែង​បញ្ជា​ឲ្យ​អង្គការ​សហ​ប្រជាជាតិ មាន​ភារកិច្ច​មើល​ការ​បោះឆ្នោត​បន្ត​ទៀត​នោះ​ទេ លើក​លែង​តែ​ផ្នែក ទី ៣ មាត្រា ទី ១៧ នៃ​កិច្ច​ព្រម​ព្រៀង គឺ​មិន​ទាន់​រលាយ​ទេ ព្រោះ​បាន​ចែង​ក្នុង​ខ្លឹមសារ​ថា បន្ទាប់​ពី​ការ​ចប់​ទៅ​នៃ​អន្តរកាល អគ្គ​ស្នងការ​នៃ​អង្គការ​សហ​ប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស នៅ​បន្ត​ត្រួត​ពិនិត្យ​មើល​ឲ្យ​បាន​ដិត​ដល់​នូវ​ស្ថានភាព​សិទ្ធិ​មនុស្ស ក្នុង​ប្រទេស កម្ពុជា ប្រសិន​បើ​ចាំ​បាច់​គឺ​រួម​ទាំង​ការ​តែងតាំង​អ្នក​រាយការណ៍​ពិសេស​ដែល​រាយការណ៍​នូវ​ការ​រក​ឃើញ​របស់​គាត់​ជា​ប្រចាំ​ឆ្នាំ​ទៅ​អគ្គ​ស្នងការ​និង​សន្និបាត​អង្គការ​សហ​ប្រជាជាតិ។

សំណួរ ដ៏​ចម្រូង​ចម្រាស​នៅ​ទីនេះ គឺ​តើ​អ្វី​ទៅ​ជា​សិទ្ធិ​មនុស្ស? តើ​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​ស៊ីវិល សិទ្ធិ នយោបាយ សិទ្ធិ​បញ្ចេញ​មតិ (ដូច​ជា ការ​ទៅ​បោះឆ្នោត​ជ្រើស​រើស​អ្នក​តំណាង) ស្ថិត​ក្នុង​សិទ្ធិ មនុស្ស​ឬ​ទេ? បើ​តាម​ការ​ពន្យល់​នៃ​សេចក្តី​ថ្លែង​ការណ៍​ជា​សកល ស្តី​ពី​សិទ្ធិ​មនុស្ស ចម្លើយ​គឺ​ពិត​ជា​ស្ថិត​នៅក្នុង​គោល​ការណ៍​សិទ្ធិ​មនុស្ស​ទាំង​អស់​។ សំណួរ​បន្ត តើ​កម្ពុជា​ជា​ភាគី​ហត្ថលេខី​ឬ​អត់ ? ចម្លើយ​គឺ កម្ពុជា មិន​ត្រឹម​តែ​បាន​ចុះ​ហត្ថលេខា​ទេ ថែម​ទាំង​ជា​ម្ចាស់​រឿង​ទៅ​ទៀត ដូច​នេះ ត្រូវ​តែ​គោរព​ហើយ​មិន​មែន​តែ​កម្ពុជា​ខ្លួន​ឯង​ទេ ពោល​គឺ​ប្រទេស​ជា​ហត្ថលេខី​ទាំង​អស់​នៅ​តែ​មាន​កាតព្វកិច្ច​គោរព​នូវ​កិច្ច​ព្រមព្រៀង​សន្តិភាព ១៩៩១ លើ​ផ្នែក ទី៣ ស្តី​ពី​សិទ្ធិ​មនុស្ស។ ផ្នែក ទី ៤ ស្តី​ពី​ការ​ធានា​របស់​អន្តរជាតិ ចំពោះ​អធិបតេយ្យភាព​កម្ពុជា ហើយ​និង​ផ្នែក ទី៨ ស្តី​ពី​ជំនួយ​អភិវឌ្ឍន៍ និង​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​អធិបតេយ្យភាព បូរណភាព ទឹក​ដី ហើយ​ត្រូវ​ទទួល​ខុស​ត្រូវ ចំពោះ​មុខ​ប្រជា​ពលរដ្ឋ​កម្ពុជា​ផង ចំពោះ​មុខ​ពលរដ្ឋ​ខ្លួន​ឯង និង​ចំពោះ​មុខ​អង្គការ​សហ​ប្រជាជាតិ​ផង ចំណែក​អង្គការ​សហ​ប្រជាជាតិ ក៏​ត្រូវ​ទទួល​ខុស​ត្រូវ ចំពោះ​មុខ​ពលរដ្ឋ​ខ្មែរ ហើយ​រដ្ឋាភិបាល​ខ្មែរ​ក៏​នៅ​តែ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​អង្គការ​សហ​ប្រជាជាតិ ដែរ។ ចុះ​បើ​សិន​សំឡេង​ឆ្នោត របស់​ពលរដ្ឋ​ខ្មែរ ត្រូវ​បាន​គេ​លួច​បន្លំ ឬ​បំបាត់​ចោល​មែន​នោះ តើ​អង្គការ​សហ​ប្រជាជាតិ​និង​ប្រទេស​ហត្ថលេខី​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្តេច?

រដ្ឋ​នីមួយៗ​ក្នុង​សតវត្សរ៍ ទី២១ នេះ មាន​កាតព្វកិច្ច​ពីរ ទី​មួយ គឺ កាតព្វកិច្ច​ជាតិ និង​ទីពីរ គឺ​កាតព្វកិច្ច អន្តរជាតិ។ គ្រួសារ​មាន​វិន័យ​គ្រួសារ តែ​នគរ​ក៏​មាន​ច្បាប់​នគរ​ដែរ​។ ចុះ​បើ​មាន​គ្រួសារ​មួយ​ជា​ទម្លាប់ ត្រូវ​តែ​សម្លាប់​មនុស្ស​ឲ្យ​បាន​ម្នាក់​ក្នុង​មួយ​ជីវិត ហើយ​ពេល​អាជ្ញាធរ​ចុះ​ទៅ​ចាប់​ខ្លួន ស្រាប់​តែ​មេ​គ្រួសារ​ថា នេះ​ជា​ទម្លាប់ ជា​វិន័យ​គ្រួសារ​យើង ហើយ​យើង​មិន​ចាំ​បាច់​ត្រូវ​ការ​ការ​អនុញ្ញាត​ការ​ទទួល​ស្គាល់​ពី​អ្នក​ណា​ទេ តើ​រដ្ឋ​ធ្វើ​យ៉ាង​ដូច​ម្តេច​? ដូច​គ្នា​នេះ​ដែរ នៅ​ពេល មេ​ដឹក​នាំ​ប្រទេស​មួយ​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​ទាំង​ដែល​ដឹង​ថា បំពាន​ច្បាប់​នគរ​ខ្លួន​ផង ហើយ​ស្រាប់​តែ​ស្រែក​ថា ស្រុក​អញ ស្រេច​តែ​អញ! ចុះ​អ្នក​ភ្លេច​ហើយ​ឬ​ថា កម្ពុជា បាន​ចុះ​ហត្ថលេខា​ទទួល ស្គាល់ និង​ជា​សមាជិក​នៃ​អង្គការ​អន្តរ​រដ្ឋាភិបាល​យ៉ាង​ច្រើន រួម​ទាំង​អាស៊ាន និង​អង្គការ​សហ​ប្រជាជាតិ​ផង​នោះ? រដ្ឋ​មាន​អធិបតេយ្យ​របស់​រដ្ឋ ចុះ​កាតព្វកិច្ច​អន្តរជាតិ​វិញ? ឬ​ក៏​ចង់​ជ្រក ក្រោម​ស្លាក​អធិបតេយ្យ​ជាតិ ហើយ​ចេះ​តែ​កាប់​សម្លាប់​រាស្ត្រ​ឯង​ស្រេច​តែ​ចិត្ត?

គួរ​រំឭក​ថា អ៊ុនតាក់ (UNTAC) មាន​បេសកកម្ម ៧ យ៉ាង ក្នុង​ចំណោម​ភារកិច្ច​ធំៗ​ទាំង​នោះ គឺ​ការ​តម្រូវ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស។ បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​មួយ របស់​ខ្ញុំ ក្នុង​ចំណង​ជើង ជោគជ័យ និង​បរាជ័យ​របស់ អ៊ុនតាក់ (Achievements and Failures of UNTAC) បាន​រក​ឃើញ្ញ​ថា អ៊ុនតាក់ បរាជ័យ លើ ៤ ចំណុច ទី១.ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សំដៅ​លើ​ការ​បរាជ័យ​ដែល អ៊ុនតាក់ មិន​ទាន់​បាន​ជួយ​រៀបចំ​ឲ្យ​មាន​នូវ​ច្បាប់​ទម្លាប់​ទីផ្សារ​ដើម្បី​ធានា ការ​ប្រកួត​ប្រជែង​ដោយ​យុត្តិធម៌ ក្នុង​ខណៈ​ពេល​ដែល​កម្ពុជា​បើក​ចំហ​ជើង​មេឃ​ទទួល​លោក​ខាង​ក្រៅ​ដោយ​អនុវត្ត សេដ្ឋកិច្ច​ទីផ្សារ​នៅ​ឆ្នាំ ១៩៩២ ដែល​ធ្វើ​ឲ្យ​ឈ្មួញ​ខិល​ខូច​មួយ​ចំនួន​ធំ​ត្រូវ​រ៉ូវ​គ្នា​នឹង​មន្ត្រី​រដ្ឋាភិបាល​បំផ្លាញ​សម្បត្តិ​ជាតិ​ខ្មែរ​អស់​មិន​ស្ទើរ។ ទី២ ការ​ដក​កងទ័ព​វៀតណាម​ចេញ​ពី​កម្ពុជា ដោយ​មិន​ព្រម​ឲ្យ អ៊ុនតាក់ ត្រួត​ពិនិត្យ គឺ​ធ្វើ​ឡើង​ដោយ​ការ​ព្រម​ព្រៀង​រវាង​រដ្ឋាភិបាល​ខ្មែរ និង វៀតណាម ដោយ​រហូត​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា តើ​កាល​នោះ ដក​មែន​ឬ​លេង? ឬ​ដក​ថ្ងៃ តែ​ចូល​មក​វិញ​ពេល​យប់? ទី ៣.អព្យាក្រឹតភាព​របស់ អ៊ុនតាក់ ពោល​គឺ​ព្រោះ​ដោយ​សារ​តែ​ស្ថានភាព​នយោបាយ តម្រូវ ទើប អ៊ុនតាក់ ត្រូវ​តែ​ជ្រើស​រើស​ក្រុម​មួយ ក្នុង​ចំណោម​ភាគី​ជម្លោះ​ខ្មែរ​ទាំង ៤ ដើម្បី​ជា​កម្លាំង​ស្នូល អនុវត្ត​កិច្ច​ព្រម​ព្រៀង នោះ​គឺ​ភាគី​រដ្ឋ​កម្ពុជា ធ្វើ​ជា​ឆ្អឹង​ខ្នង ដៃ ជើង និង ហ៊្វុន​ស៊ិន​ប៉ិច នៃ​សម្តេច សីហនុ យក​ធ្វើ​ជា​ក្បាល​។ ទី ៤ ជា​ទូទៅ​ភាគី​ជម្លោះ​ទាំង ៤ នៅ​ពេល​នោះ នៅ​តែ​កាន់​អាវុធ​ដដែល បើ​ទោះ​បី​ជា អ៊ុនតាក់ អំពាវនាវ​ឲ្យ​ទម្លាក់​អាវុធ​បញ្ចប់​ជម្លោះ​យ៉ាង​ណា​ក្តី។

តែ​ទោះ​ជា​យ៉ាង​ណា អ៊ុនតាក់ បាន​ធ្វើ​ការងារ​ជោគជ័យ​ចំនួន ៦ គឺ ទី១.បាន​អនុវត្ត​នូវ កិច្ច​ព្រម​ព្រៀង​សន្តិភាព ប៉ារីស ១៩៩១ ទី២.រៀបចំ​ការ​បោះឆ្នោត​ដែល​មាន​លក្ខណៈ​សេរី​ត្រឹម​ត្រូវ និង​យុត្តិធម៌​នៅ​ឆ្នាំ ១៩៩៣ ទី៣.បញ្ចុះ​បញ្ចូល​ឲ្យ​រដ្ឋាភិបាល​ចុះ​ហត្ថលេខា​ទទួល​យក​មក​អនុវត្ត​នូវ​សេចក្តី​ប្រកាស​ជា​សកល​ស្តី​ពី​សិទ្ធិ​មនុស្ស​។ ទី៤.ចង​ក្រង​គោល​ច្បាប់​ធម្មនុញ្ញ​មួយ​ដ៏​ល្អ​សម្រាប់​ប្រជា​ពលរដ្ឋ ខ្មែរ។ ទី៥. ដាក់​កាតព្វកិច្ច​ឲ្យ​ប្រទេស​ហត្ថលេខី និង​សហគមន៍​អន្តរជាតិ ផ្តល់​ជំនួយ​ទាំង​សម្ភារ ទាំង​ថវិកា​ដើម្បី​ស្តារ​និង​កសាង​កម្ពុជា​ឡើង​វិញ​និង ទី ៦.បាន​ដឹក​ជញ្ជូន​ជន​ភៀស​ខ្លួន​ខ្មែរ ដែល​រស់​នៅ​ក្នុង​ជំរំ​តាម​បណ្តោយ​ព្រំដែន ខ្មែរ-ថៃ មក​កម្ពុជា​វិញ​រាប់ សែន​នាក់។

អាណត្តិ​របស់ អ៊ុនតាក់ បាន​បញ្ចប់​ហើយ នៅ​ឆ្នាំ ១៩៩៣ ហើយ​ផ្នែក​ភាគ​ច្រើន​នៃ​កិច្ច​ព្រម​ព្រៀង ក៏​បាន​រលាយ​ព្រលឹង​ចូល​ទៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ឆ្នាំ ១៩៩៣ អស់​ហើយ នៅ​សល់​តែ​មាត្រា ១៧ ដែល​នៅ​មាន​ជីវិត​បន្ត​រហូត​ដល់​សព្វ​ថ្ងៃ ដែល​កំពុង​អនុវត្ត​ដោយ​អង្គការ​សហ​ប្រជាជាតិ​តាម​រយៈ​ឧត្តម​ស្នងការ អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​ទីក្រុង ភ្នំពេញ និង​អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា។

ផ្នែក ទី៨ ស្តី​ពី​ការ​ផ្តល់​ជំនួយ​ស្តារ​និង​កសាង​ប្រទេស​ឡើង​វិញ ក៏​នៅ​មាន​ជីវិត​ដែរ។ លើស​ពី​នេះ​ផ្នែក ទី៤ ស្តី​ពី​ការ​ធានា​របស់​អន្តរជាតិ​ចំពោះ​អធិបតេយ្យភាព​កម្ពុជា ហើយ​និង​កិច្ច​ព្រម​ព្រៀង ស្តី​អំពី​អធិបតេយ្យភាព ឯករាជ្យ បូរណភាព​ទឹក​ដី...ក៏​នៅ​មាន​សុពលភាព​ទាំង​អស់ ពីព្រោះ​វា​ជា​ច្បាប់​អន្តរជាតិ មាន​តម្លៃ​ជា​សកល ជាក់ស្តែង​ក្នុង​មាត្រា ២ បាន​ចែង​ថា គ្រប់​ភាគី​ទាំង​អស់​ត្រូវ​តែ​គោរព​អធិបតេយ្យភាព ឯករាជ្យ បូរណភាព​ទឹក​ដី​... របស់​កម្ពុជា​។ បើ​ដូច​នេះ តើ​កិច្ច​ព្រម​ព្រៀង​ស្លាប់​ឬ​ក៏​នៅ​រស់​? ចម្លើយ​គឺ ស្លាប់​ក៏​ស្លាប់ ហើយ​រស់​ក៏​រស់។ ចំណុច​ដែល​ស្លាប់​កាយ​រលាយ​ព្រលឹង​របស់​កិច្ច​ព្រម​ព្រៀង​គឺ​អាណត្តិ​របស់ អ៊ុនតាក់ ព្រោះ​ខ្មែរ មាន​សភា មាន​រដ្ឋាភិបាល​ស្រប​ច្បាប់ បន្ទាប់​ពី​ការ​បោះឆ្នោត​ឆ្នាំ ១៩៩៣។ ចំណុច​ដែល​នៅ​រស់ គឺ​ផ្នែក ទី៣ ស្តី​ពី​សិទ្ធិ​មនុស្ស​ក្នុង​មាត្រា ទី១៧ ផ្នែក ទី៤ ស្តី​ពី​ការ​ធានា​របស់​អន្តរជាតិ​ចំពោះ​អធិបតេយ្យភាព​កម្ពុជា និង​ផ្នែក ទី៨ ស្តី​ពី​ជំនួយ​ស្តារ​និង​កសាង​ប្រទេស និង​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​អធិបតេយ្យ បូរណភាព​ទឹក​ដី​។ ក្រៅ​អំពី​នេះ កម្ពុជា ត្រូវ​អនុវត្ត​កាតព្វកិច្ច អន្តរជាតិ​ក្នុង​នាម​ជា​សមាជិក​នៃ​អង្គការ​អន្តរ​រដ្ឋាភិបាល ដូចជា អាស៊ាន និង​អង្គការ​សហ​ប្រជាជាតិ​ដែល​ក្នុង​នោះ​ក៏​មាន​ដែរ​ការ​គោរព​គោលការណ៍​បោះឆ្នោត​ដោយ សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌។

ដូចនេះ ដោយ​សារ​កម្ពុជា​ជា​សមាជិក​នៃ​អង្គការ​សហ​ប្រជាជាតិ​ផង ហើយ​ដោយ​សារ​តែ​កាយ និង​ព្រលឹង​របស់​កិច្ច​ព្រមព្រៀង​នៅ​មិន​ទាន់​រលាយ​អស់​ផង​នោះ ទាំង​ភាគី​កម្ពុជា ទាំង​ភាគី​ហត្ថលេខី​ទាំង​អង្គការ​សហ​ប្រជាជាតិ នៅ​តែ​មាន​កាតព្វកិច្ច​ជាតិ និង​អន្តរជាតិ ដើម្បី​តាម​ដាន​មើល ដោះស្រាយ​នូវ​បញ្ហា​កម្ពុជា រួម​ទាំង​ការ​បោះឆ្នោត​ឆ្នាំ ២០១៣ ផង ព្រោះ​ប៉ះពាល់​ដល់​គោលការណ៍​សិទ្ធិ​មនុស្ស​តែ​ច្រក​សម្រាប់​ការ​ប្តឹង​ប្ដល់​ឲ្យ​មាន​ការ​អនុវត្ត ការ​គោរព​កិច្ច​ព្រម​ព្រៀង គឺ​មាន​តែ​មួយ​គត់​តាម​រយៈ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​អ្នក​រាយការណ៍​ពិសេស តែ​អ្វី​ដែល​គួរ​ធ្វើ​គឺ​នៅ​តែ​ជា​របៀប​វារៈ ចែក​អំណាច​សភា និង​កំណែ​ទម្រង់​រដ្ឋ ព្រោះ​ពេល​នេះ សំពៅ​ធំ​របស់​បក្ស​ទេវតា​បាន​បើក​ក្តោង​បោះ​ពួយ​ចូល​មហា​សាគរ ចែក​អំណាច គោះ​កែវ ជប់​លៀង ស៊ី​ផឹក និង​វាយ​យក​សំឡេង​ឆ្នោត សម្រាប់​ឆ្នាំ ២០១៨ បាត់​ហើយ ក្នុង​ខណៈ​ពេល​ដែល​ជំរំ​ព្រះអាទិត្យ​មិន​ដឹង​ថា​ត្រូវ​ហែល​ឬ​មុជ ឬ​តោង​គល់​ឈើ​ឬ​កូន​ទូក​មិន​ដឹង​កោះ​ត្រើយ មិន​ដឹង​កំពង់​នៅ​ឯ​ណា​ផង​នោះ ដើម្បី​ជួយ​រាស្ត្រ​កសាង​នគរ ៥ ឆ្នាំ​នេះ។

ការ​គោរព​ឆន្ទៈ​រាស្ត្រ​ជា រឿង​មួយ តែ​ការ​បណ្តោយ​ឲ្យ​រាស្ត្រ​ចាប់​មេ​ដឹក​នាំ​នយោបាយ​ជា​ចំណាប់​ខ្មាំង គឺជា​រឿង​ដោយ​ឡែក​មិន​គួរ​ឲ្យ​មាន​។ ចម្បាំង​យូរ​ជា​ត្រណម ច្បាំង​កាន់​តែ​យូរ​សភាព​ចាញ់​កាន់​តែ​ខ្លាំង មនុស្ស​មិន​ហត់ ក៏​សេះ​អស់​កម្លាំង​ដែរ៕

និស្សិត​ក្មេង​វត្ត​កូន​អ្នក​ស្រែ សូរ សមយុទ្ធ Sosamyuth@gmail.com កំពង់ឆ្នាំង

2 comments:

Anonymous said...

៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?

ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!


បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!

បរាជ័យពួកអាសត្វឆ្កែបរទេស (!!)

បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)

ពីអញ

ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា

Anonymous said...

នៅពេលជា​មួយគ្នានេះ ខ្ញុំកំពុងតែស្ដាប់ លោក សាន សូវិត និយាយគ្នាជាមួយនឹង លោក នួន សារ៉ាយ បងប្អូនប្រាកដជាបានឮដែរហើយ! ត្រង់នេះ ខ្ញុំយល់ថា៖ ប្រធាន គណៈបក្សសង្គ្រោះជាតិ គួរតែយកចិត្តទុកដាក់ឲ្យបានដល់កម្រិតផង!
ខ្ញុំសុំមាន​សំណួរខ្លះ៖

តើវាមានដែរឬទេ ដែលថាក្នុងប្រព័ន្ធ គណៈបក្ស គេមាន​រាបជារបៀប ដូចជា បើចង់ជួបមេដឹកនាំកំពូល ទាល់តែមានការអនុញ្ញាតិ ទៅតាមលំដាប់លំដោយទើបបាន? បើមានវិញ តើអាចដែរឬទេដែលថា មនុស្សគ្រ័គ្គៗក្នុងប្រព័ន្ធនិមួយៗ របៀបជាឃុំគ្រងមេដឹកនាំកំពូល ឲ្យស្ដាប់តែពួកគ្នាឯង? ខ្ញុំតែឮជារឿយៗ​ថា "បើចង់ជួបផ្ទាល់នឹងអ្នកធំ នុះវាមិនងាយទេហ្អើយ!"
ជឿដែរឬទេដែលថា​ ក្នុងប្រព័ន្ធនិមួយៗគ្មានមនុស្ស
ព្យាយាមកាត់ខ្សែរយៈពីអ្នកដទៃ រវាងអ្នកធំ ហើយទុកយកគុណសម្បត្តិសម្រាប់តែខ្លួនឯង?

លោក នួន សារ៉ាយ ថា "ត្រូវតែ លោក មេ បក្សសង្គ្រោះជាតិស៊ីញ្ញ៉េកុងត្រា ទើបបានជួយទៀត" តើកុងត្រានោះមានអ្វីខ្លះទៅ?

សួរថាកន្លងមក តិចឬច្រើនពួកយើង សុទ្ធតែពឹង ដង្ហើមមនុស្សខូនខ្លះដក បានវាទៅជាអញ្ចឹង?

តើអស់លោកក្នុងប្រព័ន្ធនិមួយៗ គោរពក្រមសីលធ៌ម បក្សប្រាកដប្រជាទេ?
ថែមពីលើនេះទៀត តើ លោក នួន សារ៉ាយ មានដែលឮដែរទេពាក្យថា "អ្នកធំមើលរំលងអ្នកក្រ ស្រវារកតែអ្នកមាន រីឯអ្នក្រវិញតូចទាបវិញ ហ៊ានបានត្រឹមតែប្រាពលូន នឹងទ្រនាប់"
យើងក៏មិនដឹងច្បាស់ថា អ្នកក្រោមបង្គាប់គ្រប់មេដឹកនាំសុទ្ធតែស្មោះ?

យើងបានឃើញហើយ កាលបោះឆ្នោតមុនៗ អស់លោកគ្រ័គ្គៗខ្លះ រត់ប្រសាច ចេញនឹងចូល បក្សនេះបក្សនោះ ដូចតួរល្ខោន! ខ្ញុំយល់ថាកាលណោះ ប្រហែលជាពលរដ្ឋ មិនទាន់ហ៊ានធ្វើម្ចាស់ខ្លួនឯងប៉ុន្មាននូវឡើយ បានពួកអស់លោកទាំងនោះ គិតតែពីលាភសការៈអញ្ចុងទៅ?
បើប្រជាពលរដ្ឋមិនកម្រើក រឿងចាស់នូវតែមាន លោក សម​ រង្ស៊ី នឹង លោក កឹម​ សុខា អត់មានឥទ្ធិពលលើរឿងត្រូវតែធ្វើអ្វី ឬ មិនត្រូវធ្វើអ្វីនោះទេ បើពួកគាត់ត្រូវតែជៀស មិនឲ្យបាត់បង់ជីវិត្តមនុស្សដែលក្លាហានមានតិចនូវឡើយផង! អ្នកណាជួយមិនជួយ អ្នកណាស៊ីញ្ញ៉េមិនស៊ីញ្ញេវាដូចតែគ្នា​ ទេដឹង?

ម្ដងនេះខុសពីមុន៖
ប្រជាពលរដ្ឋហ៊ានស៊ីញ្ញ៉េប្ដិតមេដៃ ប្ដឹង លោក ហ៊ុន​ សែន ហើយក៏ហ៊ានធ្វើម្ចាស់របស់ខ្លួន ពេញលេញថែមទៀត រួចមើលទៅឯធនធានមនុស្សខ្មែរ ក៏ខុសមុនឆ្ងាយមិនតិច!
ខ្មែរឥឡូវនេះអាចជ្រើសរើសយក គោលនយោយបក្សមួយ ហើយអាចឈនទៅធ្វើជាម្ចាស់បក្សមួយនោះទាំងស្រុងបាន ដោយផ្អែកទៅនឹងធនធានរបស់ពួកគាត់
មានន័យថា៖ បើថ្នាក់ដឹកនាំណាម្នាក់ ប្រព្រឹតប្រាស់ចាក់ពីក្រមសីធ៌មបក្ស អ្នករងអាចជំនួសបានគ្រប់ពេល! ហើយបើបុគ្គលតំណាងរាស្ដ្រណាម្នាក់​ ចេញដើរតួរល្ខោនទៀត បុគ្គលនោះក៏មិនអាចនាំយកសន្លឹកឆ្នោត របស់ប្រជាពលរដ្ឋទៅជាមួយខ្លួនបាន ព្រោះប្រជាពលរដ្ឋបានបោះឆ្នោតអោយគោលនយោបាយបក្ស មិនមែនសម្រាប់បុគ្គលណាទាល់តែសោះ!
បើ​ លោក នួន សារ៉ាយ ពិតជាមានគោលដៅដាច់ខាតត្រូវតែជួយខ្មែរមែន លោក ត្រូវតែរកលទ្ធភាពប្រើជំនួយរបស់លោក ទៅពង្រឹងជំហរអ្នកគាំទ្រ គណៈបក្សសង្គ្រោះជាតិ ក្នុងប្រទេស ទើបមានប្រសិទ្ធិភាព?
ធ្វើបដិវត្តន៍ អហ៊ឹង្សា មានតែពឹងលើកម្លាំងប្រជាពលរដ្ឋជាគោល!
"លួចអត់បាន ទិញអត់លក់" ការស្រេកឃ្លាន លោក នួន​ សារ៉ាយ ត្រូវតែជួយហើយ មែនទេ!