Friday, October 18, 2013

អ្នក​វិភាគ៖ សកម្មភាព​ពង្រាយ​កម្លាំង​ចម្រុះ​ជា​ទង្វើ​បំភិតបំភ័យ​និង​អំពើ​ហិង្សា


អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​ប្រទេស​កម្ពុជា បន្ត​រិះគន់​សកម្មភាព​ចល័ត និង​ពង្រាយ​កម្លាំង​ចម្រុះ​របស់​រដ្ឋាភិបាល​ក្នុង​រាជធានី​ភ្នំពេញ ថា​ជា​ការ​គំរាម​កំហែង និង​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម​ជាតិ។ ប៉ុន្តែ មន្ត្រី​រដ្ឋាភិបាល​បាន​ឆ្លើយ​បដិសេធ និង​ចាត់​ទុក​ថា​ជា​សកម្មភាព​ដើម្បី​ការពារ​​សន្តិសុខ​សុវត្ថិភាព កុំ​ឲ្យ​កើត​ចលាចល​​សង្គម។

ក្រុម​សមត្ថកិច្ច​ពេល​ប្រឈម​មុខ​ជាមួយ​ក្រុម​យុវជន​មួយ​ក្រុម​នៅ​ជិត​វត្ត​ឧណ្ណាលោម នៅ​រសៀល​ថ្ងៃ​ទី​១៥ កញ្ញា ឆ្នាំ​២០១៣។
RFA/Uon Chhin

ដោយ ដែន អយុធ្យា 2013-10-18 

អ្នក​វិភាគ​ឯករាជ្យ និង​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ចាត់​ទុក​ថា សកម្មភាព​ពង្រាយ​កម្លាំង​ចម្រុះ​ឡោមព័ទ្ធ​ទៅ​លើ​​ការ​ប្រមូល​ផ្តុំ​សម្ដែង​មតិ​អហិង្សា​របស់​មន្ត្រី​សង្គម​ស៊ីវិល ឬ​ពលរដ្ឋ មិន​មែន​ដើម្បី​ការពារ​សន្តិសុខ​ជូន​ពិធី​ទេ ប៉ុន្តែ​ជា​ទង្វើ​បំភិតបំភ័យ និង​បង្កើត​អំពើ​ហិង្សា។

លោក កែម ឡី អ្នក​វិភាគ​ឯករាជ្យ និង​ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ចាត់​ទុក​ថា ការ​បន្ត​សកម្មភាព​ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​រាប់​ពាន់​នាក់​របស់​រដ្ឋាភិបាល​រាល់​ថ្ងៃ​នេះ នាំ​ឲ្យ​រដ្ឋាភិបាល​ខាត​ថវិកា និង​បង្ក​ភាព​វឹកវរ​សង្គម។

លោក​មើល​ឃើញ​ថា សកម្មភាព​ដាក់​ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ​នៅ​ក្នុង​ក្រុង ពិសេស​នៅ​ពេល​មាន​ក្រុម​អង្គការ​​សង្គម​ស៊ីវិល ឬ​ប្រជាពលរដ្ឋ​ជួប​ជុំ​សម្ដែង​មតិ​អ្វី​មួយ បង្កើត​ឲ្យ​មាន​ភាព​ក្តៅ​ក្រហាយ​ដល់​ពលរដ្ឋ ឬ​ប៉ះពាល់​ដល់​​អ្នក​វិនិយោគទុន​ថែម​ទៀត។



មាន​រឿងរ៉ាវ​អវិជ្ជមាន​របស់​រដ្ឋាភិបាល​ជាច្រើន ដែល​អ្នក​វិភាគ​រូប​នេះ​រិះគន់​មិន​សំចៃ​មាត់​ទៅ​លើ​ទង្វើ​ខុស​ឆ្គង​នានា ដែល​បាន​អនុវត្ត​ដោយ​ហិង្សា​ទៅ​លើ​ពលរដ្ឋ​ខ្លួន មាន​ដូច​ជា សកម្មភាព​ពង្រាយ​កម្លាំង​ចម្រុះ​វាយ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ការ​តាំង​សមាធិ​បួង​សួង​សុំ​សន្តិភាព ឬ​ពិធី​បង្អត់​អាហារ​របស់​ពលរដ្ឋ ដើម្បី​ស្វែង​រក​យុត្តិធម៌​ដីធ្លី​ជាដើម។

មិន​មែន​មាន​តែ លោក កែម ឡី ម្នាក់​ទេ ដែល​ហ៊ាន​រិះគន់ ឬ​មើល​ឃើញ​ថា កម្លាំង​ចម្រុះ​រដ្ឋាភិបាល​ស្ថិត​នៅ​ពី​ក្រោយ ឬ​ជា​អ្នក​ផ្ដើម​បង្កើត​ឲ្យ​មាន​អំពើ​​ហិង្សា​ទៅ​លើ​ពលរដ្ឋ​ពេល​ធ្វើ​ពិធី​ជួប​ជុំ​សម្ដែង​មតិ​នានា សូម្បី​លោក​បណ្ឌិត សុខ ទូច អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ក៏​បាន​រិះគន់​ធ្ងន់ៗ​ចំពោះ​អាជ្ញាធរ​រដ្ឋាភិបាល ដែល​​ផ្ដើម​ឲ្យ​មាន​អំពើ​ហិង្សា​ក្នុង​សង្គម​នេះ​ដែរ។

លោក សុខ ទូច ចាត់​ទុក​សកម្មភាព​ចល័ត​កម្លាំង​ចម្រុះ ឬ​ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ​ច្រើន​ជំនាញ ក្នុង​រាជធានី​ភ្នំពេញ ថា​ជា​ការ​បន្លាច ឬ​បំភិតបំភ័យ​ដល់​ពលរដ្ឋ ច្រើន​ជាង​ការ​ការពារ​សន្តិសុខ។

អ្នក​វិភាគ​រូប​នេះ​មើល​ឃើញ​ថា រដ្ឋាភិបាល​ហាក់​ទំនង​ជា​មិន​ទុក​ចិត្ត ឬ​ភ័យ​ខ្លាច​ស្រមោល​អាក្រក់​របស់​ខ្លួន ទើប​​មិន​ទុក​ចិត្ត និង​បង្កើត​ព្រឹត្តិការណ៍​ពង្រាយ​កម្លាំង​ចម្រុះ ដើម្បី​ការពារ ឬ​បន្លាច​ពលរដ្ឋ។

​​ចំណែក លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ (Licadho) ដែល​តាម​ដាន​សកម្មភាព​ពង្រាយ​កម្លាំង​ចម្រុះ​របស់​រដ្ឋាភិបាល ក៏​ចាត់​ទុក​សកម្មភាព​បង្ក្រាប​មក​លើ​ការ​ជួប​ជុំ​របស់​ប្រជាពលរដ្ឋ​បន្តបន្ទាប់​មក​នេះ​ថា ជា​ទង្វើ​ខុស​ច្បាប់។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​ពេបជ្រាយ​ចំពោះ​ការ​បញ្ជូន​កម្លាំង​ចម្រុះ​ទៅ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ការ​ជួប​ជុំ​របស់​ពលរដ្ឋ​ដោយ​សន្តិវិធី ដោយ​យក​លេស​ការពារ​សន្តិសុខ សុវត្ថិភាព​សង្គម ជា​ការ​បង្កើត​ឲ្យ​មាន​ហិង្សា និង​វឹកវរ​សង្គម។

កម្លាំង​ចម្រុះ​រដ្ឋាភិបាល​មាន​ដូច​ជា កង​រាជ​អាវុធហត្ថ និង​ប៉ូលិស​ជាដើម ត្រូវ​បាន​គេ​ដាក់​ពង្រាយ​រាប់​ពាន់​នាក់​តាម​ផ្លូវ​ជាតិ និង​ច្រក​សំខាន់ៗ​ចេញ ឬ​ចូល​មក​រាជធានី​ភ្នំពេញ នៅ​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​សភា​នីតិកាល​ទី​៥ ថ្ងៃ​ទី​២៨ ខែ​កក្កដា។

ប៉ុន្តែ សកម្មភាព​នេះ មន្ត្រី​រដ្ឋាភិបាល ឬ​មន្ត្រី​ស្ថាប័ន​ប្រដាប់​អាវុធ បាន​អះអាង​ថា ដើម្បី​រក្សា​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់​ធ្នាប់​សង្គម។

លោក ខេង ទីតូ មន្ត្រី​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា បាន​ថ្លែង​រិះគន់​មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង ដែល​ចោទ​ថា ការ​ដាក់​ពង្រាយ​កម្លាំង​ការពារ ឬ​ចល័ត​កម្លាំង​ក្នុង​រាជធានី​ភ្នំពេញ ជា​ការ​គំរាម​កំហែង។ លោក​ថា ការ​ពង្រាយ​កម្លាំង​ចម្រុះ​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល ដើម្បី​ការ​ការពារ​សន្តិសុខ សុវត្ថិភាព​សង្គម និង​ទប់ស្កាត់​រាល់​សកម្មភាព​វឹកវរ​ណា​មួយ​ដែល​អាច​នឹង​កើត​មាន​ឡើង មិន​មែន​សម្រាប់​គំរាម​ក្រុម ឬ​បុគ្គល​ណា​មួយ​ទេ។

ទោះ​យ៉ាង​ណា មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស និង​អ្នក​វិភាគ​ឯករាជ្យ​យល់​ថា សកម្មភាព​ចល័ត ឬ​ពង្រាយ​កម្លាំង​ប្រដាប់​​​អាវុធ​ចម្រុះ​របស់​រដ្ឋាភិបាល​នៅ​ក្រោយ​ការ​បោះ​ឆ្នោត ថា​ជា​សញ្ញា​គំរាម​កំហែង ឬ​បំភិតបំភ័យ​ពលរដ្ឋ។

ត្រង់​ចំណុច​នេះ លោក អំ សំអាត មន្ត្រី​អង្គការ​លីកាដូ ថ្លែង​ពេបជ្រាយ​ថា សូម្បី​ពលរដ្ឋ​ប្រមូល​ផ្តុំ​ធ្វើ​ពិធី​តាំង​សមាធិ​បួង​សួង​សុំ​សន្តិភាព ឬ​ឲ្យ​មាន​យុត្តិធម៌​សង្គម​ដោយ​សន្តិវិធី បែរ​ជា​ត្រូវ​សមត្ថកិច្ច​ប្រើ​កម្លាំង​បង្ក្រាប​ដោយ​ហិង្សា​ឲ្យ​មាន​របួស​ស្នាម។ តើ​អាច​ចាត់​ទុក​ជា​ការ​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ​ដែរ​ទេ?

បន្ថែម​លើ​នេះ លោក កែម ឡី អ្នក​វិភាគ​ឯករាជ្យ​ក៏​បាន​រិះគន់​ចំពោះ​សកម្មភាព​ដាក់​ពង្រាយ​កម្លាំង​ចម្រុះ ឬ​បន្លា​លួស​បិទ​ផ្លូវ​មួយ​ចំនួន​ក្នុង​ក្រុង មិន​​ឲ្យ​ពលរដ្ឋ​ចេញ​ចូល​​ប៉ុន្មាន​ខែ​មក​នេះ ឬ​សូម្បី​ព្រះរាជ​ពិធី​បុណ្យ​គម្រប់​ខួប​១​ឆ្នាំ ព្រះករុណា សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ក៏​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ពលរដ្ឋ​បាន​ចូល​ទៅ​អុជ​​​ធូប​គោរព​​ព្រះ​វិញ្ញាណក្ខន្ធ ព្រះអង្គ នៅ​វិមាន​តម្កល់​ព្រះ​បរម​រូប​ព្រះអង្គ​បាន​ផង​នោះ តើ​ជា​សកម្មភាព​អ្វី? ឬ​មិន​​មែន​ជា​សកម្មភាព​រារាំង​ពលរដ្ឋ​ទេ​ឬ?

​​បញ្ហា​នេះ ទាំង​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ បាន​ស្នើ​ដល់​រដ្ឋាភិបាល​ឲ្យ​បញ្ឈប់​សកម្មភាព​ចល័ត​កម្លាំង​ប្រដាប់​អាវុធ​ជា​បន្ត​ទៀត ព្រោះ​សកម្មភាព​នេះ​អាច​ជា​ដើម​ហេតុ​នាំ​ឲ្យ​មាន​អំពើ​ហិង្សា និង​មាន​ភាព​វឹកវរ​សង្គម​ទៅ​វិញ​ទេ។

​​ទាក់ទិន​បញ្ហា​នេះ លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ធ្លាប់​បាន​បញ្ជាក់​ថា ការ​ចល័ត​កម្លាំង​​​​ប្រដាប់​អាវុធ​ចម្រុះ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​៥ គឺ​ជា​ការ​ត្រៀម​ការពារ​សន្តិសុខ និង​ស្ថិរភាព​សង្គម​ក្រោយ​ការ​បោះ​ឆ្នោត។

ដូច​គ្នា​ដែរ លោក​ឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ អគ្គនាយក​អគ្គនាយកដ្ឋាន​នយោបាយ​កិច្ចការ​បរទេស​នៃ​ក្រសួង​ការពារ​ជាតិ ក៏​ធ្លាប់​ឲ្យ​ដឹង​ថា សកម្មភាព​ពង្រាយ​កម្លាំង​ចម្រុះ​ថា​ជា​ការ​រក្សា​សន្តិសុខ និង​សុវត្ថិភាព​សង្គម។

​យ៉ាង​នេះ​ក្តី លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា សកម្មភាព​ពង្រាយ​កម្លាំង​ប្រដាប់​​អាវុធ​ចម្រុះ ជា​ការ​បំភិតបំភ័យ​ពលរដ្ឋ​ឲ្យ​ខ្លបខ្លាច​មិន​ឲ្យ​ចេញ​មុខ​តវ៉ា​លើ​លទ្ធផល​ឆ្នោត។ សកម្មភាព​ពង្រាយ​កម្លាំង​ទ័ព និង​សព្វាវុធ​របស់​រដ្ឋាភិបាល បាន​កើត​មាន​ក្រោយ​ពេល​គណបក្ស​ប្រឆាំង គឺ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ចម្រុះ​ឯករាជ្យ​មួយ ដើម្បី​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​​ឆ្នោត​សភា​អាណត្តិ​ទី​៥ ដែល​បក្ស​ប្រឆាំង​អះអាង​ថា កើត​មាន​ភាព​មិន​ប្រក្រតី ឬ​មាន​ការ​លួច​បន្លំ​សន្លឹក​​ឆ្នោត។

ការ​ទាមទារ​នេះ គណបក្ស​ប្រឆាំង​បាន​​ដឹក​នាំ​ប្រជាពលរដ្ឋ​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត​នេះ​ទ្រង់ទ្រាយ​ធំ​ចំនួន ២​លើក​រួច​មក​ហើយ ហើយ​ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​តុលា សប្ដាហ៍​ខាង​មុខ នឹង​ត្រៀម​ដឹក​នាំ​មហា​បាតុកម្ម​អហិង្សា​ទ្រង់ទ្រាយ​ធំ​ជា​ថ្មី​ទៀត ដើម្បី​ទាមទារ​រក​យុត្តិធម៌​លទ្ធផល​បោះ​ឆ្នោត៕

3 comments:

Anonymous said...

ចង់ដឹងថា : បើសៀមវាយលុកតំបន់ប្រាសាទព្រះវិហារថ្ងៃស្អែក តើហុ៊ន 
សែនចល័តទ័ពការពារទឺកដី ឬមួយ ទុកទ័ពការពារភូមិគ្រឹស្ត ?
តាមមើលទៅ តំណែងនាយករដ្ឋមន្ត្រី សំខាន់ជាងទឹកដី ?Which one is more important for Hun Sen ? Thai encroachment ? or Prime
Minister position ?

Anonymous said...

៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?

ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!


បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!

បរាជ័យពួកអាសត្វឆ្កែបរទេស (!!)

បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)

ពីអញ

ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា

Anonymous said...

jendha,

this is called Hun Sen development
https://www.facebook.com/photo.php?fbid=192870660897593&set=a.165001847017808.1073741827.164982167019776&type=1&theater