Thursday, October 10, 2013

មនុស្សស្លាប់ដោយគ្រោះទឹកជំនន់កើនដល់ ១០៤នាក់ ក្នុង២០ខេត្ត-រាជធានី


........................................
ដោយ៖ ជន ស្រីណុច និង អ៊ឹង ប៊ុនថន | ថ្ងៃព្រហស្បតិ៍ ទី10 ខែតុលា ឆ្នាំ2013 | 1 ម៉ោង មុន VOD
មនុស្សស្លាប់បានកើនដល់ ១០៤នាក់ហើយគិតថ្ងៃទី១០ ខែតុលានេះ នៅគ្រាដែលប្រជាជនជិតមួយលានប្រាំសែននាក់ (១,៥លាន) រងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលបានពន្លិច ខេត្ត-រាជធានី ចំនួន២០នៅកម្ពុជា។
អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ញឹម វណ្ណដា ប្រាប់VOD នៅថ្ងៃព្រហស្បតិ៍នេះថា គិតត្រឹមព្រឹកនេះ ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់កើនដល់១០៤នាក់ ក្នុងនោះ មានកុមារជិត ៤០នាក់ និងបំផ្លាញទ្រព្យសម្បត្តិប្រជាជនជាច្រើនទៀត។ លោកបន្តថា មកដល់ពេលនេះ ស្ថានភាពទឹកជំនន់ បានស្រកបន្តិច នៅតាមតំបន់មួយចំនួន តាមទន្លេមេគង្គ។ ប៉ុន្តែលោកបញ្ជាក់បន្ថែមថា បញ្ហាដែលត្រូវដោះស្រាយចាំបាច់នោះ គឺការជួយឧបត្ថមប្រជាជនផ្ទាល់ ព្រោះក្រោយពីទឹកជំនន់ហើយ ពួកគេអាចនឹងកើតជំងឺផ្សេងៗ ៖ "កាលណាទឹកស្រកទៅ តែងតែឃើញមានជំងឺនេះ ជំងឺនោះ ហើយនឹងដូចថា ប៉ះនេះប៉ះនោះអីចឹង អញ្ចឹងឥឡូវថា ទឹកមិនអាចឡើងទៀតទេ ដល់ពេលនេះហើយនោះ ហើយព្យុះផ្សេងៗក្នុងតំបន់ ឫក៏ក្នុង ជិតខាងយើងនេះក៏ពុំមានឃើញ ព្យាករណ៍ឃើញនោះដែរទេ ចឹងហើយបញ្ហាស្ដាឡើងវិញ បញ្ហាសុខភាពប្រជាជននេះ បញ្ហាដែលឆ្លើយតបនេះ ជាបញ្ហាសំខាន់ណាស់បាទ " ។


អ្នកសម្របសម្រួលសមាគម អាដហុក ប្រចាំខេត្តបាត់ដំបង លោក យ៉ិន ម៉េងលី ដែលតាមដានបញ្ហាទឹកជំនន់ ព្រួយបារម្ភពីកង្វះខាតស្បៀងអាហារ របស់ប្រជាជនរងគ្រោះ ព្រោះជំនួយផ្សេងៗមិនទាន់ចែកគ្រប់ចំនួនដល់ជនរងគ្រោះ នៅតំបន់ដែលរងផលប៉ះពាល់ខ្លាំង ដូចជា ស្រុកបាណន់ ត្រង់ចំណុចទំនប់អាងទឹកបឹងកំពីងពួយ ជាដើម ៖ "សំខាន់គឺសុំឲ្យរាជរដ្ឋាភិបាល ជាពិសេសកាកបាទក្រហមហ្នឹង រួមទាំងសប្បុរសជនហ្នឹងជួយថែមទៀត ពីព្រោះប្រជាពលរដ្ឋនៅតាគ្រាមនេះ គឺគាត់ពឹងផ្អែកទៅលើវិស័យទេសចរណ៍ ចង់និយាយថា ពួកគាត់ដែលរស់នៅនឹងអាអាងហ្នឹងតែម្ដងហ្នឹងគាត់ពឹងផ្អែកទៅលើហ្នឹង ចឹងគាត់រស់ពីមួយថ្ងៃទៅមួយថ្ងៃចំណូលរបស់គាត់ ចឹងមានតែកាកបាទក្រហមនេះ លោកមេត្ដាជួយយកឧបត្ថម្ភបន្ថែមទៀតរួមទាំងសប្បុរសជន" ។

ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃកាកបាទក្រហមកម្ពុជា លោក អ៊ុយ សំអាត បានទទួលស្គាល់ដែរថា ប្រជាជនរងគ្រោះបច្ចុប្បន្នកំពុងតែខ្វះខាត និងទទួលជំនួយបានមិនសូវគ្រប់គ្រាន់។ លោកថា មន្ត្រីកាកបាទក្រហមកំពុងតែចុះចែកសម្ភារៈ និងស្បៀងដល់ប្រជាជនរងគ្រោះតាមរាជធានីខេត្ត ប៉ុន្តែជនរងគ្រោះមានចំនួនច្រើន ៖ "អញ្ចឹងរាល់ថ្ងៃដែលយើងធ្វើនេះ យើងគិតថា បងប្អូនប្រជាពលរដ្ឋ អ្វីដែលចាំបាច់សម្រាប់គាត់ គឺស្បៀង អញ្ចឹងយើងផ្ដោតទៅលើការផ្ដល់ស្បៀងយើងខ្ញុំក៏ទទួលថា វាមិនបានចែកដូចមុនៗទេ ពីព្រោះថា ក្រែងបើឧទារហណ៍ថា យើងនឹងមានផលប៉ះពាល់ដោយព្យុះមួយចំនួនដែលមកជាបន្ដបន្ទាប់ អាហ្នឹងយើងនឹងត្រៀមថវិការបស់យើងដើម្បីធ្វើការងារហ្នឹងទៀត" ។

របាយការណ៍ របស់កាកបាទក្រហមកម្ពុជា បង្ហាញថា បានជម្លៀសប្រជាជនរងគ្រោះទៅកាន់ទីទួលសុវត្ថិភាព ២១៧៦៩គ្រួសារ និងបានផ្តល់ជំនួយមនុស្សធម៌ បានចំនួន ១០៩៩៩គ្រួសារ។ ចំណែកអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឲ្យដឹងថា ប្រជាជនដែលរងផលប៉ះពាល់មានជិតមួយលានប្រាំសែននាក់។ លោក ញឹម វណ្ណដា ឲ្យដឹងថា ទឹកជំនន់បានវាយលុក រាជធានី-ខេត្ដចំនួន ២០ ធ្វើឱ្យប៉ះពាល់ស្រូវ ជិត ២៥ ម៉ឺនហិកតា ផ្ទះ ១២ម៉ឺនខ្នង ត្រូវទឹកលិច ហើយជាក់ស្តែងផ្ទះ ១០០ខ្នង ត្រូវខូចខាត សាលារៀន ១២២០ខ្នង ត្រូវទឹកលិច វត្ត ៧៦០កន្លែង និងមន្ទីរពេទ្យ ៥០កន្លែង ដែលមានទំហំស្មើរនឹងគ្រោះទឹកជំនន់ បណ្ដាលមកពីព្យុះកេតសាណា កាលពីឆ្នាំ២០១១៕

សូមសរសេរមកកាន់ កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

1 comment:

Anonymous said...

មនុស្រឥឡូវមិន​ស្ដាប់តែសម្ដីទេ គេស្ដាប់រួមទាំងភាសា​របស់ការសម្ដែងផងដែរ (Body language) ក៏អាចផ្ដល់តម្រុយឲ្យយើងយល់ជាមុនខ្លះបាន! ដូច្នេះភាពពិតប្រាកដរបស់មនុស្សម្នាក់ ចេញពីការអនុវត្តន៍របស់មនុស្ស! ភាសាអង្គគ្លេស គេតែងនិយាយថា៖ "Action louder than word" បើយើងស្វែងយល់ពីមនុស្សម្នាក់ទៅតាមលក្ខណៈនេះវាយូរបន្តិច តែពេលវេលា វានឹងបញ្ហាញការពិតរបស់វាយ៉ាយជាក់ច្បាស់!